
មន្ត្រីជំនាញត្រួតពិនិត្យបច្ចេកទេសមុនដុតកម្ទេចចោលនូវម្ហូបអាហារខូចគុណភាពដូចជាសាច់ជ្រូក មាន់ ទា និងត្រីបង្កក ដែលរឹបអូសពីបានពីក្រុមអាជីវករ។ រូបថត សហការី
ភ្នំពេញៈ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៣ បានដុតកម្ទេចចោលនូវម្ហូបអាហារខូចគុណភាព ដែលភាគច្រើនជាសាច់ជ្រូក មាន់ ទា និងត្រីបង្កក សរុបជាង៨តោន បន្ទាប់ពីបានបង្ក្រាបនិងរឹបអូសពីក្រុមអាជីវករ តាមបណ្ដាទីផ្សារនិងឃ្លាំងស្តុកទំនិញមួយចំនួនក្នុងរាជធានីភ្នំពេញនាពេលថ្មីៗកន្លងមកនេះ។
លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ដើម្បីការពារសុខុមាលភាពអ្នកប្រើប្រាស់ ក្រុមមន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប នៅតាមបណ្ដារាជធានី-ខេត្តទូទាំងប្រទេស បានសហការជាមួយក្រុមមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចុះអនុវត្តវិធានការត្រួតពិនិត្យសាច់ស្រស់ និងបង្កក ពិសេសសាច់និងផលិតផលពីសត្វជ្រូក ដើម្បីត្រួតពិនិត្យនូវហានិភ័យ នៃជំងឺឆ្លងផ្សេងៗ នៅតាមបណ្ដាទីផ្សារ និងឃ្លាំងស្តុកទំនិញនានា។
លោក ថ្លែងថា៖ «ជាលទ្ធផល នៃប្រតិបត្តិការចុះត្រួតពិនិត្យ នៅតាមបណ្ដាទីផ្សារនិងឃ្លាំងស្តុកទំនិញនានាក្នុងរាជធានីភ្នំពេញ នាប៉ុន្មានថ្ងៃកន្លងមកនេះ ក្រុមការងារយើងបានរកឃើញនិងរឹបអូសនូវទំនិញខូចគុណភាព និង ផុតកំណត់ការប្រើប្រាស់ សរុបចំនួន ៨ ១៧២ គីឡូក្រាម ហើយយើងបានដុតកម្ទេចចោល (នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣) នៅក្នុងទីលានចាក់សំរាម ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ»។
យោងតាមរបាយការណ៍ ដែលភ្នំពេញប៉ុស្តិ៍ទទួលបានពីសាខា ក.ប.ប រាជធានីភ្នំពេញ ទំនិញជាប្រភេទចំណីអាហារ ដែលត្រូវបានដុតបំផ្លាញចោនោះមានបេះដូងជ្រូកចំនួន២៤៥កេស មានទម្ងន់១ ៣១១គីឡូក្រាម អណ្តាតជ្រូកចំនួន៤៣៦កេស មានទម្ងន់២ ៣៣៣ គីឡូក្រាម ជង្គង់មាន់ ២១៧កេស មានទម្ងន់ ២ ១៧០ គីឡូក្រាម សត្វត្រីបង្កក ១០៨ ថង់ មានទម្ងន់ ៩៧២ គីឡូក្រាម និងសត្វទាបង្កក ១៩៥ ថង់ មានទម្ងន់ ១ ៣៨៦ គីឡូក្រាម។
កាលពីចុងសប្ដាហ៍មុន សមត្ថកិច្ចជំនាញ បានរឹបអូសនិងដុតបំផ្លាញចោលនូវ សាច់និងផលិតផលធ្វើពីសាច់ជ្រូកស្រស់ និងបង្កក ជិត២តោន បន្ទាប់ពីរកមានផ្ទុកនូវមេរោគជំងឺឆ្លង គឺជំងឺប៉េស្តជ្រូកអាហ្វ្រិក។
យ៉ាងណាក៏ដោយ ផាន អូន បានអំពាវនាវដល់ក្រុមពាណិជ្ជករ អាជីវករ អ្នកចិញ្ចឹមសត្វ អ្នកផលិតចំណីអាហារ និងអ្នកបរិភោគទាំងអស់ ឱ្យចូលរួមអនុវត្តនូវវិធានសុវត្ថិភាពចំណីអាហារ ដោយត្រូវចម្អិនឱ្យបានឆ្អិនល្អ អនាម័យ វេចខ្ចប់ឱ្យបានស្អាត និងត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ដែលបានណែនាំដោយមន្ត្រីជំនាញ។ មិនត្រូវលក់ដូរនូវចំណីអាហារដែលខូចគុណភាព ឬ ផុតកំណត់កាលបរិច្ឆេទការប្រើប្រាស់នោះទេ។
លោក ថ្លែងថា៖«ការលក់ដូរ និងការយកទំនិញដែលខូចគុណភាព ឬផុតកំណត់កាលបរិច្ចេទនៃការប្រើប្រាស់ មកធ្វើការកែច្នៃជាចំណីអាហារសម្រាប់ឱ្យអ្នកដទៃបរិភោគ គឺជាអំពើល្មើស ដែលនឹងត្រូវប្រឈមការផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា៦៣នៃច្បាប់ស្ដីពីការគ្រប់គ្រង គុណភាព សុវត្ថិភាព លើផលិតផលទំនិញនិងសេវា»។
យោងតាមមាត្រា៦៤នៃច្បាប់ពីការគ្រប់គ្រង គុណភាព សុវត្ថិភាព លើផលិតផលទំនិញនិងសេវា បានចែងថា ជនទាំងឡាយណាដែលប្រព្រឹត្តល្មើសមាត្រា ១៦ មាត្រា១៧ មាត្រា១៨ និង មាត្រា២១នៃច្បាប់នេះ នឹងត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី១ខែ ទៅ១ឆ្នាំ និង ពិន័យជាប្រាក់ពី៥លានរៀល ដល់១០លានរៀល ឬ ទោសណាមួយនៃទោសទាំង២នេះ៕