ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន អំពាវនាវ​ដល់​បណ្តាគ​ណ​បក្សនយោបាយ ឱ្យ​គោរព​ដល់​សិទ្ធិសេរីភាព​ខាង​ន​យោ​បាយ​របស់​ប្រជាពលរដ្ឋ ក្នុងការ​ជ្រើសរើស​គណបក្ស​ដែល​ពួកគេ​ពេញចិត្ត ខណៈដែល​សមាជិក​គណ​បក្សប្រឆាំង​បាន​ងាក​មក​ចូលរួម​ជាមួយ​គណបក្ស​កាន់អំណាច​ជា​បន្តបន្ទាប់ ប៉ុន្តែ​ត្រូវបាន​រិះគន់ថា លក់​ឧ​ត្ត​ម​គតិ​។​

​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​នៅ​ថ្ងៃទី​ ១ ខែមីនា លោកនាយក​រដ្ឋមន្ត្រីថ្លែងថា ក្នុង​មួយរយៈ​កាល​នេះ សមាគម​ក្រុម​យុវ​ជន​ដែលជា​អង្គការក្រៅរដ្ឋាភិបាល ធ្លាប់​គាំទ្រ​បក្សប្រឆាំង ធ្វើបាតុកម្ម​ប្រឆាំង​រាជរដ្ឋាភិបាល ប៉ុន្តែ​បាននាំគ្នា​មក​ចូលរួម​គាំទ្រ​គណបក្ស​​ប្រជាជន គាំទ្រ​ដល់​រាជរដ្ឋាភិបាល​ក្នុង​ការធ្វើសកម្មភាព​។ លោក​បន្តថា ផ្ទុយទៅវិញ សមាគម​ក្រុមយុវជន​ដែល​ចូលមក​គាំទ្រ​រដ្ឋាភិបាល បែរជា​ត្រូវ​បានទទួល​ការប្រមាថ​ពី​គណបក្ស​មួយចំនួន ឬ​បុគ្គល​មួយចំនួន​ទៅវិញ​។​

​លោក​ថា​៖ «​ខ្ញុំ​សូមបញ្ជាក់​អស់​លោកអ្នក​មិនបាន​គោរព​ទៅដល់​សេរីភាព​ខាង​នយោបាយ​របស់​យុវជន​ទាំងនេះ​ទេ ពួកគេ​បានដឹង​ច្បាស់​ថា គេ​គាំទ្រ​បក្សប្រឆាំង អត់​បានការ​ក្នុង​រយៈពេល​កន្លងទៅ​ខ្ញុំ​បាន​ស្តាប់​ដោយ​យកចិត្ត​ទុកដាក់​សម្រាប់​ក្រុមយុវជន​នេះ នៅពេលដែល​ទៅ​ជួប​ខ្ញុំ​»​។

លោក​បញ្ជាក់ថា​៖ «​ពួកគេ​ត្រូវ​បានទទួល​ការបណ្តុះបណ្តាល​អំពី​បដិវត្តន៍​ពណ៌ ប៉ុន្តែ​គេ​មើលឃើញថា ស្ថាន​​ភាព​នេះ គេ​មិនអាច​ទៅជា​មួយ​នោះទេ​។ អ៊ីចឹង​វិធី​តែមួយគត់​របស់គេ គឺ​រួមចំណែក​ជាមួយនឹង​រាជរដ្ឋាភិបាល គាំទ្រ​រាជរដ្ឋាភិបាល បង្កើតជា​អង្គការ​ការពារ​បរិស្ថាន ឬ​បញ្ហា​នេះ បញ្ហា​នោះ ធ្វើការ​ជា​មួយ​រដ្ឋាភិបាល​វិញ​ល្អ​ជាង​»​។​

​ប៉ុន្តែ​អ្វី​ដែលជា​បំណងប្រាថ្នា​និង​ជា​សេរីភាព​នៃ​ការជ្រើសរើស​របស់​ពួកគេ​ត្រូវ​បានទទួល​ការ​ប្រមាថ​ពី​អ្នកនយោបាយ និង​បក្សនយោបាយ​ខ្លះ ថា​ពួកគេ​បាន​លក់​ឧ​ត្ត​ម​គតិ​ទៅវិញ​។​

​លោក ​ហ៊ុន សែន​ មាន​ប្រសា​សន៍​ថា​៖ «​អ៊ីចឹង​ចំណុច​នេះ​ខ្ញុំ​គ្រាន់​តែ​ជម្រាប​ទៅ​អស់លោកអ្នក​ដែល​តាំងខ្លួន​ជា​ប្រជាធិបតេយ្យ​ក៏ប៉ុន្តែ​មិនបាន​គោរព​ប្រជាធិបតេយ្យ​ពិតប្រាកដ​ទេ​។ ទាល់តែ​មនុស្ស​គាំទ្រ​អ្នកឯង ទើប​អ្នកឯង​ចាត់​ទុក​ថា មនុស្ស​ល្អ ប៉ុន្តែ​ឱ្យតែ​មក​គាំទ្រ​រដ្ឋាភិបាល សុទ្ធតែ​មនុស្ស​លក់​ឧ​ត្ត​ម​គតិ ហើយ​ធ្ងន់ធ្ងរ​ជាង​នេះ​គឺ​ប្រមាថ​ថា អ្នក​ទាំងនោះ​ជា​កញ្ជះ​បរទេស​ក្នុងពេលដែល​ខ្លួន​ស៊ីលុយ​បរទេស ដើម្បី​ប្រឆាំង​ខ្មែរ ឬក៏​ឈរជើង​នៅ​បរទេស​ដើម្បី​ប្រឆាំង​ខ្មែរ​។ អ៊ីចឹង​សូម​អំពាវនាវ​ឱ្យ​គោរព​សិទ្ធិ​របស់​ពលរដ្ឋ គោរព​ការសម្រេចចិត្ត​របស់​ប្រជា​ពល​រដ្ឋ​ទើប​មិនមាន​បញ្ហា​»​។​

​ជាមួយគ្នានេះដែរ​លោកនាយ​ក​រដ្ឋមន្ត្រី​ស្នើ​ដល់​ក្រុមយុវជន​ដែល​ទើប​ចូលរួម​ជាមួយ​រដ្ឋាភិបាល មិនត្រូវ​ប្រតិកម្ម​ទៅ​គណបក្ស​ប្រឆាំង​បែប​ហិង្សា​នោះទេ គួរ​ធ្វើ​អ្វី​ដោយ​សន្តិវិធី​។

លោក​ថា​៖ «​ខ្ញុំ​ស្នើថា ឱ្យមាន​ការប្រុងប្រយ័ត្ន​ជាមួយនឹង​ប្រតិកម្ម​របស់​ក្រុម​យុវជន​ដែល​ក្រុមយុវជន​ទាំងនេះ ធ្លាប់ធ្វើ​បាតុកម្ម​ប្រឆាំង​រាជ​រដ្ឋា​ភិ​បាល ប្រយ័ត្ន​គេ​ធ្វើបាតុកម្ម​ត្រឡប់​ទៅវិញ​។ ឥឡូវនេះ​គេ​ត្រឹមតែ​ចេញ​សេចក្តីថ្លែងការណ៍​វាយបក​ទេ គេ​អត់​ទាន់​ធ្វើ​សកម្ម​​ភាព​អ្វី​ទេ តែ​ខ្ញុំ​សូម​អង្វរ​ដល់​ក្មួយៗ​កូនៗ​ទាំងឡាយ​ដែល​ចេញពី​បក្សប្រឆាំង​មក​ធ្វើការ​ជាមួយ​រដ្ឋាភិបាល សូមកុំ​មានប្រតិកម្ម​ណាមួយ​បែប​ហិង្សា​ទៅ​ចំពោះ​គេ​យើង​អាច​ចេញ​សេចក្តី​ថ្លែង​ការណ៍​ពន្យល់បាន កុំ​ធ្វើ​សកម្ម​​ភាព​ឱ្យ​ហួស​ពីនេះ​»​។​

​បន្ថែម​ពីនេះ​លោក ហ៊ុន សែន សម្តែង​ការសោកស្តាយ​ចំពោះ​អ្នក​តាំងខ្លួន​ជា​អ្នកប្រជាធិបតេយ្យ ប៉ុន្តែ​អត់​ស្គាល់​អ្វី​ទៅ​ដែល​ហៅថា ប្រជាធិបតេយ្យ​។ លោក​ថា​៖ «​គណបក្ស​ប្រជាជន មិនដែល​រារាំង​សមាជិក​របស់ខ្លួន ទៅ​នៅ​បក្ស​ដទៃ​ទេ គឺ​យើង​តែង​គោរព​សិទ្ធិ​ជ្រើសរើស​របស់គេ​»​។​

​មន្ត្រីជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន​លោក គង់ មូ​នី​កា ថ្លែងថា ការអំពាវនាវ​របស់​ថ្នាក់ដឹកនាំ​ប្រទេស​គឺជា​រឿង​ល្អ​ព្រោះ​បង្ហាញ​អំពី​ការ​គោ​ព​សិទ្ធិ​នយោបាយ​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​។ ប៉ុន្តែ​លោក​ថា អ្វីដែល​លោក​សង្កេតឃើញ​កន្លងមក​បុគ្គល​ដែល​ធ្លាប់​នៅ​ជាមួយ​គណបក្ស​ផ្សេង ហើយ​ទៅ​ចូលរួម​ជីវភាព​ន​យោ​បាយ​ជាមួយ​គណបក្ស​កាន់​អំណាច តែងតែ​ធ្វើការ​វាយ​ប្រហារ​មកលើ​គណបក្ស​ដែល​ខ្លួន​ធ្លាប់​គាំទ្រ​។

​លោក​ថា​៖ «​ដូច្នេះហើយ​បើសិនជា​យើង​អាច​លុប​​បំបាត់​វប្បធម៌​បែបនេះ​បាន ហើយ​គោរព​សិទ្ធិ​នយោបាយ​ទាំងអស់គ្នា នោះ​គឺជា​ការល្អ ហើយ​ខ្ញុំ​ជឿជាក់ថា ការអំពាវនាវ​របស់​សម្តេច គឺជា​រឿង​មួយ​ដែល​ល្អ ហើយ​សម្តេច​គួរ​ណែនាំ​ដល់​អ្នក​ដែល​ចូលរួម​ជីវភាព​ជាមួយ​សម្តេច ឱ្យ​បញ្ចប់​ការវាយប្រហារ​មកលើ​គ​ណ​បក្ស​ដែល​ខ្លួន​ធ្លាប់​រស់នៅ​»​។​

​លោក​បន្តថា សម្រាប់​គណបក្ស​ភ្លើងទៀន តែងតែ​គោរព​សិទ្ធិ​នយោបាយ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប ដោយ​ប្រកាន់​ភ្ជាប់​នូវ​វប្បធម៌​ដែល​មិន​វាយប្រហារ​គ្នា និង​មិន​លាប​ពណ៌​គ្នា​។ «​ប៉ុន្តែ​អ្នក​ដែល​វាយប្រហារ លាប​ពណ៌ នោះ​គឺជា​ការយល់ឃើញ​របស់​បុគ្គល​រៀងៗ​ខ្លួន​មិនមែនជា​ជំហរ​របស់​គណបក្ស​ទេ ដូច្នេះហើយ​យើង​ត្រូវ​ចែកឱ្យដាច់​ពី​បញ្ហា​នេះហើយ​គណបក្ស​ភ្លើងទៀន មិនដែល​ធ្វើការ​វាយប្រហារ​ទៅដល់​អ្នកណា​មួយ​ដែល​មិន​ចូលរួម​ជា​មួយ​គណបក្ស​របស់ខ្លួន​ទេ​»​។​

​ជាមួយគ្នានេះ គណៈកម្មាធិការ​​រៀបចំ​ការបោះឆ្នោត បាន​អំពាវនាវ​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ សូម​គោរព និង​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាមច្បាប់ បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត និង​គោរព​រាល់​ឯកសារ​គតិយុត្ត​ជា​ធរមាន ដើម្បីឱ្យ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី ​៧ ឆ្នាំ​ ២០២៣ ប្រព្រឹត្ត​ទៅដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ក្នុង​បរិយាកាស​ស្ងប់ស្ងាត់ ប្រកបដោយ​សន្តិភាព សុវត្ថិភាព របៀប​រៀប​រយ និង​គ្មាន​អំពើហិង្សា​៕