​ភ្នំពេញៈ​​ ក្រសួង​សុខា​ភិបាល​កម្ពុ​ជា​ប្រកាស​ថា បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី ចំនួន ​២​នាក់បន្ថែម​ទៀត​ ​ខណៈ​អ្នក​ជា​សះ​ស្បើយ​ថ្មី និង​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​មិន​មាន​ឡើយ​។

​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិ​បាលនៅ​ថ្ងៃទី១៩ ខែកុម្ភៈ​ បាន​ឱ្យដឹង​ថា ក្រសួង​បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ថ្មី ២​នាក់​បន្ថែម​ទៀត​ជា​ប្រភេទ​អូ​មី​ក្រុង​ទាំង​អស់​។​ទាំង​២​នាក់​នេះ​ត្រូវបាន​រកឃើ​ញ​មាន​កូ​វីដ​១៩​ក្នុង​ករណី​ស្នើសុំ​វិញ្ញាបន​បត្រ​ចេញទៅ​ក្រៅ​ប្រទេស​។ ក្រសួង​បញ្ជាក់​ថា ក្នុង​របាយ​ការណ៍​ថ្ងៃនេះ ​​មិន​មាន​ករណី​ជា​សះស្បើ​យ​ថ្មី និង​មិ​នមាន​ករណី​ស្លាប់​ថ្មី​នោះ​ទេ​។

​គិត​ត្រឹម​ថ្ងៃទី១៩ ខែកុម្ភៈ​ ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩ ​សរុប​មាន​ចំនួន ​១៣៨ ​៧០៨នាក់ ចំណែក​ករណី​ជាសះ​ស្បើយ​សរុប ១៣៥ ៦៤៧​នាក់ និងករណី​ស្លាប់​សរុប​ ៣ ០៥៦​នាក់​។ រីឯ​ករណី​នាំចូល​ពី​ក្រៅ​ប្រទេស​សរុប​មាន​ចំនួន ​២១ ២៤៤នាក់ និង​ករណី​អូ​មី​ក្រុង​ឆ្លង​ក្នុង​សហ​គមន៍​មាន១៦ ៨៨០​នាក់​៕