ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​លោក អ៊ិត សំហេង បាន​លើកឡើងថា ការធានាបាន​នូវ​ការអភិវឌ្ឍ​ទីផ្សារការងារ​ដែលមាន​ភាព​ធន់ មាន​ប្រាក់ចំណូល​ខ្ពស់ សម្រាប់​ប្រជាពលរដ្ឋ និង​លក្ខខណ្ឌ​ការងារ​មាន​ភាពល្អប្រសើរ បានរួម​ចំណែក​ធ្វើឱ្យ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ​កន្លងមក​ទទួល​បាន​លទ្ធផល​ជាទី​មោទនៈ​។ ជាមួយគ្នានេះ ស្ថានភាព​ទីផ្សារការងា​រ​កម្ពុ​ជាមាន​ភាពរឹងមាំ​រក្សាបាន​នូវ​អត្រា​អ្នកមាន​ការងារ​ធ្វើ​ខ្ពស់​រហូត​ជាង ៩៩​ ភាគរយ​នៃ​កម្លាំង​ពលកម្ម​សរុប​ប្រមាណ​ ១០ ​លាន​នាក់​។​

​ការលើកឡើង​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ពិធី​បើក​សន្និបាត បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​ ២០២២ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ ២០២៣ នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឆ្នាំ​ ២០១៩-២០២៣ នៅ​ថ្ងៃទី ​២២ ខែកុម្ភៈ ឆ្នាំ ​២០២៣ ។​

​នា​ពិធី​នោះ​លោក អ៊ិត សំហេង វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ របស់​ក្រសួង​ការងារ ព្រមទាំង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍន៍ អង្គការ​ជាតិ អន្តរជាតិ និយោជក និង​កម្មករ និយោជិត​ជាពិសេស​ដៃគូ​ត្រីភាគី និង​ត្រីភាគី​បូក ដែល​បាន​រួមគ្នា​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុងការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​២០១៩-២០២៣ ប្រកបដោយ​ជោគជ័យ​គួរ​ជាទី​មោទនៈ​។

​លោក​គូសបញ្ជាក់ថា​៖ «​ជោគជ័យ​ទាំងនេះ​បានបង្ហាញ​តាមរយ​:​ការធានាបាន​នូវ​ការអភិវឌ្ឍ​ទីផ្សារការងារ​ដែលមាន​ភាព​ធន់ និង​មាន​ប្រាក់ចំណូល​ខ្ពស់​សម្រាប់​ប្រជាពលរដ្ឋ​មាន​លក្ខខណ្ឌ​ការងារ​ល្អប្រសើរ ដោយ​ផ្តោតលើ​ការលើកកម្ពស់​សុខុមាល​ភាព​កម្មករ និយោជិត​ទាំង​ក្នុង​និង​ក្រៅ​ប្រព័ន្ធ សំដៅ​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​និង​លើកកម្ពស់​សកម្មភាព​ធុរកិច្ច​ប្រកបដោយ​ភាពរស់រវើក និង​ការវិនិយោគ​ប្រកបដោយ​ចីរភាព ដើម្បី​ឆ្លើយតប​ទៅនឹង​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​និង​ទីផ្សារការងារ​»​។

​លោក​បន្ថែមទៀតថា លទ្ធផល​គួរ​ជាទី​មោទនៈ​នេះ​ក៏ដោយ​សារ​មាន​ការធ្វើ​បច្ចុប្បន្នភាព​ច្បាប់​និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ រួមមាន​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការងារ និង​ច្បាប់​ស្តីពី​សហជីព និង​ការអនុម័ត​ច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា ដើម្បី​បង្កឱ្យមាន​លក្ខណៈ​ងាយស្រួល​ដល់​សេរីភាព​អង្គការ​វិជ្ជាជីវ​:​កាន់តែ​ប្រសើរ កាត់បន្ថយ​វិវាទ​ការងារ​មាន​សុខដុម​នីយកម្ម​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ​ដោះស្រាយ​ទាន់ពេលវេលា​ករណី​រោងចក្រ​ក្ស័យធន ឬ​បិទទ្វារ​ដោយ​ថៅកែ​រត់ចោល​។​

​បើតាម​របាយការណ៍​ក្រសួង​ការងារ ស្ថានភាព​ទីផ្សារការងា​រ​កម្ពុ​ជាមាន​ភាពរឹងមាំ រក្សាបាន​អត្រា​អ្នកមាន​ការងារ​ធ្វើ​ខ្ពស់​ប្រមាណ ៩៩,៣%​ នៃ​កម្លាំង​ពលកម្ម​សរុប​ចំនួន​ប្រមាណ ១០,៨​ លាន​នាក់ ក្នុងនោះ អ្នក​កំពុងធ្វើការ​ក្នុងប្រទេស​ក្នុង​វិស័យ​ឧស្សាហកម្ម ចំនួន ២,៥​ លាន​នាក់ (​ស្មើនឹង ២៣%) ​វិស័យ​សេវាកម្ម ចំនួន ៣,១​ លាន​នាក់ (​ស្មើនឹង ២៩%) ​វិស័យ​កសិកម្ម ចំនួន ៣,៤ ​លាន​នាក់ (​ស្មើនឹង ៣១%)​ មន្ត្រី​សាធារណៈ ចំនួន ៥០ ​ម៉ឺន​នាក់ (​ស្មើនឹង ៥%) និង​ពលករ​ទេសន្តរប្រវេសន៍​មាន​ ១,៣​ លាន​នាក់ (​ស្មើនឹង ១២%)​។​

​ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ​លោក ហ្វា សាលី លើកឡើងថា ការអនុវត្ត​ផែន​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កន្លងមកនេះ អាច​និយាយបានថា មិនល្អ​ពេក ក៏​មិនអាក្រក់​ពេក​ដែរ​។

​លោក​បញ្ជាក់ថា​៖ «​អ្វីដែល​រាជរដ្ឋាភិបាល បានធ្វើ​យើង​ឯកភាព​ថា បានធ្វើ​ពិតប្រាកដ​មែន ប៉ុន្តែ​មកដល់ពេលនេះ​អត់​ទាន់​បាន​ផ្តល់នូវ​អ្វីដែល​ជាទី​ពំនាក់​ដល់​បងប្អូន​កម្ម​ករ​យើង​ឱ្យមាន​ជីវភាព​ថ្កុំថ្កើង​ឬ​សុខុមាលភាព​បានល្អ​និង​ទូលំទូលាយ​នៅឡើយ​ទេ សូម្បីតែ​ប្រាក់​ឈ្នួល​នៅមានកម្រិត​នៅឡើយ​។ អ៊ីចឹង​នៅ​ទ្រឹង​ពាក់កណ្តាល មានន័យថា អត់​ទាន់​បាន​ផល​វិជ្ជមាន​ច្រើន​ដល់ក​ម្មករ ដែល​ធ្វើឱ្យ​កម្មករ​សល់​ប្រាក់​ឈ្នួល​នោះទេ​»៕