ភ្នំពេញៈ អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានប្រកាស​ប្រាប់​សាធារណជនថា ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី ៣ ខែមីនា ឆ្នាំ​ ២០២៣ ​នេះ​បានប្រកាស​សាលក្រម​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​៖ ៥៦៤២/I ចុះ​ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ​ ២០១៧ របស់​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែលមាន​ជនជាប់ចោទ​ឈ្មោះ កឹម សុខា កើត​ថ្ងៃទី​ ២៧ ខែមិថុនា ឆ្នាំ​ ១៩៥៣ ដែល​ត្រូវ​ជាប់ចោទ​ពីបទ ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស ឬ​បទ​ឃុបឃិត​ត្រូវរ៉ូវ​គ្នា​ជាមួយ បរទេស ប្រព្រឹត្ត​នៅ​កម្ពុជា និង​ទីកន្លែង​ផ្សេងទៀត​កាលពី​អំឡុង​ឆ្នាំ​១៩៩៣ ដល់​ថ្ងៃទី​ ៣ ខែកញ្ញា ឆ្នាំ ២០១៧ តាម​បញ្ញត្តិ​មាត្រា ៤៤៣ ​នៃ​ក្រមព្រហ្មទណ្ឌ​។​

​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា ក្រោយពី​បានធ្វើ​សវនាការ​ពិភាក្សា​ដេញដោល​ចំនួន​៦៦​លើក ចាប់ពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២០ រហូតដល់​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២២ ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានប្រកាស​សាលក្រម​ព្រហ្មទណ្ឌ​លេ​ខៈ ១៨២ "​ម​” ចុះ​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០២៣ ដោយបាន​សម្រេចសេចក្ដី ទី ១. ផ្តន្ទាទោស​ជនជាប់ចោទ ឈ្មោះ កឹម សុខា​ដាក់ពន្ធនាគារ​កំណត់រ​យៈ​ពេល​២៧​ឆ្នាំ​ពីបទ​ស​ន្និ​ដ្ឋិ​ភាព​ជាមួយ​បរទេស ឬ​បទ​ឃុបឃិត​ត្រូវរ៉ូវ​គ្នា​ជាមួយ​បរទេស ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា និង​ទីកន្លែង​ផ្សេងទៀត​កាលពី​អំឡុង​ឆ្នាំ​២០១០ ដល់​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ជា​បទល្មើស​ព្រហ្មទណ្ឌ និង​ត្រូវ​ផ្ដន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ៤៣៩ និង​មាត្រា ៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ​។​

​ទី​២.​ផ្តន្ទាទោស​ជនជាប់ចោទ​នូវ​ទោស​បន្ថែម ដោយ​ដក​ជា​ស្ថាពរ​នូវ​សិទ្ធិ​បោះឆ្នោត សិទ្ធិ​ឈរឈ្មោះ​ឱ្យគេ​បោះឆ្នោត និង​សិទ្ធិ​ធ្វើ​សកម្មភាព​នយោបាយ​ផ្សេងទៀត​តាម​បញ្ញត្តិ​មាត្រា ៤៥០ នៃ​ក្រមព្រហ្មទណ្ឌ​។​

​ទី​៣.​ដាក់​ជនជាប់ចោទ​ឱ្យ​ស្ថិតនៅក្រោម​វិធានការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ដោយ​ត្រូវគោរព​កាតព្វកិច្ច មួយចំនួន​ដូចជា មិនត្រូវ​ចាកចេញ​ពី​បរិវេណ​នៃ​លំនៅឋាន​ផ្ទះ​លេខ​៩៧ ផ្លូវ​លេខ​៣១៣ ភូមិ​៧ សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ លើកលែងតែ​មានការ​អនុញ្ញាត​ដោយ​ព្រះរាជអាជ្ញា​នៃ​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ​, មិនត្រូវ​ជួប​បុគ្គល​ណា​ម្នាក់ ទាំង​សញ្ជាតិ​ខ្មែរ និង​បរទេស ដោយផ្ទាល់ ឬ​ដោយ​ប្រយោល​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ក្រៅពី​សមាជិកគ្រួសារ លើកលែងតែ​មានការ​អនុញ្ញាត​ដោយ​ព្រះរាជអាជ្ញា អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយយោង​លើ​តម្រូវ​ការចាំបាច់​តែប៉ុណ្ណោះ​។​

​កាតព្វកិច្ច​នៃ​វិធានការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ខាងលើនេះ មាន​អានុភាព​អនុវត្ត​ភ្លាម ចាប់​ពីថ្ងៃ​ប្រកាស​សាលក្រម​នេះ​រហូត​ដល់ពេល​សាលក្រម​ចូល​ជា​ស្ថាពរ​។​

​ទី​៤. បង្គាប់​ឱ្យ​កងកម្លាំង​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ប្រើប្រាស់​សិទ្ធិអំណាច និង​តួនាទី​របស់ខ្លួន ក្នុងឋានៈ​ជា​មន្ត្រីនគរបាល​យុត្តិធម៌ ដើម្បី​ធានា​អនុវត្ត​នូវ​វិធានការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ដូច​កំណត់​ក្នុង ចំណុច​ទី​៣ នៃ​សេចក្ដីសម្រេច​ខាងលើនេះ ក្រោម​ការដឹកនាំ និង​សម្របសម្រួល​ដោយ​ព្រះរាជអាជ្ញា អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​និង​ទី​៥. ក្នុងករណី​ដែលមាន​ការបំពាន​នូវ​កាតព្វកិច្ច​នៃ​វិធានការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ត្រូវ​ស្នើសុំ​ជាបន្ទាន់​ទៅ​តុលាការ​មាន​សមត្ថកិច្ច​ឱ្យចេញ​នូវ​វិធានការ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​លើ​ជនជាប់ចោទ​។​

​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ក៏បាន​បញ្ជាក់​អំពី​ចំណុច​សំខាន់ៗ​ដែលមាន មូលដ្ឋាន​ក្នុង​សាលក្រម​ដូចជា​៖ ទី​១. ការជំរុញ និង​ការលើកកម្ពស់​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ មិនមែនជា​អំពើ​ខុសច្បាប់​នោះឡើយ ហើយ​សកម្មភាព​នេះ​ត្រូវបាន​ធានា​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា​។ ប៉ុន្តែ តុលាការ​បាន​រកឃើញ​ថា ការជំរុញ និង​ការលើកកម្ពស់​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ដែល​ធ្វើឡើង​ដោយមាន​ការជួយជ្រោមជ្រែង ឃុបឃិត​ត្រូវរ៉ូវ​គ្នា​ក្នុង​ផែនការ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ក្នុង​គោលបំណង​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់ ដោយ​ប្រើប្រាស់​កម្លាំង​មហាជន ឬ​ធ្វើ​បដិវត្តន៍​ពណ៌​ផ្តួលរំលំ ដូច​នៅ​រដ្ឋ​“​ខ​” និង​រដ្ឋ “​គ​” គឺជា​អំពើ​ខុសច្បាប់ ដែល​អំពើ​នេះ បានធ្វើឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់ សន្តិភាព សន្តិសុខ​ជាតិ ស្ថិរភាព​សង្គម និង​ភាពសុខសាន្ត​របស់​ប្រជាពលរដ្ឋ​ទាំងមូល​។ ក្នុងន័យនេះ ជនជាប់ចោទ​បាន​ប្រើប្រាស់​ការលើកកម្ពស់​សិ​ទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ មក​ធ្វើជា​លេស ឬ​ជា​ឈ្នាន់​ក្នុងការ​ប្រមូល​កម្លាំង​មហាជន តាម​គ្រប់​មធ្យោបាយ​ដោយ​ស្របច្បាប់ និង​មិន​ស្របច្បាប់ សំដៅ​ធ្វើ​បដិវត្តន៍​ពណ៌ ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់ ក្រោម​ការឃុបឃិត​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់ ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស​។ ទី​២. តាម​សំណើ​របស់​មេធាវី​រាជរដ្ឋាភិបាល​តំណាង​ដើម​បណ្តឹងរដ្ឋប្បវេណី តុលាការ​ពុំមាន​សរស​រ​ឈ្មោះ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស​នៅក្នុង​សាលក្រម​របស់ខ្លួន​ឡើយ​។ តុលាការ​សម្រេច​ប្រើប្រាស់​អក្សរ តាង​ចំពោះ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស តាម​សំណើ​របស់​មេធាវី​រាជរដ្ឋាភិបាល​តំណាង​ដើមបណ្តឹង រដ្ឋប្បវេណី ដើម្បី​ធានា​ឱ្យបាន​នូវ​ទំនាក់ទំនង​ល្អ និង​ផលប្រយោជន៍​ជាតិ​នៃ​កម្ពុជា​នៅក្នុង​កិច្ចការ​ទំនាក់ទំនង​អន្តរជាតិ​ជាមួយ​រដ្ឋ​បរទេស​។ ជាមួយនេះដែរ ដើម្បី​ធានា​ឱ្យបាន​នូវ​ទំនាក់ទំនង​ល្អ​និង​ផលប្រយោជន៍​ជាតិ​នៃ​កម្ពុជា នៅក្នុង​កិច្ចការ​ទំនាក់ទំនង​អន្តរជាតិ និង​ដោយ​ចៀសវាង​ឱ្យបាន​នូវ​ការ​ធ្លាយ​ចេញ​នូវ​ឯកសារ​ជាតា​រាង​អក្សរ​តាង​ជំនួស​ការហៅ​ឈ្មោះ​រដ្ឋ​បរទេស តុលាការ​កំណត់ និង​ដាក់​ឯកសារ​នេះ ជា​ឯកសារ​សម្ងាត់​ដែល​មិនត្រូវ​ទម្លាយ​ជា​សាធារណៈ​នោះឡើយ​។ ដូច្នេះ ផ្អែកលើ​មូលដ្ឋាន​នេះ ជន​ណា ឬ​ភាគី​ណាមួយ​ដែល​ធ្វើឱ្យ​ធ្លាយ​ចេញ​ឯកសារ​នេះ​ជា​សាធារណៈ គឺ​ត្រូវ​មានទោស ដោយ​យោងតាម​ក្រមព្រហ្មទណ្ឌ​កម្ពុជា​។​

​ចំពោះ​ចំណុច​ទី​៣. តុលាការ​បានសម្រេច មិន​ឃុំខ្លួន​ជនជាប់ចោទ តាម​មាត្រា​៣៥៣ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ ដែល​តំណាង​អយ្យការ​បានស្នើ​សុំ ប៉ុន្តែ​ដើម្បី​ធានា​រក្សា​ជនជាប់ចោទ​ទុក​ជូន​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ តុលាការ​បានសម្រេច​ដាក់ចេញ​នូវ​វិធានការ​ចំ​បាច់​មួយចំនួន ជំនួស​ឱ្យ​ការឃុំខ្លួន​។ ក្នុងនោះ​មាន ដូចជា​៖ ១. មិនត្រូវ​ចាកចេញ​ពី​បរិវេណ​នៃ​លំនៅឋាន​ផ្ទះ​លេខ​៩៧ ផ្លូវ​លេខ​៣១៣ ភូមិ​៧ សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ លើកលែងតែ​មានការ​អនុញ្ញាត​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​២. មិនត្រូវ​ជួប​បុគ្គល​ណា​ម្នាក់ ទាំង​សញ្ជាតិ​ខ្មែរ និង​បរទេស​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ក្រៅពី​សមាជិកគ្រួសារ លើកលែងតែ​មានការ​អនុញ្ញាត​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយយោង​លើ​តម្រូវ​ការចាំបាច់​តែប៉ុណ្ណោះ​៕​