ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បានស្នើ​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍន៍ (AFD) បន្ត​ជួយ​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​ធនធានមនុស្ស វិស័យ​ទឹកស្អាត និង​ហេដ្ឋារចនាសម្ព័ន្ធ ខណៈ ​AFD សន្យា​បន្ត​ផ្តល់​ហិរញ្ញប្បទាន​ដល់​កម្ពុជា​ក្នុង​ឆ្នាំ​ខាងមុខ ប្រមាណ​ជាង​ ១០០​ លាន​ដុល្លារ​អាមេរិក​ក្នុង​ ១ ​ឆ្នាំ​។​

​លោក​ស្នើ​ដូច្នេះ​ក្នុងជំនួប​ជាមួយ​លោក​ រ៉េមី រី​យូ អគ្គនាយក​ទីភ្នាក់ងារ AFD កាលពី​ថ្ងៃទី​ ២១ ខែកុម្ភៈ នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ ក្នុងឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​កម្ពុជា​។

​គេហទំព័រ​លោកនាយក​រដ្ឋមន្ត្រី បញ្ជាក់​ក្រោយ​ជំនួប​ថា​៖ «​សម្ដេចតេ​ជោ​ ហ៊ុន សែន​ បានស្នើ​សុំឱ្យ​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍន៍​ឯកឧត្តម រ៉េមី បន្ត​ជួយ​ដល់​កម្ពុជា លើ​ចំណុច​វិស័យ​អាទិភាព ដែល​បារាំង​កំពុងតែ​ជួយ​កម្ពុជា​ស្រាប់ នោះ​គឺ​ការអភិវឌ្ឍ​ធនធានមនុស្ស ការអភិវឌ្ឍ​លើ​វិស័យ​ទឹកស្អាត ហេដ្ឋារចនាសម្ព័ន្ធ មាន​ផ្លូវ និង​ភ្លើង​»​។​

​គេហទំព័រ​ដដែល​បន្ត​ថា លោក​ ហ៊ុន សែន បាន​ប្រា​ប់លោក​រ៉េមី អំពី​គោលនយោបាយ​កសិកម្មរ​បស់​កម្ពុជា ដែល​ក្នុងនោះ​មានការ​ជំរុញ​ការកែច្នៃ​ស្រូវ​សម្រាប់​ការនាំចេញ​។ លោក​ក៏បាន​ប្រាប់​លោក ​រ៉េមី អំពី​កង្វះខាត នូវ​ម៉ាស៊ីនកិនស្រូវ និង​ឃ្លាំង​ស្តុក​ស្រូវ សម្រាប់​ទិញ​កែច្នៃ និង​នាំ​អង្ករ​ចេញពី​កម្ពុជា​។​

​លោក​ ហ៊ុន សែន បាន​បន្តថា គោលនយោបាយ​ឧស្សាហកម្ម​កម្ពុជា​ដែល​កម្ពុជា​ចង់បាន គឺ​ឧស្សាហកម្ម​កែច្នៃ សម្រាប់​កែច្នៃ​វត្ថុធាតុដើម ដែល​កម្ពុ​ជាមាន​ស្រាប់ និង​ឧស្សាហកម្ម​បច្ចេកវិទ្យា ហើយ​ថា ច្បាប់​វិនិយោគ​នៅ​កម្ពុជា ដែលមាន​ភាពអនុគ្រោះ​ខ្លាំង​នោះ គឺ​អនុញ្ញាត ឱ្យ​អ្នកវិនិយោគ​បរទេស​មក​វិនិយោគ ១០០ ​ភាគរយ នៅ​កម្ពុជា​។ ជាមួយ​នោះ ក៏​អនុញ្ញាត ឱ្យប្រើ​ប្រាស់​រូបិយប័ណ្ណ​បរទេស សម្រាប់​បើកប្រាក់​ខែ​ជូន​កម្មករ​ផងដែរ​។

​គេហទំព័រ​ដដែល​បញ្ជា​ក់ថា​៖ «​ក្នុងន័យនេះ សម្ដេច​តេ​ជោ​បាន​លើកទឹកចិត្ត​ឱ្យមាន​ការវិនិយោគ​លើ​វិស័យ​កសិកម្ម និង​ឧស្សាហ​កម្មនេះ​»​។

AFD បាន​ដំណើរការ​នៅ​កម្ពុជា​ចាប់តាំងពី​ឆ្នាំ ​១៩៩៣​។ កាលពី​ថ្ងៃទី ​២០ ខែកុម្ភៈ ពិធី​ប្រារព្ធ​ខួប​៣០​ឆ្នាំ​របស់ AFD នៅ​កម្ពុជា ត្រូវបាន​រៀបចំឡើង​នៅ​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា ដោយមាន​ការចូលរួម​ពី​តំណាង​ជាន់ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្ថាប័ន​ដៃគូ របស់ AFD លោក ហ្សា​ក់ ប៉ឺ​ឡេ ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​កម្ពុជា លោក រ៉េមី និង​លោកស្រី សង់ ឌ្រី​ន ប៊ូ​សេ តំណាង​ AFD ប្រចាំ​កម្ពុជា​។​

AFD បានបញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន នា​ថ្ងៃទី​ ២១ ខែកុម្ភៈ ថា AFD គឺជា​ដៃគូ​ប្រកបដោយ​ទំនុកចិត្ត​របស់​កម្ពុជា​ចាប់តាំងពី​ការបើក​ដំណើរការ​សាជាថ្មី​របស់ខ្លួន​។ ក្នុងអំឡុងពេល​ ៣០ ​ឆ្នាំ បានផ្តល់​ហិរញ្ញប្បទាន ប្រមាណ​ ៩០០​ លាន​អឺ រ៉ូ​(៩៥៩​ លាន​ដុល្លារ​)​ សម្រាប់​វិស័យ​អភិវឌ្ឍន៍ជនបទ ការការពារ​បរិស្ថាន និង​ជីវចម្រុះ ថាមពល ទឹក និង​អនាម័យ ហេដ្ឋារចនាសម្ព័ន្ធ អប់រំ និង​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​។

AFD បាន​បញ្ជាក់ថា​៖ «​ការគាំទ្រ​រយៈពេល​វែង​នេះ បាន​ជួយ​កែលម្អ​លទ្ធភាព​ទទួលបាន​ទឹកស្អាត​ប្រើប្រាស់ ដោយ​បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​ ១ ​លាន​នាក់​នៅ​រាជធានី​ភ្នំពេញ​បាន​ត​ភ្ជាប់​បណ្តាញ​ទឹកស្អាត ក៏ដូចជា​លទ្ធភាព​ទទួល​បាន​អគ្គិសនី នៅតាម​បណ្តា​ខេត្ត​ដាច់ស្រយាល​នានា ដោយមាន​លំនៅឋាន​ចំនួន​ ១៦៥ ០០០ បាន​ត​ភ្ជាប់​បណ្តាញ​អគ្គិសនី​»​។

​ប្រភព​ដដែលបន្តថា ចាប់តាំងពី​ឆ្នាំ​ ២០១៧ សកម្មភាព​របស់ AFD បាន​កើនឡើង​យ៉ាង​លឿន ដោយ​ការផ្តល់​ហិរញ្ញប្បទាន​មានការ​កើនឡើង​ ៥០ ​ភាគរយ បើ​ធៀប​ទៅនឹង​ហិរញ្ញប្បទាន​ផ្តល់ឱ្យ​ក្រោយ​ឆ្នាំ ១៩៩៣​។

AFD បាន​បន្ថែមថា​៖ «​ការផ្តល់​ហិរញ្ញប្បទាន​ថ្មីៗ​របស់ ​AFD នឹង​បន្ត​ក្នុង​ឆ្នាំ​ខាងមុខ ដោយមាន​ទឹកប្រាក់​ ១០០​ លាន​អឺរ៉ូ ​[១០៦​លាន​ដុល្លារ​] ទៅ​ ១៥០ ​លាន​អឺរ៉ូ ​[១៥៩​ លាន​ដុល្លារ​] ក្នុង​ ១​ ឆ្នាំ ដោយ​ធ្វើការ​កៀរគរ​រួមគ្នា​ជាមួយ​ក្រុម​អឺរ៉ុប (Team Europe) AFD ចូលរួម​យ៉ាងសកម្ម​ក្នុងការ​គាំទ្រ​របស់​អឺរ៉ុប​ក្នុងការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​»​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់ AFD បានឱ្យដឹងថា ក្នុងអំឡុងពេល​នៃ​ការ​ប្រារព្ធ​ខួប​ ៣០​ ឆ្នាំ​នៃ​ដំណើរការ​របស់ AFD នៅ​កម្ពុជា​ក៏មាន​ពិធីបើកការដ្ឋាន​ខួង​ដាក់​បំពង់​ទឹកស្អាត​ក្រោម​បាតទន្លេ​សាប ដោយ​ប្រើប្រាស់​ម៉ាស៊ីន​ខួង​រូង​ក្រោម​ដី​ខ្នាតតូច ក្នុង​ក្របខ័ណ្ឌ​គម្រោង​បាក់​ខែង​ដ៏​ធំ ដែល​ផ្តល់​សហ​ហិរញ្ញប្បទាន​ដោយ ​AFD សហភាព​អឺរ៉ុប និង​ធនាគារ​វិនិយោគ​អឺរ៉ុប​។​

​សេចក្តីប្រកាស​ព័ត៌មាន បាន ឱ្យដឹងថា ក្រៅពីនេះ ក៏មាន​ការចុះហត្ថលេខា​លើ​ការផ្តល់​ហិរញ្ញប្បទាន​ជាមួយ​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​សស​) ស្តីពី​ការអនុវត្ត​គម្រោង​ពង្រឹង​ធានារ៉ាប់រង​សង្គម ដែល​អាច​សម្រប​ខ្លួន​បាន និង​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​លើ​ភាពជា​ដៃគូ រវាង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា និង​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ និង​រវាង វិទ្យាស្ថាន​បច្ចេកវិទ្យា​ក​ម្ពុ​ជា អគ្គិសនី​កម្ពុជា និង​សាកលវិទ្យាល័យ Grenoble Alpes របស់​បារាំង ដើម្បី​ដាក់ឱ្យ​ដំណើរការ​វេទិកា​ស្រាវជ្រាវ​សម្រាប់​បំ​ផ្លាស់ប្តូរ​ថាមពល​។

​ប្រភព​ដដែល ក៏បាន​បញ្ជាក់ដែរថា ក្រៅពី​ចុះហត្ថលេខា​ជាមួយ ប​សស ក៏មាន​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង សម្រាប់​សកម្មភាព​រប​ស់ Expertise France នៅ​កម្ពុជា ដែល​បើកផ្លូវ​ដល់​ការពង្រីក​សកម្មភាពរ​បស់​ស្ថាប័ន​បុត្រ​សម្ព័ន្ធ​របស់ AFD នៅ​កម្ពុជា​នេះ​៕