ភ្នំពេញៈ ​គម្រោង​រោង​ចក្រ​ប្រព្រឹត្ដិ​កម្ម​ទឹក​ស្អាត​បាក់​ខែង​ជំហាន​ទី​១ ​នឹង​ដាក់​ឱ្យប្រើ​ប្រាស់​នៅក្នុង​ខែ​ខែ​ឧសភា ឆ្នាំ​នេះ ​ស្រប​ពេល​ដែល​ជំហាន​ទី​២​ គ្រោង​នឹង​បញ្ចប់​ការ​សាង​សង់​នៅ​ដើមឆ្នាំ​ ២០២៤ ​ខាង​មុខ​។​ គម្រោង​ទាំង ​២​ នេះ ​ត្រូវ​សង់​ឡើង​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​កង្វះ​ទឹក​ស្អាត​នៅ​តំបន់​ជាយ​ក្រុង​ភ្នំពេញនិង​នៅ​ភ្នំពេញ​។​

ក្នុង​ពេល​ចុះ​ពិនិត្យ​ការដ្ឋាន​សាង​សង់​រោង​ចក្រ​ប្រព្រឹត្តិ​កម្ម​ទឹក​ស្អាត​បាក់​ខែង ​និង​ពិធីបើក​ការដ្ឋាន​ខួង​ដាក់​បំពង់​មេ​នាំ​ទឹក​ស្អាត​ទំហំ​ ២ ​ម៉ែត្រ​ក្រោម​បាត​ទន្លេ​សាប​ កាល​ពី​ថ្ងៃទី​ ២១ ​ខែកុម្ភៈ​លោក ​ចម​ ប្រសិទ្ធ ​រដ្ឋមន្ត្រី​ក្រសួង​​ឧស្សា​ហ​កម្ម វិទ្យា​សាស្រ្ត បច្ចេក​វិទ្យា និង​នវានុវ​ត្តន៍ បាន​ឱ្យ​ដឹង​ថា ក្រសួង​អាណា​ព្យា​បាល​ ក្រុម​ប្រឹក្សា​ភិបាល​ និង​ថ្នាក់​ដឹកនាំ​​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​បាន​អនុម័ត​ឱ្យ​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​អនុវត្ត​គម្រោង​វិនិយោ​គ​សាង​សង់​រោង​ចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អាត​បាក់​ខែង​ជំហាន​ទី​១​ និង​ជំហាន​ទី​២​។​

​លោក​រដ្ឋ​មន្ត្រី​រូបនេះ ​បាន​បង្ហាញ​ជំនឿ​ថា​៖ «​គម្រោង​បាក់​ខែង​ទី​៣​ នឹង​លេច​ជា​រូបរាង​ឡើង​ជា​បន្ត​ទៀត​ បន្ទាប់ពី​គម្រោង​បាក់​ខែង​ទី​១ នឹង​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់នៅ​​ខែឧ​សភា និង​គម្រោង​បាក់​ខែង​ទី​២ គ្រោង​នឹង​បញ្ចប់​ដំណើរ​ការ​សង​សង់​នា​ត្រីមាស​ទី​១​ ឆ្នាំ​២០២៤ ​ខាង​មុខ​នេះ​»​។​

ជា​មួយ​គ្នានេះ​​លោក​ចម​ប្រសិទ្ធ ក៏បាន​ថ្លែង​អំណរ​គុណ​ដល់​ប្រទេស​បារាំង​តាម​រយៈ​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍ ​AFD រួម​ជាមួយ​សហ​គមន៍​អឺរ៉ុប​ ដែល​បាន​ផ្តល់​ជំនួយនិ​ង​កម្ចី​ដ៏​មាន​សារៈ​សំខាន់ ​សម្រាប់​​សាង​សង់​រោង​ចក្រ​ប្រព្រឹត្តិ​កម្ម​ទឹក​ស្អាត​បាក់​ខែង​ជំហាន​ទី​១ និង​ជំហាន​ទី​២ ដែលមាន​សមត្ថ​ភាព​ផលិត​ទឹកស្អាត​សរុប​ចំនួន ​៣៩ ​ម៉ឺន​ម៉ែត្រ​គុប​ ក្នុង​ ១ ថ្ងៃ​នេះ​ឡើង​។

លោក​ ឡុង ណា​រ៉ូ អគ្គ​នាយក​នៃ​អង្គ​ភាព​រដ្ឋាក​រទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​បាន​ឱ្យដឹង​ថា រោងច​ក្រ​ប្រព្រឹត្ដិ​កម្ម​ទឹក​ស្អាត​បាក់​ខែង​ជំហាន​ទី​១ និង​ជំហាន​ទី​២ គ្រោង​ផលិត​ទឹក​ស្អាត​ចំនួន​ ៣៩០​ ០០០ ​ម៉ែត្រ​ត្រី​គុណ ក្នុង​ ១ ថ្ងៃ​ ពោល​គឺ​ស្មើនឹង​ ៦០ ​ភាគរ​យ នៃ​​សមត្ថ​ភាព​ផលិត​ទឹក​ស្អាត​នាពេល​បច្ចុប្បន្ន ​ខណៈ​គម្រោង​ទាំង​ ២​ នេះ គឺ​បាន​បន្ថែម​ការ​ផ្គត់​ផ្គង់​ទឹកស្អាត​ជូន​ពលរដ្ឋ​រហូត ​២៦៣ ០០០ ​គ្រួសារ​ថែម​ទៀត​។​

​លោក​បាន​​បញ្ជាក់​ទៀត​ថា​៖ «ក្រោយ​ដាក់ឱ្យ​ដំណើរការ​រោងចក្រ​ប្រព្រឹត្ដិក​ម្ម​ទឹកស្អាត​បាក់​ខែង​ទាំង​ ២ ​ជំហាន​ខាង​លើ​នេះ​ នឹង​ធ្វើឱ្យ​សមត្ថ​ភាព​ផលិត​ទឹកស្អាត​សរុប​របស់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំ​ពេញឡើងដល់ ​១ ០​២០ ​០០០ ​ម៉ែត្រ​ត្រី​គុណ​ ក្នុង ​១ ថ្ងៃ ​ផ្គត់​ផ្គង់​ចេញពី​រោងច​ក្រ​ទាំង ​៥ និង​គ្រោង​អតិថិ​ជន​សរុប ​៧១៤ ​០០០ ​គ្រួសារ និង​ប្រវែង​ចែកចា​យ​សរុប​​ ៤ ៨៧០ ​គីឡូ​ម៉ែត្រ នៅ​ឆ្នាំ ​២០២៤» ។​

អាជ្ញាធរ​ជំនាញ​ធ្លាប់​បញ្ជាក់​ថា រោង​ចក្រ​ប្រព្រឹត្ដិ​កម្ម​ទឹកស្អាត​ថ្មី​ទាំង​ ២​ នេះ ​នឹង​ធ្វើឱ្យ​ប្រជា​ពលរដ្ឋ​រស់នៅ​រាជ​ធានី​ភ្នំពេញ​ និង​ក្រុង​តាខ្មៅ ​ជាពិសេស​ប្រជា​ពលរដ្ឋ​ដែល​រស់នៅ​ជាយ​រាជ​ធានី​ភ្នំពេញ​ទទួល​បាន​ការផ្គត់​ផ្គង់​ទឹក​ស្អាត ដែល​​ធានាបា​ន​នូវ​សម្ពាធ​ទឹក​ល្អ​ប្រសើរ​នៅ​ពេល​ខាងមុ​ខ​។​

ជុំវិញ​​ការ​សាងស​ង់រោ​ងចក្រ​ទាំង ២​ ជំហាន​នេះ ប្រ​ធាន​កម្មវិធី​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា លោក ​ហង់​ហ៊ី​ប៊ុណ្ណា បាន​បង្ហាញ​ការ​សាទរ​ចំពោះ​វត្តមាន​រោង​ចក្រ​ទាំង ​២ នេះ​ ដោយលោ​កថ្លែងថា​ រោងចក្រ​ទឹកស្អា​តទាំងនេះ​ នឹង​ជួយ​ធានា​​​ដល់​ការ​កម្ពស់​ការផ្គត់​ផ្គង់​ទឹកស្អាត និង​អនាម័យ​នៅ​ទីក្រុង​ភ្នំពេញ ​ពិសេស​នៅ​តំបន់​ទីប្រជុំ​ជន​ដែល​ងាយ​រង​គ្រោះ​កាន់​តែ​ប្រសើរ​ឡើង ​១​ កម្រិត​ទៀត​។​

អ្នក​ធ្វើកា​រ​លើ​វិស័យ​ទឹកស្អា​ត និ​ង​អនាម័​យ​រូបនេះ​បាន​បញ្ជាក់​ដែរថា​៖ «​ថ្វីដ្បិត​តែ​នៅ​តំបន់​ទីប្រជុំ​ជន​មាន​ការ​អភិវឌ្ឍ ​តែ​ក៏​ឃើញ​មាន​តំបន់​ប្រជុំ​ជន​ខ្លះ​នៅ​ជួប​បញ្ហា​ប្រឈម​នឹង​ការប្រើ​ប្រាស់​ទឹក​ស្អាត និង​អនាម័​យ ដែ​ល​ទាមទា​រ​ឱ្យមាន​ការ​យក​ចិត្តទុក​ដាក់​បន្ថែម​ទៀត​»​។​

បើតាម​​ក្រសួង​ឧស្សាហក​ម្ម គម្រោង​រោងចក្រ​ផ្គត់​ផ្គង់​ទឹកស្អាត​បាក់​ខែង​ជំហាន​ទី​១ គឺជា​សហ​ហិរញ្ញប្ប​ទាន​រួមគ្នា​រវាង​រដ្ឋាភិ​បាល​ក​ម្ពុ​ជា ​តំណាង​ដោយ​រដ្ឋាករ​ទឹក​ស្វយ័​ត​ក្រុង​ភ្នំពេ​ញ ជាមួយ​ទីភ្នាក់ងា​រ​បារាំង (AFD) ធនាគា​រ​វិនិយោ​គ​អឺរ៉ុប (EIB) និង​សហ​គមន៍​អឺរ៉ុប​(EU) រីឯ​គម្រោង​រោង​ចក្រ​ទឹក​ស្អាត​បាក់​ខែង​ជំហាន​ទី​២​ វិញ ​គឺជា​សហ​ហិរញ្ញ​ប្បទា​ន​រួមគ្នា​រវាង​រាជ​រដ្ឋាភិ​បាល​កម្ពុជា ​តំណាង​ដោយ​រដ្ឋាក​រទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ និង​ទី​ភ្នា​ក់ងារ​បារាំង ​(AFD)​៕