ព្រះសីហនុៈ រដ្ឋបាលខេត្ត​ព្រះសីហនុ កំណត់​យក​ថ្ងៃទី ៣ ខែមីនា​ខាងមុខ ដើម្បី​ធ្វើការ​សម្របសម្រួល​វិវាទរបស់​ពលរដ្ឋ និង​ម្ចាស់​បំ​ណុល ជាមួយ​ក្រុមហ៊ុន​បុរី​វី​អាយ​ភីបន្តទៀត បន្ទាប់ពី​ការជជែក​ពិភាក្សា​ដោះស្រាយ​កាលពី​ថ្ងៃទី ២៣ កុម្ភៈ មិនទាន់​មាន​ការសម្រេច​​ណាមួយ​ច្បាស់​លាស់​នៅ​ឡើយ។

កំណត់ហេតុ​ស្តីពី​ដំណោះស្រាយ​ចុះ​ថ្ងៃទី២៣ កុម្ភៈ បានឱ្យដឹងថា ករណី​វិវាទ​រវាង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុនបុរី វី​អាយ​ភី ពាក់ព័ន្ធ​ការអនុវត្ត​កិច្ចសន្យា​ទិញ-លក់​ផ្ទះ ដែល​បានកើត​ឡើង​កន្លងម​ក គឺមាន​ទីតាំង​ស្ថិតនៅ​ភូមិ​អូរ​តាសេក ឃុំ​អូរ​ឧក​ញ៉ា​​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។

ក្រោយ​ចប់​កិច្ចប្រជុំ​កាល​ពីថ្ងៃទី២៣ កុម្ភៈ តំណាង​ក្រុមហ៊ុន បុរី វី​អាយ​ភី តំណាង​ប្រជា​ពលរដ្ឋ និង​ភាគី​ម្ចាស់បំណុល បានសម្រេច​រួមគ្នា​ចំនួន២ ចំណុច ដោយ​ចំណុច​ទី១ បានកំណត់​ថ្ងៃ​ដើម្បី​ធ្វើការ​ប្រជុំ​ពិ​ភា​ក្សា​ជាថ្មីទៀត ដោយ​តម្រូវឱ្យ​មាន​ភាគី​ទាំងអស់​ចូលរួម បន្ទាប់ពី​ការជជែក​ពិភាក្សា​ដោះស្រាយ​គ្នា​របស់​គ្រប់ភាគី មិន​អាច​សម្រេចបាន​​ក្នុង​ការរក​ដំណោះស្រាយ​ច្បាស់​លាស់​ណាមួយ​នៅ​ឡើយ។

ចំណែក​ចំណុច​ទី២ រដ្ឋបាលខេត្ត​ព្រះសីហនុ ​បាន​គូសបញ្ជាក់​ពីការ​បន្ត​​ខិតខំ​សម្របសម្រួល​ឱ្យមាន​ការស្រុះស្រួល​គ្នា​រវាង​ភាគី​ពាក់ព័ន្ធ ដើម្បី​ចង់បាន​ការសាងសង់​សំណង់​ប​ន្ត​ជូន​អតិថិជន​ដែល​បាន​បង់ប្រាក់​ជូន​ក្រុមហ៊ុន​រួចហើយ ខណៈ​ដំណោះ​ស្រាយ​បន្ត​នាពេលខាងមុខ រដ្ឋបាលខេត្ត​ព្រះសីហនុ ស្នើ​ដល់ម្ចាស់​បំណុល​ទាំងអស់​ ចូលរួម​សហការ​រក​ដំណោះ​ស្រាយ​ឈ្នះ​ឈ្នះ​ទាំង​អស់គ្នា។

កំណត់​ហេតុនេះ ​បញ្ជាក់ថា៖«ដូច​នេះ រដ្ឋបាលខេត្ត​ព្រះសីហនុ សម្រេច​ដាក់​កម្មវិធី​ប្រជុំ​ដោះស្រាយ​ម្ដងទៀត នៅ​ថ្ងៃ​​សុក្រ​ ទី៣ ខែមីនា ឆ្នាំ ២០២៣ វេលា​ម៉ោង ១៤:៣០ នាទី​រសៀល ដោយ​អញ្ជើញ​តំណាង​បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​ក្រុមហ៊ុន បុរី វី​អាយ​ភី និង​ម្ចាស់បំណុល​ទាំង៣ រួមមាន លោកជំទាវ សេង រួច​លាង, លោក​ឧកញ៉ា លី ហាក់ និង​លោក​ស្រី ឈន សៀក​លាង ចូលរួម​ប្រជុំ​ដោយ​ផ្ទាល់ ដើម្បី​ពិគ្រោះ​គ្នា​រក​ដំណោះ​ស្រាយ»។

លោក ហេង សុភាព តំណាង​ប្រជាពលរដ្ឋ​រងគ្រោះ ​ដែលជា​អតិថិជន​ទិញ​ផ្ទះ​ពី​ក្រុមហ៊ុន​បុ​រី វី​អាយ​ភី បានឱ្យដឹងថា ចំនួន​អតិថិជន​សរុប​ទាំងអស់​ដែល​រងគ្រោះ​ពី​គម្រោង​នេះ គឺមាន​ចំនួន៣៧៣គ្រួសារ ឬ​ស្មើនឹង​៤២៧ល្វែង​ ដោយបាន​បង់​ប្រាក់​​សរុប១២លាន​ដុល្លារ​ទៅកាន់​ក្រុម​ហ៊ុន។

លោក ​អះអាងថា​៖«យើងខ្ញុំ​សូម​សំណូមពរ​ដូចខាង​ក្រោម១ ចង់បាន​ផ្ទះ។ ២ បើ​មិនទាន់បាន​ផ្ទះ សុំ​ប្លង់​សិន។ ៣​ប្រសិនបើ​ក្រុមហ៊ុន​អស់​លទ្ធភាព យើងខ្ញុំ​ចង់បាន​ប្រាក់​ដើម​ត្រឡប់​មកវិញ។ បើ​ក្រុមហ៊ុន​មាន​ទិន្នន័យ ក្នុង​ដៃ សុំឱ្យ​ក្រុម​ហ៊ុន​ផ្ដល់​ទិន្នន័យ​ជូន​ក្រុម​ការងារ»។

មេធាវី​តំណាងឱ្យ​ក្រុមហ៊ុន បុរី វី​អាយ​ភី ដែល​មិនបាន​បញ្ចេញ​ឈ្មោះ បានឱ្យដឹង​ដែរ​ថា ម្ចាស់​ក្រុមហ៊ុនបុរី វី​អាយ​ភី បាន​ជាប់បំណុល​ចំនួន៣នាក់​ រួមមាន​លោកស្រី សេង រួច​លាង ក្រុមហ៊ុន​ជំពាក់​ចំនួន១២លាន​ដុល្លារ (បានដាក់​បណ្ណ​ចំនួន ២ ១០០បណ្ណ) លោក លី ហាក់ ក្រុមហ៊ុន​ជំពាក់​ចំនួន២លាន ៣សែន​ដុល្លារ និង​លោក​ស្រី ឈន សៀក​លាង ក្រុមហ៊ុន​ជំពាក់​ចំនួន៤​លាន ៧សែន​ដុល្លារ។

មេធាវី​​រូបនេះ បានឱ្យដឹង​បន្តថា សម្រាប់​ចំនួន​ផ្ទះ​សរុប​ក្នុង​គម្រោង គឺមាន​ចំនួន​សរុប​២៥៩៩ផ្ទះ បាន​លក់​ឱ្យទៅ​អតិថិ​ជន​បាន​ចំនួន១៧០០ផ្ទះ ក្នុងនោះ​មាន​អតិថិជន​បាន​បង់​ផ្តាច់ចំនួន​៣៦២ផ្ទះ និង​ចំនួន​១៣៣៨ផ្ទះ អតិ​ថិជន​បាន​​បង់​ជា​ដំណាក់​កាល និង​បង់​រំ​លស់។

មេធាវីរូបនេះ​បាន​បញ្ជាក់ថា៖«សរុប​ជា​ទឹកប្រាក់ ក្រុមហ៊ុន​ទទួលបាន​កន្លង​ម​ករួ​ម​មាន បង់​ផ្តាច់ (៣៦២ផ្ទះ) ស្មើនឹង​ទឹកប្រាក់​សរុប ១៦ ៥៨៨ ៤៤៨ ដុល្លារ។ បង់​ដំណាក់​កាល (៣​ដំណាក់កាល ២០%- ៥០% និង​បង់​ផ្តាច់ ១០០%) សរុប​ប្រាក់​៧ ៧៤៧ ៦២២ ដុល្លារ។ បង់​រំ​លស់ (ប្រចាំខែ) ស្មើនឹង​ប្រាក់​សរុប ១៦ ៦៨២ ៩៧២ ដុល្លារ សរុប​ជា​ទឹកប្រាក់ ៤១ ០១៩ ០៤២ ដុល្លារ»។

ក្រៅពី​ការ​រៀបរាប់​បែបនេះ មេធាវី​របស់​ក្រុមហ៊ុន ក៏បាន​សំណូមពរ​ដល់​ម្ចាស់បំណុល សុំ​ផ្អាក​ការយក​ការប្រាក់ និង​ដក​ពាក្យ​​បណ្តឹង​សិន ដើម្បី​ឱ្យ​ម្ចាស់​បុរី មានលទ្ធភាព​ក្នុងការ​ដោះស្រាយ​ជូន​អ្នកពាក់ព័ន្ធ ដោយ​អះអាងថា ក្រុមហ៊ុន មាន​ជំហរ​ក្នុង​ការផ្តល់​ដំណោះ​ស្រាយ​ដល់​ភាគី​ពាក់ព័ន្ធ។

លោក គួច ចំរើន អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ ដែល​បាន​ដឹកនាំ​កិច្ចប្រជុំ​ដោយផ្ទាល់ បានថ្លែង​ថា កន្លងមក ករណីនេះ លោក​បានឱ្យ​ក្រុមការងារ​ធ្វើការ​ស្រាវជ្រាវ​ដោយ​រកឃើញថា ម្ចាស់​ក្រុមហ៊ុន បុរី វី​អាយ​ភី មាន​ជាប់បំណុល​ខាងក្រៅ​ជាមួយ​តតិយជន​ផ្សេងទៀត។ ក្រោយ​ទទួលបាន​របាយ​ការណ៍​ហើយ រដ្ឋ​បាល​ខេត្ត បាន​អញ្ជើញ​ទាំង​ភាគី​ម្ចាស់​បំណុល មក​ចូលរួម​ស្តាប់ និង​ពិភាក្សា​រក​ដំណោះ​ស្រាយ​ជូន​ដល់​ប្រជា​ពលរដ្ឋ។

លោក បាន​បញ្ជាក់ថា៖«ករណី​សំណុំរឿង​ក្រុមហ៊ុន បុរី វី​អាយ​ភី នេះ បើ​អនុវត្ត​តាមច្បាប់​គឺ​ម្ចាស់ ក្រុមហ៊ុន បុរី វី​អាយ​ភី ត្រូវ​ផ្តន្ទាទោស​តាមច្បាប់​ជា​ធរមាន ប៉ុន្តែ​ក្នុងនាម​រដ្ឋបាលខេត្ត ​មិន​ចង់ឱ្យ​យក​ជម្រើស​នេះ​ជាដំណោះស្រាយ​នោះទេ គឺ​ដ្ឋ​បាល​ខេត្ត​ខិតខំ​សម្របសម្រួល​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ដើម្បី​រក​ដំណោះស្រាយ សមស្រប​ណាមួយ ដើម្បីឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ទទួលបាន​ផល​ប្រយោជ​ន៍រៀងៗខ្លួន ចៀសវាង​ការអនុវត្ត​ច្បាប់ ដោយ​ឱ្យ​ម្ចាស់​ក្រុមហ៊ុន​ត្រូវ​ទទួល​ទោស​ទៅ​តាម​ច្បាប់»។

យ៉ាង​ណាក្តី​ លោក គួច ចំរើន រំពឹងថា នៅ​ថ្ងៃ​ប្រជុំ​សម្រប​សម្រួល​ខាងមុខ គ្រប់ភាគី នឹង​ផ្តល់ការ​ចូលរួម​សហការ​រក​ដំ​ណោះ​ស្រាយ​ឈ្នះ​ឈ្នះ​ទាំងអស់គ្នា ខណៈ​លោក​ស្នើឱ្យ​ម្ចាស់បំណុល​ទាំងអស់​ពិចារណា​អំពី​ការស្នើសុំ​របស់​ក្រុមហ៊ុន​បុរី​វី​អាយ​ភី ក្នុង​ការបញ្ឈប់​ការ​យក​ប្រាក់​ផង​ដែរ៕