ភ្នំពេញៈ​ បេឡា​ជាតិ​របប​សន្តិ​សុខ​សង្គម (​ប​.​ស​.​ស​.) ចុះ​អនុស្ស​រណៈ​នៃ​ការយោគ​យល់​គ្នា​ត្រី​ភាគី​ជាមួយ​ទីភ្នាក់​ងារ​បារាំង​សម្រាប់​អភិ​វឌ្ឍន៍ (AFD) និង​អង្គការ​ហ្គ្រេ​ត (GRET) ដើម្បី​ពង្រឹង​សមត្ថ​ភាព​របស់​ខ្លួន​បន្ថែម ក្នុង​ការ​ពង្រីក​សក្តានុ​ពល​របប​សន្តិសុខ​សង្គម​ឆ្ពោះ​ទៅ​រក​ការរីក​ចម្រើន​ប្រកប​ដោយ​និរន្ត​រភាព​ដែល​អ្នក​ធ្វើការ​ក្នុង​វិស័យ​កសិ​កម្ម​អាច​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​នេះ​។​

​ការ​ចុះ​អនុស្ស​រណៈ​នៃ​ការ​យោគ​យល់​គ្នា​ត្រី​ភាគី​នេះ​ បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី​២១ ​ខែកុម្ភៈ ឆ្នាំ​២០២៣ ​នៅ​សណ្ឋា​គារ​ សូ​ហ្វី​តែ​ល ភូ​គី​ត្រា ភ្នំពេញ ​ស្តីពី​ការ​អនុវត្ត​គម្រោង​នៃ​ការពង្រឹង​ធានា​រ៉ាប់​រង​សង្គម​ដែល​អាច​សម្រប​ខ្លួន​បាន (Streng​thening​adaptive social insurance)​។​

លោក​ហេង សុផាន់​ណា​រិ​ទ្ធ អគ្គ​នាយ​ករង(​ប​.​ស​.​ស​.)បាន​ថ្លែង​ថា ​ការ​ចុះ​អនុស្ស​រណៈ​នៃ​ការយោគ​យល់​គ្នា​ត្រីភាគី​នា​ពេល​នេះ ​គឺជា​ស្ពាន​ក្នុងការ​រួម​ចំណែក​ជួយ​ឱ្យប​.​ស​.​ស​.​កម្ពុជា​អាច​ពង្រឹង​សមត្ថ​ភាពរ​បស់​ខ្លួន​បន្ថែម​ក្នុង​ការ​ពង្រីក​សក្តានុ​ពល​នៃ​ការ​អនុវត្ត​ការងារ​ឆ្ពោះ​ទៅ​រក​ការរីក​ចម្រើន​ប្រកប​ដោយ​និរន្ត​រភាព​។ ជា​ពិសេស​អាច​គ្រប​ដណ្តប់​ទៅ​ដល់​វិស័យ​កសិកម្ម​ក្នុង​ការ​ការពារ​ហានិ​ភ័យ​ដែល​អាច​កើត​ឡើង​ក្នុង​អំឡុង​ពេល​មាន​វិ​ប​ត្តិ​បច្ចេក​វិទ្យា​និង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ដើម្បី​រក្សា​បាន​នូវ​ស្ថិរ​ភាព​ប្រាក់​ចំណូល​។​

​លោក​បាន​បង្ហាញ​ក្ដី​សង្ឃឹម​ថា​៖«​គ្រប់​ភាគី​ពាក់​ព័ន្ធ​នឹង​ប្តេជ្ញា​ខិតខំ​សម្រេច​ឱ្យបាន​ជោគ​ជ័យ​ទៅ​តាម​គោលបំណង​ដែល​បាន​ចុះ​អនុស្ស​រណៈ​នៃ​ការ​យោគ​យល់​គ្នា​នេះ​ដើម្បី​ចែក​រំលែក​ចំណេះ​ដឹង ការ​ផ្លាស់​ប្តូរ​បទ​ពិសោធ​ន៍ និង​ការ​ផ្តល់​កិច្ច​សហ​ការ​គ្នា​ទៅវិញ​ទៅមក​ដើម្បី​ពង្រីក​វិសាល​ភាព​របប​សន្តិ​សុខ​សង្គម​ទៅដល់​ប្រជា​ជន​គោល​ដៅ​ផ្សេងៗ​ទៀត​ផង​ដែរ​។​

​បើតាម​លោក ​ហេង សុផាន់​ណា​រិ​ទ្ធ ​បច្ចុប្បន្ន​នេះ ​ប​.​ស​.​ស​. និង​អង្គការ​ហ្រេ្គត (GRET) កំពុង​អនុវត្ត​គម្រោង​ស្តីពី​កិច្ច​គាំពារ​សង្គម​ផ្នែក​នវានុ​វត្តន៍​សម្រាប់​វិស័យ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ(SPIN Project)ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០១៨ ​ក្រោម​ការ​ឧបត្ថម្ភ​ដោយ​មាន​ការគាំទ្រ​ផ្នែក​ហិរញ្ញ​វត្ថុ​ពី​ទីភ្នាក់​ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍន៍​(AFD) និង​មូល​និធិ Weave Our Future​។​

​លោក​បាន​បញ្ជាក់​ថា​៖«​គម្រោង​ស្តីពី​កិច្ច​គាំពារ​សង្គម​ផ្នែក​នវានុ​វត្តន៍​សម្រាប់​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នេះ ដើម្បី​រួម​ចំណែក​ពង្រីក​វិសាល​ភាព​ការ​គ្រប​ដណ្តប់​ការ​អនុវត្ត​របប​សន្តិ​សុខ​សង្គម​ផ្នែក​ថែទាំ​សុខ​ភាព​ប្រកបដោយ

​ប្រសិទ្ធ​ភាព​សម្រាប់​ក្រុម​ជន​គោល​ដៅ​ចំនួន​២​ក្រុម​គឺ(​ទី​១)សមាជិក​សមា​គម​ប្រជាធិប​តេយ្យ​ឯករាជ្យ​នៃ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​(IDEA)និង(​ទី​២) សមាជិក​សមា​គម​អ្នក​បម្រើ​ការងារ​ក្នុង​ផ្ទះ​(ADW)នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​»​។​

​លោក ​Rémy RIOUX ជា​នាយក​ប្រតិ​បត្តិ​នៃ​ទីភ្នាក់​ងារ​បារាំង​សម្រាប់​អភិ​វឌ្ឍន៍ (AFD) បាន​ថ្លែង​ក្នុង​ឱកាស​នោះ​ថា​៖« គោល​បំណង​ក្នុងការ​ចាប់​ផ្តើម​កិច្ច​សហ​ប្រតិ​បត្តិការ​ប​ច្ចេក​ទេស​រវាង​គ្នា​នា​ពេល​នេះ គឺ​ផ្តោត​សំខាន់​ទៅ​លើ​ការ​កំណត់​អត្ត​សញ្ញាណ ​ដែល​ជា​ជម្រើស​ជាក់​ស្តែង​សម្រាប់​បន្ត​ការ​ធានា​រ៉ាប់រង​ប្រកប​ដោយ​និរន្តរ​ភាព​នៃ​ការ​ធានា​រ៉ាប់​រង​សង្គម​ទៅលើ​ប្រជា​ជន​ក្រុម​គោល​ដៅ​»​។​

​ចំណែក​អង្គ​ការ​ ហ្គ្រេ​ត​កម្ពុជា បាន​ប្រកាស​ដែរ​ថា ការ​ចុះហត្ថ​លេខា​លើ​អនុស្ស​រណៈ​នៃ​ការយោគ​យល់​គ្នា​ក្នុង​ពេល​នេះ គឺ​ដើម្បី​ផ្ដល់​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ក្នុង​ការ​បម្រើនិង​សម្រួល​ដល់​ក្រុម​ប្រជា​ជន​ងាយ​រង​គ្រោះ ​ខណៈ​គម្រោង​នៃ​ការ​ពង្រឹង​ធានា​រ៉ាប់​រង​សង្គម​ដែល​អាច​សម្រប​ខ្លួន​បាន គឺជា​គម្រោង​ថ្មី​។​

​អង្គការ ​ហ្គ្រេ​ត​កម្ពុជា បាន​បញ្ជាក់​ថា​៖«​នៅក្នុង​គម្រោង​ថ្មី​ដែល​ផ្តល់​មូល​និធិ​ដោយ ​AFD អង្គការ​ហ្គ្រេ​ត នឹងធ្វើ​ការ​ជា​មួយ​ ប​.​ស​.​ស ដើម្បី​ស្វែងរក​លទ្ធ​ភាព​នៃ​ការ​ពង្រីក​ការ​ធានា​រ៉ាប់រង​សង្គម​ដល់​អ្នកធ្វើ​ការ​ក្នុង​វិស័យ​កសិ​កម្ម​នៅ​កម្ពុជា ដែល​ងាយ​ប្រឈម​នឹង​ហានិ​ភ័យ​ពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​»​។

​តាម​ការ​អះ​អាង​របស់​អង្គការ​ ហ្គ្រេ​ត​កម្ពុជា នៅ​ប្រទេស​កម្ពុជា ​៧០ ​ភាគ​រយ នៃ​ចំនួន​ប្រជា​ជន​សរុប​មិនទា​ន់មាន​ការប្រើ​ប្រាស់​ស​ន្តិ​សុខ​សង្គម​នៅ​ឡើយ​ទេ ហើយ​អ្នក​ធ្វើការ​ក្នុង​វិស័យ​កសិកម្ម​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​ងាយ​រងគ្រោះ​បំផុត​ពី​បញ្ហា​អា​កាស​ធាតុ​ទាក់​ទង​នឹង​សុខ​ភាព ​អាហារ ​អាហា​រូបត្ថម្ភ​ ក៏ដូច​ជា​ប្រាក់​ចំណូល​។​

​អង្គការ​ហ្គ្រេ​ត​កម្ពុជា​បាន​បញ្ជាក់​ថា​«​យើង​មាន​មោទន​ភាព​ក្នុង​ការ​បន្ត​ភាព​ជា​ដៃគូ​ជា​មួយ ​AFD​ និងNSSF ដើម្បី​ធ្វើការ​លើ​គម្រោង​នេះ​ដើម្បី​ជួយ​បម្រើ​ប្រជា​ជន​កម្ពុជា ​ជា​ពិសេស​នៅ​ក្នុង​បរិបទ​នៃ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​នេះ​»៕