​ភ្នំពេញៈ អ្នកនាំពាក្យ​ក្រសួង​ការ​បរ​ទស​ថ្លែងថា ​ឧក្រិដ្ឋកម្ម​ គឺជា​ឧក្រិដ្ឋកម្ម ហើយ​វា​មិនអាច​ទទួលបាន​ភាពត្រឹមត្រូវ​សម្រាប់​បុព្វហេតុ​​ផ្សេង​នោះទេ​។ ការ​ថ្លែង​នេះ​ធ្វើឡើង​តាមរយៈ​សេចក្តីថ្លែងការណ៍​ព័​ត៌មាន​របស់​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ថ្ងៃទី ៣ ខែមីនា ឆ្នាំ​ ២០២៣​ នេះ​។

​តាមរយៈ​សេចក្តីថ្លែងការណ៍​នេះ អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ អន្តរជាតិ បានកត់សម្គាល់​ជាមួយ​ក្ដីកង្វល់​យ៉ាងខ្លាំង​ចំពោះ​អ្នកការទូត​ប្រទេស​លោកខាងលិច​មួយចំនួន​ដែល​បាន​ដំឡើង​ខ្លួន​តាម​ទំនើងចិត្ត ពី​តួនាទី​ការទូត​ធម្មតា​របស់ខ្លួន​ទៅធ្វើជា​អនុរក្ស​ដាក់ពិន្ទុ​ក្រៅ​ដែន​កំណត់​របស់ខ្លួន ចំពោះ​ប្រព័ន្ធយុត្តិធម៌​នៅក្នុង​ប្រទេស​ម្ចាស់ផ្ទះ ដែល​ផ្ទុយទៅនឹង​គោលការណ៍ ទទួលស្គាល់​ជាស​កល ក្នុងការ​គ្រប់គ្រង​ទំនាក់ទំនង​រវាង​បណ្តា​រដ្ឋ​អធិបតេយ្យ ដូច​មានចែង​នៅក្នុង​មាត្រា​ទី​២ (៧) នៃ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​អនុសញ្ញា​ទីក្រុង​វី​យែ​ន ឆ្នាំ​១៩៦១ ស្តីពី​ទំនាក់ ទំនង​ការទូត (VCDR-1961) ។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស លើកឡើងថា ការ​ថ្លែងថា សវនាការ​របស់ លោក កឹម សុខា ផ្អែកលើ «​ស​ន្ទិ​ដ្ឋិ​ភាព​ក្លែងក្លាយ​» គឺជា​ការ​ថ្លែង បែប​រើសអើង និង​មាន​ច​រិ​ក​លាក់ពុត​។ ការពិត​ការចោទប្រកាន់​ត្រូវបាន​ធ្វើឡើង​ដោយសារ មានការ​បំពាន​លើ​ច្បាប់រដ្ឋធម្មនុញ្ញ និង​ច្បាប់ព្រហ្មទណ្ឌ​តែប៉ុណ្ណោះ មិនមែនជា​ចេតនា នយោបាយ​ទេ​។ ប​ទស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស​ត្រូវ​បានចែង​យ៉ាងច្បាស់​នៅក្នុង​មាត្រា ៤៣៩ និង មាត្រា ៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា​។

​សេចក្តីថ្លែងការណ៍​បញ្ជា​ក់ថា​៖«​ប្រទេស​លោកខាងលិច​បា​ន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ចំពោះ​ការជ្រៀតជ្រែក​ពី​បរទេស ដូច​មាន​ឧទាហរណ៍ ជាច្រើន អំពី​អ្នកនយោបាយ ដែល​ត្រូវបាន​កាត់ទោស​ចំពោះ​បទល្មើស​ដ៏​អាក្រក់​នេះ​។ ក្នុងចំណោម​នោះ គឺមាន​ករណី របស់ លោក Paul Manafort ។ ការវាយប្រហារ​ពី​សំណាក់​រដ្ឋាភិបាល​នៃ​ប្រទេស​លោក​ខាង លិច​មួយចំនួន ទៅលើ​តុលាការ​របស់​ប្រទេស​ដទៃទៀត រួមទាំង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ក៏​មិនមែនជា​រឿង​ដែល​មិន​ធ្លាប់​កើតមាន​ពីមុន​នោះទេ​»​។​

​ប្រភព​ដដែល​លើកឡើងថា ការ​អះអាងថា ការផ្ដន្ទាទោស​ចំពោះ​អ្នកនយោបាយ​បំពាន​ច្បាប់​ខាងលើ គឺជា «​បរាជ័យ​នៃ​យុត្តិធម៌​» គឺធ្វើឡើង​ដោយ​លម្អៀង និង​មិន​ផ្អែកលើ​ការពិត​។

​ក្រសួងការបរទេស​អះអាងថា​៖«​សវនាការ​ចំនួន ៦៦ លើក បាន​ប្រព្រឹត្ត​ទៅដោយ​រលូន តម្លាភាព ជា​សាធារណៈ និង​ស្របច្បាប់ ដោយមាន​ការចូលរួម សង្កេត​យ៉ាង​ដិតដល់​ពី​សំណាក់​តំណាង​អ្នកសារព័ត៌មាន អង្គការ​សង្គម​ស៊ីវិល និង​ស្ថានទូត​បរទេស​។ ដោយ​ផ្អែក​តាមច្បាប់ ចុងចោទ​ទទួលបាន​ឱកាស​យ៉ាង​ពេញលេញ​សម្រាប់​ការការពារ​តាមផ្លូវ​ច្បាប់ ព្រមទាំង​មាន​មេធាវី​ចំនួន​បួនរូប​ផងដែរ​»​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​បាន​ឱ្យដឹងទៀតថា ភ័ស្តុតាង​ទាំងអស់​ត្រូវបាន​ដាក់ជូន​តុលាការ ជជែក​ដេញដោល និង​ផ្ទៀងផ្ទាត់​ប្រកបដោយ តម្លាភាព ល្អិតល្អន់ និង​ត្រឹមត្រូវ ដើម្បី​ស្វែងរក​ការពិត​។ ក្នុងចំណោម​ភ័ស្តុតាង​ទាំងនោះ ភ័ស្តុតាង​មួយ​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​តាម "​បណ្តាញ​ផ្សព្វផ្សាយ​CBN នៅ​ឆ្នាំ​២០១៣ ហើយ​ដែល​ត្រូវបាន​ពិរុទ្ធជន​ទទួលស្គាល់ថា​ត្រឹមត្រូវ​ពិតប្រាកដ បង្ហាញថា ខ្លួន​ពិតជា​បាន ទទួល​ការណែនាំ និង​ការគាំទ្រ​ពី​បរទេស ដើម្បី​អនុវត្ត​គម្រោងការ​ជា​ជំហានៗ ក្នុង​គោល បំណង​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់​។ ប្រភព​ថ្លែងថា​៖«​ឧក្រិដ្ឋកម្ម គឺជា ឧក្រិដ្ឋកម្ម ហើយ​វា​មិនអាច​ទទួលបាន​ភាពត្រឹមត្រូវ​សម្រាប់​បុព្វហេតុ​ផ្សេង​នោះទេ​»​។​

​សេចក្តីថ្លែងការណ៍​នោះ​បញ្ជាក់ទៀតថា បើ​និយាយ​អំពី​វិធាន​ក្នុង​ទំនាក់ទំនង​អន្តរជាតិ​វិញ ការអត្ថាធិប្បាយ​បែប​នយោបាយ​របស់ បេសកជន​បរទេស​ខាងលើ មិន ថា កើតចេញពី​ការភាន់ច្រលំ ឬ​ភាព​អំណួត គឺជា​ការរំលោភ លើ​មាត្រា ៤១(១) នៃ​អនុសញ្ញា​ទីក្រុង​វី​យែ​ន ឆ្នាំ​១៩៦១ ស្តីពី​ទំនាក់ទំនង​ការទូត​ដែល​បាន​ចែងថា អ្នកការទូត «​មាន​កាតព្វកិច្ច​មិនត្រូវ​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​នៃ​រដ្ឋ ម្ចាស់ផ្ទះ​» ហើយ​ដែល​តំណាង​មកពី​ប្រទេស​មាន​អារ្យធម៌​មួយ មិន​ថា​តូច​ឬ​ធំ ត្រូវតែ​ប្រកាន់ ខ្ជាប់​ឱ្យបាន​ពេញលេញ​។​

​ទោះបីជា​អវត្តមាន​អ្នកនយោបាយ​ពីរ​ឬ​បី​រូប​ដែល​ល្មើស​នៅក្រោម​ក្រមព្រហ្មទណ្ឌ ឬ​ត្រូវបាន ហាមឃាត់​មិនឱ្យ​ធ្វើ​នយោបាយ ដោយសារ​ការបំពានច្បាប់ កម្ពុជា​នៅតែ​ប្តេជ្ញាចិត្ត​ឥត​ងាករេ​ក្នុង​ការរៀបចំ​ការបោះឆ្នោត​ជាតិ​នៅក្នុង​ខែកក្កដា​ខាងមុខនេះ ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌​និង​មាន​តម្លាភាព និង​ឆ្លុះបញ្ចាំង​យ៉ាង​ពេញលេញ​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​៕​