ភ្នំពេញៈ អ្នកជំនាញផ្នែកសារព័ត៌មានបានថ្លែងថា ការចេញផ្សាយបទវិចារណកថា របស់ ភ្នំពេញ ប៉ុស្តិ៍ ឆ្លើយតបទៅនឹងការផ្សព្វផ្សាយខុសរបស់សារព័ត៌មាន BBC និងការលើកឡើងខុសពីការពិតរបស់អតីតបុគ្គលិក ភ្នំពេញ ប៉ុស្តិ៍ ម្នាក់កាលពីសប្ដាហ៍មុន គឺជារឿងត្រឹមត្រូវ។
កាលពីចុងសប្ដាហ៍កន្លងទៅ ភ្នំពេញប៉ុស្តិ៍បានចុះផ្សាយនៅលើអនឡាញនូវអត្ថបទវិចារណកថាមួយស្ដីអំពីអត្ថបទព័ត៌មានរបស់ BBC ដែលបានសម្ភាសអតីតបុគ្គលិក ភ្នំពេញ ប៉ុស្តិ៍ លោក ម៉ិច ដារ៉ា។ បទវិចារណកថានោះទទួលបានប្រតិកម្មចម្រុះពីមជ្ឈដ្ឋានអ្នកសារព័ត៌មាន បុគ្គលិកអង្គការសង្គមស៊ីវិល និងសាធារណជន។
បទវិចារណកថានោះ ធ្វើឡើងជាការឆ្លើយតបទៅនឹងការលើកឡើងរបស់អតីតបុគ្គលិករបស់ ភ្នំពេញ ប៉ុស្ដិ៍ គឺលោក ម៉ិច ដារ៉ា ដែលបានថ្លែងនៅក្នុងបទសម្ភាសជាមួយ BBC ថា ភ្នំពេញ ប៉ុស្តិ៍ ត្រូវបាន «បំបិទសំឡេង» ហើយថា លោក «មិនអាចទទួលយកវាបានទៀតទេ» បន្ទាប់ពី ភ្នំពេញ ប៉ុស្ដិ៍ មានការផ្លាស់ប្ដូរម្ចាស់កម្មសិទ្ធិ។ តែតាមពិត លោកបានធ្វើការដោយទទួលបានប្រាក់ខែពេញអស់រយៈពេលជិត ២ ឆ្នាំ បន្ទាប់ពីការផ្លាស់ប្ដូរនេះ។
មុនពេលចុះផ្សាយបទវិចារណកថានោះ ភ្នំពេញ ប៉ុស្តិ៍ បានទាក់ទងលោក ម៉ិច ដារ៉ា ដើម្បីសុំការបកស្រាយ ប៉ុន្តែលោកមិនលើកទូរស័ព្ទ។ នៅថ្ងៃទី ២០ ខែកុម្ភៈ ភ្នំពេញ ប៉ុស្តិ៍ បានទាក់ទងលោកម្ដងទៀតដើម្បីផ្ដល់ឱកាសបកស្រាយសាជាថ្មី ប៉ុន្តែលោកបដិសេធអត្ថាធិប្បាយ។
បើទោះបីជាលោកមិនបានឆ្លើយតបផ្លូវការ លោកបានថតបទវិចារណថា ហើយបង្ហោះសារនៅលើបណ្ដាញ Twitter ដោយសរសេរថា៖ «អ្នកមិនគួរយកសំរាមនេះមករំខានភ្នែករបស់អ្នកទេ។ អ្នកមកមុនទទួលបានមុន អ្នកមកក្រោយទទួលបានក្រោយ។ ខ្ញុំបានដឹងមុនហើយថា នឹងមានរឿងបែបនេះកើតឡើង»។
នៅក្នុងបទវិចារណកថានោះ ភ្នំពេញ ប៉ុស្តិ៍ បានគូសបញ្ជាក់ថា អត្ថបទព័ត៌មាន BBC សរសេរដោយលោក George Wright ដែលធ្លាប់បម្រើការជាមួយលោក ម៉ិច ដារ៉ា មានចំណុចខុសពីការពិត ដែលធ្វើឱ្យអ្នកអានដែលគ្មានព័ត៌មានច្បាស់ អាចយល់ច្រឡំ នេះមិនទាន់គិតដល់ចំណុចដែលជាការយល់ឃើញផ្ទាល់របស់លោក George Wright ផង។
យ៉ាងណាក៏ដោយ នៅចុងបញ្ចប់នៃបទវិចារណកថានោះ ភ្នំពេញប៉ុស្តិ៍បានបញ្ចូលព័ត៌មានពាក់ព័ន្ធនឹងបុគ្គលិកលក្ខណៈរបស់លោក ម៉ិច ដារ៉ា ដែលជាចំណុចរងការរិះគន់ពីសំណាក់មនុស្សជាច្រើន ជាពិសេសអ្នកដែលធ្លាប់រួមការងារជាមួយលោកដារ៉ា។
លោក David Boyle អតីតការីនិពន្ធនៅ ភ្នំពេញ ប៉ុស្តិ៍ បានសរសេរនៅលើបណ្ដាញ Twitter ថា៖ «ក្នុងនាមជាការីនិពន្ធនៅ ភ្នំពេញ ប៉ុស្តិ៍ នៅពេលដែលយើងប្រឹងប្រែង និងធ្វើព័ត៌មានស៊ើបអង្កេតមុនពេលមានការផ្លាស់ប្ដូរម្ចាស់ដែលបានបំផ្លាញមរតករបស់កាសែតនេះ ខ្ញុំពិតជាស្អប់ខ្ពើមចំពោះការវាយប្រហារលើ ម៉ិច ដារ៉ា»។ លោកបន្តថា៖ «ខ្ញុំសូមបញ្ជាក់ថា លោក [ម៉ិច ដារ៉ា] គឺជាអ្នកសារព័ត៌មានដ៏ឆ្នើមហើយភ្នំពេញប៉ុស្តិ៍គឺជាអ្នកដែលគួរឱ្យអាម៉ាស»។
លោក David Hutt អ្នកសរសេរព័ត៌មានដែលរិះគន់រដ្ឋាភិបាល មានដើមកំណើតនៅចក្រភពអង់គ្លេស បានបង្ហោះសារនៅលើ Twitter កាលពីថ្ងៃទី ១៨ ខែកុម្ភៈថា៖ «បទវិចារណកថារបស់ ភ្នំពេញ ប៉ុស្តិ៍ បានធ្វើលើសហើយ។ វាបង្ហាញពីការលាក់ពុត និងមិនចាំបាច់»។
លោក John Lowrie អ្នកតស៊ូមតិផ្នែកសិទ្ធិជនជាតិដើមភាគតិច បានឆ្លើយតបទៅនឹងសាររបស់ David Hutt ដោយសរសេរថាៈ «ពិតជាគ្មានវិជ្ជាជីវៈ មិនត្រឹមតែលើផ្នែកព័ត៌មានទេ តែនៅលើការគ្រប់គ្រងធនធានមនុស្សទៀត ដោយសារតែមិនបានគោរពដល់ភាពសម្ងាត់របស់គាត់ [ម៉ិច ដារ៉ា]។ នេះបង្ហាញពីក្រុមទាំងមូល»។
យ៉ាងណាក៏ដោយ លោក ពេជ្រ សុជាតិ ប្រធានផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុន បានថ្លែងថា លោក ដារ៉ា បានធ្វើឱ្យខូចដល់កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន តាមរយៈការលើកឡើងរបស់លោក ប៉ុន្តែដោយយល់ទៅលើការចូលរួមរបស់លោក ដារ៉ា ជាមួយក្រុមហ៊ុនកាលពីពេលកន្លងទៅ ហើយកុងត្រារបស់លោកជាមួយក្រុមហ៊ុនត្រូវបានបញ្ចប់ដោយភាពស្មោះត្រង់ ក្រុមហ៊ុននឹងមិនមានវិធានការអ្វីបន្ថែមទេ។
បើតាមលោក សុជាតិ គោលការណ៍របស់ក្រុមហ៊ុនដូចមានចែងក្នុងកុងត្រារបស់លោក ដារ៉ា បានបញ្ជាក់ច្បាស់ថា រាល់បុគ្គលិកទាំងអស់ មិនត្រូវធ្វើសកម្មភាពដែលអាចប៉ះពាល់ធ្ងន់ធ្ងរដល់ក្រុមហ៊ុន ឬកេរ្តិ៍ឈ្មោះក្រុមហ៊ុន មិនថាសកម្មភាពនោះ ស្ថិតក្នុងរង្វង់ការងារ ឬក្រៅរង្វង់ការងារ។ លោកបន្តថា បើតាមកុងត្រារបស់លោក ម៉ិច ដារ៉ា ជាមួយក្រុមហ៊ុន មានចំណុចមួយពាក់ព័ន្ធនឹងបទបញ្ជាផ្ទៃក្នុងស្ដីពីភាពសម្ងាត់របស់ក្រុមហ៊ុន។
លោកថ្លែងថា៖ «ក្នុងករណីបុគ្គលិកត្រូវបានបញ្ឈប់ដោយមូលហេតុអ្វីមួយ បុគ្គលិកនឹងតម្រូវឱ្យបន្តរក្សាព័ត៌មាននានាជាសម្ងាត់ ដោយមិនត្រូវបញ្ចេញវាទៅឱ្យបុគ្គលផ្សេង ឬក្រុមហ៊ុនផ្សេងឡើយ»។
ក្រៅពីអ្នករិះគន់លើបទវិចារណកថា ក៏មានអ្នកគាំទ្រជាច្រើនផងដែរ ដោយពួកគេលើកឡើងថា អ្នកសារព័ត៌មានដូចជាលោក ម៉ិច ដារ៉ា ជាដើម ត្រូវនិយាយការពិត។ អ្នកវិភាគក្នុងស្រុកបានថ្លែងថា អត្ថបទរបស់ BBC អាចមានកំហុសឆ្គងដោយមូលហេតុមួយចំនួន ដែលកំហុសនោះកម្រនឹងមានអ្នកទាមទារឱ្យអ្នកសរសេរទទួលខុសត្រូវណាស់ ដោយសារតែអត្ថបទសរសេរជាភាសាអង់គ្លេស ឬមួយមនុស្សទូទៅមិនបានអានអត្ថបទនោះ ឬខ្វះមធ្យោបាយសមរម្យ ឬចំណេះដឹងដើម្បីឆ្លើយតបនឹងអត្ថបទនោះ។
អ្នកវិភាគយល់ឃើញថា ប្រទេសកម្ពុជា មានបញ្ហាមួយចំនួនពាក់ព័ន្ធនឹងការដែលអ្នកកាសែតបរទេសខ្លះប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយដើម្បីបម្រើរបៀបវារៈនយោបាយផ្ទាល់ខ្លួន ដោយពួកគេតែងតែនិយាយខុសពីការពិត ឬមិនបង្ហាញការពិតទាំងស្រុងអំពីប្រទេស និងប្រជាជននៅប្រទេសនេះ ដោយវាយប្រហារបុគ្គលណាម្នាក់ ឬស្ថាប័នណាមួយដែលពួកគេមិនយល់ស្របជាមួយ។
អ្នកវិភាគថា វិធីដែលអ្នកកាសែតបរទេសខ្លះប្រើ គឺយកប្រភពពីក្នុងស្រុកដែលតែងតែតម្កល់ក្ដីសង្ឃឹមលើមិត្តបរទេសក្នុងការបន្តការងារ ដោយពួកគេឱ្យប្រភពនោះនិយាយអ្វីដែលពួកគេចង់ឮ។ នៅពេលដែលភាពលម្អៀងរបស់ពួកគេត្រូវបានបញ្ជាក់ថា ត្រឹមត្រូវដោយប្រភពណាមួយនោះ អ្នកកាសែតបរទេសនោះប្រញាប់ប្រញាល់ចុះផ្សាយតាមអ្វីដែលប្រភពបានប្រាប់ ដោយមិនបានផ្ដល់ភ័ស្តុតាង ឬ មិនបានផ្ទៀងផ្ទាត់ព័ត៌មាននោះឡើយ។ ក្នុងករណីចោទប្រកាន់លើកាសែតភ្នំពេញប៉ុស្តិ៍ លោក George Wright មិនបានទាក់ទងភ្នំពេញប៉ុស្តិ៍ដើម្បីបកស្រាយឡើយមុនពេលចុះផ្សាយ។
លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា UJFC បានថ្លែងថា ករណីលោក ម៉ិច ដារ៉ា មិនខុសពីករណីអ្នកកាសែតកម្ពុជាជាច្រើនទៀត ដែលបានក្លាយជាជនរងគ្រោះដោយសារតែសហការីជាជនបរទេស ដែលសរសេរព័ត៌មានវាយប្រហារ ដោយសារតែពួកគេមានរបៀបវារៈប្រឆាំងនឹងរដ្ឋាភិបាល។
លោកបានបន្តថា៖ «ក្រៅពីបញ្ហាថា ដារ៉ា ឬក៏អ្នកកាសែតដទៃ យើងក៏ជាជនរងគ្រោះលើអត្ថបទក្លែងបន្លំដែល មួលបង្កាច់ ហើយប្រឌិតទៅលើភាពជាក់ស្តែង។ រឿងជនបរទេសគាត់គួរតែប្រើវិជ្ជាជីវៈដើម្បីតម្រង់ទិសជួយសារព័ត៌មាន។ ប៉ុន្តែខ្ញុំមើលគឺអត់មានឃើញទេ ដោយសារតែគាត់ជាបរទេស ច្រើនតែយករបៀបវារៈនៃបញ្ហាកាសែត តែមិនមែនជាបញ្ហាកាសែតទេ គឺយកធ្វើជាឧបករណ៍ផ្ចាញ់ផ្ចាល់រដ្ឋាភិបាលដែលនេះហើយ បានធ្វើឱ្យមានបញ្ហាជាបន្តបន្ទាប់»។
លោករំឭកថា កាសែត ខេមបូឌា ដេលី មានចន្លោះប្រហោងទៅលើការបង់ពន្ធ ហើយរឿងដកអាជ្ញាប័ណ្ណវិទ្យុ វីអូឌី គឺធ្វើឡើងបន្ទាប់ពីស្ថានីយនេះមិនបានធ្វើការកែសម្រួលតាមសំណូមពររបស់ភាគីដែលរងគ្រោះ។ ផ្ទុយទៅវិញស្ថាប័ននេះ បានដើរតួជាជនរងគ្រោះអាជីព។
លោកថ្លែងបន្តថា៖ «ដារ៉ា ទៅជាជនរងគ្រោះ ៣ ទៅ ៤ ដង ហើយបើនិយាយពីជនរងគ្រោះ មិនមែនម្តងទេ គឺបរទេសប្រើប្រាស់ម្តង ហើយរឿងអត់ការងារ ដោយសារតែកំហុសក្នុងការដឹកនាំរបស់បរទេស ហើយឥឡូវនេះ សរសេរអត្ថបទព័ត៌មានចុងក្រោយនេះ គឺហាក់ដូចសរសេរឱ្យគេរើសអើងគាត់។ យើងមិនដឹងគេដកស្រង់សម្តីស្មោះត្រង់ ឬមិនស្មោះត្រង់ ប៉ុន្តែសរសេរអ៊ីចឹង គឺឱ្យគេរើសអើងគាត់»។
លោកបន្តថា៖ «ម្យ៉ាងយកគាត់ជាឧបករណ៍យកមកវាយប្រហារស្ថាប័នចាស់របស់គាត់ ហើយនឹងវាយប្រហារសង្គមជាតិរបស់គាត់។ អ៊ីចឹងគាត់រងគ្រោះរហូត...ខ្ញុំក៏មិនជឿថា ដារ៉ានេះគាត់មានគំនិតអីស្អប់ ឬបង្កហានិភ័យអ្វីចំពោះស្ថាប័ន ឬសង្គមនេះខ្លាំងក្លាទេ ប៉ុន្តែបរទេសគេមានរបៀបវារៈក្នុងការប្រើប្រាស់ខ្មែរ ឱ្យជល់ ឱ្យមានទំនាស់ជាមួយខ្មែរ។ គេប្រើបេសកកម្មរបស់គេដោយមិនមែនរឿងវិជ្ជាជីវៈតែមួយមុខទេ គឺធ្វើជាឧបករណ៍លេងសើច និងរិះគន់រដ្ឋាភិបាល ហើយគាត់ចំណេញអាហ្នឹងបានកេរ្តិ៍ឈ្មោះល្អ ហើយពេលត្រឡប់ទៅស្រុកគាត់វិញ គឺរកការងារល្អនៅស្រុកគាត់វិញ»។
លោក ប៉ែន បូណា រដ្ឋលេខាធិការក្រសួងព័ត៌មានយល់ឃើញថា ការបកស្រាយពន្យល់ បំភ្លឺ គឺជាសិទ្ធិឆ្លើយតបរបស់បុគ្គលណាដែលអាចធ្វើឡើងបានដោយមិនចាំបាច់តែសារព័ត៌មាននោះទេ ក្នុងករណីយល់ឃើញថា អត្ថបទសារព័ត៌មានណាមួយធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ខ្លួន។ លើសពីនេះទៀត បុគ្គល ឬស្ថាប័ននោះថែមទាំងអាចដាក់ពាក្យប្តឹងទៅតុលាការទៀតផង ដែលនេះគឺជាសិទ្ធិដែលធានាដោយច្បាប់។
លោកថ្លែងថា៖ «ចំពោះភ្នំពេញប៉ុស្តិ៍ដែលជាស្ថាប័នសារព័ត៌មានមួយ ខ្ញុំយល់ឃើញថា ការប្រើប្រាស់សិទ្ធិឆ្លើយតបតាមរយៈការបកស្រាយក្នុងបទវិចារណកថារបស់ខ្លួន គឺជារឿងត្រឹមត្រូវ ព្រោះភ្នំពេញប៉ុស្តិ៍ក៏ជាស្ថាប័នមួយដែរ ដែលត្រូវការពារកិត្តិយស សេចក្តីថ្លៃថ្នូររបស់ខ្លួន បើសិនជាមានការបំពាន ជាពិសេសការសរសេរណាមួយដែលប៉ះពាល់ ហើយមិនបានផ្តល់សំឡេងដល់ខ្លួនក្នុងនាមជាភាគីពាក់ព័ន្ធនៅក្នុងរឿងហ្នឹង មិនបានមកសួរឱ្យគេឆ្លើយតប ហើយយកតែម្ខាង ដែលគេហៅថា ព័ត៌មានខ្វះការផ្ទៀងផ្ទាត់នោះគឺខ្វះវិជ្ជាជីវៈហើយ»។
រំឭកដល់ការឈប់ដំណើរការរបស់ ខេមបូឌា ដេលី និងការផ្លាស់ប្ដូរម្ចាស់កម្មសិទ្ធិកាសែត ភ្នំពេញ ប៉ុស្តិ៍ លោក បូណា ថ្លែងថា៖ «កន្លងទៅ ខ្ញុំក៏តែងឆ្ងល់ដែរថា របាយការណ៍របស់សារព័ត៌មានមួយចំនួន ហើយនិងអង្គការអន្តរជាតិមួយចំនួនបានភ្ជាប់ថា ការបិទទ្វាររបស់ ខេមបូឌា ដេលី ឬការប្តូរម្ចាស់របស់កាសែតភ្នំពេញប៉ុស្តិ៍ គឺជាការបំបិទសំឡេង? ខ្ញុំក៏មិនយល់ដែរថា ហេតុផលអ្វីបានជាពួកគេភ្ជាប់រឿងអស់នេះថា ជារឿងនយោបាយ ព្រោះការបង់ពន្ធចូលរដ្ឋ ឬការផ្លាស់ប្តូរម្ចាស់របស់ស្ថាប័នមួយ ឬក្រុមហ៊ុនមួយ គឺជារឿងធម្មតា។ មិនមែនបានន័យថា ស្ថាប័នមួយមានម្ចាស់តែម្នាក់រហូតឯណា គេអាចផ្ទេរ គេអាចលក់ទៅតាមផ្លូវច្បាប់របស់គេបាន។ ចុះហេតុអ្វីបានគេត្រូវភ្ជាប់តែរឿងនយោបាយ»។
ពាក់ព័ន្ធនឹងការសរសេរលើបុគ្គលិកលក្ខណៈបុគ្គលនៅក្នុងបទវិចារណកថា លោក បូណា ថ្លែងថា វាអាចទទួលយកបាន ដោយពិនិត្យមើលទៅលើការសរសេរបកស្រាយមានហេតុផល ក៏ប៉ុន្តែលោកថា ប្រសិនបើការសរសេរមិនមានហេតុផលសមរម្យ ទេ ហើយមានលក្ខណៈវាយប្រហារទៅលើបុគ្គលនោះ ភាគីពាក់ព័ន្ធម្ខាងទៀត ក៏អាចមានសិទ្ធិឆ្លើយតបដូចគ្នាដែរ។
លោក មឿន ឈានណារិទ្ធ សាស្ត្រាចារ្យសារព័ត៌មាននៅសាកលវិទ្យាល័យកម្ពុជា បានថ្លែងថា អ្នកសារព័ត៌មានវិជ្ជាជីវៈបើសិនជានិយាយអ្វីប្រាសចាកការពិត គឺជារឿងគួរឱ្យសោកស្តាយព្រោះអ្នកសារព័ត៌មានគួរតែជាអ្នកធ្វើគំរូក្នុងការប្រកាន់សច្ចភាព នៃការរាយការណ៍ព័ត៌មានពិត។ «ខ្ញុំមិនបន្ទោសខាងណាទេ ប៉ុន្តែជាទូទៅជាគោលការណ៍សម្រាប់អ្នកសារព័ត៌មានទាំងអស់ យើងគួរតែប្រយ័ត្នក្នុងការរាយការណ៍ព័ត៌មានដោយសារទី១ វាអាចធ្វើឱ្យសាធារណជនចាប់កំហុសយើង ត្រង់ថាព័ត៌មានតូចមួយខុសហើយ ចុះទម្រាំព័ត៌មានធំៗដទៃទៀត។ ទី២ អាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ខ្លួនយើងផ្ទាល់ ដែលធ្វើឱ្យគេចាប់ផ្តើមសង្ស័យហើយកាលណានិយាយព័ត៌មានខុសច្រើនពេកវាប៉ះពាល់ដល់ជាតិរបស់យើង»។
លោកបន្តថា ការកសាងជំនឿទុកចិត្តរបស់សាធារណជនមកលើអ្នកសារព័ត៌មានវាជាការមួយដែលពិបាក ដែលត្រូវការពេលវេលាយូរ។ ប៉ុន្តែ បើធ្វើខុសតែ ១ ដង វាធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់អ្នកនោះ មានភាពល្អក់កករឬត្រូវបាត់បង់តែម្តង។ លោកបន្តថា៖ «ដើម្បីកុំឱ្យមានការផ្សាយព័ត៌មានមិនពិត អ្នកសារព័ត៌មានត្រូវតែព្យាយាមយ៉ាងណាពង្រឹងវិជ្ជាជីវៈឱ្យបានល្អជាពិសេសប្រកាន់ខ្ជាប់សច្ចភាព។ ចំណែកសាធារណជនជាពិសេសមន្ត្រីផ្តល់ព័ត៌មាន ក៏ត្រូវមានការប្រុងប្រយ័ត្នក្នុងការផ្តល់ព័ត៌មាន និងផ្ទៀងផ្ទាត់ព័ត៌មានឡើងវិញដែរ ព្រោះអ្នកសារព័ត៌មានខ្លះមិនប្រាកដថាស្តាប់ និងប្រមូលព័ត៌មានបានទាំងស្រុងនោះទេ។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា មនុស្សគ្រប់រូបត្រូវមានក្រមសីលធម៌ សីលធម៌ និងគុណធម៌ និងត្រូវរក្សាការសម្ងាត់អំពីស្ថាប័នការងារចាស់របស់ខ្លួន និងចៀសវាងការបង្ខូចកេរ្តិ៍ឈ្មោះស្ថាប័នទោះក្នុងហេតុផលណាក៏ដោយ។
លោកថា៖ «ប្រសិនបើមនុស្សម្នាក់បានបម្រើការ និងទទួលប្រាក់ខែពីកន្លែងនោះអស់រយៈពេលជាច្រើនឆ្នាំមកហើយ វាមិនសមរម្យទាល់តែសោះបែរទៅជាបង្ខូចកេរ្តិ៍ឈ្មោះស្ថាប័នក្រោយពេលចាកចេញ»។
បើទោះបីជាអ្នកណាម្នាក់មានបញ្ហាផ្ទាល់ខ្លួនអ្វីមួយ មិនថាមកពីកុមារភាពក៏ដោយ ក៏មិនមានអ្វីពាក់ព័ន្ធនឹងក្រុមហ៊ុនដែរ។ «សរុបឱ្យខ្លីមក មនុស្សគ្រប់រូបគួរតែមានគុណធម៌ សីលធម៌ និងក្រមសីលធម៌សម្រាប់ខ្លួនឯង សម្រាប់អ្នកដទៃ រួមទាំងអតីតថៅកែចាស់ សង្គម និងជាតិ។ គេមិនគួរគោរពកន្លែងការងារចាស់តែនៅពេលដែលគេធ្វើការនៅទីនោះ ហើយចាត់ទុកវាជាសំរាមនៅពេលចាកចេញនោះទេ»។ យ៉ាងណាក៏ដោយ លោក គិន ភា លើកឡើងថា បញ្ហាជាមួយលោក ម៉ិច ដារ៉ា គួរត្រូវបានបញ្ចប់ត្រឹមនេះ។
អ្នកវិភាគថ្លែងថា លោក ម៉ិច ដារ៉ា គួរតែអរគុណដល់ម្ចាស់ក្រុមហ៊ុនដែលធ្លាប់បានផ្ដល់ការងារមានប្រាក់ខែសមរម្យឱ្យគាត់នៅពេលគាត់គ្មានការងារធ្វើ។ លោកមិនគួរត្រូវបានដឹកមុខដោយអ្នកកាសែតបរទេសមួយចំនួន ហើយយល់ថា វាជាស្ដង់ដាអាចទទួលយកបានក្នុងការនិយាយកុហកអំពីក្រុមហ៊ុនរបស់ខ្លួន។ អ្នកវិភាគយល់ថា មតិរបស់គាត់ចុះផ្សាយក្នុងរបាយការណ៍ BBC អាចក្លាយជាមូលដ្ឋានរងការចោទប្រកាន់ពីបទបរិហារកេរ្តិ៍៕