ភ្នំពេញៈ មន្ត្រីការទូត​ជា​ស្ត្រី​ភាគច្រើន​មាន​បន្ទុក​ធ្ងន់​ជាង​បុរស ដែល​ម្ខាង​ត្រូវធ្វើ​កិច្ចការ​ផ្ទះ មើលថែរក្សា​កូន ម្ខាង​ទៀត​ត្រូវបំពេញ​កិច្ច​ការជូន​ក្រសួង​ឱ្យមាន​ប្រសិទ្ធភាព និង​ជាពិសេស ដើម្បី​សម្រេច​បំណង​ក្លាយជា​មន្ត្រីការទូត​ដ៏​ល្អ និង​ប្រកបដោយ​ជោគជ័យ​។

​នេះ​ជាការ​ថ្លែង​របស់ លោក ប្រាក់ សុខុន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ថ្លែង​ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​១១២ ទិវា​អន្តរជាតិ​នារី ៨ មីនា ក្រោម​ប្រធានបទ​«​ស្ត្រី​រួមគ្នា​រក្សាសុខ​សន្តិភាព ដើម្បី​កិច្ច​អភិវឌ្ឍ ក្នុង​យុគសម័យ​ឌីជីថល​» ធ្វើឡើង​នៅ​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០២៣ នៅ​ទីស្ដីការ​ក្រសួងការបរទេស​។

​លោក​បាន​លើកឡើងថា ដើម្បី​ជាការ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​លើកកម្ពស់​ស​ម​ភាព​យេនឌ័រ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ តែង​បាន​យកចិត្តទុកដាក់ លើកទឹកចិត្ត ក៏ដូចជា​ផ្តល់​តម្លៃ​ស្មើភាព​ដូច​បុរស ស្របតាម​សមត្ថភាព អតីតភាព និង​គុណ​វុ​ឌ្ឍ ទាំង​ការទទួលបាន​នូវ​តួនាទី និង​មុខតំណែង រួមទាំង​ការចាត់តាំង​ឱ្យទៅ​បំពេញការងារ​នៅក្រៅ​ប្រទេស​។

​គិត​មកទល់នឹង​ពេលនេះ​មាន​មន្ត្រីការទូត​ជា​ស្ត្រី​ចំនួន ២៨៨​នាក់ ស្មើនឹង ៣៨,៦៥% នៃ​មន្ត្រី​សរុប​ចំនួន ៧៤៥ នាក់ ដែល​តួលេខ​នេះ គឺជា​សូចនាករ​បញ្ជាក់​ពី​កិច្ចខិតខំ​ប្រឹងប្រែង​និង​ការប្ដេជ្ញាចិត្ត​របស់​ក្រសួង ក្នុងការ​ជំរុញ​ការលើកកម្ពស់​សមភាព​យេនឌ័រ​។​

​លោក​ថ្លែងថា​៖«​កន្លងមក ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​លើកទឹកចិត្ត​ដល់​មន្ត្រីការទូត ជា​ស្វាមី និង​ភរិយា​មួយចំនួន ឱ្យទៅ​បំពេញបេសកកម្ម​ការទូត​នៅក្នុង​ប្រទេស​តែមួយ ដើម្បី​អាច​រក្សា គ្រួសារ​ឱ្យបាន​ជុំគ្នា​ផងដែរ តាមតែ​អាចធ្វើ​ទៅបាន​»​។​

​លោក​រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​កម្ពុជា លើកឡើងថា ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​របស់​បច្ចេក​វិទ្យា​ឌីជីថល​នាពេល​បច្ចុប្បន្ន បានធ្វើឱ្យ​ជីវិត​ប្រចាំ ថ្ងៃ​របស់​ប្រជាជន​ទូទាំង​សកលលោក​មានការ​ផ្លាស់​ប្តូរ​យ៉ាងគំហុក ដែល​ប្រទេស​ជាច្រើន​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ​យ៉ាង​ទូលំទូលាយ​ដើម្បី​ទាញយក​ផលប្រយោជន៍​ផ្នែក​នយោបាយ សេដ្ឋកិច្ច និង​សង្គម​។

​ស្របតាម​និន្នាការ​ពិភពលោក រាជរដ្ឋាភិបាល​កម្ពុជា បាននិងកំពុង​ព​ន្លឿ​ន​ការប្រើប្រាស់ បច្ចេកវិទ្យា​ឌីជីថល ដើម្បី​ជំរុញ​ការអភិវឌ្ឍ និង​ការពង្រឹង​សមត្ថភាពរ​បស់​កម្ពុជា​។

​បើតាម​លោក ប្រាក់ សុខុន ការចូលរួម​របស់​ស្ត្រី ក្នុង​យុគសម័យ​ឌីជីថល​នេះ ពិត​ជាមាន​សារៈសំខាន់​ណាស់ ដើម្បី​រួមចំណែក​ថែរក្សា​សន្តិភាព និង ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា ជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។ លោក​ថ្លែងថា​៖«​ប្រជាពលរដ្ឋ​កម្ពុជា ទាំង​ស្ត្រី និង​បុរស បាននិងកំពុង​ចូលរួម​យ៉ាងសកម្ម​ដោយ​ស្មើភាព និង​ស្មើ​សិទ្ធិ ជាមួយ​ប្រជាពលរដ្ឋ​នៃ​បណ្តា​ប្រទេស​នានា​នៅក្នុង​តំបន់ និង​ពិភពលោក ក្នុង​ការកសាង​សហគមន៍​មួយ​ដែលមាន​សុខសន្តិភាព ស្ថិរភាព មាន​ភាព​ធន់ រឹងមាំ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​»​។

​លោក​បាន​កោតសរសើរ​ដល់​គំរូ​វីរភាព​របស់​ស្ត្រី​កម្ពុជា ចំពោះ​ការចូលរួមចំណែក​ដល់​បុព្វហេតុ​សន្តិភាព តាមរយៈ​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក្នុង​បណ្ដា​ប្រទេស​ដែល​កំពុង​ជួប​វិបត្តិ​។ បច្ចុប្បន្ន​កងកម្លាំង​ស្ត្រី​ជាង ១៥% បាន​ចូលរួម​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក្នុង ប្រទេស​ចំនួន ៩ មាន​ជាអាទិ៍ សាធារណរដ្ឋ​ស៊ូដង់ ស៊ូដង់​ខាងត្បូង ឆាដ អាហ្វ្រិក​កណ្ដាល លី​បង់ ម៉ាលី សាយ​ប្រឺស និង​យេ​មែន​៕​