
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកអុិត សំហេង ក្នុងកិច្ចប្រជុំ នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣។ រូបថត ក្រសួងការងារ
ភ្នំពេញៈ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៃកម្ពុជា បានក្រើនរំឭកដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន និងជនបរទេសទាំងអស់មកដាក់ពាក្យស្នើសុំពន្យារសុពលភាពបណ្ណការងារ និងសៀវភៅការងារជនបរទេស នៅត្រឹមដំណាច់ខែមីនានេះជាកំហិត។
សេចក្ដីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងនៅថ្ងៃទី២ ខែមីនា ថា រាជរដ្ឋាភិបាល បានចេញសេចក្តីសម្រេចលេខ៨៩សសរ ចុះថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ស្ដីពីការបង្កើតគណៈកម្មការអន្តរក្រសួង ជំរុញ និងត្រួតពិនិត្យការងារអធិការកិច្ចហត្ថពលកម្មបរទេស។
សេចក្តីជូនដំណឹងបន្តថា គណៈកម្មការអន្តរក្រសួង បានដាក់ចេញនូវផែនការប្រតិបត្តិការ ជា២ដំណាក់កាល ទី១ ពីខែមករា ដល់ខែមីនា ជាដំណាក់កាលស្វ័យប្រកាស និងបំពេញឯកសារ ទី២ ពីខែមេសា ដល់ខែមិថុនា ជាដំណាក់កាលចុះប្រតិបត្តិការអធិការកិច្ចជាក់ស្ដែង។
អនុវត្តតាមស្មារតីនៃកិច្ចប្រជុំផ្សព្វផ្សាយការងារគ្រប់គ្រងហត្ថពលកម្មបរទេសនៅព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានក្រើនរំឭកដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន និងជនបរទេសទាំងអស់មកដាក់ស្នើសុំពន្យារសុពលភាពបណ្ណការងារ និងសៀវភៅការងារជនបរទេស នៅត្រឹមដំណាច់ខែមីនានេះជាកំហិត។
បើតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈ ចំពោះជនបរទេស ដែលធ្លាប់មានបណ្ណការងារ និងសៀវភៅការងារ ត្រូវស្នើសុំពន្យារសុពលភាពបណ្ណការងារ និងសៀវភៅការងារជនបរទេស ឱ្យបានមុនថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ជាកំហិត។ រីឯជនបរទេសដែលទើបចូលមកធ្វើការ ឬប្រកបមុខរបរណាមួយនៅព្រះរាជាណាចក្រកម្ពុជា ត្រូវបំពេញឯកសារឱ្យបានត្រឹមត្រូវតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។
លោកហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មិនអាចសុំធ្វើអត្ថាធិប្បាយបន្ថែមបានទេ នៅថ្ងៃទី២ ខែមីនា ដោយទូរស័ព្ទហៅចូល ប៉ុន្តែមិនមានអ្នកលើក។
លោកអាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាថ្លែងថា កន្លងមកនេះ ឃើញថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងលើជនបរទេសបានច្រើននៅកន្លែងការងារ ដូចជាជនជាតិចិន ក៏ដូចជា ជនជាតិអឺរ៉ុប ជាដើម ដែលកំពុងបម្រើការងារនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែជនជាតិមួយចំនួនទៀត ដូចជាជនជាតិវៀតណាម ហាក់មិនទាន់គ្រប់គ្រងបាន។
លោកបន្តថា ចំពោះការស្នើឱ្យបំពេញកាតព្វកិច្ច តាមច្បាប់ការងារ សម្រាប់ជនបរទេស ត្រូវតែអនុវត្តលើគ្រប់ជនបរទេសទាំងអស់ ដោយមិនត្រូវលើកលែងទេ មិនថា មកពីវៀតណាម ហ្វីលីពីន ចិន អាមេរិក អឺរ៉ុប និងប្រទេសដទៃនោះឡើយ៕