ភ្នំពេញៈ ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានចេញ​អនុក្រឹត្យ​ស្តីពី​ការកំណត់​តំបន់​គ្រប់គ្រង​សត្វ​ផ្សោត​ទន្លេមេគង្គ​ក្នុង​ខេត្តស្ទឹងត្រែង ​និង​ខេត្តក្រចេះ ​ដើម្បី​ការពារ​និង​អភិរក្ស​សត្វ​ផ្សោត ជា​អ្វីដែល​មន្ត្រី​បរិស្ថាន និង​សង្គម​ស៊ីវិល​រំពឹងថា អនុក្រឹត្យ​នេះ​នឹង​ធ្វើឱ្យ​ការអនុវត្ត​ច្បាប់​កាន់តែ​មាន​ប្រសិទ្ធភាព និង​ធ្វើឱ្យ​ចំនួន​សត្វ​ផ្សោត​កាន់តែ​កើនឡើង​ផងដែរ​។

​អនុក្រឹត្យ​នេះ​ចុះហត្ថលេខា​ដោយ​លោក​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​កាលពី​ថ្ងៃទី ​២៧ ខែកុម្ភៈ ឆ្នាំ​ ២០២៣ ដោយ​កំណត់​តំបន់​គ្រប់គ្រង​សត្វ​ផ្សោត​ទន្លេមេគង្គ​ដែល​ស្ថិតនៅក្នុង​ខេត្ត​ស្ទឹង​ត្រែង និង​ខេត្តក្រចេះ​។​

​អនុក្រឹត្យ​បានបញ្ជាក់​ថា ​«​កំណត់​ពី​តំបន់​គ្រប់គ្រង​សត្វ​ផ្សោត​ទន្លេមេគង្គ​ដើម្បី​ការពារ និង​អភិរក្ស​សត្វ​ផ្សោត ដែលជា​រតនសម្បត្តិ​ធម្មជាតិ​មានជីវិត​ដ៏​ពិសិដ្ឋ​ប្រកបដោយ​ប្រសិទ្ធភាព​សំដៅ​ចូលរួម​អភិវឌ្ឍ​វិស័យ​អេកូ​ទេសចរណ៍ លើកកម្ពស់​សេដ្ឋកិច្ចសង្គម និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ព្រមទាំង​ថែរក្សា​លំនឹង​មជ្ឈដ្ឋាន​ធម្មជាតិ​សម្រាប់​ការរីក​លូត​លាស់​នៃ​ជីវចម្រុះ និង​ទ្រទ្រង់​ការ​រស់​​នៅ​របស់​សត្វ​ផ្សោត​ផងដែរ​»​។

​ក្រៅពីនេះ តំបន់​គ្រប់គ្រង​សត្វ​ផ្សោត​ទន្លេមេគង្គ​ស្ថិតក្រោម​សមត្ថកិច្ច​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដោយមាន​កិច្ចសហការ​ជាមួយ​ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ពាក់ព័ន្ធ​។​

​នៅក្នុង​តំបន់​គ្រប់គ្រង​សត្វ​ផ្សោត​ទន្លេ​មេគង្គ​ក្នុង​ខេត្តស្ទឹងត្រែង និង​ខេត្តក្រចេះ​នេះ ត្រូវបាន​ហាមឃាត់​សកម្មភាព​ក្នុង​កន្លែង​អភិរក្ស​សត្វ​ផ្សោត​រួមមាន​៖ ​ការធ្វើ​នេសាទ​គ្រប់​ប្រភេទ​,​ការធ្វើ​វារីវប្បកម្ម​,​ការធ្វើ​នាវាចរណ៍​ឆ្លងកាត់​ដែលមាន​ឧ​ប​ករ​ណ៍​ត្រៀម​ធ្វើ​នេសាទ​,​ការធ្វើ​នាវាចរណ៍ ដែលមាន​ល្បឿន​លើសពី​ ៣០​ គីឡូម៉ែត្រ​ក្នុង ​១ ​ម៉ោង​,​ការតាំង​លំនៅ និង​ការធ្វើសកម្មភាព​ផ្សេងទៀត​ដែល​ប៉ះពាល់​ដល់​ប្រភេទ​ធនធាន​ជលផល​កំពុង​រងគ្រោះថ្នាក់ ពិសេស​សត្វ​ផ្សោត​។​

​អនុក្រឹត្យ​នេះ​ក៏បាន​លើកឡើង​ដែរ​ថា​នៅ​កន្លែង​ការពារ​សត្វ​ផ្សោត​ក៏​ត្រូវបាន​ហាមឃាត់​ការធ្វើ​នេសាទ​រួមមាន​៖ ការធ្វើ​នេសាទ​ដោយ​ប្រើ​មង ឬ​សន្ទូចរនង និង​ការធ្វើ​នេសាទ​ដោយ​ឧបករណ៍​នេសាទ​ខ្នាត​មធ្យម និង​ខ្នាត​ធំ​ផងដែរ​។​

​ប្រភព​ដដែល​បញ្ជាក់ថា តាម​អនុក្រឹត្យ​នេះ​ក៏ត្រូវ​បានកំណត់​ប្រវែង​ ១២០ ​គីឡូ​​ម៉ែត្រ ក្នុងនោះ​ខេត្តស្ទឹងត្រែង​មាន ៣៥​ គីឡូម៉ែត្រ និង​ខេត្តក្រចេះ​មាន ​៨៥​ គីឡូ​ម៉ែត្រ ដែល​លាតសន្ធឹង​ចាប់ពី​ប៉ែក​ខាងក្រោម​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន​ស្ទឹងត្រែង​ក្នុង​ខេត្តស្ទឹងត្រែង រហូតដល់​ក្បាលកោះ​ទ្រង់​ក្នុង​ខេត្តក្រចេះ​មាន​ទំហំ​សរុប​ ៦២១​​ គីឡូម៉ែត្រ​ការ៉េ​ត្រូវ​កំណត់​ជា​កន្លែង​អភិរក្ស ​(​តំបន់​ស្នូល​អចិ​ន្រៃ្ត​យ៍​)​ទំហំ​ ២១៦,៤​ គីឡូម៉ែត្រ​ការ៉េ និង​កន្លែង​ការពារ ​(​តំបន់​ស្នូល​តាម​រដូវ​កាល​)​ ទំហំ​ ៤០៤,៦​ គីឡូម៉ែត្រ​ការ៉េ ដោយ​ផ្អែកលើ​ទិន្នន័យ​វិទ្យាសាស្ត្រ​ពាក់ព័ន្ធ​នឹង​ការ​រស់​នៅ ការ​បំ​ផ្លាស់​ទី ការស្វែងរក​ចំណី និង​ការបន្ត​ពូជ​របស់​សត្វ​ផ្សោត​។​

​ជុំវិញ​រឿងនេះ លោក នេត្រ ភក្ត្រា អ្នក​នាំពាក្យ​ក្រសួងបរិស្ថាន​បាន​ប្រាប់​នៅ​ថ្ងៃទី​ ២៨ ខែកុម្ភៈ​ថា សម្រាប់​ក្របខ័ណ្ឌ​ក្រសួងបរិស្ថាន លោក​សម្ដែង​ភាព​រីករាយ និង​ថ្លែងអំណរគុណ​លោកនាយក​​រដ្ឋមន្ត្រី​ដែល​បានចេញ​អនុក្រឹត្យ​នេះ​ដែល​នឹង​ផ្ដល់​ការការពារ និង​អភិរក្ស​តឹងរ៉ឹង​ផងដែរ​។

​ជាមួយគ្នានេះ លោក​ក៏​រំពឹងថា ចំនួន​សត្វ​ផ្សោត​នឹង​ត្រូវបាន​ទប់ស្កាត់​កុំឱ្យ​មានការ​ស្លាប់​ជា​បន្តបន្ទាប់​ដោយសារ​ការ​នេសាទ​ខុសច្បាប់ និង​ការចូលទៅ​តំបន់​ការពារ​ទាំងអស់នោះ​ពី​អ្នកនេសាទ​ដែល​ប្រើ​ឧបករណ៍​ប៉ះពាល់​ដល់​សត្វ​ផ្សោត​។​

​លោក​នេត្រ ភក្ដ្រា បាន​ថ្លែងថា​៖ «​យើង​ជឿជាក់ថា តាមរយៈ​អនុក្រឹត្យ​នេះ នឹងធ្វើ​ឱ្យ​តំបន់​ទាំងនោះ ទទួលបាន​សុវត្ថិភាព​បន្ថែមទៀត ហើយ​ចំនួន​សត្វ​ផ្សោត​នឹង​កើនឡើង​ដោយ​វា​នឹងមិន​ស្លាប់​ច្រើន​»​។

​លោក​បន្តថា​៖ «​មួយវិញទៀត ការ​កំ​ណ​ត់​គ្រប់គ្រង​សត្វ​ផ្សោត​តំបន់​ទន្លេមេគង្គ​នេះ វា​ក៏​នឹង​ធ្វើឱ្យ​ដំណើរការ​ក្នុង​ការរៀបចំ​ចុះបញ្ជី​ត្រៀម​សម្រាប់​តំបន់​បេ​តិក​ភណ្ឌ​ធម្មជាតិ​របស់​ប្រទេស​កម្ពុជា​ចូលទៅក្នុង​បញ្ជី​បម្រុង ឬ​បញ្ជី​ត្រៀម​របស់​អង្គការ​យូណេស្កូ គឺ​កាន់​តែមាន​ភាព​រឹងមាំ​បន្ថែមទៀត ពីព្រោះ​នេះ​ជាការ​បង្ហាញ​អំពី​ការតាំង​ចិត្ត​ខ្ពស់​ទាំង​ផ្នែក​ន​យោ​បាយ​ទាំង​ផ្នែក​បច្ចេកទេស​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​អភិរក្ស និង​ការពារ​ធនធានធម្មជាតិ ជាពិសេស​សត្វ​ផ្សោត​ទឹកសាប ដែលជា​សត្វ​កម្រ​នៅលើ​ពិភពលោក​»​។​

​លោក ​នេត្រ ភក្ដ្រា បានឱ្យដឹង​ដែរ​ថា ក្រសួងបរិស្ថាន​ក៏បាន​ទទួល​អាណត្តិ​ក្នុងការ​រៀបចំ ចងក្រង​ឯកសារ ដើម្បី​ស្នើសុំ​តំបន់​កាំ​ពីរ​ហូត​ទៅដល់​ព្រំដែន​ឡាវ​ក្នុង​ខេត្តស្ទឹងត្រែង​ដាក់​ជា​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ពិភពលោក ប៉ុន្តែ​ខាង​ក្រសួង​កំពុងតែ​ស្នើសុំ​ដាក់​ក្នុង​បញ្ជី​ត្រៀម​សិន ដោយ​ពេលនេះ​បានបញ្ចប់​ការរៀបចំ​ឯកសារ​នោះ​រួចរាល់​ហើយ​។​

បើតាម​លោក នេត្រ ភក្ត្រា ការចេញ​អនុក្រឹត្យ​ស្ដីពី​ការកំណត់​តំបន់​គ្រប់គ្រង​សត្វ​ផ្សោត​ទន្លេមេគង្គ​នេះ គឺជា​ការតាំង​ចិត្ត​ខ្ពស់​ក្នុងការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​។​

​ជាមួយគ្នានេះដែរ នាយក​ប្រតិបត្តិ​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ ​(WWF) លោក សេង ទៀក បាន​អបអរសាទរ ដោយ​លោក​រំពឹងថា ការចេញ​អនុក្រឹត្យ​នេះ​នឹង​ជួយ​ពង្រឹង​បន្ថែម​លើ​ការគ្រប់គ្រង​សត្វ​ផ្សោត​ទន្លេមេគង្គ​របស់​កម្ពុជា​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព ព្រោះ​បានកំណត់​តំបន់​អភិរក្ស​សត្វ​ផ្សោត​ច្បាស់លាស់ និង​មាន​ភាពជាក់លាក់​ផងដែរ​។​

​លោក ​សេង ទៀក បាន​ថ្លែងថា​៖ «​ខ្ញុំ​ជឿថា អនុក្រឹត្យ​នេះ​នឹង​បង្កើន​ប្រសិទ្ធ​​ភាព​នៃ​ការអនុវត្ត​ច្បាប់ និង​ការគ្រប់គ្រង​សត្វ​ផ្សោត​ហ្នឹង​ឱ្យ​កាន់​តែមាន​ប្រសិទ្ធ​ភាព​ខ្ពស់ ហើយក៏​សង្ឃឹមថា អនុក្រឹត្យ​នេះ​នឹង​ត្រូវបាន​អនុវត្ត​យ៉ាង​តឹងរ៉ឹង ច្បាស់លាស់ ដែល​នឹង​ធ្វើឱ្យ​ចំនួន​សត្វ​ផ្សោត​កាន់​តែមាន​ចំនួន​កើនឡើង ព្រោះ​អនុក្រឹត្យ​នេះ មាន​ខ្លឹមសារ​ជាក់លាក់​​ច្បាស់លាស់ ដែល​ធ្វើឱ្យ​មន្ត្រី​អនុវត្ត​ច្បាប់​របស់​យើង​កាន់​តែមាន​ភាពជឿជាក់ ទៅលើ​ការអនុវត្ត​ច្បាប់​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​»​។​

​សូម​រំឭកថា ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ ខេត្តក្រចេះ​ពីថ្ងៃ​ទី​ ២ ខែមករា ឆ្នាំនេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​ខេត្តក្រចេះ និង​ស្ទឹងត្រែង ដែល​ទាក់ទង​នឹង​តំបន់​អភិរក្ស​សត្វ​ផ្សោត​ត្រូវតែ​ទទួលខុសត្រូវ​ដោយ​មិនត្រូវ​ពឹង​តែ​លើ​ក្រសួងកសិកម្ម​មួយ​នោះទេ​។

​លោក​បាន​ថ្លែងថា​៖ «​តំបន់​ផ្សោត​នេះ​ត្រូវតែ​ការពារ ដោយសារ​មាន​ករណី​ផ្សោត​ស្លាប់​ដោយសារ​ជាប់​មង​នាពេល​កន្លងមក​ថ្មីៗ​នេះ ហើយ​ខ្ញុំ​សុំ​ដាស់តឿន​ឱ្យមាន​ការយកចិត្តទុកដាក់ តំបន់​នេះ​ជា​តំបន់​អភិរក្ស​ពេញទី​ដោយ​គ្មាន​ការ​លើកលែង​ទេ​។ ទន្លេមេគង្គ សម្បូរ​ដោយ​សត្វ​ផ្សោត និង​សត្វ​ត្រី​មួយចំនួន​ដែល​ជិត​ផុត​ពូជ ដែល​ត្រូវតែមាន​ការរៀបចំ​ឱ្យបាន​រៀបរយ ឱ្យបាន​ល្អ​»​។​

​សូមបញ្ជាក់ថា គិតពី​ដើមឆ្នាំ​ដល់​ត្រឹម​ថ្ងៃទី​ ២៤ ខែធ្នូ ឆ្នាំ​ ២០២២ សត្វ​ផ្សោត​សរុប​ ១១ ​ក្បាល​បាន​ស្លាប់ រីឯ​សត្វ​ផ្សោត​ដែល​បាន​ស្លាប់​ក្នុង​រយៈពេល​ ៣ ​ឆ្នាំ​ចុង​ក្រោយ​សរុប​មាន​ចំនួន​ ២៩ ​ក្បាល​៕