
ភ្នំពេញៈ ព្រឹទ្ធសភាកម្ពុជាគ្រោងនឹងប្រជុំពិនិត្យសេចក្តីព្រាងច្បាប់ ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងគ្រប់គ្រងទឹកស្អាតនៅថ្ងៃទី ២០ ខែកុម្ភៈ ក្រោយពីបានប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ដើម្បីពិនិត្យសម្រេចលើរបៀបវារៈសំខាន់ៗនៅថ្ងៃទី ១៧ ខែកុម្ភៈនេះ។
កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ត្រូវបានធ្វើឡើង ក្រោមអធិបតីភាពរបស់លោក ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន ៣។ ក្នុងនោះរួមមាន៖ ១- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ទៅក្នុងរបៀបវារៈប្រជុំព្រឹទ្ធសភាជាវិសាមញ្ញនីតិកាលទី ៤។ ២- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត ទៅក្នុងរបៀបវារៈប្រជុំព្រឹទ្ធសភាជាវិសាមញ្ញនីតិកាលទី ៤ ។ និង៣- កំណត់របៀបវារៈ កាលបរិចេ្ឆទ និងសមាសភាពលេខាធិការសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញនីតិកាលទី៤។
យោងតាមព្រឹទ្ធសភាកម្ពុជាបានឱ្យដឹងថា បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានកំណត់យកថ្ងៃចន្ទ ទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៣ វេលាម៉ោង ០៨:០០ នាទីព្រឹក ដើម្បីប្រជុំព្រឹទ្ធសភាជាវិសាមញ្ញនីតិកាលទី ៤ ដើម្បីពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ទាំងពីរខាងលើនោះ៕