ភ្នំពេញៈ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃបាន​ថ្លែងថា នៅ​ឆ្នាំ​​ ២០២២ ការអនុវត្ត​នូវ​គោលនយោបាយ​ភូមិ​ឃុំ សង្កាត់ មាន​សុវត្ថិភាព​ធ្វើឱ្យ​បទល្មើស​មានការ​ថយចុះ​ ៩ ភាគរយ ខណៈ​លទ្ធផល​បង្ក្រាប​បទល្មើស​នៅ​ទូទាំងប្រទេស មាន​កម្រិត​ខ្ពស់​រហូតដល់​ ៩២ ​ភាគរយ​។​

​លោក​បាន​ថ្លែង​បែបនេះ នៅ​ថ្ងៃទី​ ២២ ខែកុម្ភៈ ឆ្នាំ ​២០២៣ ក្នុង​ពិធី​បើក​សន្និបាត​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ឆ្នាំ​ ២០២២ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ ​២០២៣ របស់​ក្រសួងមហាផ្ទៃ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​ដែលមាន​មន្ត្រីក្រោមឱវាទ​គ្រប់ផ្នែក​ទូទាំងប្រទេស​ជាង ​៧០០ ​នាក់​ចូលរួម​។​

​ក្នុង​ឱ​ការ​នោះ លោក ស ខេង បាន​ថ្លែងថា​៖ «​កម្លាំង​នគរបាលជាតិ និង​រដ្ឋបាល​គ្រប់​ថ្នាក់​នៅ​ថ្នាក់ក្រោម​ជាតិ បាន​បន្ត​បង្កើន​កិច្ចសហការ​ក្នុងការ​ថែរក្សា​សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​ក្នុងសង្គម តាមរយៈ​ការលើកកម្ពស់​វិធានការ​ជំនាញ ដើរ​ទន្ទឹមនឹង​ការខិតខំ​ជំរុញឱ្យមាន​ការចូលរួម​ពី​សំណាក់​ប្រជាពលរដ្ឋនៅក្នុង​ការអនុវត្ត​គោលនយោបាយ ភូមិ​ឃុំ​សង្កាត់ មាន​សុវត្ថិភាព ដែល​ធ្វើឱ្យ​បទល្មើស​មានការ​ថយចុះ ​៩ ​ភាគរយ ជាមួយនឹង​លទ្ធផល​បង្ក្រាប​បទល្មើស​មាន​កម្រិត​ខ្ពស់ រហូតដល់ ៩២ ​ភាគរយ​»​។

​លោក​បាន​បញ្ជាក់ថា ក្នុង​ឆ្នាំ​ ២០២២​ រាជរដ្ឋាភិបាល​បានដាក់​ចេញ និង​អនុវត្ត​នូវ​យុទ្ធនាការ​ប្រតិបត្តិការ​ព្រមៗ​គ្នា ដើម្បី​បង្កើន​ការប្រយុទ្ធប្រឆាំង​គ្រប់​ទម្រង់ នៃ​អំពើ​ជួញដូរ​មនុស្ស ជួញដូរ​ពលកម្ម និង​អាជីវកម្ម​ផ្លូវភេទ ប្រតិបត្តិការ បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ ប្រតិបត្តិ​ការចុះ​ធ្វើ​អធិការកិច្ច ហត្ថពល​កម្ម​បរទេស ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​សកម្មភាព​លាង​សម្អាត​ប្រាក់ ការបន្ត​អនុវត្ត​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ ក្រុម​ក្មេង​ទំនើង​តាម​សហគមន៍ រួមទាំង​បទល្មើស​ផ្សេងៗ​ទៀត​ក៏​ត្រូវបានចាត់តាំង អនុវត្ត​យ៉ាងសកម្ម​ផុលផុស​សម្រេចបាន​លទ្ធ​ផល​គួរឱ្យកត់សម្គាល់​ផងដែរ​។

​បន្ថែម​ពីនេះ លោក ស ខេង ជំ​រុញឱ្យ​មន្ត្រីក្រោមឱវាទ​គ្រប់ផ្នែក បន្ត​ពង្រឹង សកម្មភាព​រៀងៗ​ខ្លួន ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​មកលើ​សុខភាព​សាធារណៈ ជាពិសេស​ចូលរួម​បម្រើ​ផលប្រយោជន៍​ពលរដ្ឋ បើទោះជា​ការងារ​ដែល​ស​ម្រេច​បាន​មាន​លទ្ធផល​ល្អ​យ៉ាងណាក៏ដោយ​។

​លោក​បញ្ជាក់ថា​៖ «​បញ្ហា​ប្រឈម​មកលើ​សភាពការណ៍ នយោបាយ សេដ្ឋកិច្ច សង្គម និង​សន្តិសុខ​ជាស​កល បង្កឱ្យមាន​ការព្រួយបារម្ភ​អំពី​ការកើនឡើង​នូវ​អំពើ​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​គ្រប់​ប្រភេទ ការរីក​រាលដាល​នៃ​បទល្មើស​បច្ចេកវិទ្យា គួបផ្សំ​នឹង​ការបន្ត​កើតឡើង​នូវ​បទល្មើស​ព្រហ្មទណ្ឌ​គ្រប់​ប្រភេទ ជាពិសេស បទល្មើស​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ចិត្តសាស្ត្រ​សង្គម បទល្មើស​គ្រឿងញៀន អំពើ​ជួញដូរ​មនុស្ស និង​អាជីវកម្ម​ផ្លូវភេទ គ្រោះថ្នាក់​ចរាចរណ៍​»​។​

​លោក​បញ្ជាក់​បន្តថា​៖ «​ការងារ​នេះ ទាមទារ​ឱ្យ​អាជ្ញាធរ និង​កងកម្លាំង​មាន​សមត្ថកិច្ច​នានា ត្រូវ​បង្កើន​ការតាមដាន​ការវិវឌ្ឍ​ប្រែប្រួល​នៃ​សភាពការណ៍ តំបន់ និង​អន្តរជាតិ ព្រមជាមួយ​ការពង្រឹង​ការគ្រប់គ្រង​សភាពការណ៍​នៅក្នុង​ផ្ទៃក្នុង​ប្រទេស សំដៅដាក់​ចេញ​នូវ​គោលនយោបាយ យុទ្ធសាស្ត្រ និង​វិធានការ​នានា​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការរក្សាសន្តិសុខ​ជាតិ សណ្ដាប់ធ្នាប់ សាធារណៈ សុវត្ថិភាព​សង្គម ឱ្យបាន​ល្អប្រសើរ និង​ការបង្ក​បរិយាកាស​អំណោយ​ផល​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​ជា​បន្តទៀត​»​។​

​តាម​ការប្រកាស​របស់​លោក ស ខេង គិត​ត្រឹម​ឆ្នាំ​ ២០២២ តាមរយៈ​កំណែទម្រង់​របស់​រដ្ឋាភិបាល មានមុខ​ងារ​ជិត ៦០ ត្រូវបាន​ផ្ទេរ​ទៅឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​មុខងារ​ផ្តល់​សេវា​រដ្ឋបាល​ប្រមាណ​ជាង ៨០០​ ប្រភេទ ត្រូវបាន​ប្រគល់ និង​ធ្វើ​ប្រតិភូកម្ម​ជូន​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដើម្បី​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​តាម​យន្តការ​ច្រកចេញចូល​តែ​ ១ ​។ ក្នុង​រយៈពេល​ ៥ ​ឆ្នាំ (២០១៨-២០២២) ចុងក្រោយ​នេះ ការផ្ទេរ​ថវិកាជាតិ​ទៅឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ មាន​កំណើន​ប្រមាណ ២,៧​ ដង គឺ​កើនឡើង​ពី ៤១៦ លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៨ ដល់ ១ ១១៦​ លាន​ដុល្លារ​ក្នុង​ឆ្នាំ ​២០២២​។

​លោក ប៉ោ ភក្តិ អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ដែល​បានធ្វើ​សេចក្តីរាយការណ៍​សង្ខេប​ស្ដីពី​លទ្ធផល​ការងារ​ឆ្នាំ​ ២០២២ បានឱ្យដឹងថា នៅក្នុង​ឆ្នាំ​ ២០២២​ កន្លងទៅ​មាន​បទល្មើស​ព្រហ្មទណ្ឌ​ជារួម បាន​កើតឡើង​ចំនួន ២ ៧៧០​ លើក ថយចុះ​ចំនួន​ ២៨៥ លើក ស្មើ​ ៩% ធៀប​នឹង​ឆ្នាំ ២០២១​។ បើតាម​របាយការណ៍​ក្នុង​សន្និបាត​ក្រសួងមហាផ្ទៃ ក្នុងចំណោម​បទល្មើស​ដែល​បាន​កើតឡើង​នោះ មាន​បទឧក្រិដ្ឋ ​៦០៨ កើន​ ១៩ ​លើក​ស្មើ ៣% និង​បទមជ្ឈិម ២ ១៦២​ លើក​ថយ​ ៣០៤ ​លើក​ស្មើ ១២%​។​

​លោក​បញ្ជាក់ថា​៖ «​នា​អំឡុងពេល​ ១ ​ឆ្នាំនេះ បើទោះបី​ស្ថានការណ៍​សន្តិសុខ​ក្នុង​តំបន់ និង​សកលលោក បន្ត​មាន​ការវិវឌ្ឍ​ប្រែប្រួល​ពិបាក​ប៉ាន់ស្មាន និង​មាន​ហានិភ័យ​ខ្ពស់​យ៉ាងណាក្តី ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល បាន​ពុះពារ​ឆ្លងកាត់​ដោយ​ជោគជ័យ​នូវ​វិបត្តិ និង​បញ្ហា​ប្រឈម​ទាំងនោះ ដោយបាន​នាំមក​នូវ​សមិទ្ធផល​ធំធេង​ជូន​ប្រជាជាតិ​ខ្មែរ​បន្ថែម​ទៀតផង​ដែរ​»​។​

​តាម​របាយការណ៍​រប​ស់លោក ប៉ោ ភក្តិ បានឱ្យដឹងថា ក្នុង​ឆ្នាំ​ ២០២២ អង្គភាព​ច្រកចេញចូល​តែ ​១ ​នៃ​រាជធានី​ខេត្ត បានផ្តល់​សេវា​រដ្ឋបាល​បាន​ចំនួន ៦៩៥ ២០៥ ​សេវា និង​ទទួលបាន​ចំណូល​សរុប​ចំនួន ២៨ ២១២ ៤៩២​ ដុល្លារ​។ ចំណែក​ការិយាល័យ​ច្រកចេញចូល​តែ​១​ក្រុង ស្រុក ខណ្ឌ ផ្ដល់​សេវា​រដ្ឋបាល​បាន​ចំនួន ១ ៥៦១ ៧០៤​ សេវា និង​ទទួលបាន​ចំណូល​សរុប​ចំនួន សមមូល ២ ៧៥២ ២៦៦ ​ដុល្លារ​។​

​លោកបាន​បញ្ជាក់ថា​៖ «​ការិយាល័យ​ប្រជាពលរដ្ឋ​នៅ​រាជធានី​ខេត្ត ទទួលបាន​បណ្តឹង និង​ព័ត៌មាន​ផ្សេងៗ​ចំនួន​ ១ ២៦៧ ករណី ក្នុងនោះ បណ្ដឹង​ក្នុង​សមត្ថកិច្ច ៧៦៧ ​ករណី (​បញ្ចប់​ការ​ដោះស្រាយបាន ៧១២​ ករណី​) បណ្តឹង​ក្រៅ​សមត្ថកិច្ច ២០២ ​ករណី និង​ព័ត៌មាន​ផ្សេងៗ ២៩៨ ​ករណី​»៕