
ការធ្វើតេស្ដរកមេរោគកូវីដ១៩ នៅភ្នំពេញកាលពីពេលកន្លងមក ។ ហុង មិនា
ភ្នំពេញៈក្រសួងសុខាភិបាលកម្ពុជាប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មី ម្នាក់បន្ថែមទៀត ប៉ុន្តែគ្មានអ្នកជាសះស្បើយនិងអ្នកស្លាប់ដោយសារជំងឺនេះឡើយ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២៦ ខែកុម្ភៈ បានឱ្យដឹងថា ក្រសួងរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មី ម្នាក់ ជាប្រភេទអូមីក្រុងឆ្លងក្នុងសហគមន៍ ប៉ុន្តែមិនមែនរកឃើញកូវីដក្នុងករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេសនោះទេ។ ក្រសួងបញ្ជាក់ថា របាយការណ៍ថ្ងៃនេះ មិនមានអ្នកជាសះស្បើយ និងអ្នកស្លាប់ថ្មីនោះទេ។
គិតត្រឹមថ្ងៃទី២៦ ខែកុម្ភៈ ករណីឆ្លងជំងឺកូវីដ១៩ សរុបមានចំនួន ១៣៨ ៧១៥នាក់ ចំណែកករណីជាសះស្បើយសរុប ១៣៥ ៦៥២នាក់ និងករណីស្លាប់សរុប ៣ ០៥៦នាក់។ រីឯករណីនាំចូលពីក្រៅប្រទេសសរុបមានចំនួន ២១ ២៤៤នាក់ និងករណីអូមីក្រុងឆ្លងក្នុងសហគមន៍មាន១៦ ៨៨៧នាក់៕