​ភ្នំពេញៈ​ គ្រឿងអលង្ការ​បុរាណ​ខ្មែរ សរុប​ចំនួន ៧៧​ គ្រឿង ត្រូវបាន​គ្រួសារ​លោក​ឌូ​គ្លាស ឡា​ត​ហ្វ​ដ (Douglas Latchford) ប្រគល់ជូន​ប្រទេស​កម្ពុជា​វិញ ដែល​ពិធី​ប្រគល់​ទទួល ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី ​១២ ខែកុម្ភៈ និង​បាន​បញ្ជូន​មកដល់​ប្រទេស​កំណើត​វិញ កាលពី​ថ្ងៃទី​ ១៧ ខែកុម្ភៈ ឆ្នាំ ​២០២៣​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នៅ​ថ្ងៃទី ​២០​ កុម្ភៈ បានឱ្យដឹងថា អនុលោម​តាម​កិច្ចព្រមព្រៀង​នា​ខែកញ្ញា ឆ្នាំ​ ២០២០ រវាង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ជា​តំណាង​រាជរដ្ឋាភិបាល​កម្ពុជា និង​គ្រួសារ​លោក ឌូ​គ្លាស ឡា​ត​ហ្វ​ដ វត្ថុ​បុរាណ​ខ្មែរ​ទាំងអស់ ដែល​កាន់កាប់​រក្សាទុក​ដោយ​គ្រួសារ​លោក ឡា​ត​ហ្វ​ដ នឹងត្រូវ​ប្រគល់ជូន​មក​កម្ពុជា​វិញ​។

​ក្រសួង​បាន​បន្តថា បន្ទាប់ពី​វត្ថុ​បុរាណ​ខ្មែរ​ធ្វើ​ពី​ថ្ម​និង​សំរឹទ្ធ​មួយចំនួន​ដែល​បានទទួល​ពី​ប្រទេស​អង់គ្លេស​នៅ​ខែកញ្ញា ឆ្នាំ​ ២០២១​កន្លងមក នា​ថ្ងៃទី​ ១២ កុម្ភៈ ឆ្នាំ​ ២០២៣ ក្រុមការងារ​កម្ពុជា​ដែល​ដឹកនាំ​ដោយ លោក ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​ទី​ ៧ នៃ​រដ្ឋសភា ទទួលបន្ទុក​វិស័យ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍ ព្រមទាំង​មន្ត្រី​ជំនាញ​កម្ពុជា​បាន​ទៅកាន់​ប្រទេស​អង់គ្លេស ដើម្បី​នាំយក​គ្រឿងអលង្ការ​បុរាណ​ខ្មែរ សរុប ចំនួន ​៧៧​ គ្រឿង​ថែមទៀត​ពី​ក្រុមគ្រួសារ​លោ​កឡាត​ហ្វ​ដ​។​

​ការប្រគល់​ទទួល​រត​ន​វត្ថុ​ទាំងនេះ បាន​ប្រព្រឹត្តទៅ ដោយមាន​ការចូលរួម​ពី​សំណាក់​គណៈប្រតិភូ​កម្ពុជា មាន​លោក ហ៊ុន ម៉ា​នី តំណាង​រាជរដ្ឋាភិបាល​កម្ពុជា​,​ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​ចក្រភព​អង់គ្លេស និង​តំណាង​នាយកដ្ឋាន​អាស៊ីអាគ្នេយ៍​នៃ​ក្រសួងការបរទេស និង​ខ​ម្ម៉​ន់​វែ​ល​នៃ​ចក្រភព​អង់គ្លេស អង្គភាព​សិល្បៈ និង​បុរាណវត្ថុ​នៃ​ស្នងការដ្ឋាន​នគរបាល​ក្រុង​ឡុង​ដ៍ និង​ក្រុមប្រឹក្សា​សិល្បៈ​អង់គ្លេស​។

​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានឱ្យដឹងថា​៖ «​គ្រឿងអលង្ការ​បុរាណ​ខ្មែរ​នេះ បាន​បញ្ជូនមក​ដល់ក​ម្ពុ​ជា នៅ​ថ្ងៃទី​ ១៧ ខែកុម្ភៈ ដែលមាន​ដូចជា ក្បាំង​មកុដ ខ្សែក ខ្សែដៃ ខ្សែក្រវាត់ ក្រវិល បន្តោង ដែល​ស្ថិតក្នុង​សម័យមុន​អង្គរ និង​សម័យអង្គរ​»​។​

​វា​ជា​គ្រឿងអលង្ការ​មាស និង​លោហៈ​មានតម្លៃ​មួយចំនួន ធ្លាប់បាន​ផ្សព្វផ្សាយ​ក្នុង​សៀវភៅ Khmer Gold: Gifts of the Gods និពន្ធ​រួម​ដោយ​លោកស្រី Emma C. Bunker និង​លោក Douglas A.J. Latchford នា​ឆ្នាំ ២០០៨ ដែល​វត្ថុ​ភាគច្រើន សាធារណជន​ពុំ​ធ្លាប់​បានឃើញ​ពីមុនមក​។​

​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​ក្រសួង​វប្បធម៌ រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្ដែង​ការកោតសរសើរ​ដល់​រាជរដ្ឋាភិបាល​ចក្រភព​អង់គ្លេស ដែលមាន​សុ​ឆន្ទៈ ខ្នះខ្នែង និង​សហការ​បានល្អ​ប្រសើរ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​សម្របសម្រួល​ប្រគល់​វត្ថុ​បុរាណ​ទាំងនេះ មក​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​វិញ ដែល​សបញ្ជាក់​ពី​យុទ្ធសាស្ត្រ​ដ៏​ត្រឹមត្រូវ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​កិច្ចសហការ​ជិតស្និទ្ធ​ជាមួយ​បណ្តា​ប្រទេស​នានា​ក្នុង​សកលលោក​។

​ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោកស្រី ភឿង ស​កុ​ណា បានលើកឡើង​ពី​សារៈសំខាន់​នៃ​សន្តិភាព និង​ស្ថិរភាព​នយោបាយ តាមរយៈ​នយោបាយ​ឈ្នះ​ឈ្នះ របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់​ឱកាស​ឱ្យ​កម្ពុជា​អាច​នាំយក​មកវិញ​នូវ​ព្រលឹង​ដូនតា​ខ្មែរ និង​រតនសម្បត្តិ​ដ៏​មានតម្លៃ​នានា ដែល​បាន​រសាត់​ចាក​ឆ្ងាយ​ពី​មាតុ​ភូមិកំណើត​អស់​ជាច្រើន​ឆ្នាំ ក្នុងអំឡុង​នៃ​សង្គ្រាម​ច្រើន​ទសវត្សរ៍​កន្លងទៅ​។​

​លោកស្រី​បាន​បញ្ជាក់ថា​៖ «​ការវិលត្រឡប់​មកវិញ​នៃ​សម្បត្តិ​វប្បធម៌​ជាតិ​ទាំងនេះ បាន​បើក​ទំព័រ​ថ្មី​មួយទៀត ក្នុងការ​ស្វែងយល់ និង​សិក្សា​ស្រាវជ្រាវ​ពី​ចក្រភព​អង្គរ និង​សារៈសំខាន់​នៃ​បេតិកភណ្ឌ​ទាំងនោះ​សម្រាប់​ពិភពលោក​»​។​

​លោកស្រី ក៏បាន​លើកទឹកចិត្ត​ដល់​បុគ្គល​ឯកជន ដល់​សារមន្ទីរ ក៏ដូចជា​សា្ថ​ប័ន​នានា​លើ​សកលលោក ដែល​កំពុង​តាំង​បង្ហាញ និង​រក្សាទុក​វត្ថុ​បុរាណ​របស់​កម្ពុជា សូម​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ឬ​តាមរយៈ​ស្ថានទូត​កម្ពុជា​ប្រចាំការ​ក្នុងប្រទេស​នីមួយៗ​ក្នុងការ​ប្រគល់​ត្រឡប់មកវិញ​នូវ​សម្បត្តិ​វប្បធម៌​ខ្មែរ​។

​លោកស្រី​មានប្រសាសន៍ថា​៖ «​រាជរដ្ឋាភិបាល​កម្ពុជា​ចាត់ទុក​កាយវិការ​នេះ​ថា ជា​ទង្វើ​ដ៏​ថ្លៃថ្លា​ដ៏​គួរឱ្យ​គោរព​មួយ ដែល​មិន​ត្រឹមតែ​បង្ហាញ​ពី​ក្រមសីលធម៌ ក្នុងការ​ចូលរួម​លើក​តម្លៃ​ដល់​វប្បធម៌​នៃ​ជាតិ​សាសន៍​មួយ​ប៉ុណ្ណោះ​ទេ តែ​ក៏បាន​ចូលរួមចំណែក​ដ៏​ឧត្តុង្គឧត្តម​ក្នុងការ​ផ្សះផ្សា និង​ព្យាបាល​របួស​ផ្លូវចិត្ត​របស់​ប្រជាជន​កម្ពុជា ដែល​ឆ្លងកាត់​សង្គ្រាមស៊ីវិល​រ៉ាំរ៉ៃ និង​រងគ្រោះ​ពី​សោកនាដកម្ម និង​ទារុណកម្ម​នៃ​អំពើ​ប្រល័យពូជសាសន៍​ខ្មែរក្រហម​»​។​

​តាងនាម​គណៈប្រតិភូ​កម្ពុជា លោក ហ៊ុន ម៉ា​នី ក៏បាន​បង្ហាញ​នូវ​មោទនភាព ដែល​លោក​បាន​ចូលរួម​ក្នុងការ​ដង្ហែ​ត្រឡប់មក​មាតុប្រទេស​វិញ នូវ​សម្បត្តិ​វប្បធម៌​ជាតិ​ដ៏​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន​នាពេលនេះ​។

​លោក ហ៊ុន ម៉ា​នី បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់លោក​នៅ​ថ្ងៃទី​ ២០ ខែកុម្ភៈ​ថា​៖ «​ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ និង​គណៈប្រតិភូ មាន​មោទកភាព និង​មាន​កិត្តិយស​ជាទីបំផុត ដែល​ទទួលបាន​សេចក្តីទុកចិត្ត និង​អនុញ្ញាត​ចូលរួម​ក្នុង​បេសកកម្ម​ជា​ប្រវត្តិសាស្ត្រ ក្នុងការ​ដង្ហែ​មកវិញ​នូវ គ្រឿងអលង្ការ​បុរាណ​ខ្មែរ ដែលជា​រតនវត្ថុ​ដ៏​មានតម្លៃ​វិសេសវិសាល និង​ជា​ផ្នែក​មួយ​នៃ​ការយាង​ត្រឡប់មកវិញ​នូវ​ដួងព្រលឹង​បុព្វបុរស​ខ្មែរ​»​។

​លោក​បញ្ជាក់ថា​៖ «​ខ្ញុំ និង​សហការី សូម​អរគុណ​ដល់​រាជរដ្ឋាភិបាល ពិសេស​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​កោតសរសើរ​ដល់​អគ្គរាជ​ទូត​កម្ពុជា​ប្រចាំ​ចក្រភព​អង់គ្លេស និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ពិសេស​ក្រុមគ្រួសារ​លោក ឌូ​គ្លាស ឡា​ត​ហ្វ​ដ ដែល​បាន​ខ្នះខ្នែង​រៀបចំ​សម្របសម្រួល​ដំណើរការ​ក្នុងការ​នាំយក​មកវិញ​នូវ​គ្រឿងអលង្ការ​ទាំង ​៧៧​ គ្រឿង​។ នេះ​ជា​កាយវិការ​មួយ​ដែល​គួរឱ្យ​កោតសរសើរ ដែលជា​គំរូ​មួយ ដែល​យើង​សង្ឃឹមថា នឹងមាន​ការចូលរួម​ពី​អ្នកដទៃ​ផ្សេងទៀត​»៕