​ភ្នំពេញៈ ក្រោយពី​មាន​បញ្ហា​ពាក់​ព័ន្ធ​ការចាប់យក​សត្វ​ក្ងោក​ពី​ប្រជា​ពលរដ្ឋ​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ញើ​សារ​សំឡេង​ដល់​រដ្ឋមន្ត្រីក្រសួង​ក​សិ​កម្ម​រុក្ខាប្រមាញ់ និង​នេសាទ អ្នកច្បាប់ និង​មន្ត្រី​ដែល​ទទួលខុសត្រូវ​ខាង​សត្វ ត្រូវធ្វើ​វិសោធនកម្ម​ជាបន្ទាន់ ហើយ​លុបចោល​កថាខណ្ឌ​ណា​ដែល​ទាក់​ទង​នឹង​ការចាប់យក​សត្វ ដែលជា​ការ​រារាំង​ដល់​ចលនា​ចិញ្ចឹមសត្វ​របស់​ប្រជាពលរដ្ឋ​។​

​យោងតាម​សារ​របស់​នាយករដ្ឋមន្ត្រី​ដែល​បាន​ផ្សព្វផ្សាយ​ដល់​មន្ត្រី​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​កាលពី​ថ្ងៃទី​ ២៨ ខែកុម្ភៈ បានឱ្យដឹងថា​៖ «​ក្នុង​ប៉ុន្មាន​ថ្ងៃនេះ​មាន​បញ្ហា​ពាក់ព័ន្ធ​ជាមួយនឹង​បញ្ហា​ការចាប់យក​នូវ​សត្វ​ក្ងោក​ដែល​ប្រជាពលរដ្ឋ​បាន​ចិញ្ចឹម បាន​ស្រែ​ករក​ខ្ញុំ​ដើម្បី​ជួយ​ទៅលើ​បញ្ហា​នេះ​។ ខ្ញុំ​ក៏​មិនដឹង​ច្បាស់​ថា ​តើ​អស់លោក​ចាប់​ដោយ​មូល​ហេតុអ្វី​នោះទេ ប៉ុន្តែ​រឿងរ៉ាវ​ទាំងឡាយ​គឺ​ខ្ញុំ​ទុក​មួយ​ឡែក​»​។​

​លោក​ថ្លែងបន្តថា​៖ «​ខ្ញុំ​សុំ​ចេញ​បទ​​បញ្ជា​បន្ទាន់​សុំឱ្យ​អ្នកទទួលខុសត្រូវ​ដែល​បាន​យក​សត្វ​ចេញពីផ្ទះ​របស់​ក្រុមគ្រួសារ​ដែល​ចិញ្ចឹមសត្វ​នេះ​យកទៅ​ជូន​ដល់ផ្ទះ​វិញ​តែម្ដង គឺ​ខ្ញុំ​មិន​​យល់ស្រប​ជាមួយនឹង​ទង្វើ​បែបនេះ​នោះទេ យើង​គួរតែ​លើកទឹកចិត្ត​ឱ្យ​ប្រជាជន​ចិញ្ចឹមសត្វ​ដែល​ជិត​ផុត​ពូជ​ជាជាង​ទៅ​ចាប់យក​សត្វ​ដែល​ប្រជា​​ជន​ខំ​ចិញ្ចឹម​យកមក​ទុក​នៅ​ទីកន្លែង​ ១ ​ដែល​វា​មិនយូរប៉ុន្មាន​ទេ​សត្វ​នេះ​វា​នឹង​ស្លាប់​ប្រសិនបើ​ខ្វះ​ការថែទាំ និង​ខ្វះ​ការយកចិត្តទុកដាក់​»​។​

​លោកនាយក​រដ្ឋមន្ត្រី​បាន​បញ្ចេញ​សារ​នេះ​ក្រោយពី​ក្រុម​អន្តរាគមន៍​បង្ក្រាប​បទ​ល្មើស​សត្វព្រៃ​ចល័ត នៃ​រដ្ឋបាល​ព្រៃឈើ សហការ​ជាមួយ​អង្គ​​ការ Wildlife Alliance កាលពី​ថ្ងៃទី ​១៦ ខែកុម្ភៈ បាន​ចុះ​ហាមឃាត់ និង​ដកហូត​សត្វ​ក្ងោក ៦ ក្បាល ពី​លំនៅ​ឋាន​របស់​ក្រុមគ្រួសារ​លោក យឹម សំអឿន នៅក្នុង​ភូមិ​សន្លង់ ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង​។​

​សារ​ដដែល​នេះ​បញ្ជាក់ថា​៖ «​មុននេះ​ខ្ញុំ​ក៏មាន​ចិញ្ចឹមសត្វ​ក្ងោក​ច្រើន​ដែរ​ក៏ប៉ុន្តែ​ដោយសារ​ការបារម្ភ​ទៅលើ​ចៅៗ​របស់ខ្ញុំ ខ្ញុំ​ក៏​ឱ្យ​យក​សត្វ​ក្ងោក​នេះ​ទៅ​ទុក​នៅ​កូនប្រុស​របស់ខ្ញុំ​វិញ អ៊ីចឹង​ទេ​គ្មាន​ហេតុផល​ណាមួយ​ដែល​នឹងត្រូវ​ទៅ​ចាប់យក​សត្វ​ក្ងោក​ដែល​ប្រជាជន​ចិញ្ចឹម​យកមក​ទុក​នៅ​កន្លែង​ចិញ្ចឹមសត្វ ហើយ​ចាត់ទុកជា​អំពើ​ខុសច្បាប់ ក្នុងករណី​ដែល​ច្បាប់​មានចែង ខ្ញុំ​ក៏​សុំ​ស្នើឱ្យ​អ្នកច្បាប់​ធ្វើការ​ជា​​បន្ទាន់​ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់ លុបចោល​នូវ​កថាខណ្ឌ​ណា​ដែល​ទាក់ទិន​នឹង​ការចាប់យក​សត្វ​ចិញ្ចឹម​របស់​ប្រជាពលរដ្ឋ​ដែល​យើង​គួរតែ​លើក​​ទឹកចិត្ត​ឱ្យ​ប្រជាជន​ចិញ្ចឹម​ដែលជា​ការ​​ដែល​ធ្វើ ​(​ឱ្យ​)​ ចលនា​រារាំង​ការចិញ្ចឹម​សត្វ​របស់​ប្រជាពលរដ្ឋ​។ អ៊ីចឹង​ទទួលបាន​បទបញ្ជា​នេះហើយ មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ត្រូវ​ដឹកជញ្ជូន​សត្វ​នេះ​ទៅដល់​ផ្ទះ​វិញ​ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន គឺ​ធ្វើ​នៅក្នុង​ថ្ងៃទី​ ២៨ (​ខែកុម្ភៈ​) នេះ​តែម្ដង ទទួលបាន​បទបញ្ជា​នេះ​គឺ​សូម​អនុវត្ត​ភ្លាម គឺ​គ្មាន​ការរង់ចាំ នេះ​ជា​បទបញ្ជា​របស់​នាយក​រដ្ឋមន្ត្រី​ដែល​មិនអាច​នឹងមិន​អនុវត្ត​បានឡើយ រឿង​ដទៃទៀត​ទុក​និយាយ​គ្នា​នៅពេល​ក្រោយ​»​។​

​យោងតាម​ច្បាប់​ស្ដីពី​ព្រៃឈើ ជំពូក​ទី​១០ ការអភិរក្ស​សត្វព្រៃ មាត្រ ៤៨ បាន​ចែងថា ពពួកសត្វ​ព្រៃ​គ្រប់​ប្រភេទ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា គឺជា​សម្បត្តិ​របស់​រដ្ឋ និង​ជា​សមាសភាគ​នៃ​ធនធាន​ព្រៃឈើ​។ ពពួក​សត្វព្រៃ​ទាំងអស់នេះ គឺ​ស្ថិតនៅក្រោម​ការ​គ្រប់គ្រង ការសិក្សា​ស្រាវជ្រាវ និង​ការ​អភិរក្ស​ដោយ​រដ្ឋបាល​ព្រៃឈើ​។ [...] គ្រប់​ប្រភេទ​សត្វព្រៃ​ទាំងអស់ គឺ​ត្រូវបាន​បែង​ចែកជា​ ៣ ​ក្រុម គឺ​ ១-​ ក្រុម​ប្រភេទ​ជិត​ផុត​ពូជ ២-​ ក្រុម​ប្រភេទ​មាន​ដោយ​កម្រ និង ៣- ​ក្រុម​ប្រភេទ​មាន​ដោយ​បង្គួរ​។

​យោងតាម​ច្បាប់​ព្រៃឈើ មាត្រា​ដែលមាន​ចែង​ពាក់ព័ន្ធ​នឹង​សត្វព្រៃ គឺ​ចាប់ពី​មាត្រា​ ៤៩ ដល់​មាត្រា​ ៥១ ដែល​មាត្រា​ទាំងនោះ បានចាត់ទុក​សកម្មភាព​ក្នុង​ការធ្វើ​សន្និធិ ការ​ថែ​​រក្សា​ជា​លក្ខណៈ​សួនសត្វ ឬ​គ្រួសារ និង​ការដឹកជញ្ជូន ឬ​ធ្វើ​ពាណិជ្ជកម្ម​លើ​ប្រភេទ​សត្វ​កម្រ ឬ​បង្គួរ ថា ជា​អំពើ​ខុសច្បាប់​។​

​ប៉ុន្តែ បើ​យោងតាម​ប្រកា​សលេខ​ ០២០ ប្រក​.​កសក ចុះ​ថ្ងៃទី​ ២៥ ខែមករា ឆ្នាំ ២០០៧ ស្តីពី​ចំណាត់​​ថ្នាក់ និង​បញ្ជី​ឈ្មោះ​ប្រភេទ​សត្វព្រៃ និង​ក្នុង​ឧបសម្ព័ន្ធ​ទី ​២ នៃ​អនុសញ្ញា​ស្តីពី​ការធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ ប្រភេទ​រុក្ខជាតិ និង​សត្វព្រៃ​ជិត​ផុត​​ពូជ (CITES) សត្វ​ក្ងោក (Green Peafowl) ឈ្មោះ​វិទ្យាសាស្ត្រ (Pavo muticus) ជា​ប្រភេទ​សត្វ​ស្លាប ស្ថិតនៅ​ក្រុម​ប្រភេទ​សត្វព្រៃ​មាន​ដោយ​កម្រ​។​

​លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ យ៉ាងខ្លី​ថា ការធ្វើ​វិសោធនកម្ម​ច្បាប់​ដែល​ពាក់ព័ន្ធ​នឹង​សត្វ​កម្រ​នេះ គឺជា​ដំបូង ជា​ដែន​សមត្ថកិច្ច​របស់​ក្រសួងសាមី ក្នុង​ការធ្វើ​គំនិត​ផ្តួចផ្តើម ខណៈ​ក្រសួងយុត្តិធម៌ អាច​ចូលរួម​ផ្តល់​មតិ​យោបល់ ពាក់ព័ន្ធ​នឹង​ច្បាប់​ណា​ដែលមាន​ចែង​ពី​ទោសទណ្ឌ​ប៉ុណ្ណោះ​។​

​លោក Nick Marx នាយក​កម្មវិធី​សត្វព្រៃ​នៃ​អង្គការ Wildlife Alliance មិនអាច​ទាក់ទង​បានទេ កាលពី​ថ្ងៃទី ២៨ កុម្ភៈ ដោយសារតែ​ទូរស័ព្ទ​ចូល មិនមាន​អ្នកទទួល​។

​អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កញ្ញា អ៊ឹម រចនា បាន​ថ្លែងប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «​ការសម្រេច​របស់​សម្ដេច គឺជា​ការសម្រេច​ដ៏​ត្រឹមត្រូវ​បំផុត ហើយ​ក្រសួង​នឹង​គោរព​ និង​អនុវត្តតាម​»​។​

​លោក យឹម សំអឿន ជា​ម្ចាស់​ក្ងោក​ដែល​ត្រូវបាន​មន្ត្រី​ដកហូត បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក នៅ​ថ្ងៃទី​ ២៨ ខែកុម្ភៈ ដោយ​សម្តែង​ការ​​អរគុណ​ចំពោះ​ចំណាត់ការ​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ដែល​បានប្រគល់​សត្វ​ទាំងនោះ​ត្រឡប់មក​លោក​វិញ​៕