
នាយករងវិទ្យាល័យពេលសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួនពីថ្ងៃ ២៣ កុម្ភៈ។ រូបថត ប៉ូលិស
កំពង់ឆ្នាំងៈ ជនត្រូវចោទជានាយករងនៃវិទ្យាល័យមួយក្នុងខេត្តកំពង់ឆ្នាំងត្រូវបានតុលាការសម្រេចឃុំខ្លួនក្នុងពន្ធនាគារខេត្តពីថ្ងៃទី ២៣ កុម្ភៈ តាមការចោទប្រកាន់ពីតំណាងអយ្យការពាក់ព័ន្ធនឹងការចាប់រំលោភសេពសន្ថវៈកូនសិស្សខ្លួនឯង ហើយថតវីដេអូពីសកម្មភាពរបស់ខ្លួនទៀត។
លោកស្រី សុដា នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៦ កុម្ភៈថា ជនត្រូវចោទឈ្មោះ ង៉ែត សុខខេង អាយុ ៤១ ឆ្នាំ ជានាយករងវិទ្យាល័យកាន់ផ្នែកវិន័យ និងបរិស្ថាន រីឯក្មេងស្រីរងគ្រោះឈ្មោះ ច.ល អាយុ ១៥ ឆ្នាំ។ជនម្នាក់នេះត្រូវបានតុលាការខេត្តកំពង់ឆ្នាំងចេញដីកានិងបង្គាប់ឱ្យសមត្ថកិច្ចរបស់លោកនាំខ្លួនទៅឃុំនៅពន្ធនាគារខេត្តកាលពីថ្ងៃទី ២៣ កុម្ភៈ។
លោកប្រាប់ថា៖ «រឿងនេះតុលាការបានចោទ ២ បទល្មើស។បទល្មើសទី ១ ចោទរូបភាព និងសម្ភារអាសអាភាស នៃកុមារតាមមាត្រា ៤១ នៃច្បាប់បង្ក្រាបអំពើជួញដូរមនុស្សនិងធ្វើអាជីវកម្មផ្លូវភេទនិងហិង្សាដោយចេតនាតាមមាត្រា ២១៧ នៃក្រមព្រហ្មទណ្ឌ»។
យោងមាត្រា ៤១ នៃច្បាប់បង្ក្រាបអំពើជួញដូរមនុស្ស និងធ្វើអាជីវកម្មផ្លូវភេទនេះប្រសិនបើតុលាការរកឃើញថា ជនត្រូវចោទពិតជាបានប្រព្រឹត្តដូចកា-ចោទប្រកាន់មែននោះ នឹងត្រូវជាប់ពន្ធនាគារពី ២ ឆ្នាំដល់ ៥ ឆ្នាំ និងពិន័យជាប្រាក់ចូលថវិការដ្ឋពី ៤លានដល់ ១០ លានរៀល។ រីឯបទហិង្សាដោយចេតនាត្រូវជាប់ពន្ធនាគារពី ១ ឆ្នាំដល់ ៣ ឆ្នាំ និងពិន័យជាប្រាក់ពី ២ លានដល់ ៦ លានរៀល។
មន្ត្រីនគរបាល ១ រូប នៃការិយាល័យប្រឆាំងការជួយដូរមនុស្ស និងធ្វើអាជីវកម្មផ្លូវភេទបានប្រាប់ដោយសុំមិនបញ្ចេញឈ្មោះថា កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៣ ឈ្មោះ ង៉ែត សុខខេង បានលួងលោមក្មេងស្រីឱ្យជិះរថយន្តជាមួយ។ពេលនោះឈ្មោះង៉ែត សុខខេង បានដាក់ថ្នាំចូលក្នុងទឹកឱ្យក្មេងផឹកដើម្បីឱ្យក្មេងរងគ្រោះសន្លប់ ហើយក៏រំលោភតែម្តង។មិនតែប៉ុណ្ណោះជនត្រូវចោទបានថត វីដេអូទៀត។ ជនខាងលើត្រូវបានសមត្ថកិច្ចរបស់លោកចាប់ខ្លួននៅប៉ុន្មានម៉ោងក្រោយពីមានបណ្តឹងពីម្តាយក្មេងស្រីរងគ្រោះកាលពីថ្ងៃទី ២១ ខែកុម្ភៈ។
ជុំវិញទង្វើអសីលធម៌នេះ លោក សេក សុជាតិ ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិតបានថ្លែងថា នេះជាបញ្ហាមួយធ្ងន់ធ្ងរមែនទែន ដែលបានបង្ហាញឱ្យឃើញអំពីសីលធម៌និងវិជ្ជាជីវៈក្នុងនាមជាគ្រូបង្រៀនឬក៏ក្នុងនាមជាអ្នកអប់រំគេម្នាក់ តែបែរជាទៅប្រព្រឹត្តទង្វើអាក្រក់ដែលមនុស្សជាតិស្អប់ខ្ពើម។ពិសេសវាបានធ្វើឱ្យប៉ះពាល់ទៅដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់យុវជនបញ្ញវន្ត និងលោកគ្រូអ្នកគ្រូនៅទូទាំងប្រទេស។
លោកបន្តថា៖ «បញ្ហានេះបានធ្វើឱ្យអ្នកដែលមានកូនស្រីឱ្យទៅរៀននៅសាលានៅតែមានការបារម្ភដែលពួកគាត់អាចនឹងត្រូវគ្រូដែលមានចិត្តទុច្ចរិតឬក៏គ្រូដែលមានចរិតមិនស័ក្ដិសមឬក៏មិនស្មើនឹងសត្វធ្វើអំពើថោកទាបបែបនេះ។ ដូច្នេះហើយវាបានឆ្លុះបញ្ចាំងឱ្យឃើញអំពីការធ្លាក់ចុះនៃសីលធម៌ក្នុងនាមជាគ្រូបង្រៀន»។
បើតាមលោកសុជាតិ បញ្ហានេះឃើញថា ដោយសារតែភាពថោកទាបរបស់គ្រូមួយចំនួនតូចនេះ បានធ្វើឱ្យប៉ះពាល់ដល់សង្គមរបស់យើងដែលមើលទៅឃើញហាក់ដូចជាបាត់បង់គុណធម៌សីលធម៌ និងវិជ្ជាជីវៈ៕
វីដេអូ៖