
សហគមន៍តំបន់ការពារធម្មជាតិសង្ឃរុក្ខាវ័ននឹងធ្វើបុណ្យខួបព្រៃសង្ឃរុក្ខាវ័នលើកទី២៣នៅថ្ងៃទី២៦ ខែមីនា។ រូបថត សហគមន៍តំបន់ការពារធម្មជាតិសង្ឃរុក្ខាវ័ន
ឧត្តរមានជ័យៈ ប្រធានសហគមន៍តំបន់ការពារធម្មជាតិសង្ឃរុក្ខាវ័ន ព្រះសង្ឃ គណៈកម្មការសង្ឃរុក្ខាវ័នទាំង៥ភូមិ ៥ឃុំសង្កាត់ បានមូលមតិគ្នារៀបចំប្រារព្ធធ្វើបុណ្យខួបព្រះសង្ឃសហគមន៍ រុក្ខាវ័នលើកទី២៣ នៅទីស្នាក់កណ្តាលភូមិឈូកមាស សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៦ ខែមីនាខាងមុខនេះ។
ព្រះតេជគុណ ថូ ធូរស់ ប្រធានសហគមន៍តំបន់ការពារធម្មជាតិសង្ឃរុក្ខាវ័ន បានឱ្យដឹងថា បុណ្យខួបព្រៃសង្ឃរុក្ខាវ័នលើកទី២៣នេះ ធ្វើឡើងនៅថ្ងៃទី២៦ និង ២៧ ខែមីនា ឆ្នាំ២០២៣ ក្នុងគោលបំណងទី១ ដើម្បីចែករំលែកចំណេះដឹងក្នុងការគ្រប់គ្រង ថែរក្សាព្រៃឈើរវាងព្រៃសង្ឃរុក្ខាវ័នជាមួយអ្នកពាក់ព័ន្ធ និងសហគមន៍ដទៃទៀត។
ទី២ ដើម្បីផ្សព្វផ្សាយពីសារៈប្រយោជន៍ព្រៃឈើ សត្វព្រៃនិងធនធានជីវៈចម្រុះដល់ប្រជាសហគមន៍គោលដៅ។ ៣.ដើម្បីទាញចំណាប់អារម្មណ៍សាធារណជន ឱ្យមានការសហការចូលរួមការពារព្រៃឈើ សត្វព្រៃ ស្របតាម គោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមចំណែកទប់ស្កាត់បទលើសព្រៃឈើ និងសត្វព្រៃ ៤.ដើម្បីកៀរគរ ថវិកាទ្រទ្រង់សកម្មភាពល្បាតព្រៃ និងការពារធនធានធម្មជាតិនិងសត្វព្រៃ។
ប្រធានសហគមន៍តំបន់ការពារធម្មជាតិសង្ឃរុក្ខាវ័នបញ្ជាក់ថា៖«សូមនិមន្ត និងអញ្ជើញ ព្រះថេរានុត្ថេរៈគ្រប់ៗព្រះអង្គ និងអញ្ជើញសម្តេច ទ្រង់ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពុទ្ធបរិស័ទ សប្បុរសជនជិតឆ្ងាយទាំងក្នុងនិងក្រៅប្រទេស ចូលរួមចាប់មគ្គផលក្នុងកម្មវិធីបុណ្យនេះឱ្យបានអធិអធមតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន»៕