
លោកស្រី មិថុនា ភូថង ក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី ២១ កុម្ភៈ។ រូបថត FN
កោះកុងៈ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ថ្លែងថា ក្នុងរយៈពេល ៥ ឆ្នាំ ខេត្តកោះកុងបាន ប្រមូលផលនេសាទសរុបចំនួន ២៨៦ ៧៦៤ តោន ក្នុងនោះរួមមានទាំងផលនេសាទទឹកសាប ផលនេសាទសមុទ្រ ផលនេសាទវារីវប្បកម្ម និងផលនេសាទកែច្នៃផងដែរ។
លោកស្រីអភិបាលខេត្តកោះកុង ថ្លែងបែបនេះ ក្នុងសន្និសីទសារព័ត៌មានស្ដីពី«ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំកន្លងមក»របស់រដ្ឋបាលខេត្តកោះកុង ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី ២១ ខែកុម្ភៈ។
លោក ស្រី មិថុនា ភូថង បានឱ្យដឹងថា ផលនេសាទសរុបដែលមានចំនួន ២៨៦ ៧៦៤ តោននេះ រួមមាន ផលនេសាទទឹកសាបចំនួន ២៦៤៤ តោន ដែលក្នុង១ឆ្នាំប្រមូលផលបានចន្លោះពី ៣៩០ ទៅ ៧៥២តោន ចំណែកផលនេសាទសមុទ្រចំនួន២៥០ ៨១៩ តោន ដែលក្នុង១ឆ្នាំប្រមូលបានចន្លោះពី ៤៨ ៣៨៥ ទៅ ៥២ ៥៤៩តោន រីឯផលនេសាទវារីវប្បកម្មមានចំនួន ២២ ៥៦០ តោន ដែលប្រមូលបានចន្លោះពី ១៥៨០ ទៅ ១៨ ៣៨០តោនក្នុង១ឆ្នាំ និងផលនេសាទកែច្នៃមានចំនួន ១០ ៧៤១ តោន ដែលប្រមូលបានចន្លោះពី ១៩១៥ ទៅ ២៣៥០ តោន ក្នុង១ឆ្នាំ។
លោកស្រី បានឱ្យដឹងថា តំបន់អភិរក្សធនធានជលផលក្នុងខេត្តកោះកុង មានចំនួន១១ កន្លែង ដែលមានតំបន់អភិរក្សអណ្តើកហ្លួងនិងក្រពើត្រីមានទំហំ ២៨១៨ ហិកតា នៅស្រុកស្រែអំបិល តំបន់អភិរក្សគ្រែងឈាម មានទំហំ៤០០ ហិកតា នៅភូមិថ្មសស្រុកបទុមសាគរ។
តំបន់អភិរក្សត្រីពង កូនពងអន្ទង់មានទំហំ ២០ ៥៩៤ ហិកតា នៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល។ តំបន់អភិរក្សត្រីពង កូនពយម្កាក់ មានទំហំ ១១ ៦៧១ ហិកតា នៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល តំបន់អភិរក្សពងកូនថ្មធំ មានទំហំ ១១ ១៤៩ ហិកតានៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល។
តំបន់អភិរក្សគ្រែងឈាមមានទំហំ៥ហិកតានៅឃុំជីខក្រោម ស្រុកស្រែអំបិល។ តំបន់អភិរក្សត្រីពងកូនក្នុងសហគមន៍នេសាទ តំបន់ឆ្នេរសមុទ្រតាមៀកមានទំហំ ១០ ហិកតានៅឃុំអណ្តូងទឹកស្រុកបទុមសាគរ តំបន់ស្មៅសមុទ្រហៅថា ឡាំប៉ក់ជ្រោយប្រស់ មានទំហំ២៣៦ ហិកតា និងវាលតាឯកមានទំហំ ៣៣៩ ហិកតានៅឃុំជ្រោយប្រស់ ស្រុកកោះកុង។ តំបន់អភិរក្សក្តាមជ័រ មានទំហំ ៥០ ហិកតា នៅឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ តំបន់អភិរក្សផ្កាថ្ម ប្រជុំកោះខ្មោច និងកោះអណ្តើកមានទំហំ ១៤ ហិកតានៅឃុំកោះស្តេច ស្រុកគិរីសាគរ។ តំបន់គ្រប់គ្រងដែនជម្រកសុវត្ថិភាពត្រីកាម៉ុង នៅពាមក្រសោប ទំហំ ១២៨៣ ហិកតា នៅឃុំពាមក្រសោបស្រុកមណ្ឌលសីមា និងភូមិកោះកាពិ ស្រុកកោះកុង ។
លោកស្រីបញ្ជាក់ថា៖«ចំពោះការងារដែននេសាទបានដាំកូនដើមកោងកាងចំនួន ៣៧៣ ០០០ដើមលើផ្ទៃដី ៣៧,៣០ ហិកតា និង បណ្តុះកូនកោងកាងបានចំនួន ៩១ ២០០ដើម នៅឃុំជ្រោយស្វាយ ឃុំជីខក្រោម ឃុំអណ្តូងទឹក និងឃុំថ្មស»។
ក្នុងអង្គសន្និសីទនោះដែរ លោក អ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកោះកុង បានលើកឡើងថា វិស័យជលផលនៅខេត្តកោះកុងគឺសម្បូរគ្រឿងសមុទ្រ មានក្តាម បង្គា ត្រីសមុទ្រផ្សេងៗជាដើម ដែលផលទាំងនោះមានទាំងការចិញ្ចឹម និងមានទាំងរបស់ធម្មជាតិយ៉ាងសម្បូរបែប។
លោកថ្លែងថា៖«នៅក្នុងខេត្តកោះកុងយើងមានលក្ខណៈហៅថា ម្ហូបសមុទ្រនៅសម្បូរហើយស្រស់ ហើយបែបធម្មជាតិទៀត។នេះខ្ញុំចង់ជម្រាបជូនបងប្អូនប្រជាពលរដ្ឋភ្ញៀវទេសចរទាំងអស់ថា ម្ហូបអាហារនៅខេត្តកោះកុង ជាពិសេសបានមកដោយធម្មជាតិ ហើយកសិករដាំបន្លែដាំអីក៏បែបធម្មជាតិ មិនសូវមានការប្រើប្រាស់ថ្នាំគីមីនោះទេ»។
លោកប្រធានមន្ទីរកសិកម្មខេត្តកោះកុងបញ្ជាក់ថា ចំពោះវិស័យកសិកម្មនៅខេត្តកោះកុងមានអ្នកបច្ចេកទេសចុះទៅបណ្តុះបណ្តាលទាំងការដាំដុះ ចិញ្ចឹមសត្វ វារីវប្បកម្ម ដោយផ្អែកលើបែបបទរបៀបធម្មជាតិទាំងអស់៕