​ត្បូងឃ្មុំៈ ​ប្រជាពលរដ្ឋ​ជាង​ ៦ ​ម៉ឺន​នាក់ បាន​ទៅ​ចូលរួម​ពិធី​ចាប់​ត្រី​តាមបែប​ប្រពៃណី​នៅ​បឹង​ក្រម ឬ​បឹង​ត្រពាំង​ក្រម ស្ថិតនៅ​ភូមិ​សា​ទុំ ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ កាលពី​ថ្ងៃទី​ ១៨ ខែកុម្ភៈ ​ដែល​ការចាប់​ត្រី​បាន​រាប់​តោន​នៅពេលនេះ គឺ​ដើម្បី​រំឭក​ពី​ការថែរក្សា​អភិរក្ស​កេរដំណែល​ត​មកពី​បុរាណ​។​

​លោក ហេង ពិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​ត្បូងឃ្មុំ​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​១៩ ​កុម្ភៈ​ថា ប្រជាពលរដ្ឋ​ដែល​បាន​ចុះទៅ​ចាប់​ត្រី​ក្នុង​ពិធី​ចាប់​ត្រី​តាមបែប​ប្រពៃណី​នេះ​មានគ្រួសារ​ខ្លះ​ចាប់បាន​រហូតដល់ ២៥ ​គីឡូ ខ្លះ​បាន ២០​ គីឡូ និង​ខ្លះទៀត​បាន ១៥​ គីឡូក្រាម​ក៏មាន​។ អ្នក​ដែល​ចាប់បាន​ត្រី​ច្រើនជាងគេ​គឺ​ទទួលបាន​ការឧបត្ថម្ភ​ពី​ថ្នាក់ដឹកនាំ​ខេត្ត​ផងដែរ​។ លោក​ពិសិដ្ឋ​ឱ្យដឹង​បន្ថែមថា ប្រជាពលរដ្ឋ​រាប់ម៉ឺន​នាក់​មកពី​គ្រប់ទិសទី បាន​ទៅកាន់​ទីតាំង​បឹង​ក្រម​ស្ថិតនៅ​ភូមិ​សា​ទុំ ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ អ្នកខ្លះ​ចុះចូល​រួម​ចាប់​ត្រី និង​អ្នក​ខ្លះទៀត​ទៅ​ចូលរួម​មើល​សកម្មភាព​ចាប់​ត្រី​ដែលមាន​សភាព​អ៊ូអរ​សប្បាយរីករាយ​។

​លោក​ថ្លែងថា​៖ «​កន្លែង​ហ្នឹង​វា​ជា​ទំនៀមទម្លាប់រ​បស់បង​ប្អូន​នៅ​តំបន់​ហ្នឹង​។ អ៊ីចឹង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ឱ្យ​អ្នក​នៅ​ឆ្ងាយៗ​គេ​បានដឹង ឯកឧត្តម អភិបាលខេត្ត គាត់​បាន​ជូន​ជា​ព័ត៌មាន​ដល់​អ្នក​ចង់ទៅ​សប្បាយ​ចាប់​ត្រី​អី​អ៊ីចឹងទៅ សូម​ទៅ​ចូលរួម​សប្បាយ​ទៅ​ព្រោះ​អាហ្នឹង​កន្លែង​រួម​មិនមែនជា​កម្មសិទ្ធិ​របស់​អ្នកណា​ទេ​»​។

បើតាម​លោក ពិសិដ្ឋ ដើម្បី​មាន​ត្រី​ច្រើន​បន្ថែម​សម្រាប់​រៀបចំ​ពិធី​នេះ​នៅ​ឆ្នាំក្រោយ នៅ​អំឡុង​ខែមិថុនា​​ ខាងមុខ​មន្ត្រី​ជំនាញ​មន្ទីរ​កសិកម្ម គ្រោង​នឹង​លែង​កូន​ត្រី​ប្រមាណ ១ ​ម៉ឺន​ក្បាល​ទៅ​តំបន់​នោះ ដែល​ក្នុងនោះ​រួមមាន​ពូជ​ត្រី​មួយចំនួន​ដូចជា ត្រី​ប្រា ត្រី​ក្រាញ់ ត្រី​កន្ធរ ត្រី​ឆ្លាត និង​ត្រី​ឆ្ពិន​។

​លោក អ៊ូច យឿន មេឃុំ​ជាំ​ក្រវៀន ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១៩ កុម្ភៈ​ថា ពលរដ្ឋ​ដែល​ទៅ​ចូលរួម​ចាប់​ត្រី​ជុំគ្នា​នេះ​មាន​ប្រមាណ​ជាង ៦ ​ម៉ឺន​នាក់ ក្នុងនោះ​មាន​អ្នក​ចូលចាប់​ត្រី​ប្រមាណ ៣ ​ពាន់​នាក់​ហើយ​បើ​គិត​ជា​ចំនួន​ត្រី​ដែល​ចាប់បាន​អាច​រាប់​តោន បើសិនជា​គិត​ក្នុង​ម្នាក់​ចាប់បាន​ត្រី​ ១ ​គីឡូក្រាម​។

​លោក​ថ្លែងថា​៖ «​អ្នក​ចុះ​ចាប់​ត្រី​គឺ​ពេញ​បឹង​ចូល ​៣ ​ពាន់​នាក់​បាត់ទៅហើយ អ៊ីចឹង​បើ​គិតតែ​ម្នាក់​ ១ ​គីឡូ​ហ្នឹង គឺមាន​មិនតិចជាង ​៣​ពាន់​គីឡូក្រាម​ទេ ឯ​អ្នកខ្លះ​បាន​រហូតដល់​ ១០​ គីឡូ ខ្លះ​ ២០ ​គីឡូ​ជាង​ឯណោះ អ្នក​ចាប់បាន​ច្រើនជាងគេ ២៥ ​គីឡូក្រាម​ម្សិលមិញ​»​។ វិធីសាស្ត្រ ក្នុងការ​ចាប់​ត្រី​ជុំគ្នា​នេះ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ដូចជា អង្រុត ឈ្នាង និង​ខ្លះ​ចាប់​ដោយ​ដៃ​ផងដែរ​។

​កម្មវិធី​ចាប់​ត្រី​នេះ​ទៀតសោត គឺធ្វើឡើង​តែ ​១ ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពីនោះ​ទីតាំង​បឹង​នោះ នឹងត្រូវ​យាមកាម​រហូតដល់​ដើមរដូវ​វស្សា​មាន​ភ្លៀង​ធ្លាក់​ដើម្បី​កុំឱ្យ​មាន​អ្នក​មក​នេសាទ​នៅ​ទីនោះ សំដៅ​ការពារ​ត្រី​ដើម្បី​បន្ត​ពូជ​។ លោក អ៊ូច យឿន ប្រាប់ថា ចំនួន​ប្រជាពលរដ្ឋ​ច្រើនសន្ធឹក​សន្ធាប់​ទៅ​ចូលរួម​ពិធី​នេះ​មាន​អ្នកជិះរថយន្ត​ទៅ​ចូលរួម​មាន​ ៨៤១ ​គ្រឿង និង​ម៉ូតូ​ ៣ ៦០០ ​គ្រឿង​។

​លោក អោក មី​ប មេភូមិ​សា​ទុំ ឃុំ​ជាំ​ក្រវៀន ឱ្យដឹងថា ពលរដ្ឋ​ពិតជា​មាន​សេចក្តី​សប្បាយរីករាយ ក្នុងការ​ចូលរួម​ចាប់​ត្រី ក៏ដូចជា​ទៅ​មើល​សកម្មភាព​ចាប់​ត្រី​នៅ​ទីនោះ​។ ជាមួយនឹង​ភាពសប្បាយ​រីករាយ​នេះ ប្រជាពលរដ្ឋ​ខ្លះ​បាន​យក​ត្រី​ដែល​ចាប់បាន​ធ្វើ​ម្ហូប​ហូប​នៅ​កន្លែង​នោះ ហើយ​មាន​ឧបករណ៍​បំពង​សំឡេង​ចាក់​បទ​ចម្រៀង​ច្រៀង​រាំលេង​ទៀតផង​។ បើតាម​លោក​មេភូមិ​សា​ទុំ ការចាប់​ត្រី​ឆ្នាំនេះ​សប្បាយ​ជាង​ឆ្នាំមុនៗ ហើយ​ចំនួន​អ្នកចូលរួម​ក៏​ច្រើនជាង​កម្មវិធី​ឆ្នាំមុនៗ​ផងដែរ​។

​តាម​ការផ្សាយ​នៅលើ​គេហទំព័រ​ក្រសួង​ព័ត៌មាន ដែល​បាន​ដកស្រង់​សម្តី លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ បាន​ថ្លែងថា​៖ «​ការជួបជុំ​យ៉ាង​អធិកអធម​ទាំងនេះ គឺអាច​ប្រព្រឹត្តទៅបាន​ដោយសារ​ប្រទេសជាតិ​មាន​សិ្ថ​រ​ភាព និង​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ មាន​សុខសន្តិភាព​ពេញ​ផ្ទៃ​ប្រទេស ក្រោម​ម្លប់​សន្តិភាព​»​។

​ការ​ប្រារព្ធ​ពិធី​ចាប់​ត្រី នៅ​បឹង​ត្រពាំង​ក្រម​នេះ ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ​នៅក្នុង​ខែកុម្ភៈ គឺ​ប្រជាពលរដ្ឋ​បានមក​ជួបជុំគ្នា ដើរលេង​កម្សាន្ត ទស្សនា​ទេសភាព​ស្ថិតនៅ​ជុំវិញ​តំបន់​បឹង​ក្រម ដែលមាន​កេរដំណែល​ពី​ដូនតា រួមមាន​៖ ថ្ម​តា​ជ្រូក ដី​ពណ៌​ឈាម ក្បាល​តា​ជក តា​ព្រាម កន្លែង​ឡ​ស្រា​ជាដើម​។ តំបន់​បឹង​ក្រម​មាន​ផ្ទៃដី​ប្រមាណ ​៣០​ ហិកតា និង​ផ្ទៃ​បឹង​ទំហំ​ ១ ​ហិកតា​៕