
លោក គឹម ណុង ក្នុងសន្និសីទកាសែតនៅក្រសួងបរិស្ថាននៅថ្ងៃទី២មីនា។ ហុង មិនា
ភ្នំពេញៈ នៅក្នុងសន្និសីទសារព័ត៌មានស្តីពីយុទ្ធនាការ «អន្ទាក់សូន្យ» ក្នុងតំបន់ការពារធម្មជាតិដំណាក់កាលទី២ ធ្វើឡើងនៅទីស្តីការក្រសួងបរិស្ថាន នៅថ្ងៃទី ២ ខែមីនា លោក គឹម ណុង អគ្គនាយកនៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នៃក្រសួងបរិស្ថានថ្លែងថា តំបន់ការពារធម្មជាតិកម្ពុជាពីមុនជាសមរភូមិប្រយុទ្ធប្រកបដោយគ្រោះថ្នាក់ ប៉ុន្តែបច្ចុប្បន្នបានប្រែក្លាយទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ និងបង្កើតការងារជាច្រើនសម្រាប់ប្រជាពលរដ្ឋ។
លោកថ្លែងថា៖ «យើងកំពុងផ្លាស់ប្តូរពីការពឹងអាស្រ័យទាំងស្រុងលើធនធានធម្មជាតិមកជាការការពារអភិរក្សធនធានធម្មជាតិដែលមាននៅតាមតំបន់ការពារធម្មជាតិ ដើម្បីបង្កើនសេដ្ឋកិច្ចជីវភាពគ្រួសាររបស់ប្រទេសជាតិយើងឡើងវិញ»។
លោកឱ្យដឹងថា កម្ពុជាមានតំបន់ការពារធម្មជាតិចំនួន ៧៣ តំបន់ និងរបៀងជីវចម្រុះចំនួន៣ តំបន់ ដែលមានផ្ទៃដីគ្របដណ្តប់ប្រមាណ ៧,២លានហិកតា។
លោកបញ្ជាក់ថា តំបន់ការពារធម្មជាតិកម្ពុជា បានបង្កើតឡើងមានលក្ខណពិសេសខុសពីតំបន់ការពារធម្មជាតិប្រទេសដទៃ ដែលហ៊ុមព័ទ្ធការពារនិងអភិរក្សធនធានធម្មជាតិសុទ្ធ ប៉ុន្តែតំបន់ការពារធម្មជាតិកម្ពុជាមានបែងចែកតំបន់ផ្សេងៗរហូតដល់៤តំបន់។
លោកថ្លែងថា៖«តាមច្បាប់តំបន់ការពារធម្មជាតិរបស់យើងគឺយើងរៀបចំឱ្យមានជាតំបន់ស្នូល តំបន់អភិរក្ស តំបន់ប្រើប្រាស់ដោយចីរភាព និងតំបន់សហគមន៍។ នេះជាចំណុចសំខាន់១ ដែលបង្ហាញពីសុខុដុមនីយកម្មរបស់យើង ជាមួយនឹងប្រជាពលរដ្ឋរស់នៅតំបន់ការពារធម្មជាតិជាមួយនឹងការអភិវឌ្ឍនានា រួមនឹងតំបន់ព្រៃ បឹងបួ ជាប្រភពចំណូលប្រចាំថ្ងៃសម្រាប់ប្រជាពលរដ្ឋ»។
លោក គឹម ណុង បានលើកឡើងថា ស្របពេលដែលប្រជាពលរដ្ឋបែរទៅចូលចិត្តដំណើរកម្សាន្តនៅតំបន់ការពារធម្មជាតិកាន់តែច្រើនឡើងពី១ឆ្នាំទៅ១ឆ្នាំ ជាពិសេសអំឡុងរយៈពេល២ទៅ៣ឆ្នាំចុងក្រោយនេះ ក្រសួងបរិស្ថាន មានការព្រួយបារម្ភចំពោះបញ្ហាសុវត្ថិភាពមួយចំនួនរបស់អ្នកទេសចរដែលអាចជួបអន្ទាក់ចាប់សត្វនៅក្នុងព្រៃដោយមិនដឹងខ្លួន។ ហេតុនេះ ការធ្វើយុទ្ធនាការអន្ទាក់សូន្យគឺជារឿងសំខាន់ដែលត្រូវការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធទាំងអស់។
លោកថ្លែងថា៖«យើងរួមគ្នាផ្លាស់ប្តូរឥរិយាបទអំពីការដាក់អន្ទាក់សត្វ មកជួយថែរក្សាការពារសត្វព្រៃ ការពារព្រៃឈើ ការពារតំបន់ការពារធម្មជាតិយើង ឱ្យក្លាយទៅជាតំបន់ដែលអាចរកចំណូលពីការលក់កាបូន ពីការដើរកម្សាន្ត និងពីប្រភពធនធានដែលយើងអាចរកចំណូលចិញ្ចឹមជីវភាពប្រជាពលរដ្ឋប្រចាំថ្ងៃបាន។ តំបន់អភិរក្សយើងជាធនាគារធម្មជាតិ១ដែលមិនទាមទារការចំណាយឡើយ»។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ថ្លែងថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីឧទ្យានុរក្ស និងការចូលរួមពីប្រជាពលរដ្ឋ ចំនួនអន្ទាក់អាចនឹងថយចុះជាបន្តបន្ទាប់។
លោកបានលើកឡើងថា ការដាក់អន្ទាក់មិនមានផ្តល់ប្រយោជន៍អ្វីដល់ប្រជាពលរដ្ឋនោះទេ ផ្ទុយទៅវិញវាគឺជាអំពើ១ដែលខុសនឹងច្បាប់ ធ្វើឱ្យប៉ះពាល់ដល់សត្វព្រៃ។ ការប៉ះពាល់ដល់សត្វព្រៃនេះហើយ ដែលជាហេតុនាំឱ្យខាតប្រយោយជន៍របស់ប្រជាពលរដ្ឋដែលបានមកពីទេសចរណ៍ធម្មជាតិ និងការផ្តល់មុខរបរផ្សេងៗ។
លោកថ្លែងថា៖« ទន្ទឹមនឹងគេចូលទៅក្នុងព្រៃស្វែងយល់អំពីទេសចរណ៍ធម្មជាតិ ដែលសំដៅលើទេសភាពព្រៃឈើ ទឹកធ្លាក់ទឹកអីហ្នឹង ក៏គេប្រាថ្នាថា បើមានសត្វព្រៃមានសត្វអ្វីខ្លះ ? សម្បូរបែបយ៉ាងណានោះ ក៏កាន់តែមានភាពទាក់ទាញថែមទៀត»។
លោក នេត្រ ភក្ត្រា បានអំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមគាំទ្រនូវសកម្មភាពទេសចរណ៍ ផ្សារភ្ជាប់ទឹកដី ពីព្រោះវាជាការនាំចេញនៅនឹងកន្លែង ដែលបង្កើតការងារ នាំចំណូលសម្រាប់ប្រជាពលរដ្ឋនៅនឹងកន្លែង។ លោកថា មានតែវិធានការសេដ្ឋកិច្ចនេះទេ ដែលអាចលុបបំបាត់ជាអតិបរមា នូវបទល្មើសធនធានធម្មជាតិដែលកើតឡើង៕