ភ្នំពេញៈ ខណៈ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន កំពុង​បន្ត​វិ​វត្ត​កាន់តែ​ស្មុគស្មាញ ក្រសួងការបរទេស កំពុងបើក​កិច្ចពិភាក្សា​ពី​ផល​ប៉ះពាល់​នៃ​ការប្រែប្រួល​ភូមិសាស្ត្រ​នយោបាយ មកលើ​កម្ពុជា ការគិតគូរ​ជា​យុទ្ធសាស្ត្រ និង​គោលជំហរ​ក្នុងស្ថានភាព​ដ៏​ស្មុគស្មាញ​នេះ ដើម្បី​ការពារ​ឱ្យបាន​នូវ​ប្រយោជន៍​ស្នូល​របស់​ជាតិ និង​ប្រជាជន​កម្ពុជា​។​

​កិច្ចពិភាក្សា​នេះ ធ្វើឡើង​ក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​ ២០២២​ និង​ទិសដៅ​ឆ្នាំ​ ២០២៣ របស់​ក្រសួងការបរទេស​នា​ថ្ងៃទី​ ១ ខែមីនា​។​

​ក្នុង​ពិធី​បើក​សន្និបាត​នេះ​លោក ប្រាក់​ សុខុន រដ្ឋមន្ត្រីការបរទេស​ថ្លែងថា​៖ «​ក្នុង​បរិបទ​ដែល​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន បន្ត​វិ​វត្ត​កាន់តែ​ស្មុគស្មាញ និង​ប្រកប​ដោយ​គ្រោះថ្នាក់​នោះ តួនាទី និង​ការ​សម្រេច​របស់​ចិន នឹងមាន​សារៈសំខាន់​បំផុត​សម្រាប់​អនាគត​នៃ​សង្គ្រាម​នេះ និង​អនាគត​នៃ​សណ្តាប់ធ្នាប់​ពិភព​លោក​»​។​

លោក​បន្តថា​៖ «​ប្រធានបទ​ទី​ ១ ​នៃ​ការពិភាក្សា​របស់​យើង​នឹង​ផ្តោតទៅលើ​ផល​ប៉ះពាល់​នៃ​ការប្រែប្រួល​ភូមិ​សាស្ត្រ​នយោបាយ​ទាំងនេះ​មកលើ​កម្ពុជា ការគិតគូរ​ជា​យុទ្ធ​សាស្ត្រ​ការប្រកាន់​គោលការណ៍ គោលជំហរ​របស់​យើង​ក្នុង​ស្ថាន​​ភាព​ដ៏​ស្មុគស្មាញ និង​គ្រោះថ្នាក់​នេះ​ដើម្បី​ការពារ​ឱ្យបាន​នូវ​ប្រ​យោជន៍​ស្នូល​របស់​ជាតិ និង​ប្រជាជន​យើង​»​។​

​រដ្ឋមន្ត្រី​រូបនេះ លើកឡើងថា កំណែទម្រង់​ផ្ទៃក្នុង​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​នាំមក​នូវ​ផ្លែ​ផ្កា​ជាច្រើន ក្នុងការ​លើកកម្ពស់​ប្រសិទ្ធភាព វិជ្ជាជីវៈ និង​ភាព​មុត​ស្រួច​នៃ​អ្នកការទូត​កម្ពុជា​។ យ៉ាងណាក៏ដោយ ក៏​ការកែទម្រង់​នេះ នឹងត្រូវ​បន្តទៅទៀត ដើម្បី​ប្រែក្លាយ​ក្រសួងការបរទេស និង​ជួរ​អ្នកការទូត ទៅជា​សេនា​ធិ​ការ និង​ជា​យុទ្ធជន​ឈានមុខ​ក្នុងការ​ការពារ​ប្រយោជន៍​ប្រទេស​ជាតិ និង​ប្រជាជន​កម្ពុជា នៅលើ​ឆាក​អន្តរជាតិ​។

​លោក​ជំរុញ​ដល់​មន្ត្រីការទូត និង​មន្ត្រី​ទាំងអស់​ត្រូវខិតខំ​ប្រ​មូល​ផ្ដុំ​បញ្ញាញាណ ជជែក​វែក​​ញែក ផ្លាស់ប្តូរ​ទស្សនៈ​គ្នា លើក​ជា​គំនិត​ផ្តួចផ្តើម ជា​ផែនការ និង​វិធានការ​ការងារ​សំដៅ​សម្រេច​ឱ្យបាន​នូវ​បេសកកម្ម «​ដ៏​ឧ​ត្តុ​ង្គ​​ឧ​ត្ត​ម​» ជូន​ដល់​ប្រទេស​កម្ពុជា ពិសេស​នៅក្នុង​កិច្ចការពារ​ផល​​ប្រយោជន៍ និង​លើកស្ទួយ​កិត្យានុភាព​ជាតិ​។​

​លោក ប្រាក់ សុខុន ថ្លែងថា​៖ «​ខ្ញុំ​ជឿជាក់ថា សន្និបាត​របស់​យើង​នឹង​ប្រព្រឹត្ត​ទៅដោយ​ភាព​សកម្ម និង​ជូនពរ​ឱ្យ​កិច្ចពិភាក្សា​របស់​យើង​ទទួលបាន​ជោគជ័យ​ផ្លែផ្កា​ត្រចះត្រចង់​»​។​

​លោក អ៊ុច បូរ​រិ​ទ្ធ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួងការបរទេស​ថ្លែង​ក្នុង​ពិធី​នេះ​ថា ឆ្នាំ ២០២២ គឺជា​ឆ្នាំ​ដែល​ពោរពេញ​ទៅដោយ​ការ​ប្រឈម​ភូមិសាស្ត្រ​នយោបាយ និង​សង្គម សេដ្ឋកិច្ច​ធំៗ​បង្កឡើង​ដោយ​ការប្រកួតប្រជែង​កាន់តែខ្លាំង​ឡើង ស្មុគស្មាញ​ឡើង រវាង​មហាអំណាច​ធំៗ ការផ្ទុះ​ឡើង​នូវ​សង្គ្រាម​នៅ​អឺរ៉ុប ដែល​តិច​ណាស់​នឹកស្មាន​ដល់ ហើយ​ដែល​បាន​បង្ក​មហន្តរាយ​ធ្ងន់ធ្ងរ​ដល់​ជីវិត​មនុស្ស ហេដ្ឋារចនាសម្ព័ន្ធ​នានា ព្រមទាំង​បង្កើត​វិបត្តិ​ស្បៀង​និង​ថាមពល ក្នុងពេលដែល​ពិភពលោក​កំពុង​ងើបឡើង​វិញ​ដោយ​លំបាក​ពី​ផលប៉ះពាល់​ពហុ​វិស័យ​ដោយ​ជំងឺ​រាតត្បាត​កូ​វីដ​ ១៩​។​

​លោក​បន្តថា ការប្រកាន់​ជំហរ «​យ៉ាង​ត្រឹមត្រូវ និង​ម៉ឺងម៉ាត់​» របស់​កម្ពុជា​គាំទ្រ​គោលបំណង និង​គោលការណ៍​នៃ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ ក្នុង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​បាន​កែ​សម្រួល​យ៉ាងខ្លាំង​នូវ​ទំនាក់​ទំនង​រវាង​កម្ពុជា​ជាមួយ​បណ្តា​ប្រទេស​បស្ចិម​លោក រួមទាំង​សហរដ្ឋអាមេរិក​ផងដែរ ដោយ​បង្ហាញឱ្យឃើញ​ច្បាស់​នូវ​ការ​​ប្រកាន់​នយោបាយ​ការបរទេស​ឯករាជ្យ​ផ្អែកលើ​ច្បាប់​អន្តរជាតិ​។​

​លោក អ៊ុច បូរ​រិ​ទ្ធ ថ្លែងថា ២០២២ ជា​ឆ្នាំ​ដែល​កម្ពុជា​ទទួល​តួនាទី​ជា​ប្រធាន​ប្ដូរ​វេន​របស់​អាស៊ាន​ជា​លើក​ទី​ ៣ ចាប់​តាំង​ពី​បាន​ក្លាយជា​សមាជិក​អាស៊ាន​នៅ​ឆ្នាំ​ ១៩៩៩ មក​។ ការពិត ឆ្នាំ​ណា​ក៏​អាស៊ាន​ជួបប្រទះ និង​ត្រូវ​ដោះស្រាយ​ការ​ប្រឈម​ក្នុង​កម្រិត និង​ទម្រង់​ផ្សេងៗ​គ្នា​ដែរ​ប៉ុន្តែ​ក្នុង​ប្រវត្តិសាស្ត្រ ៥៥ ​ឆ្នាំ​របស់ខ្លួន អាស៊ាន​មិនដែល​ប្រឈម និង​បញ្ហា​គ្រោះថ្នាក់​ច្រើន​បែបនេះ និង​ក្នុងពេល​តែមួយ​ដូច​ក្នុង​ឆ្នាំ​ ២០២២ នោះទេ​។

​លោក​ថ្លែងថា​៖ «​ស្ថានការណ៍​នេះ បាន​តម្រូវឱ្យ​ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក​ទាំងអស់​នៃ​ក្រសួង​ការបរទេស​យើង ក្រោម​ការ​ណែនាំ​ជាប់​ជាប្រចាំ​ពីស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បង្កើន​មិន​ត្រឹមតែ​កិច្ចប្រឹងប្រែង ការ​អត់​​ធ្មត់​ក្នុង​ការងារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏ត្រូវ​ប្រឹងប្រែង​សំលៀង​ភាព​​វាងវៃ រក្សា​ការប្រុងប្រយ័ត្ន និង​ជំរុញ​ឱ្យដល់​កម្រិត​ខ្ពស់បំផុត​នូវ​គ្រប់​មធ្យោបាយ​ការទូត ដើម្បី​សម្រេច​ឱ្យបាន​ជោគជ័យ​នូវ​ការអនុវត្ត​នយោបាយ​ការបរទេស​ដែល​ឯករាជ្យ និង​ផ្អែកលើ​ច្បាប់ និង​ផ្អែកលើ​ផលប្រយោជន៍​គោល​របស់​ជាតិ និង​ប្រជាជន​យើង​»​។​

​លោក ថុង ម៉េង​ដា​វិត អ្នក​សិក្សា​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​មេគង្គ​សម្រាប់​ការសិក្សា​យុទ្ធ​​សាស្ត្រ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​​អាស៊ី (AVI) ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ នា​ថ្ងៃទី​ ១ ខែមីនា​ថា កម្ពុជា​តែងតែ​សម្តែង​កង្វល់ និង​ការ​យកចិត្តទុកដាក់​រប​ស់​ខ្លួន​ចំពោះ​ប្រជាជន និង​ផលប៉ះពាល់​តំបន់​និង​សកល​ដោយសារតែ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។ លោក​បន្តថា នៅក្នុង​បរិបទ​សន្តិសុខ​សកល​ដែលមាន​សភាព​ស្រួចស្រាល់​និង​គ្រោះថ្នាក់​នេះ ក្នុងនាម​កម្ពុជា​ជា​រដ្ឋ​ត្រូវ​ទាមទារ​ឱ្យ​រដ្ឋ​ទាំងអស់​មិន​ថា តូច​ឬ​ធំ ត្រូវគោរព​តាម​គោលការណ៍​ច្បាប់​អន្តរជាតិ​និង​ស្មារតី​សន្តិភាព និង​ពហុភាគី​និយម​ក្នុងការ​ដោះស្រាយ​វិបត្តិ​សន្តិសុខ​នេះ​។

​លោក ម៉េង​ដា​វិត ថ្លែងថា​៖ «​ផែនការ​សន្តិភាព ​១២ ​ចំណុច​របស់​ចិន គឺជា​គំនិត​ផ្តួចផ្តើម​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ក្នុង​ការជំរុញ​ការបញ្ឈប់​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​កាត់បន្ថយ​ភាព​តានតឹង កសាង​ទំនុកចិត្ត​គ្នា​ទៅវិញ​ទៅមក និង​ឈានទៅរក​ការចរចា​សន្តិភាព​»៕