
សំរាមប្លាស្ទិកអណ្តែតនៅលូទឹកស្អុយ ១ កន្លែង កាលពីថ្ងៃទី ៣១ មករា ឆ្នាំ ២០២៣។ រូបថត Marine Plastic Cambodia
ភ្នំពេញៈ នៅក្នុងទិវាជាតិទីក្រុងស្អាតលើកទី១១ ឆ្នាំ ២០២៣ ក្រោមប្រធានបទ «ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាមកដល់ភាពកក់ក្ដៅ» និងពិធីប្រកាសជយលាភីទីក្រុងស្អាតលើកទី៣ នៅសណ្ឋាគារសុខាភ្នំពេញ ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឱ្យគ្រប់ផ្នែកត្រូវផ្សព្វផ្សាយអប់រំបន្ថែមទៀតជុំវិញបញ្ហាអនាម័យបរិស្ថានជាពិសេសការបោះចោលសំណល់ប្លាស្ទិក ពាសវាលពាសកាល។
លោកថ្លែងថា៖ «ត្រូវយកចិត្តទុកដាក់ធ្វើការអប់រំជាមួយប្រជាជនរបស់យើងឱ្យយល់ដឹងថា នេះជាទឹកដីពួកគាត់ អ្វីៗគឺជារបស់ពួកគាត់ ពួកគាត់ត្រូវចូលរួម ហើយអ្នកណាក៏ដោយ គឺត្រូវតែចូលរួមចាប់តាំងពីប្រជាជនធម្មតា រហូតដល់អ្នកមុខអ្នកការជាន់ខ្ពស់ ហើយមិនមែនតែអ្នកទីក្រុងទេ អ្នកនៅជនបទសូមជួយធ្វើឱ្យស្ថានភាពអនាម័យនេះឱ្យបានល្អប្រសើរ»។
លោកលើកឡើងថា អនាម័យបរិស្ថានមិនត្រឹមតែជាការទាក់ទាញទេសចរនោះទេ ប៉ុន្តែបញ្ហានេះមានការទាក់ទងជាមួយនឹងសុខភាពរបស់ប្រជាពលរដ្ឋ និងភាពស្អាតរបស់ប្រជាពលរដ្ឋ និងសហគមន៍។ លោកនាយករដ្ឋមន្ត្រីបានរំឭកថា កាលប្រមាណ ២ទសវត្សរ៍មុនកម្ពុជាបានប្រើពាក្យស្លោកមួយថា «ភូមិស្អាតស្រែល្អ» ដែលចំណុចនេះ ចង់សំដៅថា កម្ពុជាបានធ្វើយុទ្ធនាការច្រើនពីបញ្ហាអនាម័យនេះ។ មានជំងឺមួយចំនួនដូចជាគ្រុនឈាមជាដើម គឺបានកើតឡើង ពីការខ្វះអនាម័យនៅតាមទីជនបទ។
លោកថ្លែងថា៖«កាលពីសម័យមុនទឹកជំនន់សហស្សវត្សរ៍ឆ្នាំ២០០០ ជានិច្ចកាលកម្ពុជាមានជំងឺចុះក្អួតនៅក្នុងរដូវទឹកសម្រក ប៉ុន្តែយើងបានខិតខំធ្វើការជាមួយប្រជាពលរដ្ឋ ទឹកជំនន់ឆ្នាំ២០០០ នៅសល់តែ១កន្លែងទេ បើសិនជាខ្ញុំចាំ មិនច្រឡំគឺនៅមានជំងឺចុះក្អួតដែលកើតនៅស្រុកពារាំង នៃខេត្តព្រៃវែង ប៉ុន្តែបន្តពីនោះមកដល់បច្ចុប្បន្ននេះ ២០ឆ្នាំហើយ យើងមិនដែលមានជំងឺនេះទៀតទេ»។
លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា ការទទួលបានលទ្ធផលល្អប្រសើរនេះ ផ្តើមចេញពីវិធានការគ្រប់គ្រង ជាមួយនឹងការភ្ញាក់រឭករបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះលោកហ៊ុន សែន ស្នើឱ្យមានការថែរក្សាអនាម័យឱ្យបានល្អសម្រាប់ឆ្នាំ២០២៣នេះ ដោយធ្វើឡើងមិនមែននៅតែទីក្រុងនោះទេ ពោលគឺត្រូវលាតសន្ធឹងទៅដល់ទីជនបទតាមរយៈការធ្វើឱ្យបរិស្ថានបានល្អប្រសើរនៅជនបទដើម្បីសុខភាពរបស់ប្រជាពលរដ្ឋទាំងអស់។
លោកថ្លែងថា៖«ភាពអនាម័យវានឹងនាំទៅដល់ស្ថានភាពល្អប្រសើរនៅតាមភូមិ ឃុំរបស់គាត់ និងទាក់ទាញបានទេសចរបន្ថែមទៀតទៅលេងនៅតាមភូមិ ឃុំ របស់ពួកគាត់។ អ៊ីចឹងយើងកុំធ្វើតែ១ឆ្នាំ ចលនានេះ នឹងត្រូវធ្វើច្រើនឆ្នាំ ហើយពង្រីកពីក្របខ័ណ្ឌរាជធានី ទីប្រជុំជន ទៅកាន់ទីជនបទ ដូចយុទ្ធនាការដែលយើងធ្លាប់មាន»៕