ភ្នំពេញៈ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រកឃើញថា ពលករ​ខ្មែរ​រាប់រយ​នាក់​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ​ត្រូវ​បាត់បង់​ការងារ​នៅ​ដើមឆ្នាំ​ ២០២៣​ នេះ​។ មន្ត្រី​អង្គការ​សង់​ត្រា​ល់​ប្រចាំ​ប្រទេស​ថៃ​ថា នៅ​ដើមឆ្នាំ ​២០២៣​ នេះ មាន​រោងចក្រ​ជាច្រើន​នៅ​ប្រទេស​ថៃ ​បាន​ផ្អាក​ដំណើរការ រួមទាំង​វិស័យ​សំណង់ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ពលករ​ខ្មែរ​ដែល​ធ្វើការ​នៅ​នោះ ត្រូវបាន​បញ្ឈប់​ពី​ការងារ និង​ពិបាក​ក្នុងការ​ស្វែងរក​ការងារ​ថ្មី​។​

​ លោក ឡឹង សុ​ផុន មន្ត្រី​គម្រោង​ប្រចាំ​នៅ​ប្រទេស​ថៃ​នៃ​អង្គការ​សិ​ទិ្ធ​ការងារ​កម្ពុជា​សង់​ត្រា​ល់​បាន​ឲ្យ​ដឹងថា នៅ​ដើមឆ្នាំ​២០២៣​នេះ ចំនួន​រោងចក្រ​នៅ​ប្រទេស​ថៃ ដែល​បាន​បញ្ឈប់​ពលករ​ខ្មែរ​ពី​ការងារ មានការ​កើនឡើង​ច្រើន ខណៈដែល​ពលករ​នៅ​វិស័យ​សំណង់ ក៏​រង​ការបញ្ឈប់​ពី​ការងារ​ផងដែរ​។​

​ លោក​បន្តថា ពលករ​ខ្មែរ​មួយចំនួនទៀត ត្រូវបាន​ថៅកែ​ផ្ដល់ប្រាក់​ឈ្នួល​ឲ្យ​មិន​ទៀងទាត់​តាម​ពេលវេលា​ជាដើម ជាហេតុ​នាំឱ្យមាន​ពលករ​មួយចំនួន​បាន​ទាក់ទង​ទៅ​ស្ថានទូត អង្គការ​សង្គម​ស៊ីវិល និង​មូលនិធិ​ផ្សេងៗ ដើម្បី​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​របស់​ពួកគាត់​។ លោក​លើកឡើងថា ចាប់តាំងពី​ដើមខែ​កុម្ភៈ​មក មាន​រោងចក្រ​ជាច្រើន​នៅ​ប្រទេស​ថៃ​បានចាប់ផ្ដើមបញ្ឈប់​ពលករ​ខ្មែរ​ដោយ​មិនបាន​ធ្វើការ​ជូនដំណឹង​ទុកជាមុន ក្រោម​ហេតុផល​មិនមាន​អ្នកបញ្ជា​ទិញ ដូច្នេះ​មាន​ពលករ​ខ្មែរ​មួយចំនួន​បានមក​ទំនាក់ទំនង​មក​ស្ថានទូត សុំ​អន្តរាគមន៍ និង​មួយចំនួនទៀត កំពុង​ស្វែងរក​ការងារ​ថ្មី​។​

​លោក​ឡឹង សុ​ផុន បញ្ជាក់ថា​៖ «​តាំងពី​ចូលមក​ដើមឆ្នាំ​២០២៣​នេះ ឃើញថា បងប្អូន​មួយចំនួនច្រើន គឺ​ពួកគាត់​បាន​ត្អូ​ន​ត្អែ​រ​ពី​ភាពលំបាក​ក្នុងការ​ស្វែងរក​ការងារ​ធ្វើ​អ៊ីចឹង​ ហើយ​ការបញ្ឈប់​នេះ គឺ​មិនមែន​តែ​រោងចក្រ​ទេ សូម្បីតែ​ខាង​ពលករ​ដែល​ធ្វើំ​ការកសាង ធ្វើ​សំណង់​ហ្នឹង ក៏ត្រូវ​បាន​បញ្ឈប់​ដែរ។ កន្លែង​ខ្លះ​ពួកគាត់​ត្រូវបាន​ផ្អាក​ពី​ការងារ ត្រូវបាន​គេ​ពន្យារពេល​ក្នុងការ​បើកប្រាក់​ឈ្នួល ដែល​ធ្វើ​ឲ្យ​ពលករ​គាត់​លំបាក អ៊ីចឹង​ហើយ​បានជា​ពួកគាត់​ខ្លះ​ប្ដូរ​ការងារ​អ៊ីចឹងទៅ​»​។​

លោក​បន្តថា ទោះបីជា​រោងចក្រ​នៅ​ប្រទេស​ថៃ​មាន​ចំនួន​ច្រើន​ក៏ដោយ ប៉ុន្តែ​មាន​រោងចក្រ​ខ្លះ​បាន​បញ្ឈប់​ពលករ​ដោយ​បើកប្រាក់​ឈ្នួល​ឲ្យ និង​មាន​រោងចក្រ​ខ្លះទៀត​មិនបាន​បើកប្រាក់​ឈ្នួល​ឲ្យ​ពលករ​ខ្មែរ​ទាំងនោះ ដែលជា​ហេតុ​នាំ​ឲ្យ​ពួកគាត់​មានការ​ព្រួយបារម្ភ​លើ​ជីវភាព​រស់នៅ​។​

​លោក សេង ហុក​ជា​ពលករ​ធ្វើការ​រោងចក្រ​នៅ​ខេត្ត​ឈុន​បុរី​ប្រទេស​ថៃ​។ លោក​ប្រាប់ថា​លោក​មាន​ស្រុកកំណើត​នៅ​ខេត្តកំពត ហើយ​លោក​ធ្វើការ​នៅ​ប្រទេស​ថៃ​អស់​រយៈពេល​៤​ឆ្នាំ​មកហើយ​។​លោក​សេង ហុក ឱ្យដឹងថា លោក​បាន​បាត់បង់​ការងារ​តាំងពី​ខែមករា ដើមឆ្នាំ​នេះ ប៉ុន្តែ​លោក​គ្រោង​នឹង​ចូលធ្វើការ​វិញ​នៅ​ដើមខែ​មិនា​ខាងមុខ​។​

​លោក សេង ហុក​៖ ថ្លែងថា៖«​ខ្ញុំ​ធ្វើ​ការងារ​នៅ​រោងចក្រ តាមរយៈ​ក្រុម​ម៉ៅការ​ការងារ​ដេរ ​តែ​ពេលធ្វើៗ​គេ​ប្រាប់ថា​អស់​ការងារ​យើង​ក៏​អត់​អី​ធ្វើអ៊ីចឹង​ទៅ​។ ដេក​ហូប​ជាង​១​ខែ​ហើយ ទើប​បងប្អូន​គេ​ហៅ​ទៅធ្វើ​នៅ​ជិត​បាងកក នឹង​ចូលធ្វើ​នៅ​ថ្ងៃទី​មួយខែ​៣​នេះហើយ​»​។​

​ លោក សេង ហុក​ បានបន្ថែម​ថា៖«​យើង​នៅ​ស្រុក​គេអុីចេះ? បើ​អស់​ការងារ​ធ្វើ​មិនយូរ​មិនឆាប់​ច្បាស់​ជា​រត់​ទៅវិញ​ព្រោះ​អត់លុយ​ចំណាយ​ទេ ពិតជា​មិន​ស្រួល​ឡើយ​»​។​

​ ឆ្លើយតប​ជាមួយ​បញ្ហា​ប្រឈម​របស់​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ ថ្មីៗ​នេះ​ក៏បាន​ចុះជួយ​អន្តរាគមន៍​ដោះស្រាយ​ក្នុងការ​ស្វែងរក​ការងារ​ថ្មី​ជូន​ពលករ​ទាំងនោះ ខណៈដែល​មាន​ពលករ​ខ្មែរ​បាន​ទៅ​រាយការណ៍​ប្រាប់​ស្ថានទូត​។

​ទាក់ទិន​រឿងនេះ​មន្ត្រី​អនុព័ន្ធ​ការងារ​នៃ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ គឺ​លោក ជុំ ស​ម្ភ​ស្ស មិនទាន់​ឆ្លើយតប​ចំពោះ​បញ្ហា​ដែល​សង្គម​ស៊ីវិល​សង្កេតឃើញ​នេះ​ទេ ខណៈដែល​អ្នកនាំពាក្យ​ក្រសួង​ការងារ​ក៏​មិន​អត្ថាធិប្បាយ​ពី​បញ្ហា​ទាំង​នេះដែរ​។​

តាម​របាយការណ៍​រប​ស់​អង្គ​ការសង់​ត្រា​ល់​បង្ហាញថា ពលករ​ខ្មែរ​ដែល​កំពុងធ្វើការ​ងា​រ នៅក្នុង​ប្រទេស​ថៃ​មាន​ប្រមាណ​ជាង​២​លាន​នាក់​ក្នុងនោះ​អ្នក​មិនមាន​ឯកសារ​ស្របច្បាប់​ដោយ​ផុត​សុ​ព​លភាព​ការងារ​និង​ឆ្លងដែន​ខុសច្បាប់​មាន​ប្រមាណ​១​លាន​នាក់​។ អង្គការ​នេះ​បញ្ជាក់ថា អ្នក​ដែល​មិនមាន​ឯកសារ​ស្របច្បាប់​ប្រឈមមុខ​ច្រើន​ដូចជា រង​ការកេងប្រវ័ញ្ច​កម្លាំង​ពលកម្ម និង​ការចាប់ខ្លួនពីសំណាក់​អាជ្ញាធរ​ថៃ​៕