បាត់ដំបងៈ គណៈ​ប្រតិភូ​ក្រសួងធនធាន​ទឹក និង​ឧតុនិយម រួមនឹង​គណៈ​ប្រតិភូ សហគមន៍​កសិករ​ប្រើប្រាស់​ទឹក​ប្រព័ន្ធ​ធារាសាស្រ្ត​អាង​កំពីងពួយ និងអាជ្ញាធរ​ដែនដី​ថ្នាក់​ក្រោម​ជាតិ​នៃ​ស្រុក​បាណន់ ស្រុក​បរវេល និង​ក្រុង​បាត់ដំបង រួមនឹង​គណៈ​ប្រតិភូធនាគារ​អិវឌ្ឍន៍​អាស៊ី ADB នៅ​ថ្ងៃទី៤ ខែមីនា បានចុះពីនិត្យ​ការដ្ឋាន​គម្រោង​កែលម្អ​វិស័យ​ធារាសាស្រ្ត​កំពីងពួយ។

គណៈ​ប្រតិភូក្រសួងធនធាន​ទឹក​ដឹកនាំ​ដោយ លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ចំណែក ក្រុម​បេសកកម្ម​របស់ធនាគារ​អិវឌ្ឍន៍​អាស៊ី ADB ដឹកនាំ​ដោយ លោក Alvin Lopez មន្រ្តី​ជាន់​ខ្ពស់របស់ ADB អញ្ជើញ​មកពី​ស្ថាន​ស្នាក់ការ​កណ្តាល​របស់ ADB ប្រចាំនៅប្រទេស Philippines។

ក្រសួង​ធនធាន​ទឹក​បានឱ្យ​ដឹង​ថា​ ក្រុម​គណៈ​ប្រតិភូ​បានអញ្ជើញ​ចុះ​ធ្វើការ​ត្រួតពិនិត្យ​លើការដ្ឋាន​គម្រោង​កែលម្អ​វិស័យ​ធារាសាស្រ្ត IAIP ដែលគម្រោង​នេះបានទទួល​នូវការគាំទ្រ និង​សហប្រតិបត្តិការ​យ៉ាងកក់ក្តៅ​បំផុត​ពី​សំណាក់ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើ​ឱ្យក្រសួង​បានទទួល​នូវ​ហិរិញ្ញប្បទាន​ពី ADB សម្រាប់​ធ្វើ​កិច្ចប្រតិបត្តិការ​កិច្ចអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ទាំងអស់។

ក្រសួង​បាន​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ធារាសាស្រ្ត​អាង​កំពីងពួយ​ក្នុង​ក្របខ័ណ្ឌ​គ្រប់ជ្រុងជ្រោយ​តាមនិយាម​អន្តរ​ជាតិ ក្នុងគោលបំណង​សម្រេច​ឱ្យ​ខាងតែបាន​នូវអនុត្តរភាព​ធារាសាស្រ្ត សម្រាប់​បម្រើ​ឱ្យ​ការធ្វើ​ប្រពលវប្បកម្ម​ខ្សែ​សង្វាក់ផលិតកម្ម​នៃ​វិស័យ​ពាក់ព័ន្ធ និង​បង្កើន​ជាអតិបរមា​នូវ​សន្តិសុខ​សុវត្ថិភាព​ទឹកសម្រាប់​គ្រប់​វិស័យ។

ប្រភពដដែល​បានឱ្យដឹង​ថា លោក លឹម គានហោ រដ្ឋមន្ដ្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានធ្វើការ​ដឹកនាំ​ដោយផ្ទាល់​ក្នុងការកសាង​ប្រព័ន្ធ​ធារាសាស្រ្តអាង​កំពីងពួយ​នេះឡើង​វិញ ក្រោយ​ឆ្នាំ១៩៧៩ ដែលតំបន់​នេះស្ថិត​ក្នុងការប្រទាញ​ប្រទុង​ជាមួយនឹង​ក្រុមឧទ្ទាម​ខ្មែរ​ក្រហម ធ្វើ​ឱ្យ​ប្រព័ន្ធ​ធារាសាស្រ្ត​មួយនេះ​ត្រូវបាន​ទទួលរង​នូវការ​ខូចខាត​ទាំងស្រុង​ប្រើប្រាស់​ពុំបាន។

ក្រសួង​បញ្ជាក់​ថា៖«ដោយមាន​ការប្តេជ្ញា​ចិត្ត​ខ្ពស់ ឯកឧត្តម​រដ្ឋមន្រ្តី បាន​ធ្វើការ​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​ដៃគូ​អភិវឌ្ឍន៍​នានា បានចំណាយ​ទុន​មួយចំនួន​ដើម្បី​វិនិយោគ​លើការជួសជុល​ស្តាឡើងវិញ​បាន​លើផ្នែក​ខ្លះៗ​នៃ​ប្រព័ន្ធ​សម្រាប់​បម្រើ​ឱ្យ​ការផលិត»។

តាមគោលនយោបាយ​ឈ្នះ-ឈ្នះ និង​ការអនុវត្ត​នូវ​យុទ្ធសាស្រ្ត​ចតុកោណរបស់​រាជ​រដ្ឋាភិបាល ទឹកជា​មុំមួយ និង​ជាឆ្អឹងខ្នង​នៃ​វិស័យ​សេដ្ឋកិច្ច និង​ដោយមាន​ការគាំទ្រ​ពី​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើក​សហប្រតិបត្តិការ​ដ៏ធំជាមួយនឹង ADB និង EIB ដែលជា​សហហិរញ្ញប្បទាន បានបោះទុន​វិនិយោគក្នុងការ​ធ្វើ​ទំនើបកម្ម​ដ៏គ្រប់ជ្រុងជ្រោយ​លើ​ប្រព័ន្ធ​ធារាសាស្រ្ត​អាង​កំពីងពួយនេះ ដោយ​ជោគជ័យ​៕