
ការធ្វើតេស្ដរកមេរោគកូវីដ១៩ នៅភ្នំពេញកន្លងមក ។ ហុង មិនា
ភ្នំពេញៈ ក្រសួងសុខាភិបាលកម្ពុជាប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៤ នាក់បន្ថែមទៀត ប៉ុន្តែគ្មានអ្នកជាសះស្បើយ និងអ្នកស្លាប់ដោយសារជំងឺនេះថ្មីឡើយ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី ២១ ខែ កុម្ភៈ បានឱ្យដឹងថា ក្រសួងរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មី ចំនួន ៤ នាក់ សុទ្ធតែប្រភេទអូមីក្រុងទាំងអស់។ អ្នកទាំង ៤ នេះ ត្រូវបានរកឃើញវិជ្ជមានកូវីដ ១៩ ក្នុងករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស។ ក្រសួងបញ្ជាក់ថា របាយការណ៍ថ្ងៃនេះ មិនមានអ្នកជាសះស្បើយ និងអ្នកស្លាប់ថ្មីនោះទេ។
គិតត្រឹមថ្ងៃទី ២១ ខែកុម្ភៈ ករណីឆ្លងជំងឺកូវីដ ១៩ សរុបមានចំនួន ១៣៨ ៧១២ នាក់ ចំណែកករណីជាសះស្បើយសរុប ១៣៥ ៦៤៨ នាក់ និង ករណីស្លាប់សរុប ៣ ០៥៦ នាក់។ រីឯករណីនាំចូលពីក្រៅប្រទេសសរុបមានចំនួន ២១ ២៤៤ នាក់ និងករណីអូមីក្រុងឆ្លងក្នុងសហគមន៍មាន ១៦ ៨៨៤ នាក់៕