រតនគិរីៈ អង្គការ​ជីវិត​ធម្មជាតិ​នៅកម្ពុជា​បាន​ធ្វើ​ការស្តារ​ត្រពាំង​ចំនួន ១០ នៅក្នុង​ដែនជម្រក​សត្វព្រៃ​លំផាត់ ដើម្បី​ជាប្រភព​ទឹក និង​ជាទី​ជម្រក​ដ៏សំខាន់​សម្រាប់​សត្វត្រយង ដែល​ជិត​ផុត​ពូជ ពិសេស​គឺ​នៅក្នុង​រដូវ​ក្តៅ។

អង្គការ​បាន​លើកឡើង​ថា ត្រពាំង​គឺជា​ប្រភព​ទឹក​និង​ជាទីជម្រក​ដ៏សំខាន់​បំផុត​សម្រាប់​សត្វត្រយង​ដែល​ជិត​ផុត​ពូជ​បំផុត​ទាំងពីរ​ប្រភេទ (ត្រយង​យក្ស និង ត្រយង​ចង្កំ​ក​ស) និង​សត្វព្រៃ​ជាច្រើន​ប្រភេទ​ទៀត នៅក្នុង​ព្រៃរបោះ ជាពិសេស​នៅក្នុង​រដូវ​ប្រាំង។

ត្រពាំង​ទាំងនេះ​កំពុង​បាត់បង់​តួនាទី​ក្នុងការគាំទ្រ​ដល់​សត្វព្រៃ​ដោយសារ​គោក​រាក់​និង​មាន​រុក្ខជាតិ​ក្រាស់​គ្រប​ដណ្តប់។ ក្នុង​គោលបំណង​ស្តារ​ទីជម្រក អង្គការ​ជីវិត​ធម្មជាតិ​នៅកម្ពុជា​បាន​ធ្វើ​ការស្តារ​ត្រពាំង​ចំនួនជ ១០ នៅក្នុង​ដែនជម្រក​សត្វព្រៃ​លំផាត់​ដើម្បី​រក្សា​មុខងារ​របស់​ត្រពាំង​សត្វត្រយង​ដែល​ជិត​ផុត​ពូជ។

យោងទៅ​លើ​ពិធី​សារស្តារ​និង​តាមដាន​ត្រពាំង ក្រុម​ការងារ​ទីវាល​បាន​ធ្វើ​ការត្រួត​ពិនិត្យ​និង​តាមដាន​ត្រពាំង​ជា​ទៀងទាត់។ កាមេរ៉ា​ស្វ័យ​ប្រវត្តិ​ត្រូវបាន​ប្រើប្រាស់​ដើម្បី​តាមដាន​ពី​វត្តមាន​របស់​សត្វព្រៃ​នៅតាម​ត្រពាំង​ដែល​បាន​ស្តារ។

លទ្ធផល​បឋម​នៃ​ការអង្កេត​តាមដាន​បាន​បង្ហាញ​ថា សត្វព្រៃ​ដែល​កំពុង​រងគ្រោះ​និង​ជិត​ផុត​ពូជ​មួយចំនួន ដូចជា​សត្វត្រយង​យក្ស សត្វត្រយង​ចង្កំ​ក​ស ត្រដក់​តូច កុក​ពាក់​អំបោះ​ជាដើម​បាន​ប្រើប្រាស់​ត្រពាំង​ដែល​បាន​ស្តារ​រួច​ទាំង​នោះ។

អង្គការ​ក៏បាន​បង្ហាញ​ពី​កត្តា​ប្រឈម​មួយចំនួន​ដែល​ត្រូវបាន​កត់ត្រា​ផងដែរ​ដូចជា ការលួច​កាមេរ៉ា​ស្វ័យប្រវត្តិ ការបរបាញ់​និង​ដាក់​អន្ទាក់​ជាដើម។ អង្គការ​ជីវិត​ធម្មជាតិ​នៅកម្ពុជា​នឹង​វិភាគ​ទិន្នន័យ​និង​រៀបចំ​របាយការណ៍​លទ្ធផល​ពីការស្តារ​ត្រពាំង​នេះ​ក្នុង​ឆ្នាំ​២០២៤​ខាង​មុខនេះ៕