ភ្នំពេញៈ ​ស្ពាន​-​ផ្លូវ មាន​តួនាទី​សំខាន់ ជា​សរសៃឈាម​ជួយ​ជំរុញ​លើកស្ទួយ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និង​បាន​ជួយ​ត​ភ្ជាប់​ការដឹកជញ្ជូន​គ្រប់​ផលិតផល កសិផល​របស់​ប្រជាពលរដ្ឋ ទៅកាន់​គ្រប់​ច្រកល្ហក​ទាំង​ក្នុង​តំបន់ និង​ទៅកាន់​សកលលោក ដែល​អាច​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​គ្រួសារ និង​សង្គមជាតិ បានល្អ​ប្រសើរ​។​

​ នេះ​ជាការ​ថ្លែង​ឡើង​របស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាលពី​ថ្ងៃទី​១៨ ខែកុម្ភៈ ក្នុង​ពិធី​សម្ពោធ​បើក​ឲ្យ​ប្រើប្រាស់​ផ្លូវការ ស្ពាន​បត់​ដុំដៃ ក្នុងស្រុក​កោះធំ ខេត្តកណ្ដាល ក្រោម​ជំនួយឥតសំណង​របស់​ប្រជាជន និង​រដ្ឋាភិបាល​នៃ​ប្រទេស​ជប៉ុន ស្របពេល​សាលាបឋមសិក្សា​វត្ត​ជ្រោយ ក៏ត្រូវ​បាន​ជួសជុល​ឡើងវិញ​រួចរាល់​ផងដែរ​។​

​ នាឱកាស​នេះ លោក ស៊ុន ចាន់ថុល បាន​ថ្លែង​ឡើង​ដោយ​លោក​បាន​ថ្លែង​អំណរ​អរគុណ​ចំពោះ​លោក អ៊ូ​អី​ណុ អាត់​ស៊ូ​ស៊ី ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​និង​ប្រជាជន​ព្រមទាំង​រដ្ឋាភិបាល​នៃ​ប្រទេស​ជប៉ុន (​ជំនួយ​គូ​សាណូ​ណិ​) ដែលជា​មិត្ត​តែង​ជួយ​ដល់​កម្ពុជា និង​ជា​ដៃគូ​អភិវឌ្ឍន៍​ដែល​មិនអាច​ខ្វះ​បាន​ចាប់តាំងពី​គ្រាកន្លងមក និង​ពេលខាងមុខ​។

​លោក​បាន​បន្តថា តួយ៉ាង​សមិទ្ធផល​ដែល​មិត្ត​ជប៉ុន​បាន​ជួយ​កន្លងមក​បានបង្ហាញ​ឲ្យ​ឃើញស្រាប់ ពិសេស​ក្នុង​វិស័យ​សាធារណការ និង​ដឹកជញ្ជូន ជប៉ុន​បាន​ជួយ​សាងសង់ រួមមាន​៖ ស្ពាន​ត្សឹ​បា​សា ស្ពាន​ជ្រោយចង្វារ​ទី១ ស្ពាន​គី​ហ្សូ​ណា ស្ពាន​៧​កន្លែង នៅ​ខេត្តព្រៃវែង និង​ខេត្តក្រចេះ ផ្លូវជាតិ​លេខ​៥ កំណាត់​ផ្លូវជាតិ​លេខ​១ គម្រោង​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ និង​អនាម័យ ជាក់ស្តែង​ស្ពាន​បត់​ដុំដៃ ស្ថិតក្នុង​ឃុំ​លើកដែក ស្រុក​កោះធំ ខេត្តកណ្តាល មាន​ជា​សក្ខីភាព​។​

​ លោក ស៊ុន ចាន់ថុល ថ្លែងថា​៖ «​ស្ពាន​-​ផ្លូវ មាន​តួនាទី​សំខាន់ ជា​សរសៃឈាម​ជួយ​ជំរុញ​លើកស្ទួយ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ហើយ​បាន​ជួយ​ត​ភ្ជាប់​ការដឹកជញ្ជូន​គ្រប់​ផលិតផល កសិផល​របស់​បងប្អូន​ប្រជាពលរដ្ឋ ទៅកាន់​គ្រប់​ច្រកល្ហក​ទាំង​ក្នុង​តំបន់ និង​ទៅកាន់​សកលលោក ដែល​អាច​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​គ្រួសារ និង​សង្គមជាតិ បានល្អ​ប្រសើរ​»​។​

ស្របពេល​ដែលមាន​ពិធី​សម្ពោធ​បើក​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ស្ពាន​បត់​ដុំដៃ ប្រវែង​១៨​ម៉ែត្រ ទទឹង​៤​ម៉ែត្រ សាងសង់​ពី​បេតុង​សរសៃដែក ក្រោម​ជំនួយឥតសំណង​របស់​ប្រទេស​ជប៉ុន (​ជំនួយ​គូ​សាណូ​ណិ​) តាមរយៈ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា អគារ​សាលាបឋមសិក្សា​វត្ត​ជ្រោយ ១​ខ្នង មាន ៣​បន្ទប់ ក៏បាន​សម្រេច​ការជួស​ជុល​រួចរាល់​ឡើងវិញ​ផងដែរ ដោយ​ប្រើ​ថវិកា​របស់​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក ដែល​ស្ថិតនៅក្នុង​ឃុំ​លើកដែក ស្រុក​កោះធំ ខេត្តកណ្តាល​។​

​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​លើកឡើងថា ជាក់ស្តែង​ក្នុង​ឆ្នាំ​២០២៣​នេះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នឹង​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ជាច្រើន​ខ្សែ ក្នុងនោះ​មាន​ទាំង​ផ្លូវជាតិ​លេខ​២៣ ដែល​ផ្តើមចេញពី​ឃុំ​លើកដែក ស្រុក​កោះធំ ឆ្ពោះទៅ​ស្រុក​លើកដែក ផ្លូវជាតិ​លេខ ១៤​។​

​ សូមបញ្ជាក់ថា ស្ពាន​បត់​ដុំដៃ ពីមុន​ជា​ស្ពានឈើ​សាងសង់ឡើង​តាំង​ពីមុន​ឆ្នាំ​១៩៦២ ហើយ​បន្ត​ប្រើប្រាស់​រហូតដល់​ឆ្នាំ​២០២១ ដោយ​ពិនិត្យឃើញ​មាន​ភាព​ទ្រុឌទ្រោម ទើប​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​កោះធំ រួមជាមួយ​ភាគី​ជប៉ុន ក្រោម​គម្រោង​ទ្រង់ទ្រាយ​តូច សន្តិសុខ​មនុស្ស «​ជំនួយ​គូ​សាណូ​ណិ​» ចាប់ផ្តើម​សាងសង់​ស្ពានបេតុង​សរសៃដែក​នេះ​ឡើង​នៅ​ថ្ងៃទី​១១ ខែមីនា ២០២២ នឹង​បញ្ចប់​ជា​ស្ថាពរ នៅ​ថ្ងៃទី​១ កក្កដា ២០២២ លឿន​ជាង​ផែនការ​គ្រោងទុក​។

​ ជាមួយ​នោះ​ក៏មាន​ការជួសជុល​ឡើងវិញ អគារ​សាលាបឋមសិក្សា​វត្ត​ជ្រោយ ១​ខ្នង មាន ៣​បន្ទប់ បាន​សាងសង់​ចាប់តាំងពី​ក្នុង​ឆ្នាំ​១៩៩៦ មាន​រយៈពេល​២៦​ឆ្នាំ ហើយ​បាន​រង​ការស្រុត​នៅ​កម្រាល​បាត​ដោយ​មូលហេតុ​រង​ការ​លិច​ត្រាំ​ទឹក​ឡើង​រាល់​រដូវវស្សា អគារ​នេះ​ក្រុមការងារ​បានបញ្ចប់​ការសាងសង់​ហើយ​រួចរាល់​១០០% នៅ​ថ្ងៃទី​១០ ឧសភា ២០២២ នឹង​បាន​ផ្តល់ជូន​លោកនាយក​សាលា​ដាក់​ឲ្យ​ប្រើប្រាស់​ជាធម្មតា​ឡើងវិញ​៕