
សេចក្ដីជូនដំណឹង ស្ដីពីការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី សម្រាប់បម្រើការងារនៅតាមលេខាធិការដ្ឋាននៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (ចំនួន ៨១៤រូប)ត។ រូបថត គជប
ភ្នំពេញៈ គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ទាំង ២៥ ប្រកាសធ្វើការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា រយៈពេលខ្លីចំនួន ៨១៤ រូប សម្រាប់បម្រើការងារនៅតាមលេខាធិការដ្ឋាននៃគណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត (លគធ.ខប) សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។
សេចក្តីជូនដំណឹងរបស់គជបចុះថ្ងៃទី១០ ខែកុម្ភៈដែលភ្នំពេញប៉ុស្តិ៍ទទួលបាននៅថ្ងៃទី ៤ ខែមីនានេះបានឱ្យដឹងថា មន្ត្រីជាប់កិច្ចសន្យា រយៈពេលខ្លីចំនួន ៨១៤ រូប នឹងត្រូវជ្រើសរើសសម្រាប់មុខតំណែងដូចជា ជំនួយការរដ្ឋបាល ២៣ រូប ការីកុំព្យូទ័រ ២៥ រូប អ្នកយាម ១០៤ រូប អ្នកបើកបររថយន្ត ២៧ គណនេយ្យករ ២៥ រូប បេឡាធិការ ២៥ រូប ជំនួយការកុំព្យូទ័រចំនួន ២៥ រូប អនុប្រធានផ្នែកប្រតិបត្តិទទួលបន្ទុកភ័ស្តុភា ២៥រូប មន្ត្រីប្រតិបត្តិការ និងភ័ស្តុភា ៥៩ រូប ជំនួយការកុំព្យូទ័រ ២៥ រូប ការីវិទ្យុទាក់ទង ២៥រូប មន្ត្រីទទួល និងដោះស្រាយបណ្ដឹង ៣២ រូប និង ជំនួយការអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ (គ្រូបង្ហាត់) ចំនួន ៤១១ រូប។
គជបបញ្ជាក់ថា៖«សាធារណជនដែលមានបំណងដាក់ពាក្យជាបេក្ខជនតាមមុខតំណែងខាងលើនេះ សូមអញ្ជើញមកទំនាក់ទំនងទទួល និងដាក់ពាក្យសុំប្រឡងចូលបម្រើការងារនៅរៀងរាល់ម៉ោងធ្វើការនៅតាមលេខាធិការដ្ឋាន នៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត»។
ពាក្យសុំប្រឡងចូលបម្រើការងារនឹងមានចែកជូនដោយឥតគិតថ្លៃ។ បេក្ខជនអាចទាញយកពាក្យសុំប្រឡងចូលបម្រើការងារតាមរយៈគេហទំព័ររបស់ គ.ជ.ប (www.nec.gov.kh)។ ចាប់ផ្តើមទទួលពាក្យ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ៧ ព្រឹក និងឈប់ទទួលពាក្យ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៧ ល្ងាច)។
គជបបានឱ្យដឹងទៀតថា ការជ្រើសរើសទាំងនេះរួមមានបន្ទាយមានជ័យ ៣៧នាក់ បាត់ដំបង៤៩នាក់ កំពង់ចាម ៤១ កំពង់ឆ្នាំង ៤០នាក់ កំពង់ស្ពឺ ២៩ នាក់ កំពង់ធំ ៣៥នាក់ កំពត ៣៥ នាក់ កណ្តាល ៤០ នាក់ កោះកុង២៨នាក់ ក្រចេះ២៤នាក់ មណ្ឌលគិរី ២៦ នាក់ ភ្នំពេញ ៤៩ នាក់ ព្រះវិហារ ៣០ នាក់ ព្រៃវែង ៤៦ នាក់ ពោធិ៍សាត់ ២៨ នាក់ រតនគិរី ៣២ នាក់ សៀមរាប ៤៤នាក់ ព្រះសីហនុ ២៣ នាក់ ស្ទឹងត្រែង ២៧ នាក់ ស្វាយរៀង ៣៣នាក់ តាកែវ ៤០ នាក់ កែប ១៦ នាក់ ប៉ៃលិន ១៦ ឧត្តរមានជ័យ ២៤ នាក់ និងត្បូងឃ្មុំ ៣២នាក់។
លក្ខខណ្ឌទូទៅនៃបេក្ខជនត្រូវមានសញ្ជាតិខ្មែរ មានកិរិយាមារយាទល្អ និងសុចរិតទៀងត្រង់ គោរពច្បាប់ និងបទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប និង ក្រមសីលធម៌មន្ត្រីបោះឆ្នោត មានសិទ្ធិបោះឆ្នោតនៅក្នុងរាជធានី ខេត្ត ដែលសាមីខ្លួនបានដាក់ពាក្យជាបេក្ខជន មានសុខភាពល្អ មិនមែនជាមន្ត្រីតុលាការក្នុងក្របខ័ណ្ឌការងារ មិនមែនជាព្រះសង្ឃ ឬបព្វជិតសាសនា មិនមែនជាអភិបាល អភិបាលរងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ បេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់សមាជិកក្រុមប្រឹក្សាក្រុង ស្រុក នៃខេត្តដែល ពាក់ព័ន្ធនឹងការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) មិនមែនជាមេភូមិ អនុប្រធានភូមិ ឬសមាជិកភូមិ មិនមែនជាជនដែលតុលាការផ្តន្ទាទោសដាក់ពន្ធនាគារពីបទឧក្រិដ្ឋ ឬបទមជ្ឈិម ហើយដែលមិនទាន់មាន នីតិសម្បទាឡើងវិញ។បេក្ខជនអាចដាក់ពាក្យបានតែមួយមុខតំណែងគត់ ករណីឃើញថា បានដាក់ពាក្យលើសពីមួយមុខតំណែង ការដាក់ពាក្យនៅមុខតំណែងចុងក្រោយត្រូវសម្រេចយកជាផ្លូវការ បេក្ខនារី ឬបេក្ខជន និងបេក្ខនារីដែលជាជនជាតិដើមភាគតិចនៅតំបន់ដែលមានជនជាតិដើមភាគតិចតាមចំនួនសមស្រប និងចំពោះបេក្ខជន និងបេក្ខនារីជាជនមានពិការភាពដែលមានសមត្ថភាព និងកាយសម្បទា សមស្របទៅនឹងមុខតំណែង ត្រូវបានលើកទឹកចិត្ត។
លក្ខខណ្ឌបច្ចេកទេសដែលទាមទារដើម្បីបំពេញការងារជាក់លាក់មួយចំនួនដូចជា ត្រូវចេះអាន និងសរសេរអក្សរខ្មែរច្បាស់លាស់មានចំណេះដឹងទាក់ទងជាមួយមុខតំណែង។ សម្រាប់តួនាទីមួយចំនួនទាមទារឱ្យមានការយល់ដឹង និងចេះប្រើប្រាស់កុំព្យូទ័រ មានលទ្ធភាពធ្វើដំណើរក្នុងព្រះរាជាណាចក្រកម្ពុជា ឬក្នុងរាជធានី ខេត្ត ឬក្នុងឃុំ សង្កាត់៕