
គ្រូពេទ្យកំពុងពិនិត្យព្យាបាល សិស្សវិទ្យាល័យបន្ទាយឆ្មារ ដែលមានអាការថប់ដង្ហើម វិលមុខ នៅថ្ងៃទី ១ មីនា។ រូបថត នគរបាល
បន្ទាយមានជ័យៈ សិស្សប្រុស ស្រី នៃវិទ្យាល័យបន្ទាយឆ្មារក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យចំនួន ១៥ នាក់មានអាការថប់ដង្ហើម វិលមុខ ត្រូវបានបញ្ជូនយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក កាលពីថ្ងៃទី ១ មីនា។ ករណីនេះមិនត្រូវបានមន្រ្តីកាំកុងត្រូល និងគ្រូពេទ្យ រកឃើញសំណាកណាមួយ ដែលសង្ស័យថា ពុលចំណីអាហារនោះឡើយ។
លោក ខ្លូត សម័យ នាយកវិទ្យាល័យបន្ទាយឆ្មារ ឱ្យភ្នំពេញប៉ុស្តិ៍ដឹងថា នៅថ្ងៃទី១ខែមីនាឆ្នាំ ២០២៣សិស្សរៀននៅវិទ្យាល័យទាំងអស់ចំនួន១៥នាក់(ប្រុស២នាក់)មានអាការៈចង់ក្អួតចង្អោរ ឈឺក្បាល វិលមុខនិងសិស្សខ្លះទៀតថប់ដង្ហើម។
ពួកគេមានអាយុចន្លោះពី១២ទៅ១៤ឆ្នាំប៉ុណ្ណោះ ក្នុងនោះរៀនថ្នាក់ទី៨និងថ្នាក់ទី៩ចំនួន២នាក់ហើយសិស្ស១៣នាក់ទៀតរៀននៅថ្នាក់ទី៧។
លោកបន្តថា នៅព្រឹកថ្ងៃទី១មីនា ខណៈសិស្សទាំងអស់បានចូលរៀននៅតាមថ្នាក់រៀងៗខ្លួនហើយនោះស្រាប់តែសិស្សខ្លះនៃថ្នាក់ទី៧ មានអាការចង់ក្អួតចង្កោរ ឈឺក្បាលវិលមុខ និងថប់ដង្ហើម។ ភ្លាមៗនោះគ្រូៗបាននាំគ្នាយកម៉ូតូ និងរថយន្តដឹកពួកគេទៅមណ្ឌលសុខភាពឃុំបន្ទាយឆ្មារដើម្បីសង្គ្រោះបឋម។
លោកនាយកវិទ្យាល័យបន្ទាយឆ្មារបន្តថា ក្រោយទទួលបានការជួយសង្គ្រោះបឋមពីក្រុមគ្រូពេទ្យមួយសន្ទុះមកសិស្សទាំងនោះ មានអាការប្រសើរជាងមុន។ ប៉ុន្តែដោយសារតែខាងមណ្ឌលសុខភាព មិនមានឧបករណ៍សម្ភារព្យាបាលគ្រប់គ្រាន់ ក៏ក្រុមគ្រូពេទ្យសម្រេចដឹកពួកគេតាមរថយន្តទៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួកបន្តទៀត។
លោកសម័យ ប្រាប់ថា៖«បើតាមមន្រ្តីជំនាញសាកសួរ សិស្សជួបបញ្ហាទាំងនោះថា ភាគច្រើនពួកគាត់មិនទាន់ហូបអាហារ ឬហូបអាហារមិនសូវបានគ្រប់គ្រាន់។ ខាងមន្រ្តីកាំកុងត្រូល និងមន្រ្តីនៃមន្ទីរអប់រំក៏ពិនិត្យលើចំណីអាហារនៅក្នុងសាលា ក៏មិនមានរកឃើញថា មកពីពុលអាហារដែរ»។
លោកបញ្ជាក់ថា បើតាមប្រវត្តិរូបរបស់សិស្ស ដែលជួបបញ្ហានេះភាគច្រើនរលាកស្រោមខួរក្បាល មានជំងឺសួត ហើយពួកគាត់ក៏ឧស្សាហ៍ជួបបញ្ហាថប់ដង្ហើម ឬមានអាការរកកល់ចង់ក្អួតចង្អោរជាញឹកញយដែរ។
លុះដល់ថ្ងៃទី១មីនាឆ្នាំ២០២៣ មុនដំបូងមានសិស្សថ្នាក់ទី៧តែ៤ទៅ៥នាក់ទេ ដែលមិនស្រួលខ្លួនតែមានសិស្សផ្សេងទៀតមកជួយក៏មានអាការមិនស្រួលតៗគ្នាទៅ។
លោក ឡោម សែត ប្រធានមណ្ឌលសុខភាពឃុំបន្ទាយឆ្មារនិយាយប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី១មីនាថា សិស្សទាំង១៥នាក់នោះ ត្រូវបានលោកបញ្ជូនបន្តតាមរថយន្តទៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួកអស់ហើយនៅថ្ងៃទី១មីនាបន្ទាប់ពីជួយសង្គ្រោះបឋមបានប៉ុន្មានម៉ោង។
ប៉ុន្តែពួកគេមិនមានបញ្ហាដល់អាយុជីវិតទេ ព្រោះមិនមែនជាជំងឺពុលអាហារ តែពួកគេមិនបានហូបអាហារនិងគេងមិនគ្រប់គ្រាន់ ដោយសារចូលគេងយប់ជ្រៅ។ ពួកគាត់មិនមែនក្អួតចង្អោរទេ គ្រាន់តែរកក្អួតហើយថប់ដង្ហើម និងតឹងទ្រូង។
លោកបញ្ជាក់ថា៖«ខ្ញុំបានសាកសួរក្មេងៗទាំងនោះថា មានហូបអាហារអីទេមុនមកសាលាក៏ដូចជានៅក្នុងសាលាហើយពួកគេប្រាប់ខ្ញុំថា អត់ទាន់បានហូបអីទាំងអស់។ ប៉ុន្តែពួកគេប្រាប់ថា ខំរៀនមិនសូវបានគេងយប់»៕