ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញ​ពី​ទំនាក់ទំនង​បុគ្គល និង​បុគ្គល រវាង​រូបលោក និង​ប្រធានាធិបតី​បារាំង លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង (Emmanuel Macron) រហូតដល់​មាន​ទូរស័ព្ទ​ឆ្លើយឆ្លង​គ្នា​ក្រៅពី​ទំនាក់ទំនង​រដ្ឋ​និង​រដ្ឋ រវាង​កម្ពុជា​បារាំង​។​

​ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ និង​សញ្ញាបត្រ ដល់​សិស្ស​ថ្នាក់​វិជ្ជាជីវៈ​និង​និស្សិត​សាកលវិទ្យាល័យ​ធនធានមនុស្ស​ប្រមាណ​ជិត​ ២ ០០០ ​នាក់​ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​ពាណិជ្ជកម្ម​ជ្រោយចង្វារ (OCIC)​ រាជធានី​ភ្នំពេញ នា​ថ្ងៃទី​ ២០ ខែកុម្ភៈ លោក ហ៊ុន សែន ថ្លែងថា​៖ «​ក្រៅពី​រដ្ឋ និង​រដ្ឋ នៅមាន​ទំនាក់ទំនង​បុគ្គល និង​បុគ្គល​រហូតដល់​មាន​ទូរស័ព្ទ​ឆ្លងឆ្លើយ​គ្នា បញ្ជូន​សារ​ឱ្យ​គ្នា​»​។

​ប៉ុន្តែលោក ហ៊ុន សែន អាច​ប្រាប់​ត្រឹមតែ​ទំនាក់ទំនង​ទ្វេភាគី និង​ទំនាក់ទំនង​សហការ​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ​ទាក់ទង​នឹង​សន្តិភាព រវាង​ប្រទេស​ទាំង ​២ ប៉ុន្តែ​រឿង​លម្អិត​លោក​មិនអាច​ប្រាប់​បាន​នោះទេ តែ​លោក​អាច​បង្ហាញ​ពី​ទំនាក់ទំនង​រវាង​រូបលោក និង​លោក​អេ​ម៉ា​នុយ​អែល​។

​លោក​បន្តថា លោក និង​លោក អេ​ម៉ា​នុយ​អែល មាន​លេខ​ទូរស័ព្ទ​ឆ្លងឆ្លើយ​ជាមួយគ្នា តាម​៣​ប្រ ព័ន្ធ ដែល​លោក​អេ​ម៉ា​នុយ​អែល បាន​ប្រា​ប់លោក​គឺ Whats App, Telegram និង Signal​។​

​លោក ហ៊ុន សែន បាន​ជួប​ជាមួយ​លោក អេ​ម៉ា​នុយ​អែល នៅពេល​លោក​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង កាលពី​ខែធ្នូ ឆ្នាំ ​២០២២ ក្នុង​ឱកាសលោក​ធ្វើជា​សហប្រធាន នៃ​កិច្ចប្រជុំ​កំពូល​រំឭក​ខួប​អាស៊ាន​សហភាព​អឺរ៉ុប​លើក​ទី​ ៤៥ នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល ប្រទេស​បែលហ្ស៊ិក​។

​លោក​ហ៊ុន សែន បាន​ថ្លែងបន្តថា​៖ «​ទំនាក់ទំនង​នៃ​រដ្ឋ​យើង​មាន​កិច្ចសហប្រតិបត្តិការ​ទាំ​ង​ទ្វេភាគី ប៉ុន្តែ​អ្វីដែល​សំខាន់ យើង​បានធ្វើការ​ជាមួយគ្នា ទាក់ទង​ជាមួយនឹង​សន្តិសុខ បញ្ហា​តំបន់ និង​បញ្ហា​អន្តរជាតិ ដែល​ខ្ញុំ​មិនអាច​និយាយ​ចេញ​បានទេ​រឿងនេះ​គឺជា​រឿង​អាថ៌កំបាំង​។ ប្រធានាធិបតី​បារាំង​បានឱ្យ​លេខ​ទូរស័ព្ទ​មក​ខ្ញុំ​»​។

​លោក​បន្តថា​៖ «​អ៊ីចឹង​ទេ យើង​បាន​សន្យា​ជាមួយគ្នា​ឈប់​ប្រើ​ត្រកូល​មានន័យថា ខ្ញុំ​ហៅ​ប្រ​ធា​ធិបតី​បារាំង​គឺ​ហៅ​អេ​ម៉ា​នុយ​អែល​ព្រោះ​ម៉ា​ក្រុង គឺជា​ត្រកូល ឯ​គាត់​ឈ្មោះ​អេ​ម៉ា​នុយ​អែល ឯ​គាត់​ហៅ​ខ្ញុំ សែន តែម្តង​អត់​ហៅ​ហ៊ុន សែន​ទេ​។ យើង​មាន​ទំនាក់ទំនង​ជាមួយគ្នា​»​។​

​លោកនាយក​រដ្ឋមន្ត្រី​ថ្លែងថា រូបលោក និង​លោក ​ម៉ា​នុយ​អែល ឈានដល់​ដំណាក់កាល​នៃ​ទំនាក់ទំនង​រវាង​បុគ្គល និង​បុគ្គល ដែលមាន​ភាព​បងប្អូន ហើយ​ថា លោក អេ​ម៉ា​នុយ​អែល បាន​ហៅ​លោក​ថា «​បង​» ដោយ​លោក​បញ្ជាក់ថា​៖ «​ថ្ងៃ ​២៧ ខែធ្នូ [២០២២] ខ្ញុំ​បាន​ពឹង​ឱ្យ​ឯកឧត្តម​សុខ ចិន្តា [​សោភា អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា​] ជួយ ខ្ញុំ​ជូនពរ​ទៅ​ អេ​ម៉ា​នុយ​អែល ជា​ភាសា បារាំង គឺ​ចុច​ទៅ​ភ្លាម​គាត់​បើក​មើល​ព្រោះ WhatsApp កាលណា​បើក​មើល គឺ​វា​ចេញ​សញ្ញា​ឱ្យ​យើង​ឃើញ​។ គាត់​មិនទាន់​ឆ្លើយ​ភា្ល​ម​ទេ​។ ដល់​ឆ្លើយ​មក​ខ្ញុំ​ឆ្លើយ​ជា​ភាសា​ខ្មែរ ហៅ «​បង​ សែន​» មក​តែម្តង ព្រោះ​នៅ ​[​វិមាន​] អេ​លី​ហ្សេ (Élysée Palace)​ ហ្នឹង​មាន​អ្នកចេះ​ភាសា​បារាំង តែ​ខ្ញុំ​គិតថា គាត់​មិនមែន​ឱ្យ​ខ្មែរ​តែ​ម្នាក់​ទេ ច្រើន​គ្នា​»​។​

លោក ហ៊ុន សែន លើកឡើងថា លោក អេ​ម៉ា​នុយ​អែល គឺជា​ប្រ​ធា​ធិបតី​ដែលមាន​ចក្ខុវិស័យ​វែងឆ្ងាយ គួរឱ្យ​គោរព និង​មាន​ឥរិយាបថ​ដ៏​ល្អ ហើយ​លោក​បានបង្ហាញ​ការគោរព​របស់លោក ចំពោះ​តួនាទី​ផ្ទាល់​របស់​ប្រធានាធិបតី​បារាំង​រូបនេះ ដែល​បានធ្វើ​កិច្ចការ​ដ៏​ល្អ​ទាក់ទង​នឹង​បញ្ហា​អន្តរជាតិ​។ លោក​ថា លោក អេ​ម៉ា​នុយ​អែល ក៏​គោរព​ចំពោះ​តួនាទី​របស់​កម្ពុជា​ផងដែរ​។

​លោក​ ហ៊ុន សែន​ ធ្លាប់បាន​បង្ហោះ​សារ​ក្នុង​ហ្វេ​ស​ប៊ុ​កលោក ក្រោយពី​ជួប​ជាមួយ​លោក ​អេ​ម៉ា​នុយ​អែល ​ថា​៖ «​ដៃគូ​សន្ទនា​ដ៏​ស្និទ្ធស្នាល ស្មោះត្រង់ និង​ជឿទុកចិត្ត​គ្នា ដើម្បី​ពង្រឹងពង្រីក​មិត្តភាពរវាង​កម្ពុជា​ និង​បារាំង​។ សូម​អរគុណ​អេ​ម៉ា​នុយ​អែល ដែល​បាន​ផ្តល់នូវ​ការស្រឡាញ់​រាប់អាន​»​។​

​លោក គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ នៃ​រា​ជប​ណិ្ឌ​ត្យសភា​កម្ពុជាប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នា​ថ្ងៃទី​ ២០ ខែកុម្ភៈថា ទំនាក់ទំនងកម្ពុជា-​បារាំង ក្នុង​រយៈពេល​ចុងក្រោយនេះ មាន​វឌ្ឍន​ភាពជា​វិជ្ជមានគួរឱ្យកត់សម្គាល់​។ ទំនាក់ទំនង​រវាង​បុគ្គល​ថ្នាក់ដឹកនាំ នៃ​រដ្ឋាភិបាល​ទាំង​ ២ មាន​សារៈសំខាន់​ក្នុងការ​រួមចំណែក​ដល់​ការលើកកម្ពស់​ទំនាក់ទំនង​រវាង​ប្រទេស ​​និង​ប្រទេស​ផងដែរ ពីព្រោះ​នៅពេលដែល​ឥស្សរជន​ថ្នាក់ដឹកនាំ​មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា​បែបនេះ គឺ​បានរួមចំណែក​ក្នុងការ​លើកកម្ពស់​កម្រិត​ទំនាក់ទំនង និង​កិច្ចសហការ​រវាង​ប្រទេស​ទាំង​ ២ ​ដែល​អាច​ទៅដល់​ក្នុង​កម្រិត​ស៊ីជម្រៅ​មួយ​។

​លោក ​គិ​ន ភា ថ្លែងថា​៖ «​យើង​ក៏មាន​ការសង្ឃឹម​ដែរ នៅពេលដែល​ឥស្សរជន​ថ្នាក់ដឹកនាំ នៃ​ប្រទេស​ទាំង ​២ ​គាត់​អាច​យល់​គ្នា គាត់​អាច​ស្វែងយល់​គ្នា​ទៅវិញទៅមក ហើយ​មាន​ភាពជិតស្និទ្ធ​ក៏​ជា​ស្ពាន​មួយ​ដែល​អាច​រុញឱ្យ​ប្រទេស​ទាំង​ ២ មានការ​យល់ឃើញ​ពីគ្នា ក្នុង​រូបភាព​ដ៏​ត្រឹមត្រូវ​មួយ ដែល​អាចធ្វើឱ្យ​ការស្វែងយល់​គ្នា​ទៅវិញទៅមក​ហ្នឹង​មាន​លក្ខណៈ​ច្បាស់លាស់​ជាង​មុន ពីព្រោះ​ជួនកាល នៅពេលដែល​មេដឹកនាំ​គាត់​អត់​អាច​និយាយ​គ្នា​បាន ចំណុច​មន្ទិល​មួយចំនួន ក៏​អាច​មិនមាន​ភាពច្បាស់លាស់​នឹង​គ្នា​ដែរ​។ វា​នៅតែ​បន្ត​មិន​ច្បាស់លាស់​។ អ៊ីចឹង បើសិនជា​ថ្នាក់ដឹកនាំ​គាត់​ត្រូវ​គ្នា រុញឱ្យ​ទំនាក់ទំនង និង​ការស្វែងយល់​គ្នា​វា​កាន់តែ​ស៊ីជម្រៅ​ជាង​មុន​»៕