
លោក ប្រាក់ សុខុន ចូលរួមក្នុងពិធីនៅស្ថានទូតជប៉ុន កាលពីយប់ថ្ងៃទី ២៧ កុម្ភៈ។ រូបថត ក្រសួងការបរទេស
ភ្នំពេញៈ តាមរយៈការទំនាក់ទំនងល្អរវាងរដ្ឋ និងរដ្ឋ និងរវាងប្រជាជន និងប្រជាជន បច្ចុប្បន្ន មានជនជាតិជប៉ុនប្រមាណ ៤ ៥០០ នាក់កំពុងរស់នៅ និងធ្វើការនៅកម្ពុជា ខណៈកម្ពុជាក៏មាននិស្សិត មន្ត្រីរដ្ឋាភិបាលដែលទទួលបានអាហារូបករណ៍ និងកម្មករជំនាញជាង ១៥ ០០០ នាក់ កំពុងស្នាក់នៅសិក្សា និងធ្វើការងារនៅប្រទេសជប៉ុន ផងដែរ។
នេះជាការថ្លែងរបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅក្នុងពិធីបុណ្យចម្រើនព្រះជន្មព្រះចៅអធិរាជជប៉ុន និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងកម្ពុជា-ជប៉ុន ដែលធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា ពីយប់ ថ្ងៃទី ២៧ កុម្ភៈ។
លោកប្រាក់ សុខុន បានលើកឡើងថា ផ្អែកលើទំនាក់ទំនងល្អរវាងប្រទេសទាំង ២ មានអ្នកស្ម័គ្រចិត្តជប៉ុនជាច្រើននាក់ត្រូវបានបញ្ជូនមកជួយកម្ពុជា ក្នុងវិស័យជាច្រើន នៅទូទាំងប្រទេស។
លោករដ្ឋមន្ត្រីក៏បានលើកឡើងពីផ្នែកសំខាន់ៗមួយចំនួន នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ ដែលមានឥទ្ធិពលយ៉ាងខ្លាំងលើការពង្រឹងទំនាក់ទំនងទ្វេភាគី។ ការផ្លាស់ប្តូរទស្សនកិច្ច និងអន្តរកម្មកម្រិតខ្ពស់កាលពីឆ្នាំមុន និងនាយករដ្ឋមន្ត្រីកម្ពុជា លោកហ៊ុន សែន និងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានបើកកិច្ចប្រជុំកំពូលចំនួន ៤ លើក គឺនៅកម្ពុជា ២ ដង និងជប៉ុន ២ ដង។ បន្ថែមពីនេះ រដ្ឋមន្ត្រីការពារជាតិ និងរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន ក៏បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួមក្នុងកិច្ចប្រជុំពាក់ព័ន្ធអាស៊ានផងដែរ។
លោក ប្រាក់ សុខុន បញ្ជាក់ថា៖ «គ្រាន់តែក្នុងរយៈពេល ២ ខែចុងក្រោយ នៃឆ្នាំនេះ ខ្ញុំបានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន ហើយរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន ក៏បានមកបំពេញទស្សនកិច្ចនៅកម្ពុជាផងដែរ»។
ចំណែកលើវិស័យសន្តិសុខ និងការពារជាតិ លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកបានជួបជាមួយ ឧត្តមសេនីយ៍ YAMAZAKI Koji ក្នុងឆ្នាំ ២០២២ អមដោយដំណើរទស្សនកិច្ច ២ ដង នៃនាវារបស់កងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុន (JMSDF) មកកាន់កម្ពុជា។
ទាក់ទងនឹងជំនួយអភិវឌ្ឍន៍ផ្លូវការ លោករដ្ឋមន្ត្រីការបរទេសថ្លែងថា ប្រទេសជប៉ុននៅតែជាម្ចាស់ជំនួយ និងជាដៃគូសេដ្ឋកិច្ចដ៏សំខាន់មួយរបស់កម្ពុជាជាមួយនឹងការគាំទ្រយ៉ាងទូលំទូលាយក្នុងវិស័យអភិវឌ្ឍន៍ដ៏ធំទូលាយ ជាពិសេសក្នុងការអភិវឌ្ឍហេ
ដ្ឋារចនាសម្ព័ន្ធ ឧទាហរណ៍ ផ្លូវជាតិលេខ ១ ផ្លូវជាតិលេខ ៥ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុជាដើម។
លោកថា៖ «ទំហំពាណិជ្ជកម្ម ២ ផ្លូវរបស់យើងបានត្រឡប់ទៅតួលេខមុនការរាតត្បាតកូវីដ ១៩ ចំនួន ១,៩៥ ពាន់លានដុល្លារ។ សម្រាប់ផ្នែកនេះការវិនិយោគរបស់ប្រទេសជប៉ុននៅតែបន្តគួរឱ្យចាប់អារម្មណ៍»។
លោក Atsushi Ueno ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ថ្លែងថា ទំនាក់ទំនងនៃប្រទេសទាំង ២ បានបន្តអភិវឌ្ឍ ហើយការសាងសង់ស្ពានមិត្តភាពជប៉ុន-កម្ពុជាដែលគេហៅជាទូទៅថា ស្ពានជ្រោយចង្វារដែលត្រូវបានសាងសង់ក្រោមកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ ត្រូវបានសាងសង់រួចរាល់លើកដំបូងនៅឆ្នាំ ១៩៦៦។ ជាមួយគ្នានេះការផ្លាស់ប្តូរធនធានមនុស្សបានបន្តឥតឈប់ឈររួមមានអ្នកស្ម័គ្រចិត្ត និងអ្នកស្រាវជ្រាវមកពីប្រទេសជប៉ុន និងនិស្សិតកម្ពុជាទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុនជាដើម។ ក្រោយមក ទំនាក់ទំនងរវាងប្រទេសទាំង ២ ត្រូវបានបង្អាក់ដោយសង្គ្រាមស៊ីវិលនៅកម្ពុជា ប៉ុន្តែចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ ប្រទេសទាំង ២ បានកសាងទំនាក់ទំនងដែលមានទំនុកចិត្តយ៉ាងរឹងមាំតាមរយៈកិច្ចសហប្រតិបត្តិការក្នុងដំណើរការស្វែងរកសន្តិភាព នៅកម្ពុជា និងដំណើរការកសាង កម្ពុជាឡើងវិញជាបន្តបន្ទាប់។
លោកឯកអគ្គរាជទូតបន្តថា នេះក៏ព្រោះតែលោកនាយករដ្ឋមន្ត្រី គីស៊ីដា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើទស្សនកិច្ចនៅកម្ពុជា និងជប៉ុនចំនួន ២ លើករៀងៗខ្លួនសម្រាប់កិច្ចប្រជុំកំពូល សរុបចំនួន ៤ ក្នុង ១ ឆ្នាំ។ ថ្នាក់ដឹកនាំទាំង ២ រូបបានឯកភាពក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងជប៉ុន និងកម្ពុជាតាមរយៈការប្រែក្លាយទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំនេះ ដើម្បីស្របពេលនឹងខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូត។
លោកថ្លែងថា៖ «កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ នាពេលនេះគ្របដណ្តប់លើគ្រប់វិស័យ រួមមានសន្តិសុខ សេដ្ឋកិច្ច វប្បធម៌ និងការផ្លាស់ប្តូរទៅវិញទៅមករវាងប្រជាជន និងប្រជាជន ដោយឥឡូវនេះត្រូវបានចាត់ទុកថា ជាទំនាក់ទំនង ដ៏ល្អបំផុតក្នុងប្រវត្តិ-សាស្ត្ររវាងជប៉ុន និងកម្ពុជា»។
ឆ្លៀតក្នុងឱកាសនេះលោក Atsushi Ueno បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែង និងការគាំទ្រពីគ្រប់គ្នាដែលបាន ធ្វើឱ្យទំនាក់ទំនងរវាងជប៉ុន និងកម្ពុជាមានការរីកចម្រើនដល់ចំណុចនេះ។ លោកថា៖ «ខ្ញុំជឿជាក់ថា ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ មិនមែនមានន័យថា ទំនាក់ទំនងរវាងជប៉ុន និងកម្ពុជាគួរតែត្រូវបានគេមើលក្នុងបរិបទទ្វេភាគីតែ១នោះទេ ហើយក៏មិនមានន័យថា ភាគីម្ខាងធ្វើអ្វី ១ ទៅភាគីម្ខាងទៀតដែរ ប៉ុន្តែផ្ទុយទៅវិញជប៉ុន និងកម្ពុជា គួរតែធ្វើការរួមគ្នាដើម្បីដោះស្រាយ
រួមគ្នា ទៅលើបញ្ហាប្រឈមក្នុងតំបន់ និងអន្តរជាតិ»។
លោកលើកឡើងថា ការហ្វឹកហាត់បោសសម្អាតមីនរួមគ្នាដែលធ្វើឡើងដោយប្រទេសជប៉ុន និងកម្ពុជាសម្រាប់ប្រទេសអ៊ុយក្រែន គឺជាឧទាហរណ៍និមិត្តរូបនៃរបៀបដែលប្រទេសទាំង ២ កំពុងធ្វើការរួមគ្នា ដើម្បីចូលរួមដោះស្រាយនឹងបញ្ហាប្រឈមរបស់សហគមន៍អន្តរជាតិ។ នៅក្នុងបរិបទទ្វេភាគី ភាគីទាំង ២ ក៏ទទួលស្គាល់ពីសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗដូចជា ឌីជីថល (រួមទាំងសុវត្ថិភាពលើប្រព័ន្ធអ៊ីនធឺណិត) សន្តិសុខសេដ្ឋកិច្ច និងការប្រែប្រួលអាកាសធាតុក៏ដូចជា នៅក្នុងទំនាក់ទំនងសេដ្ឋកិច្ចកាន់តែខ្លាំងឡើងដូចជាពាណិជ្ជកម្ម និងការវិនិយោគក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ៕