ភ្នំពេញៈ ប្រធានាធិបតីចិន​លោក ស៊ី ជីនពីង (Xi Jinping) ជឿជាក់ថា សហគមន៍​វាសនា​រួម​រវាង​ចិន​ និង​កម្ពុជា នឹង​ត្រូវ​បាន​ចារ​ក្នុង​ទំព័រថ្មី អភិវឌ្ឍ​កាន់តែ​ល្អ​ប្រសើរ​ឡើង ហើយ​ចំណង​មិត្តភាព «ដែកថែប» នឹង​ទទួល​បាន​ការ​អភិវឌ្ឍ​ជា​បន្តបន្ទាប់។

លោកលើក​ឡើង​ដូច្នេះ ក្នុង​ពេល​លោក​ចូល​គាល់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ នាថ្ងៃ​ទី២៤ ខែ​កុម្ភៈ នៅ​ឯ Yangyuanzhai នៃ​សណ្ឋាគាររដ្ឋ Diaoyutai រដ្ឋធានី​ប៉េកាំង ប្រទេសចិន។ ព្រះអង្គ​ទាំង​ទ្វេ​បាន​យាង​ទៅ​កាន់​រដ្ឋធានី​ប៉េកាំង ដើម្បី​ពិនិត្យ​ព្រះរាជ​សុខភាព។

ស្ថានទូតចិន​ប្រចាំ​កម្ពុជា​បញ្ជាក់​ក្នុង​ហ្វេសប៊ុក នា​ថ្ងៃទី​២៥ ខែ​កុម្ភៈ ថា លោក ស៊ី ជីនពីង បាន​សម្ដែង​ក្តី​សោមនស្ស​ជា​ខ្លាំង​ដែល​លោក និងភរិយា​បាន​ចូលគាល់​ព្រះអង្គ​ទាំងទ្វេ​ម្តង​ទៀត ដោយ​ទីនោះ គឺជា​ព្រះរាជ​ដំណាក់​របស់​ព្រះអង្គ​ទាំងទ្វេ ដោយ​លោក​ថ្លែង​ថា៖ «សូម​ស្វាគមន៍​ព្រះអង្គ​ទាំងទ្វេ​យាង​ត្រឡប់​ទៅ​មក​កាន់​ព្រះរាជ​ដំណាក់​វិញ»។

ប្រធានាធិបតី​ចិន រូបនេះ​ថ្លែង​ថា ព្រះអង្គ​ទាំងទ្វេ​តែង​យក​ព្រះទ័យ​ទុក​ដាក់​លើ​ស្ថានភាព​នៅ​ក្នុង​ប្រទេស​ចិន ហើយ​លោក​ក៏​បាន​ដឹង​ដែរ​ថា សម្ដេច​ព្រះមហាក្សត្រី​តែង​សព្វ​ព្រះទ័យ​ទតកម្មវិធី​ព័ត៌មាន​នៃ​ប្រទេសចិន។

លោក ស៊ី ជីនពីង រំឭកថា បន្ទាប់ពី​សមាជ​គណបក្សកុម្មុយនីស្ត​ចិន លើក​ទី ២០ ត្រូវ​បាន​រៀបចំ​រួច ព្រះ​ករុណា​ព្រះមហាក្សត្រ​បាន​សព្វព្រះរាជ​ហឫទ័យ​ប្រោស​ព្រះរាជ​ទាន​ព្រះ​រាជសារ​អបអរសាទរ​ដល់​លោក​ផ្ទាល់។

ស្ថានទូតចិន​បញ្ជាក់​ថា៖ «ឯកឧត្តម [លោក ស៊ី ជីនពីង] ជឿជាក់ថា សហគមន៍​វាសនា​រួម​រវាង​ចិន និង កម្ពុជា នឹង​ត្រូវ​បាន​ចារ​ក្នុង​ទំព័រ​ថ្មី អភិវឌ្ឍ​កាន់​តែ​ល្អ​ប្រសើរ​ឡើង ហើយ​ចំណង​មិត្តភាព «ដែកថែប» នឹង​ទទួល​បាន​ការ​អភិវឌ្ឍ​ជា​បន្តបន្ទាប់»។

ស្ថានទូតចិន​បញ្ជាក់​ថា៖ «ព្រះ​ករុណា​ព្រះមហាក្សត្រ​មាន​ព្រះរាជ​បន្ទូល​ថា ជាបឋម ព្រះអង្គ​សូម​ថ្លែង​អំណរគុណ​យ៉ាង​ស្មោះ​ជូន​ចំពោះ​ឯកឧត្តម​ប្រធានាធិបតី​ចិន និង លោក​ជំទាវ​ជា​ទីរាប់អាន សម្តេច​ព្រះមហាក្សត្រី និង ព្រះអង្គ​ផ្ទាល់​មាន​កិត្តិយស​យ៉ាង​ក្រៃលែង​ដែល​មាន​ឱកាស​ជំនួបគ្នា​ជាមួយ​ឯកឧត្តម​ប្រធានាធិប​តី ចិន និង​លោក​ជំទាវ។ ព្រះអង្គ​បាន​ថ្លែង​អំណរគុណ​ដោយ​ស្មោះ​ ចំពោះ​ឯកឧត្តម​ប្រធានាធិបតី​ចិន​ដែល​តែង​ផ្តល់​ការ​គាំទ្រ​និង​ជួយ​ដល់​ប្រទេស​កម្ពុជា អស់​រយៈពេល​យូរមក​ហើយ»៕