​សៀមរាបៈ ការ​មាន​ធនធាន​ពិតជា​សំខាន់ ប៉ុន្តែ​ការចេះ​កែច្នៃ​ធនធាន​បន្ថែម​ រឹតតែ​សំខាន់​ថែមទៀត ​ព្រោះ​វា​អាច​ផ្ដល់​ចំណូល​បន្ថែម​បាន ​១ ផ្នែក​ទៀត​។ ក្រៅពី​អ្វីដែល​អាចធ្វើ​បាន​ជាប្រចាំ ការ​រិះរក​គំនិត​ថ្មីៗ គឺជា​រឿង​ដែល​ប្រជាជន​គួរ​ធ្វើ ​ដើម្បី​ធ្វើ​យ៉ាង​ណា​កុំឱ្យ​ជីវភាព​ពួកគេ​ពឹង​តែ​លើ​ចំណូល​តែ ១​ ច្រក​។​

ដីស្រែ ដែល​កសិករ​ប្រើប្រាស់​ក្នុង​ការដាំដុះ​ស្រូវ សម្រាប់​បរិភោគ​ក្នុង​គ្រួសារ ឬ​សម្រាប់​លក់ បែរជា​ត្រូវបាន​កសិករ​១​រូប​យកទៅ​ប្រើប្រាស់​ជាទី​តាំង​សម្រាប់​ចិញ្ចឹម​បង្កង​ទៅវិញ​។ ច្បាស់​ណាស់ វា​ជា​រឿង​ដែល​ចម្លែក​មួយ ប៉ុន្តែ​កសិករ​រូបនេះ​បានទទួល​ផល​មិនគួរ​ឱ្យ​ជឿ ចេញពី​ការច្នៃ​ធនធាន​នេះ​។​

លោក​ពៅ ប៉ឹង ​ជា​កសិករ​ម្នាក់ ​​នៅ​ស្រុកក្រឡាញ់ ​ខេត្តសៀមរាប ដែល​ពី​បរម​បុរាណ​មក ពឹងផ្អែក​លើដី​ស្រែ​។ ពី​១​ឆ្នាំ ទៅ​១​ឆ្នាំ ​លោក​ប្រើ​ដី​ក្នុង​គោលបំណង​តែ​១​គត់ គឺ​ដាំ​ដុះ​ស្រូវ រហូតដល់​ឆ្នាំ​២០១៩ លោក​ចាប់ផ្ដើម កែប្រែ​ទម្លាប់​ទៅ​សាក​ប្រើ​អ្វីដែល​ថ្មី​វិញ​ម្ដង​។​

ដោយសារតែ​កសិករ​រូបនេះ​មានបំណង​ចង់​ផ្លាស់ប្ដូរ​ទៅ​ចិញ្ចឹម​បង្កង ​ប៉ុន្តែ​លោក​មិនមាន​ស្រះ​ ដូច្នេះ​រូបលោក​ក៏​ចាប់​ផ្ដើមធ្វើ​ការស្រាវជ្រាវ​រក​ទីតាំង​ដែល​អាច​ចិញ្ចឹម​បាន ក្រៅពី​ស្រះ​ទឹក​។ លោក​បាន​សម្រេចចិត្ត​ប្រើប្រាស់​ដីស្រែ ដែល​លោក​បាន​ទុកចោល​ជាច្រើន​ឆ្នាំ ព្រោះតែ​ការដាំដុះ​ស្រូវ​មិនសូវ​ទទួលបាន​ផលចំណេញ​។​

លោក​ពៅ ប៉ឹង ​រៀបរាប់ថា​៖«ចិញ្ចឹម​បង្កង​ក្នុង​ស្រែ​ដូច​ខ្ញុំ​ធ្វើ​នេះ​ ចំណេញ​គួរសម​ដែរ ​ដោយសារ​មិនចាំបាច់​ត្រូវ​ចំណាយ​លើ​ការរៀបចំ​ប្រព័ន្ធ​ចិញ្ចឹម​ ដូចជា​អាងទឹក ​បណ្តាញទឹក​ចេញចូល ​ហើយ​និង​ដំបូល​នោះទេ​។ និយាយ​ទៅ ​គឺ​អាច​ចិញ្ចឹម​នៅក្នុង​ស្រែ​តាម​ធម្មជាតិ ​ព្រោះ​អាកាសធាតុ​អំណោយផល​នៅក្នុង​ស្រុក​យើង ​ហើយ​ម្យ៉ាងទៀត​នៅក្នុង​ស្រែ​ក៏​[មាន]​ទឹក​ល្មម​គ្រប់​នឹង​អាច​ចិញ្ចឹម​បង្កង​បាន​ផល​ល្អ»។​

​សម្រាប់​បង្កង​ដែល​លោក​ពៅ ប៉ឹង ​ចិញ្ចឹម​នេះ​ ជា​ប្រភេទ​បង្កង​អូស្ត្រាលី ​ដោយ​លោក​អះអាងថា​ វា​ជា​បង្កង​មាន​ទីផ្សារ​ល្អ​ ព្រោះ​មាន​តម្រូវការ​ច្រើន​។​

លោក​ថា​៖«យើង​អាច​លក់​ទៅឱ្យ​ខាង​ភោជនីយដ្ឋាន​នៅ​រាជធានី​ភ្នំពេញ ​និង​ខាង​ខេត្ត​ព្រះសីហនុ ​ហើយ​តម្លៃ​យើង​អាច​លក់​បាន​ខ្ពស់​គួរសម ​គឺ​មិន​ក្រោម ២០​ដុល្លារ​ទេ ​ក្នុង​១​គីឡូក្រាម»។​

ដោយហេតុថា​ ការចិញ្ចឹម​របស់​កសិករ​រូបនេះ​ ជាការ​ចិញ្ចឹម​បែប​ធម្មជាតិ ​ដូច្នេះ​បង្កង​ដែល​ទទួលបាន ​ក៏មាន​គុណភាព​ខុសពី​បង្កង​ក្នុង​ទីផ្សារ​ឯទៀត ​ហើយ​នេះ​ក៏​ជា​មូល​ហេតុដែល​អតិថិជន​និយម​ ចូលចិត្ត​ជាវ​បង្កង​ពី​លោក​ផងដែរ​។ ផ្ដើម​ចេញពី​ការចិញ្ចឹម​កូន​បង្កង​ត្រឹមតែ​ប្រមាណ​ជា ៣០០​ក្បាល ​មកដល់​ពេលនេះ​បង្កង​របស់លោក​ពៅ ប៉ឺង ​មាន​រហូត​ទៅ​ដល់​រាប់ម៉ឺន​កូន ​និង​បាន​ពង្រីក​ស្រែ​ដើម្បី​ចិញ្ចឹម​បង្កង​បន្ថែម​ផងដែរ​។​

សម្រាប់​បច្ចេកទេស​ក្នុងការ​ចិញ្ចឹម ​លោក​ពៅ ប៉ឹង ​បាន​បែង​ចែកជា​៣​ខ្នាត​ខុសៗ​គ្នា​។ ខ្នាត​លេខ​១ ត្រូវ​ចំណាយពេល​ចិញ្ចឹម​យ៉ាងតិច​៦​ខែ ​លេខ​២​ត្រូវការ​រយៈពេល​ជា​មធ្យម ៤​ខែ ​និង​ខ្នាត​លេខ​៣ ​ត្រូវការ​រយៈពេល​ចិញ្ចឹម​យ៉ាងតិច ៣​ខែ​។​

​ចំណី​សម្រាប់​បង្កង​វិញ ​លោក​ពៅ ប៉ឹង ​ឱ្យដឹងថា​៖«ចំពោះ​ការឱ្យ​ចំណី​បង្កង ​យើង​អាច​ប្រើ​ចំណី​ធម្មជាតិ​ក៏បាន ប្រើ​ចំណី​នាំចូល​ក៏បាន​ ប៉ុន្តែ​ភាគច្រើន​គេ​ក៏​អាច​ប្រើ​ចំណី​ធម្មជាតិ​ដែលមាន​នៅក្នុង​ស្រែ​ ឬ​នៅក្នុង​ស្រះ​ស្រាប់ ​ដូចជា​ សារាយ​ ចក​ ប្លង់តុង​ និង​កសិផល​ជុំវិញ​ផ្ទះ ​ដូចជា ​ផ្លែស្វាយ​ទុំ ​បន្លែ ​ល្ពៅ ​សណ្ដែកបាយ ​ដែលជា​ផលិតផល​ក្នុង​ស្រុក ​ដែល​អាច​ចំណេញ​ដល់​យើង​បាន​១ផ្នែក​ដែរ»។​

ទោះ​យ៉ាងណា ​ការចិញ្ចឹម​តាមរបៀប​នេះ ​លោក​ក៏ត្រូវ​ប្រឈម​នឹង​បញ្ហា​មួយចំនួន​ផងដែរ ​ដោយ​បញ្ហា​សំខាន់​បំផុត ​គឺ​ការរង​ឥទ្ធិពល​ពី​ថ្នាំពុល ​ដែល​កសិករ​ផ្សេងទៀត​ប្រើប្រាស់​នៅក្បែរ​ទីតាំង​ចិញ្ចឹម​បង្កង​របស់លោក​។ បញ្ហា​សំខាន់​១ទៀត ​គឺ​បញ្ហា​ទឹកជំនន់ ​កន្លងមក​លោក​ធ្លាប់បាន​បាត់បង់​បង្កង​ចេញពី​ស្រែ​អស់​ជាច្រើន​ផងដែរ​។​

បើ​ទោះជា​យ៉ាងនេះ​ក្ដី ​ការកែច្នៃ​ធនធាន​របស់​លោក ​ចាត់ទុកថា ​ជា​ភាពជោគជ័យ​មួយ ​ម្ល៉ោះហើយ ​លោក​មាន​បំណង​ចង់​ពង្រីក​ការចិញ្ចឹម​បន្តទៀត ​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​បាន​កាន់តែច្រើន​ថែមទៀត​ ព្រមទាំង​អាច​ឈាន​ទោ​ដល់​ការនាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​ផងដែរ​៕