ភ្នំពេញៈ រាជ​រដ្ឋាភិបាល​បាន​សម្រេច​ដាក់ឱ្យ​ប្រើថ្នាល​ផ្ទៀងផ្ទាត់​ឯកសារ verify.gov.kh របស់​រាជ​រដ្ឋាភិបាល ដែល​អភិវឌ្ឍ​ដោយ​ក្រសួង ប្រៃសណីយ៍និង​ទូរគមនាគមន៍ ក្នុងគោលបំណង​លុបបំបាត់​ការក្លែងបន្លំ​ឯកសារ ផ្ដល់​ភាពងាយស្រួល​ក្នុងការ​ប្រើប្រាស់ និងផ្ទៀងផ្ទាត់​ភាពត្រឹមត្រូវ​នៃ​ឯកសារ ផ្ដល់ទំនុកចិត្ត ចំណេញ​ពេលវេលា និងកាត់បន្ថយ​ការចំណាយ​​នានា ព្រមទាំង​ជំរុញការធ្វើ​បរិវត្តកម្ម​ឌីជីថល​សេវា​សាធារណៈ។

តាម​អនុក្រឹត្យ​ស្តីពី​ការដាក់​ឱ្យប្រើថ្នាល​ផ្ទៀងផ្ទាត់​ឯកសារ verify.gov.kh របស់រាជ​រដ្ឋាភិបាល​ចុះ​ថ្ងៃទី ៣ ខែមីនា បានឱ្យ​ដឹង​ថា វាក្យសព្ទ​សំខាន់ៗ​ដែលប្រើ​ក្នុង​អនុក្រឹត្យ​នេះ ត្រូវបាន​កំណត់​និយមន័យ​ដូចជា ទី១ ថ្នាល​ផ្ទៀងផ្ទាត់​ឯកសារ verify.gov.kh សំដៅ​ដល់ថ្នាល​បច្ចេកវិទ្យា​របស់រាជ​រដ្ឋាភិបាល ដែលអភិវឌ្ឍ​ដោយ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ សម្រាប់​ផ្ទៀងផ្ទាត់​ភាពត្រឹមត្រូវ​នៃ​ឯកសារ ដែល​មានដាក់​បញ្ចូល ឃ្យូ.អ.កូដ ស្តង់ដា។

ចំណែក​ទី ២ យ្យូ.អ.កូដ ស្តង់ដា សំដៅ​ដល់ ឃ្យូ.អ.កូដ ដែលអភិវឌ្ឍដោយក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ដោយ​ប្រើ បច្ចេកវិទ្យា​ប្លុកឆេន និងគោរព​តាមគោលការណ៍​បូរណភាព យថាភូតភាព និងសុពលភាព។ ទី ៣បច្ចេកវិទ្យា​ប្លុកឆេន សំដៅ​ដល់​សំណុំ​ប្រតិបត្តិការ​ជា​ប្លុក តភ្ជាប់​គ្នា​ពីមួយ​ទៅមួយដោយ​សុវត្ថិភាព តាមរយៈ​ការប្រើ​លេខ​សម្គាល់​សម្ងាត់​និង​កំណត់ត្រា​ពេលវេលា​នៃប្រតិបត្តិការ​ដែលមិនអាច​កែបាន និងត្រូវបាន​ចែករំលែក​នៅ​ក្នុងបណ្តាញ​ពាក់ព័ន្ធ។

ប្រភពដ​ដែលបាន​ឱ្យដឹង​ថា ការផ្ទៀងផ្ទាត់​ភាពត្រឹមត្រូវ​នៃ​ឯកសារ ត្រូវធ្វើ​ឡើងតាមរយៈ​ការដាក់​បញ្ចូល ឃ្យូ.អ.កូដ ស្តង់ដា នៅ​លើ​ឯកសារ​ដែល​អាច​ផ្ទៀងផ្ទាត់​បានតាម​ថ្នាល​ផ្ទៀងផ្ទាត់​ឯកសារ verify.gov.kh។ ក្នុង​អនុក្រឹត្យ​បញ្ជាក់​ថា៖«ឃ្យូ.អ.កូដ ស្តង់ដា ដែល​ត្រូវ​បាន​អភិវឌ្ឍ​ដោយ​ក្រសួង​ប្រៃសណីយ៍​និងទូរគមនាគមន៍ ដោយប្រើ​បច្ចេកវិទ្យា​ប្លុកឆេន ត្រូវគោរព​តាម​គោលការណ៍យថាភូតភាព បូរណភាព និងសុពលភាព»។

អនុក្រឹត្យ​នោះបាន​ឱ្យដឹងទៀត​ថា ក្រសួង ស្ថាប័ន រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ និងនីតិបុគ្គល​សាធារណៈ ត្រូវធ្វើ​ផែនការ​ដាក់​បញ្ចូល ឃ្យូ.អ.កូដ ស្តង់ដា ដែលអាច​ផ្ទៀងផ្ទាត់​បានតាម​ថ្នាល​ផ្ទៀងផ្ទាត់​ឯកសារ verify.gov.kh លើ​ឯកសាររបស់​ខ្លួន។ នីតិបុគ្គល​ឯកជន ដែលមាន​បំណង​ដាក់បញ្ចូល ឃ្យូ.អ.កូដ ស្តង់ដា ដែលអាច​ផ្ទៀងផ្ទាត់​បានតាម​ថ្នាល​ផ្ទៀងផ្ទាត់ ឯកសារ verify.gov.kh លើឯកសារ​របស់​ខ្លួន អាចធ្វើ​ការស្នើ​សុំមក​ក្រសួង​ប្រៃសណីយ៍​និងទូរគមនាគមន៍។

អនុក្រឹត្យ​បញ្ជាក់បន្ថែម​ថា៖«ក្រសួង​ប្រៃសណីយ៍​និងទូរគមនាគមន៍​ទទួលសំណើ​សុំដាក់​បញ្ចូល ឃូ.អ.កូដ ស្តង់ដា តាមប្រព័ន្ធ​ស្វ័យ​ប្រវត្តិកម្ម ដោយសំណើ​នោះ​ត្រូវ​ផ្ដល់ព័ត៌មាន​ដូចជា​ឈ្មោះ​ឯកសារ​ដែលត្រូវ​ប្រើ ឃ្យូ.អ.កូដ ស្តង់ដា​។គំរូ​របស់​ឯកសារ ចំនួន​ឯកសារ​ដែល​ត្រូវប្រើ ឃ្យូ.អ.កូដ ស្តង់ដា ឈ្មោះនិង​លេខ​ទំនាក់ទំនង​របស់ជន​បង្គោល​ដែល​ទទួល​បន្ទុក​ការងារ»។

ក្នុងករណី​ក្រសួង ស្ថាប័ន រដ្ឋបាល​ថ្នាក់​ក្រោមជាតិ និង​នីតិបុគ្គល​សាធារណៈដែល​កំពុង​ប្រើ ឃ្យូ.អ.កូដ នៅលើ ឯកសារ​របស់​ខ្លួន អាចរៀបចំ​ផែនការ​ផ្ទេរការ​ប្រើ ឃ្យូ.អ.កូដ ដែលមាន​ស្រាប់​មក​ប្រើ ឃូ.អ.កូដ ស្តង់ដា ដែលអាចផ្ទៀងផ្ទាត់ បានតាម​ថ្នាល​ផ្ទៀងផ្ទាត់​ឯកសារ verify.gov.kh តាមការសម្រេច​របស់រាជ​រដ្ឋាភិបាល។

អនុក្រឹត្យ​រាជ​រដ្ឋាភិបាល​កម្ពុជា​បន្ថែមទៀត​ថា ក្រសួង​ប្រៃសណីយ៍​និងទូរគមនាគមន៍ ត្រូវរៀបចំ​ផែនការ​ដាក់​បញ្ចូល ឃ្យូ.អ.កូដ ស្តង់ដា នៅលើឯក​សារ​តាមការស្នើ​សុំ​របស់​ក្រសួង ស្ថាប័ន រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ នីតិបុគ្គល​សាធារណៈ និង​នីតិបុគ្គល​ឯកជន ឱ្យបាន​រួចរាល់​តាមផែនការ ដែលបាន​ព្រមព្រៀង ក្នុងរយៈពេល​យ៉ាងយូរ ១៥ (ដប់ប្រាំ) ថ្ងៃ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​គ្រប់គ្រាន់​។

ក្រសួង ស្ថាប័ន រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ នីតិបុគ្គល​សាធារណៈ និង​នីតិបុគ្គល​ឯកជន ដែលទទួល​បាន​ឯកសារ ដែលដាក់​បញ្ចូល ឃ្យូ.អ.កូដ ស្តង់ដា ពី​ក្រសួង​ប្រៃសណីយ៍​និងទូរគមនាគមន៍ អាចប្រើ​តាម​តម្រូវការ​ចាំបាច់របស់​ស្ថាប័ន រៀងៗ​ខ្លួន។

អនុក្រឹត្យ​បញ្ជាក់​ថា៖«ការប្រើ​ឯកសារ​ដែលមានដាក់​បញ្ចូល យូ.អ.កូដ ស្តង់ដា អាច​ផ្ទៀងផ្ទាត់​បានតាមរយៈ​ថ្នាល​ផ្ទៀងផ្ទាត់​ឯកសារ verify.gov.kh មិន​តម្រូវឱ្យ​មានការធ្វើ​នីត្យានុកូលកម្ម​លើ​ឯកសារ​ថតចម្លង​ក្នុង​ទម្រង់​ជាក្រដាស​ឡើយ។ ការផ្ទៀងផ្ទាត់​ឯកសារ​ដែលដាក់​បញ្ចូល ឃ្យូ.អ.កូដ ស្តង់ដា លើ​ថ្នាលផ្ទៀងផ្ទាត់​ឯកសារ verify.gov.kh មិនតម្រូវ​ឱ្យមាន​ការបង់​កម្រៃ​ឡើយ។

ចំពោះ​​ការបង់​កម្រៃ​សេវា​លើការ​ស្នើសុំ​ដាក់​បញ្ចូល ឃ្យូ.អ.កូដ ស្តង់ដា លើឯកសារ​ដោយ​ក្រសួង ស្ថាប័ន រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ នីតិបុគ្គល​សាធារណៈ និងនីតិបុគ្គល​ឯកជន ត្រូវកំណត់​ដោយ​លិខិត​បទដ្ឋាន​គតិយុត្ត​ដោយឡែក ស្របតាមច្បាប់ និងបទ​ប្បញ្ញត្តិ​ជាធរមាន។

ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់​ក្រោមជាតិ នីតិបុគ្គល​សាធារណៈ និងនីតិបុគ្គល​ឯកជន ដែលទទួល​បាន​ឯកសារ ដែលដាក់​បញ្ចូល ឃ្យូ.អ.កូដ ស្តង់ដា មានសិទ្ធិ​រក្សាទុក​ឯកសារ​ក្នុងប្រព័ន្ធ​ទិន្នន័យ​របស់ខ្លួន ឬ​របស់​មជ្ឈមណ្ឌល​ទិន្នន័យ របស់​ប្រតិបត្តិករ​ដែលទទួល​បាន​អាជ្ញាបណ្ណ​ពី​ក្រសួង​ប្រៃសណីយ៍​និងទូរគមនាគមន៍ ឬស្នើ​សុំឱ្យ​ក្រសួង​ប្រៃសណីយ៍និង ទូរគមនាគមន៍ រក្សា​ទុក​ក្នុងមជ្ឈមណ្ឌល​ទិន្នន័យ​ជាតិ៕​