គិត​ត្រឹម​ថ្ងៃទី ២៤ ខែ​កុម្ភៈឆ្នាំ ២០២៣ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចំណាយ​ថវិកា​ជាង ៩៦០ លាន​ដុល្លារ​អាមេរិក សម្រាប់​ឧបត្ថម្ភ​សាច់​ប្រាក់ជូន​គ្រួសារ​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ​អំឡុង​ពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩ ដែល​ក្នុង​នោះ​មាន​ប្រជាពលរដ្ឋ​ជិត ២,៨ លាន​នាក់​បាន​ទទួល​ពីការ​ឧបត្ថម្ភនេះ។

សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា បាន​ឱ្យ​ដឹង​ថា គិតចាប់​ពី​ថ្ងៃទី​២៥ ខែ​មិថុនា ឆ្នាំ ២០២០ ដល់ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ ២០២៣ រដ្ឋាភិបាល​កម្ពុជា​បាន​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ​ក្នុង​អំឡុងពេល​ប្រយុទ្ធ​ជាមួយ​កូវីដ១៩ មាន​ចំនួន ១២ ជុំ មាន ៣២ លើក ដោយ​ក្នុង​នោះ​រដ្ឋបាន​ចំណាយ​ទឹក​ប្រាក់​ចំនួន ៩៦២,៩៧ លានដុល្លារ។

ក្រសួងបន្តថា ក្នុង​នោះ​ចំនួន​សមាជិក​គ្រួសារ​សរុប​ដែល​ទទួល​បាន​ពី​ការ​ឧបត្ថម្ភ​នេះ​មាន​ចំនួន ២ ៧៨៣ ៥៩១ នាក់​នៃ​ចំនួន ៧០៥ ៦១៣ គ្រួសារ។ ពលរដ្ឋ​ដែល​ទទួល​ផល​ក្នុង​នោះ​កុមារ​ចាប់​ពី​អាយុ ០-៥ ឆ្នាំ មាន​ចំនួន ១១០ ០២៥ នាក់ មនុស្ស​វ័យ​ចាស់​អាយុពី ៦០ ឆ្នាំ​ឡើង​ទៅ​ចំនួន ៣៨៧ ០៩៧ នាក់ ជន​មាន​ពិការភាព​ចំនួន ៦០ ៦៩២ នាក់ ព្រម​ទាំង​ផ្តល់​ជូន​ដល់​គ្រួសារ​ដែល​មាន​ជំងឺ​អេដស៍​មាន​ប្រមាណ ២ ០៣៧ នាក់​ផងដែរ។

សម្រាប់​ការ​បើក​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ជុំទី​១២ លើក​ទី ២ ចាប់ផ្តើម​ពី​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ ២០២៣ រហូត​ដល់​ថ្ងៃទី ២៤ ខែ​មីនា ឆ្នាំ ២០២៣ ដែល​មាន​រយៈពេល ៣០ ថ្ងៃ​សម្រាប់​ទៅ​ដកប្រាក់។

ព្រម​ជាមួយគ្នា​នេះដែរ ក្រសួង​សង្គម​កិច្ច​ស្នើ​សុំ​ឱ្យ​អ្នក​ទទួល​ផល​ទាំងអស់ ប្រើប្រាស់​ថវិកា​ដែល​ទទួល​បាន​ពី​កម្មវិធី​នេះ​ឱ្យ​បាន​ត្រឹមត្រូវ​ដោយចៀសវាង​ការ​ប្រើប្រាស់​ក្នុង​គោល​បំណង​បម្រើ​ឱ្យ​អបាយមុខ​ផ្សេងៗ​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​ការ​អនុវត្តគោល​នយោបាយ​របស់​រាជរដ្ឋាភិបាលក្នុង​ការ​ផ្តល់​ការ​អន្តរាគមន៍​ជំនួយ​ជា​សាច់ប្រាក់នេះ។

ក្រសួង​សង្កត់ធ្ងន់​ថា៖ «ក្នុង​ករណី​ពិនិត្យ​រកឃើញ​មាន​អ្នក​ទទួល​ផល​ដែល​ប្រើប្រាស់​ខុស​គោលដៅ​បែប​នេះ ស្នើឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ធ្វើការ​អប់រំ​ដល់​អ្នក​ទទួល​ផល​ទាំងនោះ​ជា​លាយលក្ខណ៍​អក្សរ។ ​បើ​ក្នុង​ករណី​អ្នក​ទទួល​ផល​ទាំងនោះ​មិន​រាងចាល​នោះ​ទេ មេឃុំ​ចៅសង្កាត់ ត្រូវ​ធ្វើការ​ប្រជុំ​ពិភាក្សា​ជាមួយ​ក្រុមប្រឹក្សា​ក្នុង​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​បណ្ណ​ក្រីក្រ​នោះ​ឡើងវិញ»។

អគ្គនាយក​មូលនិធិ​ជាតិ​ជំនួយ​សង្គម​នៃ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា លោក ឈួរ សុបញ្ញា ធ្លាប់​បាន​ពន្យល់​ថា ការឧបត្ថម្ភ​សាច់ប្រាក់​ដល់​ជន​ក្រីក្រ​បាន​ចែកចេញ​ជា ៣ ប្រភេទ គឺ​ជន​ក្រីក្រ​នៅ​ទី​ប្រជុំជន​ក្នុង​រាជធានី​ភ្នំពេញ ជនក្រីក្រ​នៅ​ទីប្រជុំ​ជនក្រៅ​រាជធានី​ភ្នំពេញ និង​ជនក្រីក្រ​នៅ​ជនបទ​ហើយ​គ្រួសារ​នីមួយៗ​នឹង​ទទួល​បាន​សាច់ប្រាក់​ទៅ​តាម​ទំហំគ្រួសារ។

លោកថា៖ «ជាមធ្យម នៅ​ជនបទ ទទួល​បាន ២០ ម៉ឺន​រៀល​ក្នុង ១ ខែ សម្រាប់ ១ គ្រួសារ។ ចំណែក​អ្នក​នៅ​ទីក្រុង​ជា​មធ្យម ៨០ ទៅ ១០០ ដុល្លារ។ ការ​ដែល​ផ្តល់​នេះ​មិនមែន​សុខៗ​យើង​ឱ្យ​សាច់​ប្រាក់​ខុស​គ្នា​ទេ ផ្តល់នេះ​ផ្អែក​លើ​មូលដ្ឋាន​នៃ​ការ​សិក្សា​លើ​ប្រាក់​ចំណូល។ ការសិក្សា​នេះ​មាន​ការ​ចូលរួម​ពី​ធនាគារ​ពិភពលោក និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី»៕