ភ្នំពេញៈ ​ក្រុមហ៊ុន ប៊ូ​យ៉ុង គ្រុប បានប្រគល់​រថយន្តក្រុង​ប្រភេទ​ថ្មី​ចំនួន​ ២០០​ គ្រឿង ដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​រួមចំណែក​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សេវា​ដឹកជញ្ជូន​សាធារណៈ​តាម​រថយន្តក្រុង ក្នុង​រាជធានី​ភ្នំពេញ​។​

ពិធី​ប្រគល់​-​ទទួល​រថយន្តក្រុង​ប្រភេទ​ថ្មី​នេះ​បានធ្វើ​ឡើង​នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ ដោយមាន​ការចូលរួម​ពី លោក ផាក ជុក​វុ​ក ឯកអគ្គរដ្ឋទូត​កូរ៉េ​ប្រចាំ​កម្ពុជា​, លោក លី ជុង​គឿន ប្រធាន​ប្រឹក្សា​ភិ​បាល​ក្រុមហ៊ុន ប៊ូ​យ៉ុង គ្រុប និង​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​។​

លោក លី ជុង​គឿន ថ្លែងថា រាជធានី​ភ្នំពេញ​មានការ​អភិវឌ្ឍ​គួរឱ្យភ្ញាក់ផ្អើល ដែល​បានធ្វើឱ្យ​បញ្ហា​ចរាចរណ៍​ក្លាយជា​រឿង​អាទិភាព​១​ផ្នែក ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ យក​ចិ​ត្ដ​ទុកដាក់​ខ្លាំង ជាពិសេស​ការសម្រួល​កា​រ​ធ្វើដំណើរ​កាន់តែ​ប្រសើរឡើង​របស់​ប្រជាពលរដ្ឋ​។​

លោក លី ជុង​គឿន បាន​ថ្លែងថា​៖«​មូលហេតុ​នៃ​ការផ្តល់​រថយន្តក្រុង​ថ្មី​ទាំង​២០០​គ្រឿង​ជូន​ដល់​រដ្ឋបាល​រាជធានី ដើម្បី​រួមចំណែក​ដោះស្រាយ បញ្ហា​កកស្ទះ​ចរាចរណ៍ នៅ​ភ្នំពេញ ពិសេស​កាត់បន្ថយ​ហានិភ័យ ដល់​អ្នកជិះ ដោយ​ប្តូរ​ពី​ការ​ជិះ​ម៉ូតូ​ដឹក​កូន ក្រោម​កម្ដៅថ្ងៃ ភ្លៀងខ្យល់ មក​ជិះ​ក្នុង​រថយន្តក្រុង​ដែលមាន​ផាសុកភាព និង​អាច​អាន​សៀវភៅ​បាន​ទៀតផង​»​។​

ជាមួយគ្នា​នោះ លោក ឃួ​ង ស្រេង បានឱ្យដឹងថា តាមរយៈ​ការដោះស្រាយ​បញ្ហា​ចរាចរណ៍ ក្រៅពី​ការពង្រីក​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ និង​ជាពិសេស​ការសាងសង់​ស្ពាន​អាកាស​ជាច្រើន​កន្លែង ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​ជា​រៀងរាល់​ថ្ងៃនេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ បានដាក់​ដំណើរការ​រថយន្ដក្រុង​សាធារណៈ​ប្រភេទ​ថ្មី ពី​គោលដៅ​១​ទៅ​គោលដៅ​១ រហូតដល់​ក្រុង​តាខ្មៅ ខេត្តកណ្ដាល ដែល​អនុញ្ញាតឱ្យ​បងប្អូន​ប្រជាពលរដ្ឋ អាចធ្វើ​ដំណើរ​ដោយ​មិនចាំបាច់​ប្រើ​យានជំនិះ​ផ្ទាល់ខ្លួន​ឡើយ ហើយ​ចំណាយ​ក៏​តិច​ផងដែរ​។​

លោក ថ្លែងថា ការផ្ដល់​ជំនួយ​របស់​ក្រុមហ៊ុន​ដែល​ប្រគល់​រថយន្តក្រុង​ប្រភេទ​ថ្មី​នាពេលនេះ គឺជា​ការបង្ហាញឱ្យឃើញ​ពី​ការរួមចំណែក បង្កើន​ទំនាក់ទំនង និង​កិច្ច​សហ​ប្រិប​ត្ដិ​ការ រវាង​រដ្ឋាភិបាល​កូរ៉េ និង​រាជរដ្ឋាភិបាល​កម្ពុជា​។​

លោក ឃួ​ង ស្រេង បញ្ជាក់ថា​៖«​ប្រសិនបើ​ពុំមាន​សេវា​រថយន្តក្រុង​ទេនោះ ស្ថានភាព​ចរាចរណ៍​នៅ​ភ្នំពេញ​នឹង​កាន់តែ​កកស្ទះ​ណែនណាន់តាន់តាប់​ខ្លាំង​ឡើង​។ ដូចនេះ រថយន្តក្រុង​ថ្មី​២០០​គ្រឿង​នេះ នឹង​រួមចំណែក​កាត់បន្ថយ​បានជា​អតិបរមា នូវ​ការប្រើប្រាស់​មធ្យោបាយ​ផ្ទាល់ខ្លួន​»​។​

លោក កែវ ចាន់ណា​រិ​ទ្ធ អភិបាល​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង (City Bus) រាជធានី​ភ្នំពេញ ថ្លែងថា ជំនួយ​របស់​ក្រុមហ៊ុន​ប៊ូ​យ៉ុង​គ្រុប ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ​នាពេលនេះ នឹង​ជួយ​ឱ្យ​រាជធានី​ភ្នំពេញ​កាន់​តែមាន​សោភណភាព ពិសេស​ឈានទៅ​ជួយ​បង្កើន​ប្រសិទ្ធភាព​ខ្សែ​រត់​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​ឱ្យ​កាន់តែ​ជឿនលឿន​មួយកម្រិត​ទៀត​។​

លោក ផាក ជុង​វុ​ក ថ្លែងថា កម្ពុជា និង​ប្រទេស​កូរ៉េ មាន​ទំនាក់ទំនង សហប្រតិបត្តិការ សេដ្ឋកិច្ច វប្បធម៌ ជាមួយគ្នា​តាំងពី​ឆ្នាំ​១៩៩៧ ហើយ​ការផ្តល់​រថយន្តក្រុង ទាំង​២០០​គ្រឿង​នេះ ជា​និមិត្តរូប​មួយ​នៃ​កិច្ចសហប្រតិបត្តិការ នៃ​ប្រទេស​ទាំង​២​ឱ្យ​កាន់តែ​ប្រសើរឡើង​មួយកម្រិត​ថែមទៀត​។​

សូម​បញ្ជាក់ដែរថា ក្រុមហ៊ុន ប៊ូ​យ៉ុង គ្រុប (BOOYOUNG GROUP) គឺជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​របស់​កូរ៉េខាងត្បូង ដែល​បាន​បណ្ដាក់​ទុនវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​បាន​ចូលរួមចំណែក​ផ្ដល់​អត្ថប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច និង​សង្គម​ជាច្រើន​សម្រាប់​ប្រជាជន​កម្ពុជា​។​

តំណាង​ក្រុមហ៊ុន ប៊ូ​យ៉ុង គ្រុប បាន​ថ្លែងថា ក្រុមហ៊ុន​ពិតជា​មោទនភាព និង​រីករាយ​ដែល​បាន​ចូលរួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គមកិច្ច និង​ការចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ទាំង​នៅ​រាជធានី​ភ្នំពេញ ក៏ដូចជា​នៅក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស ខណៈ​ក្រុមហ៊ុន​នេះ​ក៏បាន​ប្តេជ្ញា​ពង្រីក​ការវិនិយោគ​បន្ថែម ដើម្បី​រួមចំណែក​បង្កើន​សេដ្ឋកិច្ច និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​៕