
ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី។ រូបភាព សហការី
ភ្នំពេញៈ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនរំពឹងថា ស្ថានីយបញ្ចូលអគ្គិសនីរថយន្ដចំនួន ២០០ ទីតាំង នឹងត្រូវតម្លើងនៅទូទាំងប្រទេស។ ការអះអាងរបស់លោក ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីថ្មីចំនួន ៣ ទីតាំងក្នុងរាជធានី ក្រោមឈ្មោះ “EV STATION PLUZ” របស់ស្ថានីយប្រេងឥន្ធនៈ PTT ដើម្បីចូលរួមក្នុងចលនាអព្យាក្រឹតកាបូនឆ្នាំ ២០៥០ នៅថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៣ ។
លោកស៊ុន ចាន់ថុល មានបញ្ជាក់ថា លោក បានពិភាក្សាជាមួយក្រុមហ៊ុន BYD ដើម្បីដំឡើងស្ថានីយបញ្ចូលអគ្គិសនីឱ្យបានចំនួន ២០០ ទីតាំង នៅទូទាំងប្រទេសសម្រាប់ជំរុញឱ្យប្រជាពលរដ្ឋប្រើប្រាស់រថយន្តប្រើប្រាស់ថាមពលអគ្គិសនីឱ្យកាន់តែច្រើន និងកុំឱ្យមានការព្រួយបារម្ភពីការខ្វះទីតាំងបញ្ចូលអគ្គិសនី។
លោកបន្តថា បច្ចុប្បន្ននេះ កម្ពុជាមានមានស្ថានីយបញ្ចូលអគ្គិសនីចំនួន១៣ទីតាំង ដោយក្នុងនោះ ៤ កន្លែងនៅក្រសួងសាធារណការ និងដឹកជញ្ជូន ១ទីតាំងនៅខេត្តបាត់ដំបង ១ទីតាំងនៅខេត្តសៀមរាប ១ទីតាំងនៅក្រុងព្រះសីហនុ ១ទីតាំងនៅព្រៃស ១ទីតាំងនៅខេត្តមណ្ឌលគិរី ១ទីតាំងនៅផ្សារទំនើបអុីអនសែនសុខ និង ៣ទីតាំងនៅក្រុមហ៊ុនPPT។
លោក បន្ថែមថា នៅឆ្នាំ២០២៣ ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយវិស័យឯកជន នឹងដំឡើងបន្ថែមទៀត ដើម្បីឱ្យប្រជាពលរដ្ឋទិញរយន្ត EV នេះ អាច ធ្វើដំណើរនៅទូទាំងប្រទេស ដោយមិនបារម្ភពីការអស់អាគុយប្រើប្រាស់នោះទេ ។ ជាក់ស្តែងក្រសួង បានពិភាក្សាជាមួយក្រុមហ៊ុន BYD ដំឡើងស្ថានីយឱ្យបាន ២០០ទីតាំងនៅទូទាំងប្រទេស។
លោក រំពឹងថា ក្រុមហ៊ុនស្ថានីយប្រេងឥន្ធនៈ PPT និងស្ថានីយផ្សេងទៀត ដំឡើងស្ថានីយបញ្ចូលអគ្គិសនីនេះបន្ថែមទៀត ដើម្បីឆ្លើយតបនឹងការកើនឡើងការប្រើប្រាស់រថយន្តអគ្គិសនីយនៅកម្ពុជា ខណៈរាជរដ្ឋាភិបាលខិតខំជំរុញឱ្យពលរដ្ឋប្រើប្រាស់ម៉ូតូអគ្គិសនីឱ្យបាន ៧០% រហូតដល់ឆ្នាំ ២០៥០ ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន (CO2)។
បើតាម លោក ស៊ុន ចាន់ថុល គិតមកទល់បច្ចុប្បន្ននេះ មានរថយន្តប្រើប្រាស់អគ្គិសនីជិត៨០០ គ្រឿង ដែលបានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន បើធៀបនឹងឆ្នាំ២០២១ មានតែ៦៦ គ្រឿងប៉ុណ្ណោះពោលកើនឡើងជាង ១០ ដងនៃការប្រើប្រាស់ របស់ប្រជាពលរដ្ឋកម្ពុជា ។
លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនជំរុញឱ្យមានការដំឡើងស្ថានីយបញ្ចូលអគ្គិសនី និងប្រើប្រាស់រថយន្តអគ្គិសនីមានកត្តាមួយចំនួន រួមមាន កាត់បន្ថយបរិស្ថាន ដែលនឹងជួយរួមចំណែកដល់ការរស់រានមានជីវិតរបស់មនុស្សជាតិមាននិរន្តរភាព។
លោកបន្តថា ជាមួយគ្នានេះ វាក៏នឹងចូលរួមការកាត់បន្ថយធនធានធម្មជាតិ ដែលជាបញ្ហាការចំណាយក្នុងការរស់នៅមានការកើនឡើង និងកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋលើការធ្វើដំណើរតាមរយៈការចំណាយទៅលើប្រេងឥន្ធនៈ ហើយនិងជួយជំរុញកំណើនសេដ្ឋកិច្ចតាមរយៈយកថវិកានេះទៅចំណាយលើសម្ភារផ្សេងនៅលើទីផ្សារ៕