
នគរបាលកំពុងត្រួតនិនិត្យអ្នកបើកបរនៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញ។ ហុង មិនា
ភ្នំពេញៈ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៅតែបន្តការរឹតបន្តឹងការអនុវត្តច្បាប់លើការមិនពាក់មួកសុវត្ថិភាព ការបើកបរលើសល្បឿនកំណត់ ការបើកបរក្នុងស្ថានភាពស្រវឹង ការដកពិន្ទុក្នុងបណ្ណបើកបរ និងការងារផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងបញ្ហាចរាចរណ៍នៅក្នុងឆ្នាំ ២០២៣ នេះ។
នេះជាការថ្លែងរបស់លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិកានៃគណកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រាប់អ្នកសារព័ត៌មាននៅក្រោយកិច្ចប្រជុំសម្របសម្រួលរវាងអគ្គលេខាធិការដ្ឋានគណកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងស្ថាប័នរាជរដ្ឋាភិបាលពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងវិស័យឯកជនធ្វើឡើងនៅទីស្តីការក្រសួងសាធារណការនិងដឹកជញ្ជូននៅថ្ងៃទី ២៨ ខែកុម្ភៈ។
លោកស្រីលើកឡើងថា សមត្ថកិច្ចពាក់ព័ន្ធនឹងសហការជាមួយអង្កការដៃគូដើម្បីធ្វើការអប់រំផ្សព្វផ្សាយទៅតាមពេលវេលា និងទីកន្លែង ដែលសមស្រប ព្រមទាំងខិតខំបន្ថែមទៀត ក្នុងការធ្វើការអប់រំផ្សព្វផ្សាយតាំងពីនៅមុនព្រឹត្តិការណ៍បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងព្រឹត្តិការណ៍ស៊ីហ្គេមខាងមុខនេះ។
លោកស្រីថ្លែងថា៖«ឥឡូវនេះគឺយើងកំពុងតែខិតខំប្រឹងប្រែងហើយ ប៉ុន្តែដល់ពេលកៀក គឺយើងបន្ថែមល្បឿនបង្កើនសកម្មភាព ថែមទៀត។ យើងនឹងរួមសហការ ព្រោះយើងមានអង្គការដៃគូ ពិសេសគឺអង្គការមូលនិធីបង្ការរបួសអាស៊ី ដែលគាត់បាន សហការជាប់ជាប្រចាំជាមួយយើង ហើយយើងនឹងចុះទៅតាមខេត្តនិងគោលដៅណាដែលសំខាន់ៗដើម្បីអប់រំផ្សព្វផ្សាយ ហើយការរឹតបន្តឹងនៅដដែល»។
លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ី (AIP) ប្រចាំនៅកម្ពុជាថ្លែងថា ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកទាក់ទងនឹងការដកពិន្ទុក្នុងបណ្ណបើកបរ លោកមើលឃើញថា បានរួមចំណែកនៅក្នុងការកែប្រែឥរិយាបថរបស់ប្រជាពលរដ្ឋដែលជាអ្នកបើកបរ ពីការមិនគោរពច្បាប់ ទៅជាការគោរពច្បាប់ ហើយលទ្ធផលនឹងនាំមកនូវការកាត់បន្ថយចំនួនអ្នកស្លាប់អ្នករងរបួសដែលកើតមាននៅលើដងផ្លូវ។
លោកថ្លែងថា៖«ខ្ញុំសុំលើកទឹកចិត្តឱ្យមានការបន្តការអនុវត្តការដកពិន្ទុនេះ។ យើងអាចធ្វើជាហានៗ ហើយផ្តោតជាសំខាន់លើផ្លូវជាតិដលមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងខ្ពស់ ហើយផ្តោតលើកត្តាហានិភ័យដែលបង្កឱ្យមានគ្រោះថ្នាក់ដូចជាការបើកបរលើសល្បឿនកំណត់ ជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងជាដើម»។
លោកបញ្ញាលើកឡើងថា គ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០២៣នេះហាក់មានការកើនឡើងជាងឆ្នាំមុន។ បើមើលតាមរយៈការ ផ្សព្វផ្សាយពីគ្រោះថ្នាក់ចរាចរណ៍ប្រចាំថ្ងៃឃើញថា មានការកើនឡើងខ្ពស់ដោយថ្ងៃខ្លះ៨ទៅ៩នាក់ស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍។ ទន្ទឹមនេះយានយន្តចុះបញ្ជីក៏មានចំនួនច្រើន រហូតដល់ប្រមាណជិត ៥សែនគ្រឿងទាំងម៉ូតូនិងឡានបូកចូលគ្នា ក្នុងឆ្នាំៗ ជាពិសេសរយៈពេល៣ឆ្នាំចុងក្រោយនេះ។ ជាមួយគ្នានេះការធ្វើដំណើរតាមដងផ្លូវមានច្រើន ហើយភ្ញៀវទេសចរក៏បានចូលមកកម្ពុជាច្រើនគួរសមផងដែរ។
លោកបន្តថា ដើម្បីដោះស្រាយការកើនឡើងនៃគ្រោះថ្នាក់ចរាចរណ៍ មានតែបន្តការរឹតបន្តឹងការអនុវត្តច្បាប់ឱ្យបានទូលំទូលាយ ម៉ឺងម៉ាត់ជាប់លាប់ ហើយធ្វើដោយផ្តោតលើកន្លែងមានហានិភ័យគ្រោះថ្នាក់ចរាចរណ៍ខ្ពស់ពិសេសគឺនៅតាមបណ្តោយផ្លូវជាតិ។ ការអនុវត្តច្បាប់នេះទៀតសោត ត្រូវធ្វើឡើងដោយតម្លាភាព និងត្រឹមត្រូវដើម្បីទាក់ទាញការចូលរួមគោរពច្បាប់ពីប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ផ្លូវ។
លោកថ្លែងថា៖«សូមធ្វើឱ្យទូលំទូលាយ ធ្វើឱ្យបានគ្រប់រាជធានី ខេត្ត បើមិនអ៊ីចឹងទេ យើងឃើញខេត្តនេះប្រសើរ តែខេត្តនោះបែរជាមិនប្រសើរ ដោយសារការរឹតបន្តឹងការអនុវត្តច្បាប់របស់យើង អត់បានស្មើដៃគ្នា ហើយអត់បានហ្មត់ចត់»៕