ភ្នំពេញៈ ក្រសួងបរិស្ថាន និង​អង្គការ​ដៃគូ​បានប្រកាស​បន្ត​យុទ្ធនាការ​អន្ទាក់​សូន្យ​ទៅកាន់​ភាគ​និរតី​នៃ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី ៣ ខែមីនា​នេះ​ តាម​ប្រព័ន្ធ​ហ្ស៊ូ​ម ដោយ​អំពាវនាវ​ឱ្យ​សាធារណជន​បញ្ចប់​វិបត្តិ​អន្ទាក់ និង​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់​។

​តាម​សេចក្តី​ថ្លែង​សារព័ត៌មាន​រួម​នៃ​យុទ្ធនាការ​នេះ​បានឱ្យដឹងថា យុទ្ធនាការ​អន្ទាក់​សូន្យ​ដំណាក់កាល​ទី​២ រួមមាន​យុទ្ធនាការ​តាម​ខេត្ត​ទៅកាន់​ខេត្តពោធិ៍សាត់ កំពង់ស្ពឺ កោះកុង សៀមរាប បាត់ដំបង និង​ប៉ៃលិន ដោយមាន​ការសហការ​ពី​អង្គការ​មូលនិធិ​សកល​ដើម្បី​ធម្មជាតិ (WWF) ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​អភិវឌ្ឍ​អន្តរជាតិ (USAID) អង្គការ​សម្ព័ន្ធ​សត្វព្រៃ​(Wildlife Alliance) អង្គការ​សម្ព័ន្ធ​សត្វព្រៃ​និង​ធម្មជាតិ (Wild Earth Allies)​អង្គការ​អភិរក្ស​សក​ល​ប្រចាំ​កម្ពុជា (CI) មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជីវៈចម្រុះ (ACCB) មូលនិធិ​ម៉ា​ដ​ក្ស​ចូ​លី​ភី​ត (MJP) អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា (WCS) អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា (Nature Life) អង្គការ​សត្វព្រៃ និង​រុក្ខជាតិ​កម្ពុជា (FFI) អង្គការ​រី​ខូ​ហ្វ​កម្ពុជា (RECOFTC)​។

​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន និង​ជា​ប្រធាន​យុទ្ធនាការ​អន្ទាក់​សូន្យ​បាន​មានប្រសាសន៍ថា យុទ្ធនាការ​អន្ទាក់​សូន្យ​ដំណាក់កាល​ទី​១ ដែល​បានចាប់ផ្តើម​ឡើង​ពីថ្ងៃ​ទី​៣ ខែមីនា និង​បញ្ចប់​នៅ ខែកញ្ញា​ឆ្នាំ​២០២២ បាន​ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ​ជាទី​មោទនៈ​និង​ទទួលបាន​លទ្ធផល​ល្អប្រសើរ​ដោយមាន​អ្នកចូលរួម​ប្រមាណ ៥​លាន​នាក់ ទាំង​ផ្ទាល់​និង​តាម​បណ្តាញ​សង្គម​ហើយ​ពលរដ្ឋ​បាន​យល់ដឹង​ពី​វិបត្តិ​អន្ទាក់ និង​វិធាន​ការដែល​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល និង​ក្រសួងបរិស្ថាន​។

​ជាមួយគ្នានេះ​ពលរដ្ឋ​បាន​យល់ដឹង​ច្រើនជាង​មុន និង​បណ្តុះ​ស្មារតី​ស្រលាញ់​បរិស្ថាន និង​សត្វព្រៃ​កាន់តែខ្លាំង ព្រមទាំង​ផ្លាស់ប្តូរ​ឥរិយាបថ​ក្នុងចំណោម​អ្នក​ទទួលទាន​សត្វព្រៃ និង​មានការ​ចូលរួម​ម្ចាស់​ភោជនីយដ្ឋាន​ចំនួន​៥២ ដែល​យុទ្ធនាការ​អន្ទាក់​សូន្យ​លើក​ទី​១​ទៅដល់​ផងដែរ​។

​មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន​បាន​សង្កត់ធ្ងន់ថា​ការចូលរួម​ពី​សាធារណជន​និង​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​បន្ថែមទៀត អាចជួយ​ឱ្យសម្រេចបាន​នូវ​គោលដៅ​ក្នុងការ​បញ្ឈប់​ការដាក់​អន្ទាក់​និង​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់​។ លោក​ថ្លែងថា​៖ «​ការប្តេជ្ញាចិត្ត​នេះ​បាននិងកំពុង​ក្លាយជា​បទដ្ឋាន​ថ្មី​មួយ​សម្រាប់​សាធារណជន​កម្ពុជា និង​សហគមន៍​មូលដ្ឋាន ដែល​ពួកគាត់​នឹងចូលរួម​ប្តេជ្ញាចិត្ត​ការពារ​សុខុមាលភាព​ផ្ទាល់ខ្លួន​ដោយ​យក​ធម្មជាតិ​ធ្វើជា​សម្ព័ន្ធមិត្ត​ក្នុង​ការកសាង​សង្គម​មួយ​ប្រកបដោយ​តុល្យភាព​និង​និរន្តរភាព​សម្រាប់​មនុស្ស​ជំនាន់​បច្ចុប្បន្ន និង​អនាគត​»​។

​លោក ឃុ​ត ចាន់​ដា​រ៉ា សមាជិក​រដ្ឋសភា និង​ជា​សមាជិក​គណ​:​កម្ម​ការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក​នៃ​រដ្ឋសភាជាតិ បាន​ថ្លែង​កោតសរសើរ​ថា​៖ «​ខ្ញុំ​សូម​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​ក្នុង​ក្របខ័ណ្ឌ​យុទ្ធនាការ​អន្ទាក់​សូន្យ ក្រោម​ការដឹកនាំ​របស់​ក្រសួងបរិស្ថាន​ដោយមាន​ការចូលរួម​ពី​ស្ថាប័ន​អង្គការ​ដៃគូ​ក្នុង​គោលដៅ​បញ្ចប់​វិបត្តិ​និង​ការពារ​សុខភាព​សាធារណៈ​»​។

​លោក គឹម ណុង ប្រធាន​អគ្គនាយកដ្ឋាន​រដ្ឋបាល​ការពារ និង​អភិរក្ស​ធម្មជាតិ​នៃ​ក្រសួងបរិស្ថាន​បាន​ថ្លែងថា ការស្វែងរក​អន្ទាក់​មិនមែនជា​រឿង​ងាយស្រួល​នោះទេ ព្រោះ​អន្ទាក់​ភាគច្រើន​នៅ​សំងំ​លាក់ខ្លួន​ក្នុងព្រៃ​រហូតដល់​វា​ទាក់​បាន​សត្វព្រៃ​និង​សម្លាប់សត្វ​រងគ្រោះ​នោះ​។ ចាំបាច់​ត្រូវ​ប្រើ​វិធីសាស្ត្រ​ច្នៃប្រឌិត​សម្រាប់​ជា​ជំនួយ​ក្នុង​យុទ្ធសាស្ត្រ​ល្បាត​តំបន់​ការពារ ដើម្បី​បង្កើន​សមត្ថភាព​ក្នុងការ​ស្វែងរក​អន្ទាក់​គ្រប់​ប្រភេទ​និង​តាមដាន​បទល្មើស​សត្វព្រៃ​បាន​ប្រកបដោយ​ប្រសិទ្ធភាព​។ លោក​បញ្ជាក់ថា​៖«​យើង​ក៏ត្រូវ​ការ​ធនធាន​បន្ថែ​ម​ទៀត ដើម្បី​បង្កើន​សមត្ថភាព​និង​ជំនាញ​ឧ​ទ្យា​នុ​រក្ស ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់​ក្នុង​តំបន់​ការពារ​ក៏ដូចជា​អនុវត្ត​ការងារ​ល្បាត​ទាំង​ក្នុង​និង​ក្រៅ​ដែនជម្រកសត្វព្រៃ​»​។​

​លោក​បាន​លើកឡើងថា ការដាក់​អន្ទាក់ និង​បរបាញ់​សត្វព្រៃ​ខុសច្បាប់ គឺជា​កត្តារួម​ចំណែក​ច​ម្ប​ង​ដល់​ការ​ផុត​ពូជ​របស់​សត្វ​គោព្រៃ និង​ខ្លាធំ​នៅក្នុង​ប្រទេស​កម្ពុជា​។ អន្ទាក់​នេះហើយ​ក៏​ជា​កត្តា​ធ្វើឱ្យ​ចំនួន​ប្រភេទ​សត្វព្រៃ​ដែលមាន​តម្លៃ​ជា​សកល​មួយចំនួន​ថយចុះ​គួរឱ្យកត់សម្គាល់ ដែល​ក្នុងនោះ​រួមមាន សត្វ​ទន្សោង និង​ខ្លារខិន​ជាដើម​។ ដូចគ្នានេះដែរ ប្រភេទ​សត្វ​ក្រចកជើង​ចម្ពាម ដូចជា ខ្ទីង ប្រើស ឈ្លូស ក៏​កំពុង​ប្រឈម​នឹង​ការគំរាមកំហែង​ខ្លាំង​ផងដែរ​។

​ការសិក្សា​ជា​ចង្កោម​មួយ​ដោយ​ក្រសួងបរិស្ថាន និង​អង្គការ WWF​កម្ពុជា បាន​បង្ហាញថា ក្នុង​ចន្លោះ​ឆ្នាំ​២០១០ ដល់ ឆ្នាំ​២០២២​ចំនួន​សត្វ​ទន្សោង​បាន​ថយចុះ​៨៩% ឈ្លូស​ថយចុះ​៦៥% និង​ជ្រូកព្រៃ​ថយចុះ​១៥%​។​

​លោក សេង ទៀក នាយក​អង្គការ WWF បានឱ្យដឹងថា របាយការណ៍​ស្តីពី​ការថយចុះ​នៃ​សត្វព្រៃ​ក្នុង​តំបន់​ព្រៃ​ការពារ​ធម្មជាតិ​គឺជា​សញ្ញា​អាសន្ន​ក្រើនរំឭក​អំពី​អតុល្យភាព​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​ក្នុង​តំបន់​នោះ ដែល​វា​អាច​នឹង​បង្ក​ផល​វិ​បាល​ដល់​ជីវភាព​និង​ការរស់នៅ​របស់​ប្រជាជន​ផងដែរ​។ ទោះយ៉ាងណា​ក៏ដោយ​វា​នៅ​មិនទាន់​ហួសពេល​ទេ ក្នុងការ​ធ្វើឱ្យ​ស្ថានភាព​ទាំងនេះ​ប្រសើរឡើង ដោយ​ចាប់​ផ្តើមធ្វើ​សកម្មភាព​រួមគ្នា​ឥឡូវ ដើម្បី​ដោះស្រាយ​វិបត្តិ​នេះ​ដល់​ឫសគល់​របស់​វា​ហើយ​ស្តារ​ធម្មជាតិ​ឡើងវិញ​។​

​លោក​ថ្លែងថា​៖«​គិត​ត្រឹម​ថ្ងៃនេះ​វា​មាន​រយៈពេល​មួយឆ្នាំ​ហើយ​ដែល​ស្ថាប័ន​ក្រសួង​នៃ​រាជរដ្ឋាភិបាល​ពាក់ព័ន្ធ និង​អង្គការ​ដៃគូ បានចាប់ផ្តើម​អនុវត្ត​យុទ្ធនា​ការឃោសនា​ផ្សព្វផ្សាយ​ជា​សាធារណៈ​ដោយបាន​ទទួលស្គាល់​ពី​ភាពចាំបាច់​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​សត្វព្រៃ​កម្ពុជា​នោះ​គឺ​វិបត្តិ​អន្ទាក់ និង​ការ​បរបាញ់​ខុសច្បាប់​»​។

​ក្រោម​ការដឹកនាំ​របស់​ក្រសួងបរិស្ថាន និង​ការចូលរួម​ពី​អង្គការ WWF​ភ្នាក់ងារ​USAID អង្គការ WCS អង្គការ CI អង្គការ​NatureLife​អង្គការ FFI អង្គការ​WEA កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​ក្នុង​យុទ្ធនាការ​ដំណាក់កាល​ទី​១​បាន​លើកទឹកចិត្ត​និង​ទទួលបាន​ការគាំទ្រ​ពី​ប្រជាជន​ជាង ៣​លាន​នាក់​ទាំង​ផ្ទាល់​និង​ប្រយោល​តាម​បណ្តាញ​សង្គម បូករួម​ទាំង​សហគមន៍​មូលដ្ឋាន​រស់នៅ​ក្បែរ​តំបន់ការពារធម្មជាតិ​ផងដែរ ដោយបាន​បង្កើន​ការយល់ដឹង​របស់​ពួកគាត់​អំពី​ផលវិបាក​ការដាក់​អន្ទាក់ ការជួញដូរ និង​ការបរិភោគ​សាច់សត្វ​ព្រៃ ហើយ​ធ្វើឱ្យមាន​ការផ្លាស់ប្តូរ​ឥរិយាបថ​សាធារណៈ​។

​លោក​បញ្ជាក់ថា​៖«​ជា​លទ្ធផល ក្នុង​ឆ្នាំ​២០២២ អន្ទាក់​សរុប​ប្រមាណ​ជាង​៣៥០០០​ត្រូវបាន​ដកចេញ​ពី​តំបន់ការពារធម្មជាតិ​ទូទាំង​កម្ពុជា ដែល​តួលេខ​នេះ​បង្ហាញ​ពី​ការថយចុះ​ប្រមាណ​៤៤% បើ​ធៀប​នឹង​លទ្ធផល​ក្នុង​ឆ្នាំ​២០២១​ដែល​ចំនួន​អន្ទាក់​សរុប​៦១ ៦១១» ៕