​ព្រៃវែងៈ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជំរុញ​ដល់​គណៈ​គ្រប់គ្រង​សាកលវិទ្យាល័យ​ជាតិ​ ជា ស៊ីម កំចាយមារ​បង្កើត​ទំនាក់ទំនង​ធ្វើ​សម្ព័ន្ធមេត្រីភាព​ជាមួយ​ប្រទេស​ផ្សេងៗ​ដែលមាន​សាលា​ស្តង់ដា​ជា​មជ្ឈមណ្ឌល​អប់រំ ដូច​នៅ​ម​ជ្ឈ​មណ្ឌល​អប់រំ​ស្រុក​កំចាយមារ​ឱ្យបាន​ច្រើន​បន្ថែមទៀត​ដើម្បី​ដក​​បទពិសោធន៍​។

​ការ​ថ្លែង​របស់លោក ស ខេង បែបនេះ​ធ្វើឡើង​ក្នុង​ពិធី​អបអរ​​សាទរ ខួប ​​៣០​ ​ឆ្នាំ នៃ​ការបង្កើត​សាកលវិទ្យាល័យ​ជាតិ ជា ស៊ីម កំចាយមារ​ស្ថិតនៅ​ស្រុក​កំចាយ​មារ ខេត្តព្រៃវែង នា​ព្រឹក​ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ​ ២០២៣​។

​លោ​ក ស ខេង ឱ្យដឹងថា តាមរយៈ​ការអភិវឌ្ឍ​ជា​បន្តបន្ទាប់​ឥត​​ឈប់ឈរ​រហូតមកដល់​ពេលនេះ ទីតាំង​សាកលវិទ្យាល័យ​ជាតិ​ជា ស៊ីម កំចាយមារ បានក្លាយ​ជា​មជ្ឈមណ្ឌល​អប់រំ​ដែល​មានតែ​ ១ នៅ​កម្ពុជា​ដោយមាន​សា​លា​រៀន​ពី​ម​ត្តេ​យ្យ​សិក្សា​រហូតដល់​សាកលវិទ្យាល័យ និង​មាន​ទាំង​សាលា​បណ្តុះបណ្តាល​វិជ្ជា​ជិ​វៈ ឬ​វិទ្យាស្ថាន​ស្រាវជ្រាវ​ផ្សេងៗ​ទៀតផង​ដែរ​។

​លោក​ថ្លែងថា​៖ «​ខ្ញុំ​ស្នើថា ធ្វើ​ម៉េច​ត្រូវ​ទាក់ទង​ប្រទេស​ណា ដែលមាន​ម​ជ្ឈ​​មណ្ឌល​អប់រំ​ដូច​យើង​នេះ ដែលមាន​តាំងពី​ម​ត្តេ​យ្យ​រហូតដល់​មហាវិទ្យាល័យ សាលា​បណ្តុះ​បណ្តាល​វិជ្ជា​ជិ​វៈ ឬមួយ​វិទ្យាស្ថាន​ស្រាវជ្រាវ​ថែមទៀត​ដោយ​ភ្ជាប់​ជា MoU ធ្វើ​សម្ព័ន្ធមេត្រី​ភាពជា​មួយ​នឹង​គេ​ឱ្យបាន​ច្រើន​ដើម្បី​ដក​បទ​សោធន៍​បន្ថែមទៀត​»​។

​តាមរយៈ​ភាព​រីកចម្រើន​ដូច​ពេលបច្ចុប្បន្ន​នេះ​ការទំនាក់ទំនង​មាន​ភាពងាយស្រួល​ជាង​មុន​ដោយ​អាចធ្វើ​ការទំនាក់ទំនង​តាម​បណ្តាញ​អ៊ីន​ធឺ​ណិ​ត តាម​ហ្ស៊ូ​ម ឬ​បណ្តាញ​ទំនាក់ទំនង​សង្គម​ផ្សេងៗ​ទៀត​បាន​។ យ៉ាង​​ណា​លោក​បញ្ជាក់ថា បើសិនជា​មានការ​ចាំបាច់​ខ្លាំង នៅតែ​អាច​បញ្ជូន​គណៈប្រតិភូ ថ្នាក់ដឹកនាំ គ្រូបង្រៀន ឬ​និស្សិត​ដើម្បី​ទៅ​សិក្សា​ដក​ពិសោធន៍​ផ្ទាល់​។

​លោ​ក ស ខេង បានឱ្យដឹង​ផងដែរ​ថា ក្រៅពី​មជ្ឈមណ្ឌល​អប់រំ​ដែលមាន​សាលា​ពី​ម​ត្តេ​យ្យ​សិក្សា​រហូតដល់​មហាវិទ្យាល័យ​ដូច​នៅ​សាកលវិទ្យាល័យ​ជាតិ​ជា ស៊ីម កំចាយមារ​នេះ ក៏​នៅមាន​ខេត្ត​ផ្សេងៗ​ទៀត​ដែល​ស្រដៀង​គ្នា​នេះ​ធ្វើបាន​លទ្ធផល​ល្អប្រសើរ គួរ​ជាទី​មោទនៈ​សម្រាប់​ការអប់រំ​នៅ​កម្ពុជា ដូចជា​នៅ​សាកល​​វិទ្យាល័យ​ជាតិ​បាត់ដំបង និង​សាកលវិទ្យាល័យ​ត្បូងឃ្មុំ​។

​លោក​បន្ថែមថា ការអភិវឌ្ឍ​សាកលវិទ្យាល័យ​ជា ស៊ីម​កំចាយ​​មារ គឺជា​ការរួមចំណែក​ក្នុងការ​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ចាប់តាំងពី​ដំណាក់កាល​ទី២ រហូតមកដល់​ដំណាក់កាល​ទី​៤ លើ​វិស័យ​អប់រំ របស់​រាជរដ្ឋាភិបាល​។ គោលបំណង​នៃ​វិស័យ​អប់រំ​សិក្សា​ធិ​ការ​គឺ​ការបណ្តុះបណ្តាល​ធន​ធាន​មនុស្ស​ប្រកបដោយ​ចំណេះ​ដឹង ចំណេះធ្វើ​ពិតប្រាកដ មានគុណ​ធម៌ អត្ត​ចរិតល្អ​ប្រពៃ មាន​កាយសម្បទា​រឹងមាំ និង​មាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការងារ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ច និង​ធានា​ការពារ​រាល់​សមិទ្ធផល​របស់​ជាតិ​។​

​ជាមួយគ្នា​នោះ លោក ស​ ខេង ក៏បាន​ណែនាំ​ឱ្យ​ពង្រឹង​ការបណ្តុះបណ្តាល​និស្សិត​នៅ​សា​កល​វិទ្យាល័យ ជា ស៊ីម កំចាយ​មារ​ផ្នែក​អប់រំ បច្ចេកទេស​ជំនាញ​មានដូចជា​ជំនាញ​កសិកម្ម ការចិញ្ចឹម​សត្វ ការកែច្នៃ​ផលិតផល​កសិកម្ម ជំនាញ​គ្រឿងយន្ត​ជា​ដើម​។​ទន្ទឹមនឹង​ការបណ្តុះបណ្តាល​កម្រិត​អ្នកបច្ចេកទេស​ជំនាញ ក៏​បើក​ច្រក​ឱ្យ​និស្សិត ដែល​សិក្សា​ពូកែ មានឱកាស​បន្ត​ការសិក្សា​កម្រិត​ជាន់ខ្ពស់​ថែមទៀត ពោលគឺ​ក្រោយពេល​បញ្ចប់​ការសិក្សា ពួកគេ​នឹង​ក្លាយជា​វិស្វករ វិស្វករ​ជាន់ខ្ពស់ ឬ​អ្នក​បរិញ្ញាបត្រ ឬ​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផងដែរ​។​

​លោក​ សិត ខន សាកល​វិទ្យា​ធិ​ការ​នៃ​សាកលវិទ្យាល័យ​ជាតិ ជា ស៊ីម កំចាយមារ​បានឱ្យដឹង​ថា សាកលវិទ្យាល័យ​ជាតិ ជា ស៊ីម​កំចាយមារ មានឈ្មោះ​ដើម​ថា សាកលវិទ្យាល័យ មហាឥសី​​វេទ ត្រូវបាន​បង្កើតឡើង​ដំបូង តាម​អនុក្រឹត្យ​លេខ​ ០២ អនក្រ ចុះ​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​ ១៩៩៣ របស់​ក្រុមប្រឹក្សារដ្ឋមន្ដ្រី ហើយ​ដែល​បាននិងកំពុង​ដើរតួនាទី​យ៉ាងសកម្ម​ក្នុងការ​ផ្តល់​ការអប់រំ និង​បណ្តុះ​ណ្តា​ល​ធនធានមនុស្ស​សម្រាប់​កម្ពុជា​។

«​គិត​ត្រឹម​ឆ្នាំ​សិក្សា ២០២១-២០២២​ សាកល​វិទ្យា​ល័យ​ជាតិ ជា ស៊ីម កំចាយមារ​បាន​បណ្ដុះបណ្ដាល​និស្សិត​បញ្ចប់​ការសិក្សា​ចំនួន ២៥ ​ជំនាន់ រួចមកហើយ​គឺ​ស្មើនឹង ១៥ ៩៨១ នាក់ ហើយ​ដែល​កំពុង​បម្រើការ​ងារ​ក្នុង​ស្ថាប័នរដ្ឋ ឯកជន សង្គម​ស៊ីវិល និង​បាន​បង្កើតជា​សហ​គ្រាស ក្រុមហ៊ុន និង​អាជីវកម្ម​ផ្ទាល់ខ្លួន​ប្រកបដោយ​សមត្ថភាព​វិជ្ជាជីវៈ​ខ្ពស់ ឧត្ដមភាព សេចក្ដី​​ថ្លៃថ្នូរ និង​កិត្តិយស​»៕