ភ្នំពេញៈ ​ការនាំ​ចូល​ជី​កសិកម្ម និង​ថ្នាំ​សម្លាប់សត្វ​ល្អិត​ឬ​ស្មៅ នៅក្នុង​ឆ្នាំ​២០២២ មាន​ទំហំ​ទឹកប្រាក់​សរុប​ជាង ៤៨០​លាន​ដុល្លារ កើនឡើង​ប្រមាណ ៦​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០២១​។ នេះ​បើតាម​ទិន្នន័យ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

​បញ្ហា​ឡើងថ្លៃ​ជី​កសិកម្ម​នេះ ក៏​មិនមែន​ទើបនឹង​កើតឡើង​ដែរ ពោលគឺ​ប្រជាកសិករ​មានការ​រអ៊ូ​រទាំ តាំងតែ​ពី​ការផ្ទុះ​ជំងឺ​កូ​វីដ​១៩ ហើយ​បញ្ហា​នេះ​ក៏​នៅតែ​បន្ត​កើតមាន ដោយសារតែ​កសិកម្ម​ក​ម្ពុ​ជា​ពឹងផ្អែក​ច្រើន​លើ ជី​កសិកម្ម​នាំចូល​។​

​ជំនួស​ឱ្យ​ការ​រអ៊ូរទាំ​ពី​ការឡើង​ថ្លៃ​ជី​កសិកម្ម អ្នកជំនាញ​កសិកម្ម លោក​សួង ណ​យ បាន​បន្ត​ណែនាំ និង​ជំរុញ​កសិករ​ឱ្យ​រៀន​ធ្វើ​ជីកំប៉ុស​ដោយ​ខ្លួនឯង សម្រាប់​ប្រើប្រាស់​លើ​ដំណាំ​របស់ខ្លួន ដែល​អាច​ចំណេញ​បាន​ទាំង​ថ្លៃដើម និង​កាត់បន្ថយ​ការប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​។​

​លោក សួង ណ​យ បែរជា​យល់ឃើញថា​ការឡើង​ថ្លៃ​ជី​កសិកម្ម ជា​កាតាលីករ​មួយ​ដែល​អាច​ជំរុញ​ឱ្យ​កសិករ​ឈប់​ពឹងផ្អែក​ខ្លាំងពេក​លើ​ជីគីមី ហើយ​ចាប់ផ្ដើម​ងាក​មក​ផលិត​ជី​ដោយ​ខ្លួនឯង​វិញ​។ លោក​បាន​លើកឡើងថា កម្ពុជា​ខាតបង់​សេដ្ឋកិច្ច​អស់​ច្រើនណាស់​លើ​ការទិញ​ជីគីមី​នេះ​ក្នុង​១​ឆ្នាំៗ ហើយ​អ្វីដែល​គេ​មិនបាន​ចាប់អារម្មណ៍​ទៀត​នោះ​គឺ​ការចំណាយ​ប្រាក់​អស់​ជាច្រើន​លើ​ការថែទាំ​សុខភាព បន្ទាប់ពី​រាងកាយ​ប្រជាជន​រង​ផលប៉ះពាល់​ដោយសារ​សារធាតុ​គីមី​។​

លោក​ថ្លែងថា​៖ «​សំណល់​ផ្ទះបាយ ជាច្រើន​ត្រូវបាន​ប្រជាជន​យើង​បោះចោល ដោយ​មិន​យក​វា​ទៅប្រើ​ជា​ជី ពេលខ្លះ​មិនមែន​ពួកគាត់​មិនដឹង​ទេ​ថា សំណល់​អស់ទាំងនោះ​មាន​ប្រយោជន៍ តែ​មកពី​ខ្លួន​គាត់​មិន​ចង់​ធ្វើ គឺ​ចង់តែ​ទិញ​ស្រាប់ៗ​»​។​

​ជាមួយគ្នានេះ លោក​ក៏បាន​រំលេច​ពី​ការប្រើប្រាស់​កាកសំណល់​ផ្ទះបាយ​ដែរ​ថា ៖ «​ប្រជាជន​អាច​ជ្រើសរើស​ប្រើប្រាស់​កាកសំណល់​ផ្ទះបាយ​រួមមាន ទឹក​អង្ករ​បានមកពី​ការលាង​សម្អាត​អង្ករ​សម្រាប់​ចម្អិនបាយ មេ EM​ដែល​អាច​លាយ​ខ្លួនឯងបាន និង​ស្ករ​ល្ង (​មេជី​សរីរាង្គ​) ដែលមាន​លក់​នៅលើ​ទីផ្សារ​ស្រាប់​យកមក​លាយ​បញ្ចូល​គ្នា ដោយ​ចំណាយ​ថវិកា​តិចតួច​បំផុត គឺ​តិចជាង​តម្លៃ​ជីគីមី​ខ្លាំងណាស់ ហើយ​អាច​ប្រើប្រាស់​បាន​នៅលើ​ផ្ទៃដី​ទំហំ​ធំ​គួរសម​»​។​

មិន​ត្រឹមតែ​ប៉ុណ្ណោះ ជីធម្មជាតិ ឬ​ហៅថា ជី​កាកសំណល់​ផ្ទះបាយ​នេះ​ថែមទាំង​អាចជួយ​ទៅលើ ផ្នែក​បរិស្ថាន ដោយ​ការប្រើ​កាកសំណល់​ឱ្យអស់​លទ្ធភាព ហើយ​មិន​បន្សល់​សម្រាប់​ឱ្យ​សត្វល្អិត​ផ្សេងៗ​មក​បង្កើតជា​មេរោគ​បានឡើយ​។​

ងាក​ទៅ​មើល​កសិករ​នៅ​ខេត្តកោះកុង​ឯណោះ​វិញ ដែល​ចូលចិត្ត​ការដាំ​ដំណាំ​ចម្រុះ​គ្នា សម្រាប់​ហូប នៅក្នុង​គ្រួសារ​ផ្ទាល់ ក៏បាន​ចែករំលែក​ពី​ផលចំណេញ​នៃ​ការធ្វើ​ជីកំប៉ុស​ផងដែរ​។

​លោក នី ប៊ុន​ថា ដែល​កសិករ​ភាគច្រើន​ស្គាល់​រូបលោក​តាមរយៈ​បណ្ដាញ​សង្គម «​រៀន​ដាំ​» បាន​ចែក រំលែក​ពី​ការធ្វើ​ជីកំប៉ុស​ដែល​ប្រើប្រាស់​ត្រឹមតែ​សម្បក​ពងមាន់ និង​ពង​ទា​ប៉ុណ្ណោះ​។

​លោក​បាន​រៀបរាប់​ពី​ការធ្វើ​ជីកំប៉ុស​ទឹក​នេះ​ថា ៖ «​គ្រាន់តែ​យក​សម្បក​ពងមាន់ ឬ​ពង​ទា​ទៅ​ហាលថ្ងៃ ឱ្យ​ស្ងួត ហើយ​ច្របាច់​វា​ឱ្យ​ល្អិត លាយ​វា​ចូល​ទឹក និង​ថែម​ស្ករ​ល្ង ហើយ​ទុកចោល​រយៈពេល​៣​ថ្ងៃ គឺអាច​ប្រើប្រាស់​លើ​ដំណាំ​បាន​ហើយ​»​។​

​លោក​បាន​បន្តទៀតថា សម្បក​ពងមាន់ ឬ​ពង​ទា​ចំនួន​៥​គ្រាប់ ត្រូវ​ប្រើ​ជាមួយ​ទឹក​ចំនួន ១​លីត្រ​កន្លះ ទៅ​២​លីត្រ និង​ប្រើ​ស្ករ​ល្ង​១​ស្លាបព្រា​បាយ​។ ក្នុងករណី​ចង់ឱ្យ​ជី​ទឹក​ឆាប់​កាច់​ចូលគ្នា​បានល្អ ប្រជាកសិករ​អាច​បន្ថែ​ម​មេជី​១​ស្លាបព្រា​បាយ​បន្ថែម​។

ជី​ប្រភេទ​នេះ​មាន​សារធាតុ​កាល់ស្យូម និង​ជាតិ​ដែក​ខ្ពស់ ដែល​វា​បានមកពី​សម្បក​ពងមាន់ ពង​ទា ហើយ​សារធាតុ​ទាំងនេះ​វា​ធ្វើឱ្យ​ដី​ធូរ ហើយ​ដំណាំ​ក៏​មិនសូវមាន​ជំងឺ និង​សត្វល្អិត​ផងដែរ​។

​ជាក់ស្ដែង លោក​បាន​ប្រើប្រាស់​ជី​ទឹក​ដែល​លាយ​បាន​នេះ ១​ស្លាបព្រា លាយ​ជាមួយ​ទឹក​១០​លីត្រ ទៅ​១៥​លីត្រ សម្រាប់​ស្រោច​លើ​ដំណាំ​ចម្រុះ​របស់លោក​ជាប្រចាំ​។ ជា​លទ្ធផល ដំណាំ​ម្ទេស ស្ពៃ ជាពិសេស​ដំណាំ​មើម​ដូចជា ឆៃថាវ ការ៉ុត របស់លោក​មាន​សុខភាព​ល្អ និង​ឆាប់​ទទួលផល​ផងដែរ​។​

​កសិករ​រូបនេះ បាន​ណែនាំ​បន្ត​ដល់​កសិករ​ដទៃ​ឱ្យ​រៀន​លាយ​ជីកំប៉ុស​ដោយ​ខ្លួនឯង តាមរយៈ​ការប្រើប្រាស់​សំណល់​ផ្ទះបាយ​។ កន្លងមក លោក​សង្កេតឃើញថា កសិករ​មួយចំនួន​ដែល​គាត់​ចិញ្ចឹម មាន់​ទា ឬ​ភ្ញាស់​មាន់​ទា គាត់​តែងតែ​ចោល​សម្បក​ទាំងនេះ ដោយ​មិន​បានដឹង​ទេ​ថា​វា​មាន​សារៈប្រយោជន៍​ច្រើន​លើ​ដំណាំ​។

តាមរយៈ​ការចែករំលែក​បទពិសោធ​ន៍​នេះ លោក​សង្ឃឹមថា​អាចជា​ឧទាហរណ៍​ដ៏​ល្អ​មួយ​ក្នុងការ​ទាញ​ប្រជាកសិករ​ជាច្រើន​នាក់​ទៀត​ឱ្យ​ឈប់​ពឹងផ្អែក​ហួសហេតុ​ទៅលើ​ជីគីមី​ដែល​នាំចូល ហើយ​ងាក​មក​ផលិត​ជី​ដោយ​ខ្លួនឯង ដើម្បី​សុខុមាលភាព​ខ្លួនឯង​ផងដែរ​៕