
លោក ហ៊ុន ម៉ាណែត ក្នុងជំនួបជាមួយបេក្ខជនជាង ៦ពាន់នាក់ ដែលចូលរួមប្រឡងវគ្គនាយទាហានសកម្មជំនាន់ទី២៥។ រូបថត HNM
ភ្នំពេញៈ លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកបានឱ្យដឹងថា ការប្រឡងជ្រើសរើសនាយទាហានជំនាន់ថ្មី នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ ២០២៣ នេះ ក្រសួងការពារជាតិជ្រើសរើសនាយទាហានចំនួន ៣៨០ នាក់ ប៉ុន្តែមានបេក្ខជនដាក់ពាក្យចូលរួមប្រឡងជាង ៦ ពាន់នាក់ដែលបង្ហាញពីការគាំទ្រខ្លាំងពីយុវជនក្នុងវិស័យការពារជាតិ។
លោក ហ៊ុន ម៉ាណែត បានឱ្យដឹងបែបនេះនៅព្រឹកថ្ងៃទី ៥ ខែមីនានេះ ពេលអញ្ជើញទៅបើកវិញ្ញាសាប្រឡងជ្រើសរើសនាយទាហាន សម្រាប់កងយោធពលខេមរភូមិន្ទ ឆ្នាំ ២០២៣ នៅវិទ្យាល័យបាក់ទូក។
លោក ម៉ាណែត បានថ្លែងលើកទឹកចិត្តដល់បេក្ខជនដែលបានចូលរួមប្រឡងជ្រើសរើសនាយទាហានជំនាន់ថ្មី នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ ២០២៣ ឱ្យខិតខំយកចិត្តទុកដាក់ធ្វើគ្រប់វិញ្ញាសានៃការប្រឡងដើម្បីទទួលបានឱកាសចូលរៀននៅតាមបណ្តាសាលានាយទាហាន។
លោកបានលើកឡើងថា បេក្ខជនទាំងអស់ដែលបានចាប់អារម្មណ៍លើអាជីពជាយោធិន នៅក្នុងសម័យប្រឡងជ្រើសរើសឆ្នាំ ២០២៣ នេះមានបេក្ខជនចំនួន ៦ ៣៩៩ នាក់ ក្នុងនេះ មាននារីចំនួន ២ ៩៩៨ នាក់ចូលរួមប្រឡងប្រជែងនៅតាមមណ្ឌលចំនួន ៤ ក្នុងរាជធានីភ្នំពេញ ដែលនេះគឺជាមោទនភាពដ៏ធំធេងសម្រាប់កងយោធពលខេមរភូមិន្ទ ក្នុងការទទួលបាននូវការគាំទ្រពីសំណាក់ស្រទាប់យុវវ័យដែលជាកម្លាំងបន្តវេន។
លោកបន្តថា ការប្រឡងនេះ ពេលជាប់ហើយត្រូវតែធ្វើការប្រកួតប្រជែងយកចំណាត់ថ្នាក់បន្ថែមទៀត ដោយសារអ្នកចូលរួមប្រឡងមានចំនួនច្រើនហើយចំនួនដែលជ្រើសរើសមានកំណត់។ លោកបញ្ជាក់ថា ឆ្នាំនេះ គណៈកម្មការបានកំណត់យកនាយទាហានសកម្មជំនាន់ទី ២៥ ចំនួន ១០០ នាក់ នាយទាហានទ័ពជើងគោកជំនាន់ទី ១៣ ចំនួន ១០០ នាក់ នាយទាហានបន្តវេនជំនាន់ទី ១៤ ចំនួន ១៥០ នាក់ និងនាយទាហានជំនាញបច្ចេកទេសយោធា ចំនួន ៣០ នាក់ ដែលសរុបចំនួន ៣៨០ នាក់។
លោក ហ៊ុន ម៉ាណែត បានថ្លែង ដោយបានជំរុញលើកទឹកចិត្តឱ្យបេក្ខជនដែលត្រូវប្រឡងទាំងអស់ខិតខំប្រឹងប្រែងធ្វើឱ្យបានគ្រប់វិញ្ញាសា និងឆ្លើយឱ្យបានគ្រប់សំណួរទាំងអស់ហើយត្រូវធ្វើឱ្យហ្មត់ចត់ ទាំងវិញ្ញាសាចំណេះដឹងទូទៅ ភាសាអង់គ្លេស និងវិញ្ញាសាកាយសម្បទា ព្រោះបេក្ខជននឹងត្រូវធ្វើការប្រកួតប្រជែងគ្នាយកលេខរៀងតាមចំនួនដែលបានកំណត់ជ្រើសរើសយក។
លោកថ្លែងថា៖ «បើធ្វើមិនសូវល្អនូវវិញ្ញាសា ១ កុំបាក់ទឹកចិត្ត ត្រូវប្រឹងធ្វើឱ្យបានល្អវិញ្ញាសា ២ ទៀត ព្រោះពេលបូកគឺយើងបូកទាំង ៣ យោងគ្នា ព្រោះបងអ្នកកែ បងដឹង អ្នកខ្លះធ្វើនូវចំណេះដឹងទូទៅតែអង់គ្លេសមិនសូវពូកែ កីឡាមិនសូវបាន។ អ្នកខ្លះធ្វើមិនសូវបានល្អចំណេះដឹងទូទៅ តែអង់គ្លេសល្អ កីឡាខ្លាំង»។
លោក ប៊ុត ភាព នាយកសាលានាយទាហានសកម្ម (ត្មាតពង) បានឱ្យដឹងថា សម្រាប់មណ្ឌលប្រឡងឆ្នាំនេះមានតែនៅរាជធានីភ្នំពេញប៉ុណ្ណោះដែលមណ្ឌលទាំងនោះរួមមានទី១ មណ្ឌលប្រឡងវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក ទី២ មណ្ឌលប្រឡងវិទ្យាល័យនិងឋមសិក្សាបាក់ទូក ទី៣ មណ្ឌលប្រឡងវិទ្យាល័យឥន្ទ្រទេវី និងទី៤ មណ្ឌលប្រឡងវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន វត្តភ្នំ។ តាមការសង្កេតឃើញរបស់លោក ឃើញថា ឆ្នាំនេះមានសម្ទុះនៃការដាក់ពាក្យចូលរួមក្នុងវិស័យការពារជាតិបានច្រើនដែលសបញ្ជាក់ឱ្យឃើញថា ប្រទេសមានសន្តិភាពពេញលេញ។លោកបញ្ជាក់ថា ការប្រឡងឆ្នាំនេះមិនខុសពីឆ្នាំមុនៗទេគឺឈរលើកត្តា ១ សំខាន់ជាគោលការណ៍គឺអ្នកចេះជាប់។
លោកថ្លែងថា៖ «ដូចឯកឧត្តមឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត លោកបានបើកសម័យប្រឡងព្រឹកមិញនៅទីនេះលោកបានមានប្រសាសន៍ណែនាំទៅដល់ក្មួយបេក្ខជនទាំងអស់បានជ្រាបហើយថា ទី១ គឺមិនត្រូវមានអន្តរាគមន៍ ទី២ គឺមិនត្រូវមានការមិនទុកចិត្តគណៈកម្មការរៀបចំការប្រឡងដោយឈរលើចំណេះដឹងខ្លួនឯង»។
លោក ប៊ុត ភាព អះអាងថា ការប្រឡងជ្រើសរើសនាយទាហានជំនាន់ថ្មី នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ ២០២៣ ប្រព្រឹត្តទៅដោយត្រឹមត្រូវយុត្តិធម៌មានតម្លាភាព មានការរក្សាការសម្ងាត់នៃវិញ្ញាសាបានល្អ ចំណែកសន្លឹកកិច្ចការបេក្ខជនក៏ត្រូវមានការវេចខ្ចប់រក្សាបានល្អផងដែរ។
មុនដំបូងវិញ្ញាសា គឺជាការសំខាន់ និងសម្ងាត់ដែលមិនទាន់បានកាត់ប្រឡង ប៉ុន្តែនៅពេលដែលកាត់ប្រឡងហើយវិញ្ញាសាប្រឡងលែងសម្ងាត់ទៀតហើយ អ្វីដែលសំខាន់ គឺសន្លឹកកិច្ចការប្រឡងរបស់បេក្ខជនត្រូវមានការវេចខ្ចប់ហើយបញ្ជូនទៅកន្លែងផ្សេងដើម្បីធ្វើការកាត់ក្បាល ចុះលេខសម្ងាត់ ហើយបញ្ជូនទៅកន្លែងផ្សេងបន្តទៀត។ «ក្បាលទៅផ្សេងសន្លឹកកិច្ចការផ្សេងហើយទើបធ្វើកំណែទាំងអស់គ្នាអត់មានដឹងថាអ្នកណាមួយជាអ្នកកែ អ្នកណាកាត់ក្បាល ហើយអ្នកណាសរុបទេ។នេះអាស្រ័យតែលើប្រធានអនុប្រធានគណៈកម្មការថ្នាក់លើតែ ៣ ឬ ៤ នាក់ គាត់ជាអ្នកសម្រេច កិច្ចការងារនេះ។ ហ្នឹងហើយដែលខ្ញុំយល់ឃើញថា វាសុក្រឹតហើយបំបាត់បាននូវការអន្តរាគមន៍»៕