​ភ្នំពេញៈ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ថ្លែងថា ក្នុង​រយៈពេល​ ២​ ឆ្នាំ​ គិត​ចាប់ពី​ថ្ងៃទី ​១ ខែមករា ២០២១ ដល់​ថ្ងៃទី​ ៣១ ខែធ្នូ ឆ្នាំ ​២០២២ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ក្រសួង​បរិ​​ស្ថាន​បាន​ដោះ​អន្ទាក់​សរុប​ចំនួន​ ៩៦ ៣៥៧ អន្ទាក់ និង​​ដកហូត​កាំភ្លើង​កែច្នៃ និង​អាវុធ​ពិត​សរុប​ចំនួន ​១ ៤១៦ ដើម​។

​លោក នេត្រ ភក្ត្រា បាន​ថ្លែង​បែបនេះ​ក្នុង​សន្និសីទ​សារព័ត៌​​មាន​ ស្តីពី​យុទ្ធនាការ «​អន្ទាក់​​សូន្យ​» ក្នុង​តំបន់ការពារធម្មជាតិ​កម្ពុជា​ដំណាក់កាល​ទី​២ ធ្វើឡើង​នៅ​ទីស្តីការ​ក្រសួងបរិស្ថាន ព្រឹក​ថ្ងៃទី ​២ ខែមីនា ឆ្នាំ ​២០២៣​។​នេះ​។ លោក​ថា អន្ទាក់​ និង​កាំ​​ភ្លើង​ដែល​ដកហូត​បាន​ទាំងនេះ​កើតឡើង​ពី​កិច្ចខិតខំ​ប្រឹងប្រែង​​របស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ក្នុងការ​​ទប់ស្កាត់​បទល្មើស​មិន​ត្រឹមតែ​ចុះ​ល្បាត​ការពារ​ធនធាន​ធម្ម​ជាតិ​ទេ ប៉ុន្តែ​ក៏បាន​ចូលរួម​សហ​​ការ​ជាមួយ​អង្គការ​ដៃគូ​ និង​សហ​​គម​ន៍​តំបន់ការពារធម្មជាតិ ដែល​កំពុង​ឈរជើង​នៅ​តំបន់​អភិរក្ស​ទាំង ៧៦​ កន្លែង ​ក្នុងនោះ​តំបន់ការពារធម្មជាតិ​មាន ​៧៣ និង​របៀង​អភិរក្សរ​ជីវចម្រុះ​ចំនួន​ ៣ ដែលមាន​ផ្ទៃដី​ប្រមាណ​ជិត ៧​ លាន ​៣ ​សែន​ហិកតា​។

​លោក ​នេត្រ ភក្ត្រា បានឱ្យដឹងថា អន្ទាក់​ដែល​ត្រូវបាន​ដោះ​ច្រើនជាងគេ​ គឺ​នៅ​តំបន់​ជួរ​ភ្នំ​ក្រវាញ ក្នុង​ខេត្តកោះកុង ពោធិ៍​សាត់ និង​បណ្តា​ខេត្ត​នៅ​ភូមិភាគ​ឦសាន​ដូចជា​មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និង​ខេត្ត​ផ្សេងទៀត​ដូចជា​កំពង់ធំ​ជាដើម​។

​លោក​ថា ការ​ដោះ​អន្ទាក់ និង​ការដកហូត​នូវ​កាំភ្លើង​កែច្នៃ និង​កាំភ្លើង​ពិត ដែល​ចេញពី​ការ​​ប្រព្រឹត្ត​បទល្មើស​ និង​ការ​ដោះ​អន្ទាក់​នៅក្នុង​តំបន់​ការពារ​ធម្ម​ជាតិ​នេះ ជាការ​ចូលរួម​ជួយ​​សង្គ្រោះ​សត្វព្រៃ ផ្តល់​ជម្រក​សុវត្ថិ​​ភាព​ដល់​សត្វព្រៃ និង​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ដែល​ចូល​ទេសចរណ៍​ក្នុងព្រៃ​។​

​លោក​ថ្លែងថា​៖ «​ទោះបីជា​ចំនួន​អន្ទាក់​ដែល​យើង​បាន​ដោះ​នេះ​វា​មិនមែនជា​ចំនួន​ទាំងអស់​ក៏ដោយ តែ​វា​ជា​ផ្នែក​ ១​ ក្នុងការ​​ជួយសង្គ្រោះ​សត្វព្រៃ ហើយ​នៅក្នុង​បេសកកម្ម​ជា​រៀងរាល់ថ្ងៃ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ក៏ដូចជា​អង្គការ​ដៃគូ​តែង​ដោះ​អន្ទាក់​ហើយ​​លែង​សត្វ​ដែល​ជាប់អន្ទាក់​​ចូលទៅក្នុង​ព្រៃ​វិញ​។ សត្វ​ដែលមាន​របួស​ឬ​សត្វ​មាន​វ័យ​ក្មេងខ្ចី​យើង​សហការគ្នា​បញ្ជូនមក​ក​ន្លែ​ង សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ​បន្ត​ចិញ្ចឹម​»​។

​មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន​រូបនេះ​បានឱ្យដឹង​ទៀតថា ដើម្បី​ចូលរួម​ក្នុង​កិច្ចការពារ និង​អភិ​​រក្ស​ធនធានធម្មជាតិ នៅក្នុង​ប្រទេស​កម្ពុជា​ប​ន្ថែ​ម​ទៀត ក្រសួងបរិស្ថានដោយមាន​ការ​សហ​ការ​ជាមួយ​អង្គការ​ដៃគូ នឹង​ប្រកាស​បើក​យុទ្ធនាការ​អន្ទាក់​សូន្យ នៅ​ថ្ងៃទី ​៣ ខែមីនា ឆ្នាំ ​២០២៣ នេះ​តាម​ប្រព័ន្ធ​ហ្ស៊ូ​ម ស្របពេល​ទិវា​សត្វព្រៃ​ពិភព​​លោក​។

​ការការពារ​សត្វព្រៃ​បាន​មិនមែន​មិន​ត្រឹមតែ​ធ្វើ​តុល្យភាព​បរិស្ថាន​ទេ ប៉ុន្តែ​បាន​ទាក់ទាញ​នូវ​ទេស​​ចរ​ផងដែរ​។ បច្ចុប្បន្ន​កម្ពុជា​បាន​ផ្លាស់ប្តូរ​នូវ​បរិបទ​ថ្មី​ពី​កម្ពុជា ដែល​កាប់​ឈើ​ដើម្បី​លុយ ទៅជា​អ្ន​ការពារ​ព្រៃ​បានល្អ​ប្រសើរ បាន​ផ្លាស់ប្តូរ​ពី​ការកាប់​ឈើ​ដើម្បី​លុយ ប៉ុន្តែ​ប្រែជា​ប្រទេស​ដែលមាន​ការរក្សា​ឈើ​ឈរ ​ដើម្បី​រក​ចំណូល​ពី​ឥណទាន​កាបូន និង​ចំណូល​ពី​ទេសចរណ៍ធម្មជាតិ​។​

​លោក​ថ្លែងថា​៖ «​ពេល​ការពារ​ព្រៃ​បាន​ហើយៗ​ចង់ឱ្យ​ព្រៃ​នេះ​មិនមាន​តែព្រៃ​ទេ​គឺមាន​សត្វ​ថែមទៀត អ៊ឹ​ចឹ​ង​យុទ្ធនាការ​អន្ទាក់​សូន្យ​នេះ​​ គឺជា​យន្តការ​ ១​ ដែល​សំខាន់​ក្នុងការ​ផ្តល់នូវ​សុវត្ថិភាព​ដល់​សត្វ ចូលរួម​នៅក្នុង​ការបង្កើត​សត្វ ផ្តល់ឱកាស​ទៅដល់​សត្វព្រៃ​កុំឱ្យ​មាន​ឧ​ប​​សគ្គ​ ឬ​បញ្ហា​ក្នុង​ការបន្ត​ពូជ និង​ផ្លាស់​ទី​ដែលជា​ឧបសគ្គ​នៃ​ការ​​កកើត​ឡើងវិញ​»​។

​លោក ​នេត្រ ភក្ត្រា បញ្ជាក់ថា ការបរិភោគ​សាច់សត្វ​ព្រៃ​មិន​ផ្តល់នូវ​សុខភាព​មាំមួន ឬ​អាច​ព្យាបាល​ជំងឺ​ផ្សេងៗ​បាន​នោះទេ ប៉ុន្តែ​វា​អាច​នឹង​បង្ក​នូវ​ជំងឺឆ្លង​ផ្សេងៗ ព្រមទាំង​ធ្វើឱ្យមាន​មហន្តរាយ​ដល់​សង្គម​និង​សេដ្ឋ​​កិច្ច​កម្ពុជា​ផងដែរ​។ ហេតុនេះ​ការចូលរួម​ការពារ​អភិរក្ស​សត្វព្រៃ​នឹងធ្វើ​ឱ្យ​បរិស្ថាន ​និង​ធនធាន​​ធម្មជាតិ​របស់​យើង​ត្រូវបាន​ការពារ សត្វព្រៃ​ត្រូវបាន​ការពារ​ ដើម្បី​បន្សល់ទុក​ដល់​អ្នក​ជំនាន់​ក្រោយ​។

​លោក Jackson Frechette នាយក​កម្មវិធី​នៃ​មហា​តំបន់​​មេគង្គ នៃ​អង្គការ CI បាន​ថ្លែងថា មាន​សត្វ​ជាច្រើន​ទទួលរង​​គ្រោះ​ជាប់អន្ទាក់​ក្នុងនោះ​រួម​​មាន ​សត្វ​ដំរី ខ្លាឃ្មុំ ជ្រូកព្រៃ ជា​ដើម ដូច្នេះ​យុទ្ធនាការ​អន្ទាក់​សូន្យ​ធ្វើឡើង​ដើម្បី​ចាត់​វិធាន​​ការអនុវត្ត​ច្បាប់ និង​ដោះស្រាយ​បញ្ហា​ទាំងនេះ ​ដើម្បី​ជួយ​ដល់​សត្វ​។

​លោក​ថ្លែងថា​៖ «​អន្ទាក់​បានសម្លាប់​សត្វ​ព្រៃ​ជាច្រើន​នៅក្នុង​ព្រៃ​។​ សត្វព្រៃ​មាន​តួនាទី​យ៉ាង​​សំខាន់​ក្នុងការ​ធ្វើឱ្យមាន​លំនឹង​នៃ​ធម្មជាតិ​ព្រៃឈើ​របស់​យើង CI គឺ​ធ្វើការ​ជាមួយនឹង​ក្រសួងបរិស្ថាន ​ដើម្បី​ធ្វើការ​ទប់ស្កាត់​ដោះស្រាយ​បំបាត់​នូវ​អន្ទាក់​។ ជាពិសេស​សហការ​ជាមួយនឹង​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ​»​។

​លោក John Willis នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ (WA) បាន​សម្តែង​ការគាំទ្រ​យុទ្ធនាការ​អន្ទាក់​សូន្យ​ដំណាក់កាល​ទី​២ ដោយ​យុទ្ធនាការ​នេះ​អាច​ការ​​ពារ​ព្រៃ និង​សត្វព្រៃ​ផងដែរ​។ ​ជា​ពិសេស​យុទ្ធនាការ​នេះ​អាចអភិវឌ្ឍ​នៅក្នុង​ច្រករបៀង​ជីវ​ចម្រុះ​។

លោក​លើកឡើងថា អន្ទាក់​ជាស​ត្រូវ​របស់​សត្វព្រៃ ​និង​សម្លាប់​សត្វព្រៃ​ដោយ​មិន​រើសមុខ មិនតែប៉ុណ្ណោះ​វា​បាន​បំផ្លាញ​ដល់​ជីវចម្រុះ និង​បំផ្លាញ​លើ​ដំណើរការ​នៃ​ប្រព័ន្ធ​អេកូ​​ឡូ​ស៊ី​ផងដែរ​។

​លោក​បន្តថា នៅ​តំបន់​ជួរ​ភ្នំ​ក្រវាញ​មានការ​ទាក់ទាញ​ភ្ញៀវ​​ទេសចរ​ជាច្រើន​នាក់ ហើយ​តំបន់​ទាំងអស់នោះ​មាន​សត្វព្រៃ និង​មាន​តំបន់​ច្រករបៀង​ផងដែរ​។​ អន្ទាក់ ​គឺជា​ឃាតករ​លាក់​មុខ​ហើយ​វា​អាច​រារាំង​ទៅដល់​ដំណើរការ​នៃ​ទេសចរណ៍ រួម​​ទាំង​បំផ្លាញ​ទៅលើ​សត្វព្រៃ​។

​លោក​ថ្លែងថា​៖ «​យុទ្ធនាការ​អន្ទាក់​សូន្យ​នេះ​អាចជួយ​ទៅដល់​ការបង្កើន​នូវ​សេដ្ឋកិច្ច និង​លើក​​កម្ពស់​ការជួយ​ទៅដល់​មន្ត្រី​អនុវត្ត​ច្បាប់​ផងដែរ ហើយ​វា​អាចជួយ​ជា​ប្រយោជន៍​ទៅដល់​ជាតិ និង​សហគមន៍​របស់​យើង​»​។

​លោក សេង ទៀក នាយក​​ប្រតិបត្តិ​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ WWF នៅ​កម្ពុជាថ្លែងថា ក្នុង​យុទ្ធនាការ​អន្ទាក់​សូន្យ​លើក​​ដំបូង​ក្នុងភូមិ​សាស្ត្រ​ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ និង​កំពង់ធំ មាន​ប្រ​​ជា​ពលរដ្ឋ​ ៣០០០​នាក់​បាន​ចូលរួម​។ ​ក្រៅពីនេះ​នៅ​ទីតាំង​ជាក់លាក់​ដែល​បាន​អនុវត្ត​យុទ្ធនាការ​នេះ ក្នុង​ទូទាំង​ខេត្ត​មាន​ប្រជាពលរដ្ឋ​ប្រមាណ ៨០ ភាគរយ បានទទួល​សារ​ពី​យុទ្ធ​​នា​ការ​អន្ទាក់​សូន្យ​។

​ដោយឡែក​ភាព​សកម្ម​លើ​បណ្តាញ​សង្គម​ផ្សេងៗ​គឺមាន ១,៥​ លាន​នាក់ ​ដែល​បាន​សកម្ម​ទៅលើ​ការផ្តល់ Comments និង​ការធ្វើ​ប្រតិកម្ម​ឆ្លងឆ្លើយ​នៅតាម​បណ្តាញ​ហ្វេ​ស​ប៊ុ​ក ធ្វី​ធើរ លីង​អ៊ី​ន និង​តិកតុក​។ បន្ថែម​លើ​នេះ​អ្នកសារព័ត៌មាន​បាន​ចូល​​រួម​បញ្ចេញ​សារ​សរសេរ​ដោយ​អ្នកកាសែត​ចំនួន ៦១០ រឿង​​ ដែល​ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​អន្ទាក់​សូន្យ​។

​លោក​ថា​៖ «​ជារួម​យើង​វាយ​តម្លៃ​ថា ​ប្រជាពលរដ្ឋ​ជាង ​៣​ លាន​នាក់ ​បានទទួល​សារៈសំខាន់ៗ​ចេញពី​យុទ្ធនាការ​អន្ទាក់​សូន្យ​​ទី​១ ហើយ​សារ​នោះ​និយាយ​ពី​សារៈសំខាន់​សត្វព្រៃ ស្ថានភាព​នៃ​សត្វព្រៃ​កម្ពុជា បញ្ហា​ប្រឈម​សត្វព្រៃ ពិសេស វិបត្តិ​អន្ទាក់​ដែលជា​ឃាតករ​លាក់​មុខ និង​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចូលរួម​ការពារ និង​អភិរក្ស​សត្វព្រៃ​»​។​

​លោក សេង ទៀក ថ្លែងថា តាមរយៈ​យុទ្ធនាការ​អន្ទាក់​សូន្យ​ទី​១ ​ឃើញថា ចំនួន​អន្ទាក់​មានការ​ថយចុះ​ច្រើន បើ​ធៀប​នឹង​ទិន្នន័យ​ដែល​មិនទាន់មាន​យុទ្ធនាការ​អន្ទាក់​សូន្យ​។ នៅក្នុង​ឆ្នាំ​ ២០២១ មុន​យុទ្ធនាការ​អន្ទាក់​សូន្យ​ចំនួន​អន្ទាក់​ដែល​ប្រមូលបាន​ក្នុង​តំបន់​ការពារ​ធម្ម​​ជាតិ​មាន ៦ ១១៦០ អន្ទាក់ នៅ​ឆ្នាំ​ ២០២២ ក្រោយ​យុទ្ធនា​ការបញ្ចប់​អន្ទាក់​ដែល​ប្រមូលបាន ៣ ៥១៩៣ អន្ទាក់​។ ហេតុនេះ​បើ​ពិនិត្យ​តួលេខ​មូល​អន្ទាក់​មានការ​ថយចុះ ៤០ ភាគរយ​។ ចំពោះ​កាំភ្លើង​កែច្នៃ នៅ​ឆ្នាំ ២០២១ ប្រមូលបាន​១ ២០០ ដើម ប៉ុន្តែ​នៅ​ឆ្នាំ​ ២០២២ កាំភ្លើង​កែច្នៃ​ប្រមូលបាន ១១៦ ដើម បើ​ពិនិត្យ​ជា​តួលេខ​មូល ថយចុះ​ជាង ៥០ ភាគរយ​៕