ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានបង្ហាញ​ជំនឿ​ថា កម្ពុជា​អាច​នឹងលុបបំបាត់​ជំងឺគ្រុនចាញ់​ប្រភេទ​ហ្វា​ស៊ី​ប៉ា​រ៉ូម ឬ​ទម្រង់​សន្ធំ បាន​នៅ​ឆ្នាំ​ ២០២៣ និង​លុបបំបាត់​ជំងឺគ្រុនចាញ់​ទាំងស្រុង​លើ​គ្រប់​ទម្រង់​នៃ​មេរោគ​គ្រុនចាញ់ នៅ​ឆ្នាំ​ ២០២៥ ខណៈ​ចាប់ពី​ឆ្នាំ​ ២០១៨ កម្ពុជា​មិនមាន​ករណី​ស្លាប់​ដោយ​ជំងឺ​នេះ​នោះទេ​។​

​ ការបង្ហាញ​ជំនឿ​យ៉ាងខ្លាំង​របស់លោក ម៉ម ប៊ុនហេង ធ្វើឡើង ក្នុង​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២២ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៣ ពិសេស​ជំហាន​ឆ្ពោះទៅ​កម្ពុជា​គ្មាន​ជំងឺគ្រុនចាញ់ «​ការលុបបំបាត់​ជំងឺគ្រុនចាញ់ ប្រភេទ​ផ្លាស់​ស្មូ​ដ្យូ​ម ហ្វា​ល់​ស៊ី​ប៉ា​រ៉ូម នៅ​ឆ្នាំ​២០២៣» នា​សណ្ឋាគារ​សុខា ខេត្ត​ព្រះសីហនុ​នៅ​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៣​។​

​លោក​បាន​ថ្លែងឱ្យដឹងថា ចាប់ពី​ឆ្នាំ​២០១៨ មិនមាន​ករណី​ស្លាប់​ដោយ​ជំងឺគ្រុនចាញ់​នោះទេ បើ​គិត​ត្រឹម​រយៈពេល​ជិត​២​ខែ ដើមឆ្នាំ​២០២៣​មកនេះ ជំងឺគ្រុនចាញ់​មានតែ​៨​ករណី​ប៉ុណ្ណោះ​។​

​លោក ម៉ម ប៊ុនហេង ថ្លែងថា​៖ «​កម្ពុជា​នឹង​ខិតខំ​ពង្រឹង​ការងារ​តាមដាន​បន្ដទៅទៀត ជាពិសេស​គឺ​យើង​លើកទឹកចិត្ដដ​ល់​អ្នក​ស្ម័គ្រចិត្ដ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ពិសេស​ភូមិ​-​ឃុំ តាមដាន​ចំនួន​អ្នកណាខ្លះ​ត្រូវ​ចូល​ព្រៃ យើង​ត្រូវ​ចែក​មុង​ជ្រលក់​ថ្នាំ ថ្នាំលាប ថ្នាំ​ព្យាបាល ស្បែកជើង ហើយ​ពេល​ត្រឡប់មកវិញ​ត្រូវធ្វើ​តេស្ដ​គ្រុនចាញ់ ដូច្នេះ​យើង​អាច​ត្រួតពិនិត្យ​តាមដាន​បាន​»​។​

​លោក ម៉ម ប៊ុនហេង ថ្លែងថា រាជ​រដ្ឋ​ភិ​បាល​កម្ពុជា​បាន​ផ្តោត​ការយកចិត្តទុកដាក់​ខ្ពស់បំផុត​លើ​បញ្ហា​សុខភាព​សាធារ​ណៈ និង​បានកំណត់​បញ្ចូល​ទៅក្នុង «​ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា​ឆ្នាំ​២០១៦-២០៣០» ដើម្បី​ធានា​ឱ្យ​ជីវភាព​រស់នៅ​របស់​ប្រជាជន​ប្រកបដោយ​សុខភាព​ល្អ និង​លើកកម្ពស់​សុខុមាលភាព​របស់​មនុស្ស គ្រប់រូប​និង​គ្រប់​វ័យ រួមទាំង​បញ្ចប់​ការរីក​រាលដាល​មេរោគ​អេដស៍ ជំងឺរបេង គ្រុនចាញ់ ជំងឺ​តំបន់​ត្រូ​ពិ​ក​ដែល​មិន​ត្រូវបាន​យកចិត្តទុកដាក់ គ្រុនឈាម គ្រុន​ឈិ ដង្កូវ​ព្រូន ជំងឺថ្លើម ជំងឺឆ្លង​តាម​ទឹក​និង​ជំងឺឆ្លង​ផ្សេងទៀត ត្រឹម​ឆ្នាំ​២០៣០​។​

​លោក​ម៉ម ប៊ុនហេង បាន​ថ្លែងថា​៖ «​លើសពីនេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្ដេជ្ញាចិត្ត​ខ្ពស់​ចូលរួម​លើកកម្ពស់​សុខភាព​សាធារ​ណៈ ទាំង​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក មហា​អនុតំបន់​ទន្លេមេគង្គ និង​សកលលោក តាមរយៈ​ការផ្តួចផ្តើម និង​អនុម័ត ដាក់​គោលដៅ​សម្រេច​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​លុបបំបាត់​ជំងឺគ្រុនចាញ់​ឆ្នាំ​២០១១-២០២៥ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​»​។​

​ នាឱកាស​នោះដែរ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ និង​ជំងឺគ្រុនចាញ់​ប៉ារ៉ាស៊ីត​សាស្ដ្រ ជំងឺគ្រុនឈាម​នៃ​ក្រសួងសុខាភិបាល​លោក ហ៊ុយ រ៉េ​កុល បាន​ថ្លែងថា ឆ្នាំ​២០២២​កន្លងមកនេះ ករណី​ជំងឺគ្រុនចាញ់​មាន​ចំនួន​សរុប ៤,០៥៣​ករណី និង​គ្មាន​ស្លាប់ បានន័យថា ​ចំនួន​ករណី​បាន​បន្ត​ថយចុះ ៦%​ទៀត បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០២១ ដែលមាន ៤,២៧៦​ករណី​។

​ជំងឺគ្រុនចាញ់​ប្រភេទ​ហ្វា​ល់​ស៊ី​ប៉ា​រ៉ូម (​ឬ​ទម្រង់សន្ធំ​) និង​ចម្រុះ មាន​ចំនួន ៤១៤​ករណី (​ឬ​ស្មើនឹង ១០% នៃ​ចំនួន​ករណី​គ្រុនចាញ់​សរុប​) គឺ​បាន​កើនឡើង​ចំនួន ២០% ច្រើនជាង​ឆ្នាំ​២០២១ មាន ៣៤៤​ករណី​។ ចំពោះ​ជំងឺគ្រុនចាញ់​ប្រភេទ​វីវ៉ា​ក់ (​ឬទម្រង់លាប់​) មាន​ចំនួន ៣,៥៨១​ករណី (​ឬ​ស្មើនឹង ៩០% នៃ​ចំនួន​ករណី​គ្រុនចាញ់​សរុប​) បាន​បន្ត​ថយចុះ​ចំនួន ១០% បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០២១ មាន ៣,៩៧៤​ករណី​។​

​ លោក ហ៊ុយ រ៉េ​កុល ថ្លែងថា សមិទ្ធផល​ឆ្នាំ​២០២២ សូចនាករ​អត្រា​អាំង​ស៊ី​ដង់​ជំងឺគ្រុនចាញ់​គ្រប់​ប្រភេទ​នៅសល់​០,២៤ គឺ​សម្រេចបាន​ជោគជ័យ​១៣១% នៃ​គោលដៅ​គ្រោង​០,៣៥ បានន័យថា ៩១,៤% នៃ​ស្រុក​ប្រតិបត្តិ​សរុប​កំពុងមាន​អត្រា​អាំង​ស៊ី​ដង់​ជំងឺ​ទាប​ជាង​១,០​។ សូចនាករ​អត្រា​អាំង​ស៊ី​ដង់​ជំងឺគ្រុនចាញ់​ប្រភេទ​សន្ធំ​នៅសល់ ០,០២ គឺ​សម្រេចបាន​ជោគជ័យ​១៥០% នៃ​គោលដៅ​គ្រោង​០,០៤ តែ​ជា​មោទនភាព​នោះ​គឺ សូចនាករ​ជំងឺគ្រុនចាញ់​ប្រភេទ​សន្ធំ​ទាប​ជាង​១,០ នៅតាម​ស្រុក​ប្រតិបត្តិ​បាន​កើន​ដល់ ៩៨% គឺ​សម្រេចបាន ជោគជ័យ ១០២% នៃ​គោលដៅ​៩៦% លើកលែងតែ ២​ស្រុក​ប្រតិបត្តិ​ទៀត​គឺ សែន​មនោ​រម្យ និង​ភ្នំ​ក្រវាញ ដែល​ត្រូវ​សម្រេច​នៅ​ដំណាច់ឆ្នាំ​២០២៣៕