ភ្នំពេញៈ ​បេឡា​ជាតិ​សន្តិសុខ​សង្គម​នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​អង្គភាព​សោធន​ជាតិ នៃ​សាធារណរដ្ឋ​កូរ៉េ បាន​ចុះ​អនុស្សរណៈ នៃ​ការយោគយល់​គ្នា​មួយ ស្តីពី «​កិច្ចសហប្រតិបត្តិការ​គ្នា​ទៅវិញទៅមក​» ដោយ​កម្ពុជា​-​កូរ៉េ ចាប់ផ្តើម​សហប្រតិបត្តិការ​លើ​រប​ប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន​។​

​ យោងតាម​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​រសៀល​ថ្ងៃទី​២៨ ខែកុម្ភៈ លោក អុិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​បេឡា​ជាតិ​សន្តិសុខ​សង្គម បានលើកឡើង​នា​ពិធី​ចុះហត្ថលេខា​ថា ការចុះហត្ថលេខា​នេះ ពិត​ជាមាន​សារៈសំខាន់​ណាស់​។​

​ លោក​បាន​បន្តថា ការចុះ​អនុស្សរណៈ​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ផ្តល់​កិច្ចសហប្រតិបត្តិការ​គ្នា​ទៅវិញទៅមក លើ​ការអភិវឌ្ឍ​គោលនយោបាយ ការពង្រឹង និង​ការពង្រីក​ដែន​វិសាលភាព​របប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន ក្នុង​គោលដៅ​ផ្តល់​អត្ថប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក និង​អភិវឌ្ឍ​គ្រឹះ នៃ​ទំនាក់ទំនង​ដ៏​រឹងមាំ​នាពេល​អនាគត រវាង​បេឡា​ជាតិ​សន្តិសុខ​សង្គម​និង​អង្គភាព​សោធន​ជាតិ នៃ​សាធារណរដ្ឋ​កូរ៉េ​។

​លោក អុិត សំហេង ថ្លែងថា៖ «​តាមរយៈ​ការចែករំលែក​នូវ​បទពិសោធន៍ ចំណេះដឹង និង​ការងារ​ពាក់ព័ន្ធ​ផ្សេងៗ​របស់​អង្គភាព​សោធន​ជាតិ នៃ​សាធារណរដ្ឋ​កូរ៉េ ជា​ធាតុ​ចូល​បន្ថែម ដ៏​មាន​សារៈសំខាន់​បំផុត សម្រាប់​ការអនុវត្ត​របប​សន្តិ​សុខ​សង្គម​ផ្នែក​ប្រាក់​សោធន​ក្នុង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន​»​។​

​ លោក​បាន​បន្តថា៖«​ជាពិសេស​ម្រា​ប់​បុគ្គល​ស្វ័យ​និ​យោជន៍ ដើម្បី​ធានាថា ​ប្រជាពលរដ្ឋ​ទាំងអស់​ទទួលបាន​សន្តិ​សុខ​ប្រាក់ចំណូល សមធម៌​សង្គម សេចក្តីថ្លៃថ្នូរ និង​វឌ្ឍនភាព​សង្គម ស្របទៅតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ដាក់ចេញ​ថា គ្មាន​ទុក​អ្នកណាម្នាក់​ឱ្យនៅ​ក្រៅ​សំណាញ់​នៃ​ការ​គ្របដណ្តប់​របស់​ប្រព័ន្ធ​សន្តិសុខ​សង្គម​ឡើយ​»​។​

​រាជរដ្ឋាភិបាល​កម្ពុជា បាន​យកចិត្តទុកដាក់​ទៅលើ​ពលករ​ទេ​សន្តរ​ប្រវេសន៍ ដែល​ធ្វើការ​ចាកចេញ​ពី​ប្រទេស​កំណើត​របស់ខ្លួន​ដើម្បី​បំពេញការងារ ហើយ​នៅពេល​ត្រឡប់មក​ប្រទេស​កំណើត​វិញ មិន​ទទួលបាន​ការការពារ​ពី​ប្រព័ន្ធ​សន្តិសុខ​សង្គម ដែល​នេះ​គឺជា​បញ្ហា​ប្រឈម​មួយ​ទាំង​ក្នុង​កម្រិត​ថ្នាក់​តំបន់ និង​អន្តរជាតិ​។

​ នាឱកាស​នោះ នាយក​មជ្ឈមណ្ឌល​សហ​ប្រតិបត្តិការ​អន្តរជាតិ​នៃ​អង្គភាព​សោធន​ជាតិ នៃ​សាធារណរដ្ឋ​កូរ៉េ​លោក Kim Chi-mook បាន​ថ្លែង​ឡើង​ដោយ​លោក​សង្ឃឹមថា អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​ការផ្លាស់ប្តូរ និង​កិច្ចសហប្រតិបត្តិការ និង​ការបណ្តុះបណ្តាល​ចំពោះ​ស្ថាប័ន​នៃ​ប្រទេស​ទាំង២ នឹង​បង្កើត​បណ្តាញ​ជិតស្និទ្ធ​មួយដើម្បី​បន្ត​ការផ្លាស់ប្តូរ​ព័ត៌មាន ធនធានមនុស្ស និង​ទំនាក់ទំនង​សហប្រតិបត្តិការ ហើយ​លើសពីនេះ​ទៀត ប្រព័ន្ធ​សោធន​និវត្តន៍​របស់​សាធារណរដ្ឋ​កូរ៉េ និង​កម្ពុជា​នឹង​អភិវឌ្ឍ​រួមគ្នា​។

​ចំណែក លោក អ៊ុក សមវិទ្យា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក ប​.​ស​.​ស​. លើកឡើង​ដែរ​ថា កន្លងមក បេឡា​ជាតិ​សន្តិសុខ​សង្គម មាន​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធជាមួយ​ស្ថាប័ន​សន្តិសុខ​សង្គម​នៃ​សាធារណរដ្ឋ​កូរ៉េ​។​លោក​ថា កិច្ចសហការ​ទាំងនោះ រួមមាន កិច្ចសហការ​ជាមួយ​អង្គភាព​សុខុមាលភាព និង​សំណង​គ្រោះថ្នាក់​ការងារ អង្គភាព​ធានារ៉ាប់រង​សុខភាព​ជាតិ ជាពិសេស​កិច្ចសហការ​ជាមួយ​អង្គភាព​សោធន​ជាតិ ពាក់ព័ន្ធ​ទៅនឹង​ការអនុវត្ត​របប​សន្តិ​សុខ​សង្គម​ផ្នែក​ប្រាក់​សោធន​៕