ភ្នំពេញៈ កម្ពុជា​ស្នើ​ចិន​ជួយ​រៀបចំ​ដឹកនាំ​លំហាត់​សមយុទ្ធ​នាគមាស​ឆ្នាំនេះ​ឱ្យ​ទទួល​បាន​លទ្ធផលខ្ពស់ ខណៈ​កងទ័ព​ប្រទេស​ទាំង២ នឹង​បន្ត​ធ្វើ​លំហាត់​សមយុទ្ធ​រួមគ្នា​ឡើងវិញ​នៅ​ខែ​ក្រោយ។

ការស្នើ​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង​លោក វង្ស ពិសេន អគ្គ​មេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ និង​គណៈ​ប្រតិ​កងទ័ព​រំដោះ​ប្រជាជន​ចិន ដែល​ដឹកនាំ​ដោយ​លោក យ៉ាង យ៉ាង សេនាធិការ​ចម្រុះគណៈ​កម្មាធិការ​យោធា​មជ្ឈឹម នៅ​អគ្គ​បញ្ជាការដ្ឋាន​កងយោធពល​ខេមរភូមិន្ទ រាជ​ធានី​ភ្នំពេញ នាថ្ងៃទី២៣ ខែកុម្ភៈ។

គណៈ​ប្រតិ​កងទ័ព​រំដោះ​ប្រជាជន​ចិន​បាន​មក​បំពេញ​ទស្សនកិច្ច​លើក​ទី១​នៅ​កម្ពុជា​នាពេល​នេះ ក្នុងគោលបំណង​ពង្រឹង​ចំណង​មិត្តភាព កិច្ចសហ​ប្រតិបត្តិការ​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង២​ឈាន​ឡើងមួយ​កម្រិត​ទៀត។

លោក វង្ស ពិសេន បាន​អរគុណ​ដល់​បក្ស រដ្ឋាភិបាល និង​កងទ័ព​រំដោះ​ប្រជាជន​ចិន ដែល​ជានិច្ចកាល​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​ទាំង​ស្មារតី សម្ភារ​បច្ចេកទេស និង​ថវិកា ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច-សង្គមកម្ពុជា ដោយ​លោក​ថ្លែង​ថា វិស័យ​ការពារ​ជាតិ​ចិន​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​គ្រប់បែប​យ៉ាង​ដល់​ការកែទម្រង់ ការកសាង និង​ពង្រឹង​កងយោធពល​ខេមរភូមិន្ទ។

កងទ័ព​រំដោះ​ប្រជាជន​ចិន និង​កងយោធពល​ខេមរភូមិន្ទ​នឹង​បន្ត​ធ្វើ​លំហាត់​សមយុទ្ធ​រួមគ្នា​ឡើងវិញ ដែល​មាន​ឈ្មោះ​ថា​ «នាគមាស ឆ្នាំ២០២៣» ចាប់ពី​ថ្ងៃ​ទី២០ ខែ​មីនា ដល់​ថ្ងៃ​ទី៨ ខែមេសា បន្ទាប់​ពីត្រូវ​ខកខាន​អស់រយៈ​ពេល ២ ឆ្នាំ ដោយសារ​ជំងឺ​កូវីដ១៩។

កងទ័ព​ជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ បញ្ជាក់​ក្នុង​ហ្វេសប៊ុក នាថ្ងៃទី២៤ ខែកុម្ភៈ ថា៖ «ឯកឧត្តម​អគ្គ​បញ្ជាការ [លោក វង្ស ពិសេន] បាន​សំណូមពរ​ដល់​កងទ័ព​រំដោះ​ប្រជាជន​ចិន នៅ​ក្នុងការជួយ​បណ្ដុះបណ្ដាល ចែក​រំលែក​ចំណេះដឹង​ផ្សេងៗ និង​ជួយ​ផ្ដល់ជា​សម្ភារបរិក្ខារ ដល់​កងយោធពល​ខេមរភូមិន្ទ និង​ការជួយ​រៀបចំ​ដឹកនាំ​លំហាត់​សមយុទ្ធ​នាគមាស​ឆ្នាំ២០២៣ ឱ្យ​ដំណើរ​ការ​ល្អ និង​ទទួលបាន​លទ្ធផល​ខ្ពស់»។

ហ្វេសប៊ុក​ដដែល​បាន​ដក​ស្រង់​សម្ដី​លោក យ៉ាង យ៉ាង ថ្លែង​ក្នុង​ជំនួប​នេះ​ថា លោក​នឹង​ខិតខំ​ពង្រឹងការផ្លាស់ប្ដូរ​ព័ត៌មាន​ជាមួយ​កម្ពុជា ក្នុង​គោលដៅ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ផ្សេងៗ ធានា​បាន​នូវ​សុខ​សុវត្ថិភាព និង​សន្តិសុខ​នៃ​ប្រទេស​ទាំង២ ក៏ដូចជា​ក្នុង​តំបន់។

ប្រភព​ដដែល​បន្ត​ថា លោក យ៉ាង យ៉ាង បាន​ទទួល​យកការ​ស្នើ​របស់​លោក វង្ស ពិសេន ក្នុងការ​ជួយ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ដោយ​លោក​សង្ឃឹម​ថា ក្រោមការ​ដឹកនាំ​របស់​លោក វង្ស ពិសេន កិច្ចសហ​ប្រតិបត្តិការ​រវាង​កងទ័ព​ប្រទេស​ទាំង២​នឹង​ទទួល​បាន​ការរីក​ចម្រើន​ជាបន្ត​បន្ទាប់​ទៀត៕​